ដំបូងឡើយក្រុមហ៊ុនបានចូលមកដល់ដីរបស់អ្នកស្រីយឹម សុផាត នៅឆ្នាំ២០១៦ ដោយបានអះអាងថា ដីស្រែនិងចម្ការរបស់អ្នកស្រី មិនមែនជារបស់គាត់ទេ ទោះបីជាគាត់មានកម្មសិទិ្ធដីធ្លី និងបានប្រើពេលជាច្រើនឆ្នាំលើការដាំដុះលើដីដែលមានទីតាំងក្នុងខេត្តព្រះវិហារដែលនៅភាគខាងជើងប្រទេសកម្ពុជា។
ស្រ្តីវ័យ៦១ឆ្នាំរូបនេះបានចូលរួមជាមួយអ្នកជិតខាង ដែលបានបាត់បង់ដីធ្លី ដាក់ពាក្យបណ្តឹងតវ៉ាទៅមន្ត្រីភូមិ ស្រុក និងខេត្ត។ បន្ទាប់មកពួកគាត់បាននាំយកជម្លោះនោះទៅកាន់តុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល ដោយបានបង្ហាញហេតុផលថា មានតែសំណូកប៉ុណ្ណោះ ដែលអាចបកស្រាយរឿងដែលដោះមិនចេញបាន។
អ្នកស្រីប្រាប់វីអូអេនៅខែមករានេះថា៖ «ខ្ញុំដាក់ដល់អង្គភាពប្រឆាំងអំពើពុករលួយ ដាក់ដល់ខេត្ត ដល់តុលាការស្រុកភូមិឃុំអីគ្មានសល់ អត់មានទទេសោះ។ ប្រជាពលរដ្ឋយើងខំដើរដាក់ ដើរអត់បាន អត់មានបានចម្លើយអីមក»។
អ្នកស្រីបន្ថែមថា៖ «ទោះបីថ្លៃថោកក៏ដោះស្រាយជូនគ្នាទៅ ឲ្យគា្នរកដី រកធ្លីទៅ។ នេះអត់ទទេសោះ»។
អ្នកស្រី យឹម សុផាត បានថ្លែងថា នៅពេលឥឡូវនេះ គាត់រស់បានដោយសារការដើរកាត់ព្រៃ និងប្រមូលកម្ទេចកម្ទីផ្តៅ ដើម្បីលក់បានលុយខ្លះទិញម្ហូបអាហារ។
អ្នកស្រីថ្លែងថា៖ «ដីស្រែដីចម្ការ គេយកអស់ហើយ! សុំគេជាលុយជាអី ជាថវិកាទៅរកដីរកធ្លីទៀតក៏អត់បានដែរ។ ខ្ញុំវេទនាណាស់ ដើរកាត់តែចុងផ្តៅទេ ដូរបាយដូរអង្ករហូប»។
នៅភាគីខាងជម្លោះគឺក្រុមហ៊ុន Delcom (Kampuchea) PTE ដែលអ្នកភូមិត្រូវបានប្រាប់ថា ក្រុមហ៊ុនមានអាជ្ញាបណ្ណរុករក និងជីកយករ៉ែមាសលើផ្ទៃដីប្រមាណ១៨០០ហិកតា នៅក្នុងស្រុករវៀងខេត្តព្រះវិហារ។ ក្នុងចំណោមអ្នកកាន់ភាគហ៊ុនដែលត្រូវបានគេរាយការណ៍នោះ មានលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សដ៏មានឥទ្ធិពលរបស់នាយករដ្ឋមន្ត្រី។
បទពិសោធន៍របស់អ្នកស្រី យឹម សុផាត បង្ហាញអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយឧស្សាហកម្មរ៉ែមាសដែលខ្វះបទពិសោធន៍នៅប្រទេសកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់អង្គការសមធម៌កម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការឃ្លាំមើលធនធានធម្មជាតិ។
