លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះ បានរំឮកពីការប៉ុនប៉ងធ្វើឃាតលើរូបលោកកាលពី២០ឆ្នាំមុន និងបានប្រកាសថា ក្នុងតំណែងជានាយករដ្ឋមន្ត្រីកម្ពុជា លោកមិនអនុញ្ញាតឲ្យមានការធ្វើរដ្ឋប្រហារឬធ្វើបដិវត្តន៍ពណ៌ណាមួយ ដើម្បីបំផ្លាញសុខសន្តិភាពក្នុងប្រទេសនេះបានឡើយ។
លោកនាយករដ្ឋមន្រ្តីបានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ មានការប៉ុនប៉ងធ្វើឃាតលោក ដោយបាញ់គ្រាប់រ៉ុក្កែត បេ៤០ មួយគ្រាប់ក្នុងចំណោម៤គ្រាប់សំដៅលើរថយន្តរបស់លោក ខណៈលោកកំពុងធ្វើដំណើរនៅខេត្តសៀមរាប ប៉ុន្តែលោកថា គ្រាប់រ៉ុក្កែតនោះ បានហោះទៅបុកផ្ទះប្រជាជនដែលបណ្ដាលឲ្យពលរដ្ឋម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ លោកបន្ថែមថា ការបាញ់គ្រាប់រ៉ុកក្កែតសំដៅលើរថយន្តរបស់លោកនាពេលនោះ គឺធ្វើឡើងស្របពេលនៃការប្រជុំសភានីតិកាលទី២ដែលត្រូវប្រជុំ នៅព្រះរាជដំណាក់ក្រុងសៀមរាបក្រោមព្រះរាជអធិបតីភាព សម្តេចព្រះបាទ នរោត្តម សីហនុ។
លោកនាយករដ្ឋមន្រ្តីបន្ថែមថាសង្គ្រាមដែលបញ្ចប់ដោយនយោបាយឈ្នះ-ឈ្នះរបស់លោកនឹងត្រូវបន្តប្រសិនបើលោកបាត់បង់ជីវិតនាពេលនោះ។
លោកបញ្ជាក់ក្នុងន័យដើមថា៖
«ប្រសិនបើខ្ញុំស្លាប់នាពេលនោះ តើនឹងមានរឿងអ្វីកើតឡើងក្រោយពេលខ្ញុំស្លាប់នៅក្នុងក្រុងសៀមរាប? បន្ទាប់មក តើសង្រ្គាមអាចបញ្ចប់បានតាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដូចពេល ហ៊ុន សែន នៅរស់ ឬទេ? នេះជាចម្លើយដែលត្រូវឆ្លើយសម្រាប់សំណួរទាំងពីរខាងលើនេះ»។
លោកបានសរសេរបន្ថែមថា៖
«ខ្ញុំបានអហោសិកម្មឲ្យអ្នកដែលចង់សម្លាប់ខ្ញុំនៅខេត្តសៀមរាបរួចហើយ បើទោះជាខ្ញុំមានពន្លឺក្នុងការស្រាវជ្រាវក៏ដោយ តែអ្នកត្រូវដឹងថាពេលណាខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំមិនឲ្យពួកអ្នកសម្លាប់ខ្ញុំបានទេ មិនឲ្យពួកអ្នកធ្វើរដ្ឋប្រហារ ឬធ្វើបដិវត្តពណ៌បានទេ។ ទោះដោយតម្លៃណាក៏ដោយ ខ្ញុំត្រូវការពារសន្តិភាព និងការពារជីវិតប្រជាជនកម្ពុជាឲ្យខានតែបាន»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ VOA ថាករណីនៃការបាញ់លើរថយន្តរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែកញ្ញា ឆ្នាំ១៩៩៨ គឺធ្វើឡើងដោយឈ្មោះ សុខ យឿង ដែលលោកអះអាងថាជាសកម្មជនរបស់គណបក្ស សម រង្ស៊ី។ លោកបន្ថែមថា សុខ យឿងបានភៀសខ្លួនទៅរស់នៅប្រទេសហ្វាំងឡង់ បន្ទាប់ពីតុលាការរកឃើញថាឈ្មោះនោះជាអ្នកប្រព្រឹត្ត ប៉ុន្តែលោកមិនបញ្ជាក់ថា ការប៉ុនប៉ងនេះមានជាប់ពាក់ព័ន្ធនឹងនរណាផ្សេងទៀតក្រៅតែពីឈ្មោះ សុខ យឿង នោះទេ។
លោកបញ្ជាក់ថា៖
«ទី១តុលាការរកឃើញថា សុខ យឿង ហ្នឹង។ ហើយទី២គឺ សុខ យឿង ហ្នឹងដឹងថាខ្លួនឯងមានខ្លួន ក៏រត់ទៅ។ បើសិនណាជាយើងអត់មានខ្លួនទេអាហ្នឹងអត់មានត្រូវរត់ទៅណា សុំសិទ្ធិជ្រកកោនទៅណាទេ។ អាហ្នឹងវាមានលក្ខណៈអញ្ចឹងយើងពិនិត្យមើល ព្រោះយើងទាំងអស់គ្នាក៏មិនឃើញហេតុការណ៍ហ្នឹងផ្ទាល់ភ្នែកដែរ ហើយក៏មិនដែលស្គាល់ឈ្មោះ សុខ យឿង ហ្នឹង។ ហើយឥលូវហ្នឹង សុខ យឿង ហ្នឹងស្វិតឡើងដូចងៀតគោទៅហើយ ឥលូវហ្នឹង»។
លោក សុខ ឥសាន សុំមិនធ្វើអត្ថាធិប្បាយលើការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីដែលថាអហោសកម្មលើអ្នកដែលចង់សម្លាប់លោក ប៉ុន្តែលោក សុខ ឥសាន បញ្ជាក់ថា ករណីបទល្មើសឧក្រិដ្ឋ តុលាការនៅតែអាចបន្តចំណាត់ការបាន។
