សេចក្តីរាយការណ៍​ថា លោក ត្រាំ នឹង​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស

លោក​ប្រធានាធិបតីត្រាំ​ក្នុង​ការ​ស្វាគមន៍​នាយករដ្ឋមន្រ្តី​វៀតណាម​នៅ​សេតវិមាន​រដ្ឋធានីវ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​៣១ ឧសភា ២០១៧។

ទីភ្នាក់ងារ​ព័ត៌មាន​មួយ​ចំនួន​កំពុង​តែ​រាយការណ៍​ថា លោក​ប្រធានាធិបតី​អាមេរិក Donald Trump នឹង​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​ឆ្នាំ​២០១៥ ដែល​មាន​លក្ខណៈ​ប្រវត្តិសាស្រ្ត ដែល​ការណ៍​នេះ​ផ្ទុយ​ស្រឡះ​ពី​គោលនយោបាយ​ក្នុង​យុគសម័យ​លោក Obama នៅ​ពេល​កាន់​តំណែង។ បើ​សិន​ជា​អាមេរិក​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ​មែន នោះ​នឹង​ធ្វើ​ឲ្យ​សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋ​ពេញចិត្ត ប៉ុន្តែ​ធ្វើ​ឲ្យ​ក្រុមសម្ព័ន្ធមិត្ត​របស់​អាមេរិក​មាន​ការ​ខឹង​សម្បា។ ​

ប៉ុន្តែ​លោក Trump បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ពុធ​ថា សេចក្តីសម្រេចចិត្ត​នេះ​នៅ​មិន​ទាន់​សម្រេច​ចុងក្រោយ​នៅ​ឡើយ​ទេ ដោយ​លោក​បាន​បង្ហោះ​សារ​មួយ​លើ​បណ្តាញ​សង្គម Twitter ថា លោក​នឹង​ប្រកាស​អំពី​សេចក្តីសម្រេចចិត្ត​របស់​លោក​ទៅ​លើ​សន្ធិសញ្ញា​នេះ «ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ‍»។

ដំណឹង​នេះ​លេចឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​២២​នាក់​បញ្ជូន​លិខិត​មួយ​ច្បាប់​ទៅ​ឲ្យ​លោក Trump ដោយ​ជំរុញ​ឲ្យ​លោក «ដក​ខ្លួន​ឲ្យ​ឆ្ងាយ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស‍»។ លិខិត​នោះ​បាន​អះអាង​ថា «ការ​បន្ត​នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ​នឹង​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ប្រឈម​នឹង​ហានិភ័យ​ចម្រូងចម្រាស» ដែល​អាច​ធ្វើ​ឲ្យ​កិច្ចខិតខំប្រឹងប្រែង​របស់​លោក Trump ក្នុង​ការ​លុបចោល​បទបញ្ញត្តិ​ថាមពល​ស្អាត​ក្នុង​យុគ​សម័យ​លោក Obama មាន​ភាពស្មុគស្មាញ។ ​

ព័ត៌មាន​អំពី​ការ​ដកខ្លួន​ចេញ​របស់​អាមេរិក​ពី​សន្ធិសញ្ញា​នេះ ធ្វើ​ឲ្យ​ក្រុមសម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង៕