របាយការណ៍ស្តីពី៖ «ស្ថានភាពឧស្សាហកម្មរ៉ែមាសនៅកម្ពុជា៖ ការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញបរិស្ថាន» បានកត់សម្គាល់មន្ត្រីរដ្ឋាភិបាលម្នាក់នៅឆ្នាំ២០០៧ ដែលបាននិយាយថា ការពង្រីកឧស្សាហកម្មរ៉ែមាសនេះនឹងជួយដល់ការថយចុះនៃការពឹងផ្អែកលើជំនួយពីម្ចាស់ជំនួយ និងលើប្រាក់កម្ចីដែលជាបន្ទុកដ៏ធ្ងន់ និងបង្កើតប្រាក់បន្ថែមទៀតសម្រាប់ផ្នែកអប់រំ សុខភាព ហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីសង្គម។
ខណៈក្រុមហ៊ុនជាច្រើនបានបង្កើនការយករ៉ែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ របាយការណ៍និយាយថា មានភស្តុតាងតិចតួចនៃអត្ថប្រយោជន៍របស់ឧស្សាហកម្មរ៉ែសម្រាប់សហគមន៍មូលដ្ឋាន ឬថវិការដ្ឋ។ ក្រុមហ៊ុនភាគច្រើនដែលកំពុងធ្វើប្រតិបត្តិការក្នុងវិស័យនេះត្រូវបានកំណត់ដោយគម្រោងសាធារណៈដែលមិនមានភាពច្បាស់លាស់ ហើយមើលទៅហាក់ដូចជាមានទំនាក់ទំនងច្រើនជាមួយនឹងអ្នកប្រើឥទ្ធិពលនយោបាយដែលជាមន្ត្រីរបស់គណបក្សកាន់អំណាច។
អង្គការសមធម៌កម្ពុជាបានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនថា៖ «គិតចាប់តាំងពីឆ្នាំ[២០០៧] ការចូលមកកាន់កាប់ ដោយសាជីវកម្មលើធនធានរ៉ែបានបន្តអនុញ្ញាតឲ្យក្រុមបុព្វការីជន អភិជនជាច្រើននៃឧស្សាហកម្មនេះទទួលបានប្រាក់ចំណេញអតិបរមា និងការធ្វើអាជីវកម្មលើធនធានធម្មជាតិ ខណៈពេលដែលកាត់បន្ថយគណនេយ្យភាពប្រកបដោយប្រសិទ្ធភាព»។
របាយការណ៍បន្ថែមថា៖ «ការពង្រីក ការធ្វើគ្រឿងយន្តកម្ម និងការប្រើប្រាស់សារធាតុគីមីរបស់ឧស្សហកម្មនេះបានបង្កើនហានិភ័យនៃការទន្ទ្រានយកដីធ្លី ការបំផ្លាញបរិស្ថាន និងសុខភាព និងសុវត្ថិភាពការងារសម្រាប់ប្រជាពលរដ្ឋ និងសហគមន៍របស់ប្រទេសកម្ពុជា ជាពិសេសជនជាតិដើមភាគតិច»។
ទីកន្លែងរបស់ក្រុមហ៊ុន Delcom គឺស្ថិតក្នុងចំណោមករណីសិក្សាដែលមាននៅក្នុងរបាយការណ៍ ដែលបានសិក្សាស្រាវជ្រាវនៅកន្លែងផ្សេងទៀតនៅក្នុងខេត្តរតនគិរី មណ្ឌលគិរី និងក្រចេះ។ ប្រជាពលរដ្ឋនៅក្នុងតំបន់បានជីករុករករ៉ែខ្នាតតូច «ដោយប្រើដៃ» ជាយូរយារមកហើយ ហើយការអនុវត្តបែបនេះជារឿយៗត្រូវបានហាមឃាត់ ពេលណាដែលក្រុមហ៊ុនឯកជនចូលមកដល់។
សហគមន៍ជនជាតិដើមភាគតិច ដែលអង្គការសមធម៌កម្ពុជាជាញឹកញាប់មានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក បានចែករំលែកនូវទុក្ខកង្វល់ និងការទាមទារស្រដៀងៗគ្នា។ ពួកគេនិយាយថា សារធាតុរ៉ែបានបំពុលផ្លូវទឹកជាមួយជាតិគីមីដែលត្រូវបានប្រើ ដើម្បីចម្រាញ់យកមាស ហើយបានធ្វើឲ្យបាត់បង់ដី និងការចិញ្ចឹមជីវិតតាមបែបប្រពៃណី និងថែមទាំងបង្ខំឲ្យពួកគេផ្លាស់កន្លែងរស់នៅ ដែលការបម្លាស់ទីរស់នៅនោះជាញឹកញាប់កើតឡើងជាមួយនឹងការទទួលបានវិញនូវសំណងតិចតួច ហើយក៏គ្មានការដឹងឮជាសាធារណៈក្នុងដំណើរការផ្លាស់ប្តូរនោះដែរ។
