របាយ​ការណ៍​របស់​អ្នក​ការពារ​ព្រៃឡង់​បង្ហាញ​ថា​ ការ​បន្ត​កាប់ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃឡង់​នៅ​តែ​មាន

រូបឯកសារ៖ ទិដ្ឋភាព​ពី​លើ​ឧទ្ធម្ភាគចក្រ​បង្ហាញ​ពី​ការ​ខូចខាត​របស់​ព្រៃឡង់ ដោយ​សារ​សកម្មភាព​កាប់​ឈើ កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែ​មេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)

ទោះបី​ជា​រដ្ឋាភិបាល​ខ្មែរ​បាន​​ប្រែក្លាយ​តំបន់​ព្រៃឡង់​ជា​ដែន​ជម្រក​សត្វព្រៃ​ «ព្រៃ​ឡង់»​តាម​អនុ​ក្រឹត្យ​មួយ​ចេញ​នៅ​ឆ្នាំ​២០១៦​ក្តី​ ​ក៏​សកម្មភាព​ចូល​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់​ក្នុង​តំបន់​នេះ​ ​បាន​កើនឡើង​៧០​ភាគ​រយ​ បើធៀប​រវាង​ឆ្នាំ​​២០១៧​​ទៅ​នឹង​ឆ្នាំ​២០១៨។

ក្រុម​អ្នក​ឃ្លាំមើល​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់បាន​បញ្ចេញ​របក​គំហើញ​ថ្មីៗ​ ដែល​បង្ហាញ​ពីសកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​នេះ​ ​ដែល​ធ្វើ​ឱ្យ​មាន​ការ​បាត់​បង់​ជម្រក​សត្វ​ព្រៃ​បន្ថែម​ទៀត។​ ​នេះបើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់​ ដែលបាន​ចេញ​របាយ​ការណ៍​ចុង​ក្រោយ​មួយ​ស្តីពី​ស្ថានភាព​ធនធាន​ព្រៃឈើ​និង​សត្វ​ព្រៃ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់។

សេចក្តី​ថ្លែង​ការណ៍​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់​ទាំង​បួន​ខេត្ត​ រួមមាន​ក្រចេះ​ ​កំពង់​ធំ​ ​ព្រះ​វិហារ​ និង​ខេត្ត​ស្ទឹង​ត្រែង​ បាន​ឲ្យ​ដឹង​ថា​ ​បណ្តាញ​សហគមន៍​ព្រៃឡង់​បាន​រក​ឃើញ​ចំណុច​សំខាន់​បី​ ​ដែល​រួម​មាន៖

«សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​តែ​បន្ត​កើត​មាន​ និង​មាន​ការ​កើន​ឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​ ​ការ​តម្រូវ​ឲ្យ​សហគមន៍​សុំ​ច្បាប់​អនុញ្ញាត​មុន​នឹង​ចុះ​ល្បាត​ ​ខណៈ​អ្នក​កាប់​ឈើ​ខុស​ច្បាប់​អាច​ចូល​ព្រៃកាប់​ឈើ​ដោយ​មិន​ចាំបាច់​មាន​ការ​អនុញ្ញាត​ ​និង​ផ្លូវ​ជា​ច្រើន​គឺជា​កត្តាជំរុញ​ដ៏ធំ​មួយ​ ដែល​ធ្វើ​ឲ្យ​បាត់​បង់ជម្រក​សត្វ​ និង​ធ្វើ​ឲ្យបាត់​បង់​ព្រៃ​ឈើ»។​

នេះ​ជាការ​រក​ឃើញ​ដែល​បាន​ចងក្រង​ក្នុង​របាយ​ការណ៍​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់​ដែល​បាន​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​កញ្ញា​ឆ្នាំ​២០១៧​ដល់​ថ្ងៃ​ទី​៣១​ខែ​ឧសភាឆ្នាំ​២០១៨។​ ​របាយ​ការណ៍​នេះ​ត្រូវ​បាន​ចងក្រងឡើង​ ដោយការ​ប្រមូល​ទិន្នន័យ​តាម​កម្មវិធី​ទូរស័ព្ទ​ដៃ​វៃឆ្លាត​ ដែល​ហៅថា​ ​«ព្រៃឡង់​អេប»។​

ទិន្នន័យ​ដែល​ប្រមូល​ដោយ​បណ្តាញ​សហគមន៍​ព្រៃឡង់​ត្រូវ​បាន​វិភាគ​ដោយ​អ្នក​ស្រាវ​ជ្រាវ​ នៅ​ឯសាកល​វិទ្យាល័យ​ ​Copenhagen​ ​ប្រទេស​ Denmark។​

លោកហឿន សុភាព​ ​សមាជិក​គណៈ​កម្មការ​សម្រប​សម្រួល​បណ្តាញ​សហគមន៍​ព្រៃឡង់​ ​ខេត្ត​កំពង់​ធំ​ ​ត្រូវ​បាន​ស្រង់​ប្រសាសន៍​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់​ក្នុង​ន័យដើម​ថា៖​

«វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង​ ចំពោះ​ទិន្នន័យ​ដែល​យើង​ប្រមូល​ជា​មួយ​កម្មវិធី​អេប​ព្រៃ​ឡង់​ ដែល​ត្រូវបាន​ជូន​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ រួម​ទាំង​រាជ​រដ្ឋាភិបាល។ ​យើង​សង្ឃឹម​ថា​ របាយ​ការណ៍​នេះ​ និង​របាយការណ៍​នា​ពេល​អនាគត​នឹង​ជួយ​រាជ​រដ្ឋាភិបាល និង​អ្នក​ពាក់​ព័ន្ធ​ដទៃ​ទៀត​ដើម្បី​ការពារ​ព្រៃឡង់​ឲ្យបាន​កាន់​តែ​ប្រសើរ»។​

របាយ​ការណ៍​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់​ ដែល​មាន​កម្រាស់​១២​ទំព័រ​បាន​បញ្ជាក់​ឲ្យដឹង​ថា​ ក្នុង​អំឡុង​ពេល​រាយ​ការណ៍​ បណ្តាញ​នេះបាន​ប្រើប្រាស់​កម្មវិធី​អេប​ព្រៃឡង់​ កត់​ត្រា​ ធនធានមាន​ចំនួន​៥៦​ភាគរយនៃ​ទិន្នន័យ​សរុប និង​សកម្ម​ភាព​មាន​ចំនួន​៣៨​ភាគរយ​នៃ​ទិន្នន័យ​សរុប។​

ទិន្នន័យ​ភាគច្រើន​ស្ថិត​ក្រោម​ប្រភេទ​«ធនធាន»បាន​រាយ​ការណ៍​ពីដើម​ឈើ​ចំនួន​៨២​ភាគរយ​ និង​អនុផល​ព្រៃ​ឈើ​ចំនួន​១៤​ភាគរយ។

របាយ​ការណ៍​បាន​សរសេរ​តាមន័យដើមថា៖​

«មាន​ការ​កត់​ត្រា​តិចតួច ​ចំពោះ​សត្វព្រៃ​ មាន​ត្រឹម៣ភាគរយ​ ​និង​ទីតាំង​ជំនឿ​ ​និង​ប្រាសាទ​មាន​ចំនួន​១​ភាគ​រយ​ប៉ុណ្ណោះ»។​

របាយ​ការណ៍​បាន​រក​ឃើញ​ថា​ ក្នុង​ចន្លោះ​ខែ​កញ្ញាឆ្នាំ​២០១៧ដល់​ខែ​ឧសភា​ឆ្នាំ​២០១៨​មានការ​ចូល​កាប់​ឈើ​ចំនួន​៩០២​លើក​ក្នុង​ខេត្តកំពង់ធំ​ ៥៦៩​លើក​ក្នុង​ខេត្ត​ស្ទឹងត្រែង ៤៣៣លើក​ក្នុង​ខេត្ត​ក្រចេះ​ ​និង​១២៩​លើក​ក្នុង​ខេត្ត​ព្រះវិហារ។​

ជារួម​ ​ការចូលកាប់​ព្រៃឈើ​មាន​២៧៤៥លើក​ ​ក្នុងនោះ​មាន​២០៣៣ លើក​ត្រូវបាន​ចាត់​ទុកថា​មាន​សុពល​ភាព។​ ​បើគិតជាភាគរយ​ គឺការ​ចូលកាប់​ព្រៃ​ឈើ​មានកំណើន​៧៤ភាគរយ​ គិតចាប់​ពីថ្ងៃទី​១​ខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ ​ដល់​ថ្ងៃទី​៣១​ ខែ​ឧសភា​ ឆ្នាំ​២០១៨។​ ​ហើយការ​ចូលកាប់​ឈើដោយ​ខុសច្បាប់​នេះ​គឺកើត​ឡើង​៦០​លើកក្នុង​មួយខែ។​

រូបភាព ​ដែល​ប្រមូលបាន​តាម​ប្រព័ន្ធផ្កាយ​រណប​ បាន​ឲ្យ​ដឹង​ថា​ ​មានការ​បាត់​បង់​ព្រៃ​ឈើ​ក្នុង​តំបន់ដែន​ជម្រក​សត្វ​ព្រៃ«ព្រៃឡង់‍»​ ​និង​តំបន់​ជុំវិញ​ចំនួន​៥៦០០​ហិកតា​ក្នុង​ឆ្នាំ​២០១៧។​ ​ចំនួន​នេះ​ គឺស្មើនឹង​ការ​បាត់​បង់​ព្រៃឈើ​មាន​ទំហ៊ំ​ប៉ុន​តារាង​បាល់​ទាត់​ចំនួន​២១​តារាង​ ​ជារៀងរាល់​ថ្ងៃ​ក្នុង​ឆ្នាំ​២០១៧។​ ​នេះ​គឺ​ជា​កម្រិត​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់​ ​និង​ទេសភាពជុំវិញដែន​ជម្រក​សត្វ​ព្រៃ​នេះ។​

