ប្រជាពលរដ្ឋខ្មែរដែលត្រូវបានបណ្ដេញចេញពីលំនៅដ្ឋានចាស់របស់ខ្លួន ដោយបុព្វហេតុនៃការអភិវឌ្ឍន៍របស់រដ្ឋាភិបាល បាននិយាយថា បរិស្ថានជុំវិញកន្លែងរស់នៅថ្មីរបស់ពួកគេតែងតែមានទឹកជនលិច ហើយមានស្ថានភាពកាន់តែអាក្រក់ទៅ។ នេះបើយោងទៅតាមរបាយការណ៍ស្ដីពីការបណ្ដេញចេញរបស់សមាគមធាងត្នោត ដែលបានចេញផ្សាយជាសាធារណៈនៅព្រឹកថ្ងៃអង្គារនេះ។
របាយការណ៍ដែលមានចំណងជើងថា«សន្យាខ្យល់?» បានបង្ហាញពីការសិក្សាពីការអភិវឌ្ឍលើទីតាំងដែលប្រជាពលរដ្ឋត្រូវបានបណ្ដេញចេញទាំង៧៧ ក្នុងរាជធានីភ្នំពេញ គិតចាប់តាំងពីឆ្នាំ២០១១មក។
ប្រជាពលរដ្ឋដែលយល់ព្រមផ្ដល់បទសម្ភាសន៍ក្នុងរបាយការណ៍នោះ បានឲ្យដឹងថា ស្ត្រីជាច្រើនបានរងផលប៉ះពាល់ពីទឹកជំនន់ដែលនាំឲ្យមានបញ្ហាប្រឈមផ្សេងៗ និងធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេ។
ជាក់ស្ដែង ប្រជាជននៅសហគមន៍ជ័យជម្នះ បានប្រឈមនឹងជំងឺឆ្លង និងជំងឺសើស្បែកជាពិសេសកុមារតូចៗ ដោយសារពួកគេត្រូវដើរឆ្លងកាត់ទឹកកង្វក់នោះ ដើម្បីទៅសាលារៀន និងប្រកបអាជីវកម្ម ហើយពួកគេក៏ប្រើប្រាស់ទឹកនោះផងដែរ ដែលជាហេតុបណ្ដាលឲ្យពួកគេមានជំងឺញឹកញាប់។
របាយការណ៍លើកឡើងបន្ថែមថា ដោយសារតែពុំមានផែនការក្នុងការអភិវឌ្ឍទីក្រុងច្បាស់លាស់ ដូចជាការកំណត់ទីតាំងមិនសមរម្យនិងច្បាស់លាស់ ទើបនាំឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងនោះ។
ទាំងបុរស និងស្ត្រី ដែលត្រូវបានសម្ភាសន៍នៅក្នុងរបាយការណ៍នោះ បានបញ្ជាក់ថា ស្ថានភាពលំនៅដ្ឋានរបស់ពួកគេ មិនមានភាពល្អប្រសើរឡើយ ហើយពួកគេយល់ថា លំនៅដ្ឋានរបស់ពួកគេប្រឈមនឹងគ្រោះថ្នាក់។
លោក សឿង សារ៉ន ប្រធានកម្មវិធីតស៊ូមតិនៃអង្គការសមាគមធាងត្នោត បានថ្លែងក្នុងពេលលោកធ្វើបទបង្ហាញរបាយការណ៍ដល់ក្រុមប្រជាពលរដ្ឋប្រមាណជា១០០នាក់ដែលរងគ្រោះពីការបណ្ដេញចេញថា ប្រជាពលរដ្ឋខ្មែរ ដែលរងការបណ្ដេញចេញ បានប្រឈមនឹងបញ្ហាជាច្រើន ដោយសារការបណ្ដេញចេញ ក្រោមហេតុផលដើម្បីការអភិវឌ្ឍនេះ។
«នៅចំណុចនេះ សំណួរសួរថា តើផលប្រយោជន៍បានមកពីការអភិវឌ្ឍដោយការមានលើសពីការបណ្ដេញចេញដែរឬទេ? ចំណុចនេះចង់មានន័យថា នៅពេលដែលការអភិវឌ្ឍ មានការកើនឡើង ការបណ្ដេញចេញ ក៏វាកើនឡើងដែរ»។
លោក សឿង សារ៉ន បានថ្លែងបន្តថា ទីតាំងដែលប្រជាពលរដ្ឋត្រូវបានបណ្ដេញចេញមួយចំនួន មិនត្រូវបានរដ្ឋាភិបាលប្រើប្រាស់សម្រាប់ការអភិវឌ្ឍជាដុំកំភួនសម្រាប់សាធារណជននោះទេ ប៉ុន្តែផ្ទុយទៅវិញ ទីតាំងទាំងនោះបែរជាត្រូវបានគេយកធ្វើជាទីកន្លែងធ្វើអាជីវកម្មខ្នាតតូច ដូចជាការបើកទីលានបាល់ទាត់ទំហំតូចៗ និងសង់អគារធំៗជាដើម។
