លោក ឆាំង ​យុ៖ ​មរណភាព​របស់​លោក​ស្រី​ Zaha Hadid គឺ​ជា​ការ​បាត់បង់​ដ៏​ធំធេង​របស់​​ពិភពលោក​និង​​កម្ពុជា​ផ្ទាល់

រូប​ឯកសារ៖ លោក​ស្រី​ Zaha Hadid ​ស្ថាបត្យករ​​ដ៏​ល្បី​ល្បាញ ជាតិ​អង់គ្លេស​ដើម​កំណើត​អ៊ីរ៉ាក់​ និយាយ​ជាមួយលោក​ ឆាំង​ យុ​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ​​នៅ​ក្នុង​ការ​បង្ហាញ​ប្លង់​វិទ្យាស្ថាន​ស្លឹករឹត​ ដែល​រចនា​ដោយ​លោក​ស្រី​ នៅ​ឯ​វិចិត្រ​សាល​របស់​លោក​ស្រី​ Zaha Hadid នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ នៅ​ថ្ងៃ​ទី​៩​ ខែ​តុលា​ ឆ្នាំ​២០១៤។

លោក​ ឆាំង​ យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​បង្ហាញ​ពី​ការ​សោក​ស្តាយ​ចំពោះ​មរណភាព​របស់​ស្ថាបត្យករ​ដ៏​ឆ្នើម​ថ្នាក់​ពិភពលោក ​លោក​​ស្រី​ហ្សាហា​ ហាឌីដ​ ដែល​ជា​អ្នក​គូស​​ប្លង់​​​អគារ​​វិទ្យាស្ថាន​​ស្លឹករឹត ​​​ដែល​នឹង​សាង​សង់​ដើម្បី​ឧទ្ទិស​ដល់​អ្នក​ដែល​ស្លាប់​ជាង​មួយ​លាន​នាក់​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម។​

លោក​ស្រី​ ហ្សាហា​ ហាឌីដ (Zaha Hadid) ​ជា​ស្ថាបត្យករ​ដ៏​ល្បី​ល្បាញ​នៅ​ប្រទេស​អង់គ្លេស​និង​ជា​ស្ត្រី​ទី​មួយ​ដែល​បាន​ទទួល​ពាន​រង្វាន់​ Pritzker Prize ​ដែល​ជា​ពាន​រង្វាន់​ល្បីល្បាញ​សម្រាប់​ស្នា​ដៃ​ស្ថាបត្យកម្ម​ បាន​ទទួលមរណភាព​ក្នុង​វ័យ​៦៥​ឆ្នាំ ​ដោយ​ការ​គាំង​បេះដូង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ខណៈ​ពេល​ដែល​លោក​ស្រី​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីពេទ្យ​មួយ​នៃ​ទីក្រុង​ Miami​ សហរដ្ឋ​អាមេរិក។​

លោក​ស្រី​ ហ្សាហា​ ហាឌីដ​ ជាស្ថាបត្យករ​សញ្ជាតិ​អង់គ្លេសដើម​កំណើត​អ៊ីរ៉ាក់ ​បាន​បន្សល់​ទុក​ស្នាដៃ​ជា​ច្រើន។ ​ក្នុង​ជីវិត​ជា​ស្ថាបត្យករ ​លោក​ស្រី​បាន​គូស​ប្លង់​អគារ​ល្បីៗ​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​មាន​ដូច​ជា ​ស្ថានីយ​ Vitra Fire Station ​នៅ​ប្រទេស​អាល្លឺម៉ង់ មជ្ឈមណ្ឌល​សិល្បៈសហសម័យ​នៅ​សហរដ្ឋ​អាមេរិក សារមន្ទី​សិល្បៈ​ Maxxi នៅ​ប្រទេស​អ៊ីតាលី ​មជ្ឈមណ្ឌល​កីឡា​ហែល​ទឹក​នៅ​ប្រទេស​អង់គ្លេស ​សាល​សិល្បៈ​នៅ​ប្រទេស​ចិន​ និង​អគារ​មជ្ឈមណ្ឌល​ល្បី​ៗ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​នៅ​លើ​ពិភព​លោក​។​

កម្រង​រូបភាព៖ ស្នាដៃ​រចនា​អគារ​របស់​លោក​ស្រី​ Zaha Hadid ស្ថាបត្យករ​ដ៏​ល្បី​ដែល​ទើប​ទទួល​មរណភាព

កម្រង​រូប​ភាព៖ ស្នាដៃ​រចនា​របស់​លោក​ស្រី​ Zaha Hadid ​ស្ថាបត្យករ​ដ៏​ល្បី​ដែល​ទើប​​តែ​ទទួល​មរណៈភាព

លោកស្រី​ក៏​បាន​រចនា​ប្លង់​វិទ្យាស្ថាន​ស្លឹករឹត​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ជា​កន្លែង​ដែល​ប្រមូល​ផ្តុំ​ឯកសារ​នានាពាក់ព័ន្ធ​ជាមួយ​នឹង​របប​ខ្មែរ​ក្រហម​។​ លោក​ស្រី​បាន​រ៉ាប់​រង​លើ​គំរោងគូស​ប្លង់​សាងសង់​វិទ្យាស្ថាន​ស្លឹក​រឹត​នេះ​កាល​ពី​ឆ្នាំ​២០១២​ ដើម្បីរំឮកដល់​វិញ្ញាណ​ក្ខ័ន្ធ​ប្រជាជន​ដែល​បាន​ស្លាប់​នៅ​ក្នុង​ សម័យ​ខ្មែរ​ក្រហម​ពី​ឆ្នាំ​១៩៧៥​រហូត​ដល់​ឆ្នាំ​១៩៧៩។