VOA​ ​មិនទាន់​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​កែវ អូម៉ាលីស្ស​ ​នាយក​រដ្ឋបាល​ព្រៃ​ឈើ​នៃ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ ​និង​នេសាទ​ បាន​ទេ​ នៅថ្ងៃអង្គារនេះ។​

​ជា​ផ្នែក​មួយ​នៃ​ការ​ទប់​ស្កាត់ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃឡង់​ ​រដ្ឋាភិបាល​កម្ពុជា​បានចេញ​អនុក្រឹត្យ​មួយ​នៅថ្ងៃ​ទី៩ខែ​ឧសភាឆ្នាំ​២០១៦​ ដើម្បីប្រែក្លាយ​តំបន់​ព្រៃឡង់​ ​ជា​ដែន​ជម្រក​សត្វព្រៃ​«ព្រៃឡង់»។​ ​ដែន​ជម្រក​សត្វព្រៃ​ ​«ព្រៃឡង់​»នេះ​ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន។​

ទោះបី​មាន​ការ​រៀបចំតំបន់​ព្រៃឡង់ជា​ដែន​ជម្រក​សត្វព្រៃ​«ព្រៃឡង់»​ក្តី​ ក៏ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​កើត​មាន​ឡើង​ស្ទើររាល់​ថ្ងៃដដែល​ ដូចអ្វីដែល​បណ្តាញ​សហគមន៍​ព្រៃឡង់​ ​បាន​រក​ឃើញ​ចុង​ក្រោយ​នេះ។​

បណ្តាញ​សហគមន៍​ព្រៃឡង់បាន​ឲ្យ​ដឹង​ថា​ ​«សកម្មភាព»កាប់​ឈើ​ខុស​ច្បាប់​មាន​ចំនួន​៩៩​ភាគរយនៃ​សកម្មភាព​ទាំងអស់។​

ទិន្នន័យ​ភាគច្រើន​បាន​រាយ​ការណ៍​ថា​ គល់​ឈើកាត់​រួច​មួយៗមាន​ចំនួន ៤១​ភាគ​រយ​ ដែល​ដើម​ឈើ​ភាគច្រើន​ជា​ប្រភេទ​ឈើ​ប្រណីត។ ​គំនរ​ឈើ​ត្រូវបាន​ជន​ល្មើស​ប្រមូល​យក​ចេញ​ និង​ការ​ដឹក​ជញ្ជូន​មាន​ចំនួន​២៤ភាគ​រយ​នៃ​ទិន្នន័យ​សរុប។ ​តំបន់​ដែល​បាន​កាប់​ឆ្កាមាន​ចំនួន​១១​ភាគរយ​នៃ​ទិន្នន័យ​សរុប។​ ​ផ្ទៃដី​ដែល​ត្រូវ​បាន​កាប់​ឆ្កាតែ​មួយ​អាច​គ្រប​ដណ្តប់​លើ​ផ្ទៃដី​១០០​ហិកតា​ និង​រាប់​បញ្ចូល​ទាំង​ខ្ទម​រាប់​រយ​ដែល​ធ្វើ​សម្រាប់​ស្នាក់​នៅ។​

លោកខេង ខូ​ ​សមាជិក​ក្រុម​ស្នូល​បណ្តាញ​សហគមន៍​ព្រៃឡង់​ ខេត្ត​ស្ទឹងត្រែង​ បាន​ដាក់​ការ​ស្តី​បន្ទោស​ទៅ​លើ​ការ​បង្កើត​ផ្លូវ​ជា​ច្រើន​ ដែល​សម្រួល​ដល់​ការ​កាប់​បំផ្លាញ​ព្រៃ​ក្នុង​តំបន់​ព្រៃឡង់។​

លោក​ត្រូវ​បាន​ស្រង់​សម្តី​តាម​ន័យ​ដើម​ថា៖​

«ផ្លូវ​ខ្វាត់​ខ្វែង​ជាច្រើន​បាន​សម្រួល​ដល់​ការ​កាប់​ ​និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពីព្រៃ​ឡង់​ និង​មន្ត្រី​បើក​ដៃ​ឲ្យ​អ្នក​កាប់​ឈើ​ និង​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ការ​កាប់​ ​និង​ដឹក​ឈើ​ទាំងនោះ​ រួម​និង​ឃុបឃិតគ្នា​លក់​ដី​ព្រៃ​ទៅ​ឲ្យ​អ្នក​ចំណូល​ស្រុក​ផង​ដែរ»។

ក្រុម​អ្នក​ការពារ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ក៏​បាន​ឲ្យ​ដឹង​ពី​ការ​បន្ត​បាត់​បង់​ដើម​ច្បោះ​ជ័រ​ ​ដែល​មាន​សារៈ​សំខាន់​សម្រាប់​ទ្រទ្រង់​ជីវភាព​រស់​នៅ​របស់​សមាជិក​សហគមន៍៕