សាច់ញាតិ​និង​អ្នក​គាំទ្រ​លោក​រ៉ុង ឈុន​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អង្គការ​សហ​ប្រជាជាតិ

សាច់ញាតិ និងអ្នកគាំទ្រលោក រ៉ុង ឈុន ប្រមាណ ២០នាក់ បានដាក់ញត្តិទៅការិយាល័យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីសុំកិច្ចអន្តរាគមន៍ឲ្យមានការដោះលែងលោករ៉ុង ឈុន នៅរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (រូបថតដកស្រង់ពីហ្វេសប៊ុក)

សាច់​ញាតិ​ និង​អ្នក​គាំទ្រ​លោក​រ៉ុង ឈុន​ប្រមាណ​២០​នាក់​ បាន​ដាក់​ញត្តិ​នៅ​ការិយាល័យ​របស់​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​លោក ​រ៉ុង ឈុន ​មេ​ដឹកនាំ​សហជីព​មួយ​រូប។​

លោក​ រ៉ុង ឈុន​ ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​ ត្រូវ​ចាប់​ឃុំ​ខ្លួន​កាល​ពី​ចុង​ខែ​កក្កដា ​ក្រោយ​និយាយ​រិះគន់​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​ វៀតណាម​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។ ​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ដែល​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​២​ឆ្នាំ។​

លោក ​រ៉ុង វ៉ាន់​ អាយុ​២២​ឆ្នាំ​ ក្មួយ​ប្រុស​បង្កើត​របស់​លោក ​រ៉ុង ឈុន​ បាន​ប្រាប់​វីអូអេ​នៅថ្ងៃ​ច័ន្ទ​នេះ​ថា ​ ការ​ដាក់​ញត្តិ​ទៅ​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​នេះ ជា​ការ​ខិតខំ​មួយ​សុំ​ឲ្យ​មាន​ការ​ផ្តល់​យុត្តិធម៌​ជូន​លោក​ រ៉ុង ឈុន។​

«គោល​បំណង​របស់​យើង​ដែល​ទៅ​ដាក់​ញត្តិ​ទៅ​ខាង​អង្គការ​សហ​ប្រជាជាតិ​ គឺ​យើង​ចង់​ឲ្យ​គាត់​ជួយ​ដោះ​ស្រាយ​ និង​ឃ្លាំមើល​អំពី​បញ្ហា​ សិទិ្ធ​មនុស្ស​នៅ​កម្ពុជា​ ហើយ​នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​ដែល​ករណី​លោក​គ្រូ រ៉ុង ឈុន ​ដែល​គាត់​រង​ភាព​អយុត្តិធម៌»។​

ញត្តិ​ដែល​មាន​ខ្លឹមសារ​ដូច​ញត្តិ​ដាក់​ទៅ​ស្ថានទូត​នានា​កាល​ពី​កន្លង​ទៅ​ដូច​ជា​សហ​រដ្ឋ​អាមេរិក​បារាំង​ និង​សហភាព​អឺរ៉ុប​ជាដើម បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖ ​«ការ​សម្រុក​ចូល​ទៅ​ចាប់​ខ្លួន​លោក ​រ៉ុង ឈុន​ នៅ​វេលា​ម៉ោង​៩:៣០​នាទី​យប់​ ថ្ងៃទី​៣១ ​ខែ​កក្កដា ​ឆ្នាំ​២០២០​ និង​ការ​សម្រេច​ឃុំខ្លួន​លោក​នៅ​ពន្ធនាគារ​នេះ​ គឺ​ជា​ទង្វើ​ដ៏​អ​យុត្តិធម៌​បំផុត» ​ដោយ​សារ​តែ​លោក ​រ៉ុង ឈុន​ បាន​ការពារ​ផល​ប្រយោជន៍​សង្គម​ជាតិ​ ដូច​ជា​ឈឺ​ឆ្អាល​រឿង​ព្រំដែន​ និង​ចូល​រួម​តវ៉ា​ជាមួយ​កម្មករ​រោងចក្រ​កាត់​ដេរ។​

ញត្តិ​ដដែល​ពន្យល់​ថា​ លោក ​រ៉ុង ឈុន​ មាន​សិទ្ធិ​សេរី​ភាព​ចូល​រួម​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​សង្គម ​និង​វប្បធម៌​ហេតុ​ដូច្នេះ​«បណ្តា​ប្រទេស​ប្រជា​ធិបតេយ្យ​ ទាំង​អស់​នឹង​ជួយ​អន្តរាគមន៍​ ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​លោក ​រ៉ុង ឈុន ​ជាបន្ទាន់​ និង​ឥត​លក្ខខណ្ឌ»។​