ទោះជាយ៉ាងណា មានករណីលើកលែងដែរ គឺក្រុមហ៊ុន Renaissance Mineralsជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុនអូស្ត្រាលី (ASX) ដែលបានគ្រប់គ្រងកន្លែងយករ៉ែកនៅតំបន់អូរខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ អ្នកភូមិបានរាយការណ៍ថា ក្រុមហ៊ុនផ្តល់ការងារល្អសម្រាប់ពលរដ្ឋកម្ពុជា អនុវត្តតាមវិធានសុវត្ថិភាពមូលដ្ឋាន ផ្តល់ឲ្យនូវអត្ថប្រយោជន៍សុខភាព ហើយបានដាក់ទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន ដែលផ្ទុយពីក្រុមហ៊ុនគ្រប់គ្រងដោយជនជាតិចិនដែលនៅក្បែរគឺក្រុមហ៊ុន Rong Cheng Industrial Investment (Cambodia)។
របាយការណ៍របស់អង្គការសមធម៌កម្ពុជាបានសរសេរថា៖ «អ្នកភូមិសប្បាយចិត្តជាខ្លាំងជាមួយក្រុមហ៊ុន រីណេសិន មីនឺរ៉ល (Renaissance Minerals) លើកលែងតែការទន្ទ្រានរបស់ក្រុមហ៊ុនលើដីប្រពៃណីរបស់ពួកគេ និងកង្វះតម្លាភាពជុំវិញផែនការ និងសកម្មភាពរបស់ក្រុមហ៊ុនកាលពីដំបូង»។
ក្រុមហ៊ុន រីណេសិន មីនឺរ៉ល (Renaissance Minerals) បានទិញយកផលប្រយោជន៍ ពីក្រុមហ៊ុន Oz Minerals ជាក្រុមហ៊ុនអូស្រា្តលីមួយទៀតដែលបានសារភាពថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅកម្ពុជាបានផ្តល់សំណូកដល់មន្ត្រីកម្ពុជាដើម្បីទទួលបានអាជ្ញាបណ្ណរ៉ែ។ ក្រុមហ៊ុន រីណេសិន មីនឺរ៉ល បានច្របាច់បញ្ចូលគ្នាជាមួយក្រុមអ៊ីមីរ៉ល រីសូស អិនអិល (Emerald Resources NL) ជាក្រុមហ៊ុនមួយទៀតដែលបានចុះបញ្ជីលើផ្សារភាគហ៊ុនអូស្ត្រាលី នៅឆ្នាំ២០១៦ ហើយបានជីកយករ៉ែមាសលើកដំបូងពីទីតាំងអូរខ្វាវនៅក្នុងឆ្នាំ២០២១។
មន្ត្រីក្រុមហ៊ុនម្នាក់បដិសេធផ្តល់ការពន្យល់លើការអះអាងលម្អិតនានានៅក្នុងរបាយការណ៍។
អ្នកស្រី Alison Kerr ជំនួយការនាយកប្រតិបត្តិ និងជាអ្នកគ្រប់គ្រងការិយាល័យក្រុមហ៊ុន Emerald Resources ប្រាប់វីអូអេតាមសារអ៊ីមែលជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាខេមរភាសាថា៖
«យើងបានកត់ត្រាទុកសារអ៊ីមែលរបស់អ្នក និងរបាយការណ៍ដែលបង្កការភាន់ច្រឡំជាច្រើន ហើយយើងបានបញ្ជូនសារនេះទៅកាន់អាជ្ញាធរកម្ពុជាសម្រាប់ជាព័ត៌មាន និងការចាត់វិធានការរបស់ពួកគេ»។
អ្នកភូមិជាច្រើននាក់ស្ទើរតែមុនអាចរកអ្វីដែលល្អមកនិយាយបានឡើយអំពីកន្លែងជីកយករ៉ែមាសរបស់ក្រុមហ៊ុន Delcom។ នេះបើយោងតាមរបាយការណ៍របស់អង្គការសមធម៌កម្ពុជា។