លោក ឆាំង យុ​ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​និយាយ​ថា​ លោក​ស្រី ​ហ្សាហា​ ហាឌីដ ​បាន​បញ្ចប់​ការ​រចនា​ម៉ូត​របស់​វិទ្យាស្ថាន​ស្លឹក​រឹត​រួច​ហើយ។​

«គាត់​បាន​ធ្វើ​រួច​ទៅ​ហើយ​កិច្ចការ​របស់​គាត់។​អ្វី​ដែល​យើង​បាត់បង់​គឺ​នៅ​ពេល​ដែល​អគារ​នេះ​សង់​ហើយ​គ្មាន​វត្តមាន​របស់​គាត់។ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា​នេះ​ អាច​ជា​កម្លាំង​ចិត្ត​ដែល​យើង​នឹង​ប្រឹង​ធ្វើ​យ៉ាង​ណា​អោយ​កន្លែង​នេះ​ទៅ​ជា​អស្ចារ្យ​មួយ​ ដើម្បី​ជា​កិត្តិយស​របស់​គាត់។​ ហើយ​ខ្ញុំ​បាន​ពិភាក្សា​ជា​មួយ​ក្រុម​ប្រឹក្សា​ខ្ញុំ​ទាំង​យប់​មិញ​ថា​យើង​សម្រេច​ថា​ផ្នែក​ណា​មួយ​នៅ​ក្នុង​អគារ​នេះ​យើង​នឹង​ដាក់​ឈ្មោះ​គាត់»។​

គំរូប្លង់​នៃ​វិទ្យាស្ថាន​ស្លឹក​រឹត ត្រូវបាន​រចនា​ប្លង់​ដោយ​លោកស្រី Zaha Hadid ជា​ស្ថាបត្យករ​ជាតិ​ អង់គ្លេស-អ៊ីរ៉ាក់ ដ៏​ល្បី​ល្បាញ​មួយ​រួប។ វិទ្យាស្ថាន​នេះ​គឺ​ជា​មជ្ឈមណ្ឌលឈាន​មុខ​នៅ​ក្នុង​ការសិក្សា​ពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​តំបន់​អាស៊ី​ និង​មាន​គោល​បំណង​ជំរុញ​ឲ្យ​មាន​ការចង​ចាំ​ យុត្តិធម៌ និង​ការផ្សះផ្សា​នៅ​ទូទាំង​តំបន់។​ (រូបថត​ផ្តល់​ឲ្យ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

លោកបាននិយាយថា ​មរណភាព​របស់​លោក​ស្រី​ ហ្សាហា ​ហាឌីដ​ មិនត្រឹម​តែ​ជា​ការ​បាត់បង់​ដ៏​ធំ​មួយ​របស់​ពិភពលោក​នោះ​ទេ​ តែ​វា​ក៏​ជា​ការ​បាត់បង់​ដ៏​ធំ​មួយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ។​

«វាមិនមែនត្រឹមតែជាការបាត់បង់ស្ថាបត្យករស្ត្រីម្នាក់ ដែលនឹងការ​សាងកន្លែងមួយសម្រាប់ប្រជាជនយើងដែលស្លាប់នៅក្នុងសម័យខ្មែរក្រហមអស់ជាង២លាននាក់នោះទេ តែជាការបាត់បង់វប្បធម៌ពិភពលោកមួយ ពីព្រោះវាជាការកម្រ​ដែលមានស្ត្រីដូចរូបគាត់មានសមត្ថភាពមិនជំពាក់ទៅនឹងភូមិសាស្ត្រតំបន់នយោបាយណា​មួយ ប៉ុន្តែជា​មួយ​នឹងមនុស្សជាតិដែលជាការកម្រ»។

លោក ឆាំង​ យុ ហៅលោក​ស្រី​ ហ្សាហា​ ហាឌីដ ​ថា​ជាមិត្តភ័ក្ដិដ៏កម្ររបស់កម្ពុជា។​

លោក​បាន​បន្ថែម​ថា៖​ ​«គឺ​ជា​ការ​បាត់​បង់​មិត្តភ័ក្តិ​ដ៏​កម្រ​មួយ។ ​មិត្តភ័ក្តិ​ដែល​មិន​និយាយ​ប៉ុន្តែ​ធ្វើ​។​មិត្តភ័ក្តិ​ដែល​មាន​ចេតនា​ល្អ​ មាន​បំណង​ល្អ​ ហើយ​តែង​តែ​និយាយ​ល្អ​ពី​កម្ពុជា​យើង។​ កម្រ​ណាស់​បាទ​។ ​កម្រ​មាន​ណាស់​ យើង​បាត់បង់​មិត្តិភ័ក្ដិ​ដែល​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​កម្រ​រក​បាន»។​

លោក ​ហង់ ​ជួន​ណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​បាន​និយាយ​កាល​ពី​ឆ្នាំ​២០១៤​ នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ថា​ លោក​សង្ឃឹម​ថា​ការ​បង្កើត​វិទ្យាស្ថាន​ស្លឹករឹត​នេះ ប្រទេស​កម្ពុជា​នឹង​ដើរ​តួនាទី​ជា​អ្នក​ដឹកនាំ​មនុស្ស​នៅ​ក្នុង​ពិភពលោក​តាម​រយៈ​ការ​បង្ហាញ​ពី​ការ​លំបាក​និង​មេរៀន​ដ៏​ឈឺ​ចាប់​និង​សារ​សំខាន់​ក្នុង​ការ​ចង​ក្រង​ឯកសារ​និង​ការ​ផ្សព្វផ្សាយ​ដែល​ប្រកប​ដោយ​វិជ្ជាជីវៈ​និង​ភាព​សមរម្យ៕