ករណីវិវាទដីធ្លីនៅកម្ពុជាក្នុងឆ្នាំ២០១៦មានការកើនឡើងដោយសារការផ្តល់ដីសម្បទានសេដ្ឋកិច្ច ការប្រើប្រាស់អំណាចមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអំណាចមុខងារឧកញ៉ា ដើម្បីរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ នេះបើតាមរបាយការណ៍ដែលចេញដោយវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍។
របាយការណ៍ដែលមានឈ្មោះថា «ការវិភាគស្ថិតិស្តីពីវិវាទដីធ្លីនៅកម្ពុជាឆ្នាំ២០១៦» ដែលផ្សព្វដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល បង្ហាញថា ក្នុងឆ្នាំ២០១៥ ជម្លោះដីធ្លីដែលអង្គការបានរកឃើញមានចំនួន២៣ករណី ហើយក្នុងឆ្នាំ២០១៦មានការកើនឡើងទ្វេដង។ បើធៀបនឹងករណីវិវាទកើតថ្មីចំនួន៤៦ករណីក្នុងឆ្នាំ២០១២ ដែលជាឆ្នាំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួនវិវាទដីធ្លីក្នុងឆ្នាំ២០១៦ក៏កើនឡើងខ្ពស់ផងដែរ ដោយមានវិវាទចំនួន៥៦ករណី។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយកាណ៍កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានបញ្ជាក់ថា បើទោះបីជាវិវាទដីធ្លីមួយចំនួនត្រូវបានរដ្ឋាភិបាលដោះស្រាយរួចរាល់ហើយក្តី ប៉ុន្តែលោកថា នៅមានវិវាទជាច្រើនទៀតដែលមិនទាន់ត្រូវបានដោះស្រាយ ដោយសារអ្នកមានអំណាចនៅពីក្រោយវិវាទនោះ។ លោកបន្ថែមថា វិវាទដីធ្លីបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ និងខ្លះត្រូវបង្ខំចិត្តធ្វើចំណាកស្រុក ដែលលោកអះអាងថា រដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាទាំងអស់នេះជូនប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់អាចចូលរួមអភិវឌ្ឍប្រទេសដោយមានប្រសិទ្ធភាព។
លោក តឹក វណ្ណារ៉ា បញ្ជាក់ថា៖
«ប្រសិនយកចិត្តទុកដាក់បន្ថែមទៀត ហើយចូលរួមឲ្យសកម្ម ដោះបញ្ចប់ មានន័យថា ប្រជាពលរដ្ឋដែលគាត់មានជម្លោះហ្នឹង គាត់នឹងសប្បាយរីករាយ ហើយគាត់ចូលរួមកាន់តែសកម្មក្នុងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន។ គាត់នឹងក្លាយជាចំណែកមួយជំរុញឲ្យមានការអភិវឌ្ឍកាន់តែល្អប្រសើរ ទៅលើទាក់ទងដី ទៅលើជីវភាព និងទាក់ទងទៅលើទិដ្ឋភាពនៃការអភិវឌ្ឍទាំងមូល ទាំងផ្នែកសេដ្ឋកិច្ចក៏ដូចជាការការពារធនធានធម្មជាតិផងដែរ»។
របាយការណ៍ដែលចេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះក៏បានរកឃើញដែរថា មូលហេតុដែលបង្កឲ្យមានវិវាទដីធ្លីគឺការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនវិនិយោគ នាពេលកន្លងមក ការប្រើប្រាស់អំណាចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអំណាចមុខងារជាឧកញ៉ា ឬអ្នកមាន និងការរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន។
របាយការណ៍ដដែលបន្ថែមថា វិវាទដីធ្លីចំនួន៥៨ករណី ដែលបានអូសបន្លាយជាច្រើនឆ្នាំ ត្រូវបានដោះស្រាយចប់ទាំងស្រុងនៅក្នុងឆ្នាំ២០១៦។ ប៉ុន្តែមាន៣ករណីដែលប្រជាជនបានបោះបង់ការទាមទារ ដោយសារអាជ្ញាធរឃុំបានប្តឹងតំណាងប្រជាពលរដ្ឋទៅតុលាការ។ ករណីខ្លះទៀត ពលរដ្ឋជាដើមបណ្តឹងបានធ្វើចំណាកស្រុកទៅខេត្តផ្សេង បន្ទាប់ពីរងការបាញ់គំរាមកំហែងពីអាជ្ញាធរ។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានទេ នាល្ងាចថ្ងៃព្រហស្បតិ៍នេះ។
របាយការណ៍របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៧រហូតមកដល់បច្ចុប្បន្ន វិវាទដីធ្លីចំនួន៣១៩ករណីពុំទាន់បានដោះស្រាយ និងកំពុងរង់ចាំការដោះស្រាយ។ វិវាទដីធ្លីទាំង៣១៩ករណីនោះបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៥៤.៥០៧គ្រួសារ និងគ្របដណ្ដប់លើផ្ទៃដីទំហំជាង១.០៥២.៩៣៥ហិកតា៕