របាយការណ៍បានថ្លែងថា អ្នកភូមិជាច្រើននាក់ត្រូវបានដាក់សម្ពាធឲ្យទទួលយកសំណងក្នុងតម្លៃដែលក្រោមទីផ្សារចំពោះដីរបស់ពួកគេ ហើយ«ត្រូវបានគំរាមកំហែងជាមួយនឹងការបណ្តេញចេញទាំងបង្ខំ និងគ្មានសំណង បើសិនពួកគេមិនធ្វើតាម»។ របាយការណ៍ឲ្យដឹងទៀតថា មានយុទ្ធនាការធ្វើឡើងដោយអាជ្ញាធរដែលបានធ្វើអត្ថាធិប្បាយឲ្យសហគមន៍ជនជាតិដើមភាគតិចបោះបង់ប្រពៃណីវប្បធម៌របស់ពួកគេ។ របាយការណ៍ក៏បានពណ៌នាអំពីការទទួលបានប្រាក់តិចតួចពីប្រតិបត្តិការរ៉ែសម្រាប់ពលរដ្ឋផងដែរ។
របាយការណ៍រៀបរាប់ថា៖ «បទសម្ភាសន៍ជាច្រើនបានបង្ហាញថា សុខភាពរបស់សហគមន៍បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ។ អ្នកភូមិជាច្រើនបានរាយការណ៍អំពីការកើនឡើងនូវហេតុការណ៍នៃការមានជំងឺមហារីក ស្ថានភាពហើម ការឈឺចាប់ក្នុងពោះ ជំងឺបាត់ស្មារតី ឬបាត់ការចងចាំ ជំងឺរលាកតម្រងមូត្រ និងពកសាច់ជាដើម នៅក្នុងសហគមន៍»។
វីអូអេមិនអាចទាក់ទងតំណាងក្រុមហ៊ុន Delcom តាមលេខទូរសព្ទដែលត្រូវបានចុះកត់ទុកក្នុងបញ្ជីសារជីវកម្មកម្ពុជាបានទេ។ វីអូអេបានព្យាយាមសុំការអត្ថាធិប្បាយពីមន្ត្រីខេត្តព្រះវិហារតាមទូរសព្ទ ប៉ុន្តែមិនបានទទួលការឆ្លើយតបទេ។
នៅកម្រិតថា្នក់ជាតិ បុគ្គលដែលលើកទូរសព្ទរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោកកែវ រតនៈ ប្រាប់អ្នកកាសែតថា បានប្រើលេខខុស។ វីអូអេបានព្យាយាមទាក់ទងអគ្គនាយកទទួលបន្ទុកធនធានរ៉ែលោកអ៊ឹង ឌីបូឡា តាមទូរសព្ទ ដើម្បីសុំការធ្វើអត្ថាធិប្បាយ ប៉ុន្តែមិនអាចទាក់ទងបានទេ។
មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងកាលពីឆ្នាំមុនថា ក្រុមហ៊ុនចំនួន៧ មានអាជ្ញាបណ្ណរុករករ៉ែមាសយ៉ាងសកម្មក្នុងប្រទេសកម្ពុជា។ នេះបើតាមកាសែតភ្នំពេញប៉ុស្តិ។ ពួកគេបាននិយាយថា ក្រុមហ៊ុនរុករករ៉ែបានរួមចំណែក១៥លានដុល្លារដល់រតនាគារជាតិនៅក្នុងឆ្នាំ២០២២ ហើយស្ទើរតែទាំងស្រុងនៃលុយទាំងអស់នោះបានមកពីក្រុមហ៊ុន Renaissance Minerals។
អគ្គនាយកទទួលបន្ទុកធនធានរ៉ែលោក អ៊ឹង ឌីបូឡា បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍កាលពីខែវិច្ឆិកា ឆ្នាំ២០២២ថា សកម្មភាពរុករកក៏កំពុងដំណើរការនៅក្នុងខេត្តត្បូងឃ្មុំ រតនគិរី និងបាត់ដំបងផងដែរ ហើយបាននិយាយថា អាជ្ញាបណ្ណរុករករ៉ែបន្ថែមអាចត្រូវបានចេញ ប្រសិនបើមាន «សក្តានុពលផលិតកម្មគ្រប់គ្រាន់»។
