របាយការណ៍​ថ្មី៖ ចំនួន​ជនស៊ីវិល​ស្លាប់​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ដោយសារ​ការប្រើប្រាស់​គ្រាប់​មីន​របស់​ក្រុម​ឧទ្ទាម

  • Lisa Schlein

រូប​ឯកសារ៖ ទង់​ក្រហម​មួយ​ ដែល​ជា​សញ្ញា​គ្រោះថ្នាក់ ត្រូវ​បាន​គេ​ដាក់​នៅ​ក្បែរ​គ្រាប់​មីន ដែល​ដោះ​កងទ័ព​លីប៊ី នៅ​ក្នុង​ប្រតិបត្តិការ​ដោះ​គ្រាប់​មីន​មួយ​នៅ​ក្បែរ​ក្រុង Tubruq ប្រទេស​លីប៊ី កាលពី​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៨។

សកម្មជនចាត់​ទុកសន្ធិសញ្ញា​ហាមឃាត់​ការប្រើប្រាស់​គ្រាប់​មីន​ផ្ទុះ​​​ថា​ជា​កិច្ចព្រមព្រៀង​លុបបំបាត់​អាវុធដ៏​ជោគជ័យ​បំផុត​មួយ។ ការគោរព​តាម​សន្ធិសញ្ញា​នេះ បាន​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់ ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ចំនួន​នេះ​បាន​កើន​ឡើងវិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។​

របាយការណ៍​ថ្មី​មួយ​បាន​រក​ឃើញ​ថា កាលពី​ឆ្នាំ​មុន​ មនុស្ស​ជិត​៧.០០០នាក់​ដែល​ភាគច្រើន​ជា​ជនស៊ីវិល​បាន​ស្លាប់ ឬ រងបួស​ដោយសារ​គ្រាប់​មីន និង​សារជាតិ​ផ្ទុះ ដែល​នៅ​សេស​សល់​ពី​សង្គ្រាម និង​បង្កប់​ដោយ​កងកម្លាំង​ឧទ្ទាម​នៅ​ក្នុង​ប្រទេស​មាន​ជម្លោះ​យ៉ាង​ហោច​ណាស់​ចំនួន​៦ រួម​មាន អាហ្វហ្គានីស្ថាន ឥណ្ឌា មីយ៉ាន់ម៉ា នីហ្សេរីយ៉ា ប៉ាគីស្ថាន និង​យេមែន។

សន្ធិសញ្ញា​ហាមឃាត់​ការប្រើប្រាស់​គ្រាប់​មីន​ផ្ទុះ បាន​ចូល​ជា​ធរមាន​កាលពី​២០ឆ្នាំ​មុន។ សកម្មជន​ចាត់​ទុក​សន្ធិសញ្ញា​ដែល​មាន​ប្រទេស​សមាជិក​ចំនួន​១៦៤​នេះ​ថា​ជា​កិច្ចព្រមព្រៀង​លុបបំបាត់​អាវុធ ហើយ​មាន​លក្ខណៈ​មនុស្សធម៌ ដ៏​ជោគជ័យ​បំផុត​មួយ​ដែល​ធ្លាប់​ត្រូវ​បាន​គេ​អនុម័ត​កន្លង​មក។ នៅ​ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ ពួកគេ​បាន​កត់សម្គាល់​ថា មាន​ប្រទេស​តែ​មួយ​ប៉ុណ្ណោះ​បាន​រំលោភបំពាន​លើ​កិច្ចព្រមព្រៀង​នេះ។ នោះ គឺ​ប្រទេស​យេមែន​នៅ​ក្នុង​ឆ្នាំ២០១២។