លោក សម រង្ស៊ី អតីតប្រធានគណបក្ស សម រង្ស៊ី និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងស្ថិតនៅបរទេស ប្រាប់ VOA ថា ករណីបាញ់រថយន្តរបស់លោក ហ៊ុន សែន កាលពីខែកញ្ញា ឆ្នាំ១៩៩៨ គឺជាការរៀបចំរបស់លោក ហ៊ុន សែន ខ្លួនឯង ដើម្បីកម្ចាត់សកម្មជនគណបក្ស សម រង្ស៊ី និងដើម្បីទម្លាក់កំហុសលើលោកតែប៉ុណ្ណោះ។ លោកបន្ថែម លោក សុខ យឿង គឺជាជនសកម្មរបស់គណបក្ស សម រង្ស៊ី និងថា លោក សុខ យឿង គឺជាមនុស្សចាស់ និងងាយចំណាំ ដូច្នេះមិនមានមូលហេតុណាមួយអាចក្លាយជាអ្នកធ្វើឃាតមនុស្សនោះទេ។
លោកបញ្ជាក់ពីការអះអាងរបស់លោកថា៖ «គាត់អះអាងថាគេប៉ុនប៉ងធ្វើឃាតគាត់ ប៉ុន្តែសុទ្ធតែជាឆាកល្ខោនដែលគាត់រៀបចំទាំងអស់ ដើម្បីទម្លាក់ទោស ទម្លាក់កំហុសមកលើសកម្មជនគណបក្ស សម រង្ស៊ី ហើយពីមុនមកទៀត គណបក្សជាតិខ្មែរដែលខ្ញុំបានបង្កើត។ អញ្ចឹងបំណងរបស់គាត់ហ្នឹងគឺមែនទែនគាត់ចង់សំដៅមកខ្ញុំទេ។ គាត់ទៅរករឿង ទៅចោទប្រកាន់សកម្មជនគណបក្សដែលខ្ញុំដឹកនាំ ដូចជាគណបក្សសម រង្ស៊ី ហើយបើគាត់ចាប់បានទៅ គាត់បង្ខំសួរចម្លើយទៅអ្នកដែលគាត់ចាប់បានហ្នឹងឆ្លើយដាក់ខ្ញុំ»។
លោក សម រង្ស៊ី ពន្យល់ពីមូលហេតុដែលលោក សុខ យឿង ទទួលបានសិទ្ធិជ្រកកោនពីរដ្ឋាភិបាលប្រទេសហ្វាំងឡង់យ៉ាងដូច្នេះ៖«លោក សុខ យឿង បានប្រទេសហ្វាំងឡង់ទទួលទៅរស់នៅជាជនភៀសខ្លួន។ ហើយប្រទេសហ្វាំងឡង់ដែលជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យក្នុងទ្វីបអឺរ៉ុបនេះ គេមិនមែនទទួលអ្នកដែលមានទោសមានកំហុសទេ គេដឹងថាអ្នកនោះត្រូវទទួលការចោទប្រកាន់ដោយអយុត្តិធម៌ពីរបបលោក ហ៊ុន សែន បានគេទទួល»។
ការបង្ហោះសាររបស់លោកនាយករដ្ឋមន្រ្តី ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក សម រង្ស៊ី បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្ទាល់របស់លោកថា ខែកញ្ញា ឆ្នាំ១៩៩៨ គឺជាខួប២០ឆ្នាំនៃការបង្ក្រាបយ៉ាងសាហាវលើប្រជាពលរដ្ឋដែលតវ៉ាមិនសុខចិត្តនឹងលទ្ធផលបោះឆ្នោត។
លោកសរសេរក្នុងន័យដើមថា៖
«រំលឹកខួបទី២០នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ក្នុងខែកញ្ញា ឆ្នាំ ១៩៩៨ គឺការបង្ក្រាបយ៉ាងសាហាវមកលើប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ដែលតវ៉ាមិនសុខចិត្តពីលទ្ធផលនៃការបោះឆ្នោត ថ្ងៃ២៦ កក្កដា ១៩៩៨ ហើយនៅទីបញ្ចប់ ក៏មានជំនួបកំពូលនៅទីក្រុងសៀមរាប ក្នុងថ្ងៃ២២ កញ្ញា ១៩៩៨»។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឈ្នះការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រកាលពីចុងខែកក្កដាឆ្នាំ១៩៩៨។ លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីឆ្នាំ១៩៩៨ ត្រូវបានប្រកាសថា គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ទទួលបានអាសនៈចំនួន៦៤ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈចំនួន៤៣ ចំណែកគណបក្ស សម រង្ស៊ី ទទួលបានអាសនៈចំនួន១៥។
គណបក្សហ៊្វុនស៊ិនប៉ិចដឹកនាំដោយសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ និងគណបក្ស សម រង្ស៊ី ដែលដឹកនាំដោយលោក សម រង្ស៊ី បានជំទាស់ទៅនឹងលទ្ធផលនៃការបោះឆ្នោតនាពេលនោះ ដោយចោទគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ថាបានបន្លំលទ្ធផលឆ្នោត។ យ៉ាងណាក្តី ក្រោយការជួបប្រជុំនៅខេត្តសៀមរាប ជាមួយព្រះបាទ នរោត្តម សីហនុ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩៨ រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន សែន បានចាប់ផ្តើមដឹកនាំប្រទេសជាផ្លូវការ៕