ការ​ពិសោធន៍​ប្រើ​ថ្នាំ Remdesivir ដើម្បី​ព្យាបាល​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក​នឹង​ចាប់ផ្ដើម​នៅ​ខែ​មីនា​នេះ

រូបថត​ពី​មជ្ឈមណ្ឌល​ទប់ស្កាត់​និង​បង្ការ​ជំងឺ​របស់​សហរដ្ឋអាមេរិក​បង្ហាញ​ពី​ឧបករណ៍​សម្រាប់​ធ្វើ​តេស្ដ​រក​មេរោគ​កូរ៉ូណាវីរុស​ក្នុង​មន្ទីរ​ពិសោធន៍​របស់​មជ្ឈមណ្ឌល​នេះ។

ក្រុមហ៊ុន​ជីវវេជ្ជសាស្ត្រ​អាមេរិកាំង​មួយ​បាន​ប្រកាស​ថា ខ្លួន​នឹង​ចាប់ផ្ដើម​ការ​ពិសោធន៍​ប្រើ​បន្ថែម​ទៀត​នូវ​ថ្នាំ remdesivir ដែល​ជា​ថ្នាំ​ពេទ្យ​ដែល​គេ​មាន​ក្ដី​សង្ឃឹម​ខ្លាំង​ថា​អាច​ព្យាបាល​មេរោគ​កូរ៉ូណាវីរុស​ថ្មី​បាន។ ការ​ពិសោធន៍​នេះ​នឹង​ធ្វើ​ឡើង​លើ​អ្នក​ជំងឺ​ប្រហែល ១.០០០ នាក់ ចាប់​ពី​ខែ​មីនា​នេះ​តទៅ។

នៅ​ក្នុង​សញ្ញា​មួយ​ដែល​ថា​ថ្នាំ​ពេទ្យ remdesivir ដែល​ផលិត​ដោយ​ក្រុមហ៊ុន Gilead Sciences នៅ​រដ្ឋ California នេះ កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍ ការ​ពិសោធន៍​ជាមួយ​នឹង​អ្នក​ជំងឺ​ប្រហែល ៤០០ នាក់ «ដែល​មាន​រោគ​សញ្ញា​ជំងឺ COVID-19 ធ្ងន់ធ្ងរ‍» នឹង​ត្រូវ​រំលង​ដំណាក់កាល​សាកល្បង​ថ្នាំ ដោយ​ប្រើ​វិធី​ព្យាបាល​ដែល​ប្រើ​ថ្នាំ remdesivir នេះ​ជំនួស​វិញ ដោយ​អាច​ត្រូវ​ប្រើ​ថ្នាំ​នេះ​រយៈពេល ៥ ថ្ងៃ ឬ​ក៏ ១០ ថ្ងៃ។

អ្នក​ជំងឺ​ប្រហែល ៦០០ នាក់​ទៀត «ដែល​មាន​រោគ​សញ្ញា​ជំងឺ COVID-19 មធ្យម‍» នឹង​ត្រូវ​បែងចែក​ជា ៣ ក្រុម ដោយ​មួយ​ក្រុម​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ remdesivir នេះ​រយៈពេល ៥ ថ្ងៃ មួយ​ក្រុម​ទៀត​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​នេះ​រយៈពេល ១០ ថ្ងៃ ហើយ​និង​មួយ​ក្រុម​ចុង​ក្រោយ​ទទួល «ការ​ព្យាបាល​តាម​ធម្មតា‍» ដូចជា​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ថ្នាំ​បំបាត់​គ្រុន សេរ៉ូម និង​ការ​ប្រើ​អុកស៊ីសែន​ជា​ដើម ប្រសិនបើ​ចាំបាច់។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រុមហ៊ុន Gilead Sciences។

កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ក្រុមហ៊ុន Gilead Sciences ដែល​បាន​ធ្វើ​ការ​ជាមួយ​នឹង​អាជ្ញាធរ​ចិន និង​អ្នក​វិទ្យាសាស្ត្រ​ខាង​ផ្នែក​វេជ្ជសាស្ត្រ បាន​ចាប់ផ្ដើម​ការ​ពិសោធន៍​ពីរ​លើក​ដោយ​ប្រើ​ការ​ព្យាបាល​ថ្មី​នៅ​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន ដែល​ជា​កន្លែង​ដែល​មេរោគ​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ផ្ទុះ​ឡើង​ដំបូង​បង្អស់។

ការ​ពិសោធន៍​លើក​ទី ៣ ដឹកនាំ​ដោយ​សាកល​វិទ្យាល័យ Nebraska នៅ​សហរដ្ឋ​អាមេរិក ដែល​ជា​ការ​ពិសោធន៍​រយៈពេល​វែង​ពាក់ព័ន្ធ​នឹង​ក្រសួង​មន្ទីរ​សុខាភិបាល​ជា​ច្រើន «បាន​ធ្វើ​ឡើង​នៅ​តាម​ទីតាំង​សុខាភិបាល​ជិត ៥០ កន្លែង នៅ​ទូទាំង​សាកលលោក‍»។

ចំណែក​ឯ​ការ​ពិសោធន៍​លើក​ទី ៤ នេះ នឹង​ធ្វើ​ឡើង «នៅ​មជ្ឈមណ្ឌល​សុខាភិបាល​នៅ​តាម​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាស៊ី‍ និង​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​ដែល​មាន​ករណី​ឆ្លង​មេរោគ​នេះ​ខ្ពស់‍»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន Gilead Sciences។