នៅ​ក្នុង​ឆ្នាំ​នេះ អង្គការ Landmine Monitor បាន​រាយការណ៍​ថា មាន​តែ​ប្រទេស​មីយ៉ាន់ម៉ា​មួយ​ប៉ុណ្ណោះ ដែល​បាន​ប្រើប្រាស់​គ្រាប់មីន​ផ្ទុះ ក៏ប៉ុន្តែ ប្រទេស​មីយ៉ាន់ម៉ាមិន​មែន​ជា​ភាគី​នៃ​សន្ធិសញ្ញា​ហាមឃាត់​ការប្រើប្រាស់​គ្រាប់​មីន​ផ្ទុះ​ទេ។ ការគោរព​តាម​សន្ធិសញ្ញា​នេះ បាន​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់ ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី​ចំនួន ២០.០០០នាក់​នៅ​ក្នុង​ឆ្នាំ១៩៩៩ មក​ត្រឹម​តែ​ប៉ុន្មាន​ពាន់​នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​មួយ​ឆ្នាំ។

បើទោះ​ជា​យ៉ាង​នេះ​ក្តី អង្គការ​ Landmine Monitor នេះ បាន​កត់សម្គាល់​ថា​ នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់​ឧបករណ៍​ផ្ទុះ និង​គ្រាប់មីន​ច្នៃ ដែល​ដាក់​ដោយ​ក្រុម​ឧទ្ទាម បាន​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់ កើន​ឡើង​ជា​ថ្មី​ម្តង​ទៀត។

លោក Stephen Goose ប្រធាន​ផ្នែក​ឃ្លាំមើល​ការប្រើប្រាស់​សព្វាវុធ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​ប្រាប់​ VOA ថា ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ រួម​ទាំង​ក្រុម​តាលីបង់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន និង​ក្រុម​ឧទ្ទាម​ហូទី​ក្នុង​ប្រទេស​យេមែន ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​ស្លាប់ និង​របួស​ភាគច្រើន។

លោក Goose បាន​និយាយ​ថា៖

«ការធ្លាក់​ចុះ​កម្លាំង​យោធា​របស់​រដ្ឋ​ឥស្លាម នឹង​ទំនងជា មិន​ធ្វើ​ឲ្យ​វិបត្តិ​នេះ​កើតឡើង​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ។ ហើយ​យើង​សង្ឃឹម​ថា ប្រសិន​បើ​គេ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ចរចា​ជាមួយ​នឹង​ក្រុម​តាលីបង់ ផ្នែក​នៃ​កិច្ចព្រមព្រៀង​នោះ នឹង​មាន​ចែង​ពី​ប្រការ​មិន​ប្រើប្រាស់​គ្រាប់មីន​ផ្ទុះ»។

លោក Goose និយាយ​ថា រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ជា​ភាគី​មួយ​នៃ​សន្ធិសញ្ញា​ហាមឃាត់​ការ​ប្រើប្រាស់​គ្រាប់​មីន​ផ្ទុះ ហើយ​ប្រទេស​នេះ បាន​ប្តេជ្ញា​ថា នឹង​មិន​ប្រើប្រាស់​គ្រាប់មីន​ផ្ទុះ​សម្លាប់​មនុស្ស​ទៀត​ទេ។ លោក​បាន​កត់សម្គាល់​ថា កាលពី​មុន​ ក្រុម​តាលីបង់​បាន​និយាយ​ថា ខ្លួន​នឹង​មិន​ប្រើប្រាស់​គ្រាប់​មីន​ផ្ទុះ​នោះ​ទេ ក៏ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ ក្រុម​សកម្ម​ប្រយុទ្ធ​នេះ មិន​បាន​គោរព​តាម​ការ​សន្យា​របស់​ខ្លួន​នោះ​ទេ។

អង្គការ Landmine Monitor បាន​រាយការណ៍​ថា ជនស៊ីវិល​មាន​ចំនួន​ប្រមាណ​ជា​៧០ ទៅ​៨០% ក្នុង​ចំណោម​មនុស្ស​ជិត​៧.០០០នាក់ បាន​ស្លាប់ និង​រងរបួស​ជា​ទម្ងន់​ដោយសារ​គ្រាប់​មីន​ផ្ទុះ​កាលពី​ឆ្នាំ​មុន។ ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​នោះ មាន​ប្រមាណ​ជា​ពាក់កណ្តាល​ជា​កុមារ៕