«ឧទាហរណ៍តែសហគមន៍៧៨ ជាផែនការមុនសាលាក្រុង បណ្ដេញពួកគាត់ចេញ គឺគាត់នឹងយកទីតាំងនោះទៅធ្វើជាសួនច្បារសាធារណៈនៅផ្លូវ ប៉ុន្តែតាមការសង្កេតទីតាំងដែលយើងចុះទៅផ្ទាល់ ក៏ដូចជាសម្ភាសន៍ប្រជាសហគមន៍ ទីតាំងនោះត្រូវបានយកទៅប្រើប្រាស់ ជាកន្លែងសម្រាប់វាលបាត់ទាត់ ហើយនិងអភិវឌ្ឍន៍អគារធំៗ ដែលវាខុសស្រឡះពីអ្វីដែលគាត់សន្យាជាមួយប្រជាពលរដ្ឋ ហើយគាត់បណ្ដេញចេញ»។
របាយការណ៍ដែលទទួលបានការគាំទ្រថវិកាពីអង្គការ Heinrich Boll Stiftung នៅកម្ពុជា បានឲ្យដឹងបន្តថា កម្រិតនៃកង្វះខាតតម្លាភាពជាប្រព័ន្ធបានធ្វើឲ្យការអភិវឌ្ឍប្រព្រឹត្តទៅដោយគ្មានការចូលរួមពីប្រជាពលរដ្ឋ ហើយវាជាបញ្ហាដែលតែងតែលើកឡើង ដោយប្រជាសហគមន៍ ដែលប្រឈមមុខជាមួយនឹងការគំរាមកំហែងទាំងនេះ។
របាយការណ៍បានបញ្ជាក់ថា៖ «ឧទាហរណ៍ នៅក្នុងសហគមន៍សាមគ្គី ដែលជាសហគមន៍រស់នៅតាមបណ្ដោយផ្លូវរថភ្លើង កំពុងរងការគំរាមកំហែង។ លំនៅដ្ឋានខ្លះនៅទីនោះត្រូវបានលាបពណ៌ដោយថ្នាំពណ៌ក្រហមពីសំណាក់អាជ្ញាធរ ដើម្បីបញ្ជាក់ថា លំនៅដ្ឋាននោះនឹងត្រូវរុះរើចេញ។ ពួកគេមិនដែលទទួលបានការឆ្លើយតបពីអាជ្ញាធរឡើយ បន្ទាប់ពីប្រជាសហគមន៍មួយចំនួន បានទាក់ទងទៅសាលារាជធានីភ្នំពេញ ដើម្បីសុំធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី»។
អ្នកស្រី មាស ស្រីមុំ វ័យ៤៨ឆ្នាំ ដែលកំពុងរងការបណ្ដេញចេញពីតំបន់ផ្លូវរថភ្លើង នៅក្នុងសង្កាត់បឹងកក់ពីរ ខ័ណ្ឌទួលគោក ប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រជាពលរដ្ឋដែលរងគ្រោះក្នុងសហគមន៍អ្នកស្រី នឹងបន្តតវ៉ានឹងផែនការអភិវឌ្ឍ ដែលមិនបានធ្វើការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋជាមុន។
«ប្រជាពលរដ្ឋនឹងធ្វើការតវ៉ា។ អ្វីក៏ដោយ ធ្វើការអភិវឌ្ឍត្រូវតែមានការសិក្សាជាមួយប្រជាពលរដ្ឋ មិនមែនអ្នកឯងត្រូវការធ្វើក៏ធ្វើភ្លាម អ្នកត្រូវការចង់ធ្វើអ្វី ក៏ធ្វើភ្លាមតាមអំពើចិត្តនោះទេ ព្រោះប្រជាពលរដ្ឋរស់នៅស្របច្បាប់ មិនមែនពលរដ្ឋរំលោភបំពានយកដីនរណាទេ»។
អ្នកស្រី សរ ស៊ន តំណាងប្រជាពលរដ្ឋ១៣គ្រួសារ ក្នុងសហគមន៍បូរីកីឡា ថ្លែងអំពីការបារម្ភពាក់ព័ន្ធនឹងការបាត់បង់ដីធ្លីយ៉ាងដូច្នេះថា៖
«មកដល់សព្វថ្ងៃនេះ មីងគិតថា មីងមិនខ្លាចទេ។ បារម្ភ? បារម្ភ ប៉ុន្តែ តវ៉ារឿងផ្ទះ គឺមីងនៅតែមានឆន្ទៈតវ៉ាជានិច្ច ព្រោះអីផ្ទះជាអាយុជីវិត ជាអនាគតរបស់កូនចៅរបស់យើងទៅថ្ងៃក្រោយ»។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំមិនធ្វើការអធិប្បាយ ហើយបានបង្វែរសំណួរទៅសាលារាជធានីភ្នំពេញ។