បុគ្គលិក​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រុមហ៊ុន Gilead Sciences បាន​ប្រាប់​អ្នក​កាសែត​នៅ​សហរដ្ឋ​អាមេរិក​ថា គោល​បំណង​មួយ​នៃ​ការ​ពិសោធន៍​ថ្មី​នេះ​គឺ​ដើម្បី​ស្វែង​យល់​ថា​តើ​ការ​ព្យាបាល​រយៈពេល​ខ្លី​មាន​ប្រសិទ្ធភាព​ឬ​ក៏​អត់ ហើយ​ប្រសិនបើ​មាន​ប្រសិទ្ធភាព នោះ​ក្រុមហ៊ុន​នឹង​បង្កើន​បរិមាណ​ថ្នាំ​ពេទ្យ​នេះ​ទ្វេ​ជា​ពីរ​ដើម្បី​អនុញ្ញាត​ឲ្យ​មន្ទីរពេទ្យ​នានា​ព្យាបាល​អ្នក​ជំងឺ​បន្ថែម​ទៀត។

លោក​វេជ្ជបណ្ឌិត Anthony Fauci ប្រធាន​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ផ្នែក​អាឡែរហ្ស៊ី និង​ជំងឺ​ឆ្លង​នៃ​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​សហរដ្ឋ​អាមេរិក បាន​លើក​ឡើង​ពី​ថ្នាំ​ពេទ្យ remdesivir នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​នៅ​ឯ​សន្និសីទ​កាសែត​របស់​សេតវិមាន​ជាមួយ​នឹង​លោក​ប្រធានាធិបតី Donald Trump និង​លោក​អនុ​ប្រធានាធិបតី Mike Pence។

លោក​វេជ្ជបណ្ឌិត Fauci បាន​និយាយ​ថា ថ្នាំ​ពេទ្យ remdesivir នេះ បាន​បង្ហាញ​ពី​សកម្មភាព​ប្រឆាំង​មេរោគ​នៅ​ក្នុង​កែវ​ពិសោធន៍ និង​នៅ​ក្នុង​គំរូ​សត្វ‍»។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ពិសោធន៍​នានា​ដែល​កំពុង​ធ្វើ​ឡើង​អាច​បង្ហាញ​លទ្ធផល «សម​ហេតុ​ផល​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ថា​តើ​ថ្នាំ​នេះ​អាច​ប្រឆាំង​នឹង​មេរោគ [កូរ៉ូណាវីរុស​ថ្មី] នេះ​ឬ​ក៏​អត់‍»។

លោក​បាន​បន្ថែម​ថា៖ «ប្រសិនបើ​ថ្នាំ​នេះ​អាច​ប្រឆាំង​នឹង​មេរោគ​នេះ​បាន នោះ​វិធី​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​នឹង​ត្រូវ​ចែកចាយ‍»។

កាល​ពី​ថ្ងៃ​សៅរ៍ ស្រប​ពេល​ដែល​ការ​ស្លាប់​ដំបូង​បង្អស់​ដោយសារ​ជំងឺ COVID-19 នេះ ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក លោក​វេជ្ជបណ្ឌិត Jeff Shuren នៃ​ទីភ្នាក់ងារ​រដ្ឋបាល​ចំណី​អាហារ និង​ថ្នាំពេទ្យ​របស់​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ទីភ្នាក់ងារ​នេះ «កំពុង​ប្រើប្រាស់​ធនធាន​ដែល​មាន​ទាំង​អស់​ដើម្បី​ពន្លឿន​ការ​ពិនិត្យ​លើ​ផលិតផល​វេជ្ជសាស្ត្រ​នានា ដែល​រួម​មាន​ទាំង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ផង​ដែរ ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​នេះ‍»។

ទោះបីជា​ការ​ពិសោធន៍​លើក​នេះ​ត្រូវ​បាន​ប្រកាស​បន្ទាប់ពី​ក្រុមហ៊ុន Gilead Sciences បាន​ធ្វើ​ការ​ពិនិត្យ​ភ្លាមៗ និង​ទទួល​ស្គាល់​ការ​ចាត់ទុក​ថ្នាំ​ពេទ្យ remdesivir ថា​ជា​ថ្នាំ​ពិសោធន៍​ថ្មី​សម្រាប់​ការ​ព្យាបាល​ជំងឺ COVID-19 នេះ​ក៏​ដោយ ក៏​ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ថា «ថ្នាំ​ពេទ្យ remdesivir នេះ​មិន​ទាន់​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​ផ្លូវការ​នៅ​តាម​ប្រទេស​ណា​មួយ​នៅ​លើ​ពិភពលោក​នៅ​ឡើយ​ទេ‍»។

ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន​កំពុង​ផ្ដល់​ថ្នាំ​នេះ​ដល់ «អ្នក​ជំងឺ COVID-19 ណា ដែល​ត្រូវ​នឹង​លក្ខខណ្ឌ​ដែល​ក្រុមហ៊ុន​ត្រូវ​ផ្ដល់​ឲ្យ ផ្អែក​លើ​ហេតុផល​អាណិត​អាសូរ​សម្រាប់​ការ​ព្យាបាល​បន្ទាន់​ក្រៅ​ពី​ការ​ពិសោធន៍​ព្យាបាល​ផ្សេងៗ​ដែល​កំពុង​បន្ត​ធ្វើ‍»៕

ប្រែ​សម្រួល​ដោយលោក ភី សុភាដា