អង្គការ Mother Nature Cambodia ដែលជាក្រុមសកម្មជនបរិស្ថាន បានធ្វើយុទ្ធនាការជាច្រើនឆ្នាំដើម្បីឲ្យមានតម្លាភាពក្នុងវិស័យនេះ ខណៈផ្តល់ការយកចិត្តទុកដាក់លើការខូចខាតដល់សហគមន៍មូលដ្ឋាន។ លោក Alejandro Gonzalez-Davidson សហស្ថាបនិកនៃក្រុមដែលត្រូវបានរារាំងក្នុងប្រទេសកម្ពុជាបាននិយាយថា ពាណិជ្ជកម្មរ៉ែមាសបានធ្វើឲ្យមានការប្រែប្រួលលើស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋសហគមន៍ និងការប្រើអំណាចរបស់អាជ្ញាធរមូលដ្ឋាននៅពេលអ្នកជីកយករ៉ែមកដល់។
លោកថ្លែងជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាខេមរភាសាថា៖ «ដោយ មានការហូរចូលខ្លាំងពីកម្មករមកពីខាងក្រៅនោះ ការណ៍នេះនឹងបង្កផលប៉ះពាល់លើការរស់នៅបែបប្រពៃណី វប្បធម៌ និងភាសារបស់ពួកគេ។ ឧក្រិដ្ឋកម្មនឹងកើនឡើង។ អាជ្ញាធរមូលដ្ឋានលែងខ្វល់ពីសេចក្តីត្រូវការរបស់ពលរដ្ឋទៀតហើយ តែគេនឹងខ្វល់អំពីសេចក្តីត្រូវការរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ»។
បើតាមលោក Gonzalez-Davidson ទីបំផុតទៅ ពាណិជ្ជកម្មរ៉ែបង្ខំមនុស្សជាច្រើនឲ្យចាកចេញ ដោយគ្មានដីសម្រាប់បង្កបង្កើនផលកសិកម្ម ឬក៏មធ្យោបាយសមសម្របដើម្បីចិញ្ចឹមជីវិត។ លោកឲ្យដឹងទៀតថា មានភាពចៀសមិនរួចពិតប្រាកដមួយសម្រាប់ការបើកឲ្យមានអាជីវកម្មពាណិជ្ជកម្មរ៉ែ ប៉ុន្តែអ្វីដែលរដ្ឋាភិបាលមិនអាចធ្វើបាននោះគឺធានាថា សាធារណជនបានទទួលផលប្រយោជន៍ពីការទាញយកផលចំណេញពីទ្រព្យសម្បត្តិរបស់រដ្ឋនេះ។
លោកថ្លែងថា៖ «បង្ហាញគេឯងឲ្យពេញមួយប្រទេសដឹងទៅថា លុយចំនួនប៉ុន្មានដែលកម្ពុជារកបាន ហើយបានពន្ធប៉ុន្មានដែរ? តើបានប្រាក់កម្រៃប៉ុន្មានសម្រាប់ ប្រទេស? ហើយអ្នកដឹងទេ អ្នកត្រូវបើកចិត្តឲ្យទូលាយលើផលដែលបានមកនោះ ថា តើមានផលប៉ះពាល់ជាអវិជ្ជមានយ៉ាងណាខ្លះលើសុខភាព និងការអប់រំរបស់ខេត្ត និងប្រទេស? អ្នកអត់បានផលទាំងនេះទេ!»។
លោកបន្ថែមថា៖ «ដូច្នេះ អ្វីដែលជាក្តីបារម្ភធំបំផុតរបស់ខ្ញុំនោះគឺថា រឿងនេះកំពុងធ្វើឲ្យបុគ្គលពុករលួយកាន់តែមានឡើងៗ ខណៈពលរដ្ឋកម្ពុជាកំពុងមើលមិនឃើញផលប្រយោជន៍ជាដុំកំភួនសោះ»។
ក្រុមអ្នកស្រាវជ្រាវមកពីសាលា La Follette School of Public Affairsរបស់សាកលវិទ្យាល័យ Wisconsin-Madison បានធ្វើការសន្និដ្ឋានស្រដៀងគ្នានៅក្នុងរបាយការណ៍របស់ពួកគេកាលពីឆ្នាំមុន ដែលមានចំណងជើងថា៖ «ការបង្កើនតម្លាភាពក្នុងឧស្សាហកម្មនិស្សារណកម្មនៅកម្ពុជា»។