លោក​ Pradee Wagle ​តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​សារ​អេឡិចត្រូនិច​អ៊ីម៉ែល​ថា​ ការិយាល័យ​នេះ​បាន​ទទួល​ញត្តិ​របស់​គ្រួសារ​លោក​រ៉ុង ឈុន។​លោក​មាន​ប្រសាសន៍​ក្នុង​ន័យ​ដើម​ថា៖​ «ច្បាប់​អន្តរ​ជាតិ​បាន​ធានា​នូវ​សិទ្ធិ​ទទួល​បាន​សន្តិសុខ ​និង​សេរី​ភាព​នៃ​មនុស្ស​ម្នាក់ៗ ​ហើយ​នឹង​ការ​ការពារ​បុគ្គល​ពី​ការ​ឃុំ​ខ្លួន​ និង​ការ​ចាប់​ខ្លួន​តាម​តែ​អំពើ​ចិត្ត។ ​ការិយាល័យ​នេះ​សូម​រំឭក​អាជ្ញាធរ​ពាក់​ព័ន្ធ​អំពី​កាតព្វ​កិច្ច​របស់​ពួក​គេ​ ដើម្បី​ធានា​ថា មនុស្ស​ដែល​បាន​ចាប់​ឃុំ​ខ្លួន​មាន​សិទ្ធិ​ទទួល​បាន​ការ​កាត់​ទោស​ក្នុង​ពេល​សម​ស្រប​មួយ។ ​ជាង​នេះ​ទៅ​ទៀត​ វា​មិន​គួរ​តែ​ជា​វិធាន​ទូទៅ​ដែល​អ្នក​រង់​ចាំ​ការ​កាត់​ទោស​ ត្រូវ​តែ​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​នោះ​ទេ»។​

លោក​ជិន ម៉ាលីន​ អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ យល់​ថា​សំណើ​សុំ​ការ​ជួយ​ពី​អង្គការ​ជាតិ​ និង​អន្តរជាតិ​ណា​មួយ​នោះ​ មិន​មាន​តម្លៃ​ផ្នែក​ច្បាប់​ ដែល​អាច​បើក​ផ្លូវ​ឲ្យ​មាន​ការ​ដោះលែង​លោក ​រ៉ុង ឈុន​ បាន​ទេ។​

«ជា​គោល​ការណ៍​ច្បាប់​ មិន​មាន​អង្គការ​ឬក៏​ស្ថាប័ន​ណា​មួយ​អាច​ធ្វើ​ការ​បង្គាប់​បញ្ជា​ឬ​ក៏​ដាក់​សម្ពាធ​ទៅ​ដល់​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​នោះ​បាន​ទេ។ មាន​តែ​ការ​ចូលរួម​នៅ​ក្នុង​ដំណើរ​ការ​ នីតិវិធី​តុលាការ​ហើយ​ធ្វើ​ការ​ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់​ទេ​ ដែល​ជា​មធ្យោបាយ​ស្រប​ច្បាប់​តែ​មួយ​គត់»។​

លោក​បន្ថែម​ថា​ ការិយាល័យ​សិទ្ធិម​នុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ក៏​គ្មាន​អំណាច​តាម​ផ្លូវ​ច្បាប់​មក​លូកលាន់​កិច្ច​ការ​ផ្ទៃ​ក្នុង​រដ្ឋ​អធិបតេយ្យ​នោះ​ដែរ។​

ដោយ​ឡែក​នៅ​ក្នុង​ដំណើរ​ការ​ដាក់​ញត្តិ​ថ្ងៃ​នេះ​ ក្រុម​គ្រួសារ ​និង​អ្នក​គាំទ្រ​លោក​រ៉ុង ឈុន​គ្រោង​ដើរ​ដោយ​ថ្មើរ​ជើង​យក​ញត្តិ​ទៅដាក់​នៅ​ស្ថានទូត​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ ក៏​ប៉ុន្តែ​អាជ្ញាធរ​បាន​ឃាត់​មិន​ឲ្យមាន​ការ​ដើរ​ក្បួន។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​រ៉ុង វ៉ាន់។​

ក្នុង​ការ​ដាក់​ញត្តិ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ​មិន​មាន​ការ​ឃាត់​ខ្លួន​ ឬ​ចាប់​ខ្លួន​នរណា​ម្នាក់​នោះ​ទេ។ ​ការ​តវ៉ា​កន្លង​ទៅ ​មាន​ការ​បង្រ្កាប​ទៅ​លើ​អ្នក​តវ៉ា​ និង​ឃាត់​ខ្លួន​មនុស្ស ​ក្នុង​នោះ​មនុស្ស​៥​នាក់​ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ​និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​រហូត​មក​ដល់​ពេល​នេះ។​

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​(Licadho) ​ចាត់​ទុក​ថា​ ការ​រារាំង​របស់​អាជ្ញាធរ​លើ​ការ​តវ៉ា​ជា​ផ្នែក​មួយ​នៃ​ការ​បិទ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ៕ ​