លោក មៀន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ សុំមិនធ្វើការអធិប្បាយផងដែរ ហើយបានបង្វែរសំណួរទៅលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញម្នាក់ទៀត។
លោក ម៉េត មាសភក្តី បានច្រានចោលរាល់ការលើកឡើងក្នុងរបាយការណ៍ពាក់ព័ន្ធនឹងការបណ្តេញចេញហើយបានអះអាងថា សាលារាជធានីភ្នំពេញរមែងតែធ្វើការសម្រេចលើគម្រោងអភិវឌ្ឍន៍នីមួយៗទៅតាមនីតិវិធីច្បាប់ និងការសម្របសម្រួលជាមួយប្រជាពលរដ្ឋ។
«អញ្ចឹងបានន័យថា យើងមាននីតិវិធីរបស់យើងក្នុងការធ្វើទាំងអស់។ វាមិនដូចអ្វី ដែលជាការចោទប្រកាន់ទេ រឿងទីមួយ។ រឿងទីពីរ ទោះបីជាគាត់អ្នកដែលបានទទួលយកគោលនយោបាយហើយ ក៏យើងនៅតែមានការគិតគូររបស់គាត់ដែរ តាមលទ្ធភាពទៅតាមប្រភេទណា៎ ថាគាត់ទៅរស់នៅហ្នឹងប្រមូលផ្ដុំគ្នាទេ ចងជាសហគមន៍ទេ? បើចងជាសហគមន៍ តើលទ្ធភាពដែលយើងអាចជួយក្នុងនាមសហគមន៍ហ្នឹងរបៀបណា? សហគមន៍របស់គាត់ មានទឹក មានភ្លើង មានសាលារៀន មានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវនៅ? រៀបចំជូនគាត់បានរបៀបណា? ខ្វះខាតដោយរបៀបណា? យើងធ្វើកិច្ចការហ្នឹងតគ្នារហូត»។
អង្គការសមាគមធាងត្នោតបានរកឃើញនៅក្នុងឆ្នាំ២០១៤ថា ចាប់តាំងពីឆ្នាំ១៩៩០ មក មានប្រជាពលរដ្ឋជាង២៩៧០០នាក់ ត្រូវបានបណ្ដេញពីលំនៅដ្ឋានរបស់ពួកគេ ដោយហេតុផលអភិវឌ្ឍន៍។
របាយការណ៍របស់អង្គការសមាគមធាងត្នោត បានបញ្ជាក់ថា ក្រោយពីអង្គការនេះបានចុះទៅមើលទីតាំងដែលប្រជាពលរដ្ឋត្រូវបានបណ្ដេញចេញទាំង៧៧ ក្នុងឆ្នាំ២០១៦ អង្គការសមាគមធាងត្នោត បានរកឃើញថា កម្រិតនៃការអភិវឌ្ឍនៅទីតាំងនីមួយៗដែលប្រជាជនត្រូវបានបណ្ដេញចេញនោះមានភាពខុសគ្នាខ្លាំង។
របាយការណ៍ បានលើកជាឧទាហរណ៍ថា មានតែ៣៥ភាគរយនៃទីតាំងទាំងអស់ត្រូវបានអភិវឌ្ឍន៍ពេញលេញដូចជាសហគមន៍បុរីកីឡា ដែលត្រូវបានអភិវឌ្ឍន៍បែបពាណិជ្ជកម្ម។
យ៉ាងណាក៏ដោយ របាយការណ៍បានចាត់ទុកថា ដំណោះស្រាយនៃអគារ «ប៊ូលឌីញ ឬអគារស» ជាសូចនាករថ្មីមួយដោយករណី «គំរាមកំហែងនៃការបណ្ដាញចេញ» ត្រូវបានដោះស្រាយដោយបើកចំហ។
ប្រជាសហគមន៍បានទទួលព័ត៌មានលម្អិតអំពីគម្រោងអភិវឌ្ឍន៍ ដែលវិនិយោគដោយក្រុមហ៊ុនជប៉ុន អារ៉ាកាវ៉ា ហើយកិច្ចសន្ទនាដំបូងត្រូវបានរៀបចំឡើងជាមួយរដ្ឋាភិបាល ដើម្បីពិភាក្សាអំពីសំណងជាសាច់ប្រាក់ ឬទទួលយកផ្ទះនៅក្នុងអគារប៊ូលឌីញ។
ប៉ុន្តែ ប្រជាពលរដ្ឋដែលរស់នៅក្នុងអគារប៊ូលឌីញ មានការព្រួយបារម្ភថា វាដូចទៅនឹងករណីបុរីកីឡា ដែលក្រុមហ៊ុនផានអ៊ីមិច បានសន្យាសាងសង់អគារចំនួន១០ ដើម្បីផ្ដល់ជូនសហគមន៍បុរីកីឡា តែក្រុមហ៊ុនសង់បានតែ៨អាគារប៉ុណ្ណោះ ក្នុងរយៈពេលមួយទសវត្សក្រោយមក៕