អ្នកនិពន្ធបាននិយាយថា៖ «សក្តានុពលដ៏សំខាន់» សម្រាប់ចំណូលពីការរុករករ៉ែមាសដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជា ប៉ុន្តែឧស្សាហកម្មនេះក៏បានគូសបញ្ជាក់ពី«គ្រោះថ្នាក់» នៃឧស្សាហកម្មនិស្សារណកម្មរបស់កម្ពុជា ដែលក្នុងនោះគឺមាន«និន្នាការប្រវត្តិសាស្ត្រដែលផ្តល់ទិន្នន័យមិនច្បាស់លាស់ ជាជាងទិន្នន័យមានតម្លាភាព»។
អ្នកស្រី Jennifer Morzfeld ដែលជាអ្នកនិពន្ធម្នាក់បាននិយាយថា ការជីកយករ៉ែមាសមិនសូវបំផ្លាញបរិស្ថានជាងឧស្សាហកម្មនិស្សារណកម្មផ្សេងទៀត ដូចជាការបូមខ្សាច់នៅក្នុងទន្លេមេគង្គទេ ហើយក៏មិនមានច្រើន ដូចធនធានរ៉ែផ្សេងទៀតដែរ។
អ្នកស្រីប្រាប់វីអូអេតាមសារអ៊ីមែលថា៖ «ទាំងអស់នេះគឺចង់និយាយថា ជាទូទៅ ការជីកយករ៉ែមាសនៅក្នុងប្រទេសកម្ពុជាពិតជាមានសក្តានុពលក្នុងការផ្តល់នូវការជំរុញសេដ្ឋកិច្ចដ៏សំខាន់មួយទាក់ទងនឹងប្រាក់ចំណូលជាតិ និងការបង្កើតការងារ ប៉ុន្តែមានការប្រឈមផ្នែកបរិស្ថានដែលអាចប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋនៅកម្ពុជា។ រដ្ឋាភិបាលចាំបាច់ផ្តល់សំណងឲ្យបានល្អប្រសើរ»។
អ្នកស្រីបាននិយាយថា ក្រុមអង្គការមិនមែនរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា រួមទាំងអង្គការ Open Development Cambodia ដែលទទួលបន្ទុករបាយការណ៍នេះ កំពុងដាក់សម្ពាធជាបន្តបន្ទាប់លើមន្ត្រី ដើម្បីបង្កើនតម្លាភាពក្នុងវិស័យនេះ។
អ្នកស្រីបន្ថែមថា៖ «ក៏មានសម្ពាធពីខាងក្រៅកាន់តែខ្លាំង ដែលជំរុញឱ្យការអនុវត្តរបស់រដ្ឋាភិបាលមានការបើកចំហកាន់តែច្រើន ដូចជាឱកាសសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ឬឱកាសចូលរួមជាមួយអង្គការអន្តរជាតិ ដែលអាចនាំចំណូលចូលជាតិកាន់តែច្រើន និងលើកកម្ពស់កម្រិតជីវភាពនៅកម្ពុជា»។
លោកទន់ មៀន អ្នកភូមិម្នាក់ទៀតនៅស្រុករវៀង បាននិយាយថា គាត់បានតាមមើលប្រតិបត្តិការរុករករ៉ែរបស់ក្រុមហ៊ុន Delcom ដែលពង្រីកជាបណ្តើរៗតាំងពីឆ្នាំ ២០១៤ មកម៉្លេះ។ គាត់និយាយថា ដីស្រែរបស់គាត់បានរងផលប៉ះពាល់ ដោយសារការបំពុលដែលហូរចេញពីកន្លែងជីកយករ៉ែនោះ ចូលទៅក្នុងផ្លូវទឹកក្នុងតំបន់។
លោកថ្លែងថា៖ «វាប៉ះពាល់ដីស្រែចម្ការ ប្រជាពលរដ្ឋ ហើយនឹងប៉ះពាល់ធនធនធម្មជាតិ និងការបំពុលទឹកអីហ្នឹង»។
អ្វីដែលលោក ទន់ មៀន នៅមិនទាន់បានឃើញពីឧស្សាហកម្មរ៉ែមាសនោះគឺការកែលម្អផ្សេងៗ ដើម្បីជួយប៉ះប៉ូវការខូចខាតក្នុងសហគមន៍ ដូចជាការសាងសង់សាលារៀន ផ្លូវ ឬស្ពានថ្មីជាដើម។
លោកបន្ថែមថា៖ «អាហ្នឹងហើយដូចថា អត់ទាន់បានហេដ្ឋារចនាសម្ព័ន្ធអីត្រឹមត្រូវ»៕