ទំនាក់ទំនង​រវាង​បាគីស្ថាន​និង​អាហ្វហ្គានីស្ថាន​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​វាយ​ប្រហារ​ក្រុម​ឧទ្ទាម​តាលីបាន

  • Ayaz Gul

លោក Sartaj Aziz ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ​ និង​គោលនយោបាយ​បរទេស​

ប្រទេស​បាគីស្ថាន​និយាយ​ថា​ យុទ្ធនាការ​ប្រឆាំង​ភេវកម្ម​របស់​ខ្លួន​ផ្តោត​សំខាន់​លើក្រុម​សកម្មប្រយុទ្ធ​គ្រប់ឯកសណ្ឋាន​ ដែល​មាន​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស ហើយ​យុទ្ធនាការ​នេះមិន​មាន​បែង​ចែក​រវាង​ក្រុម​តាលីបាន​«ល្អ»​ ឬ​ «អាក្រក់​» នោះ​ទេ។ លោក Sartaj Aziz ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ​ និង​គោលនយោបាយ​បរទេស​ បាន​ប្រាប់​វីអូអេ​តាម​រយៈ​បទសម្ភាសន៍​ថា​ គោលនយោបាយ​នេះ​នាំ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ភេវកម្ម​ប្រសើរ​ជាង​មុន​ជាមួយ​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​ជា​ប្រទេស​ជិតខាង។

ចាប់តាំងពី​ទស្សនៈកិច្ច​របស់​លោក​ Ashraf Ghani ប្រធានាធិបតី​ថ្មី​របស់​អាហ្វហ្គានីស្ថាន​កាលពី​ខែ​មុន​ ភាគី​ទាំង​ពីរ​បាន​រាយការណ៍​ពី​កំណើន​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​សន្តិសុខ និង​សេដ្ឋកិច្ចជាតិ ​ដើម្បី​លើក​កម្ពស់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​សន្តិភាព​ក្នុង​តំបន់។ ក្នុង​ឋានៈ​ជាទីប្រឹក្សា​របស់​បាគីស្ថាន​ផ្នែក​សន្តិសុខ​ជាតិ និង​គោលនយោបាយ​ការ​បរទេស​ លោក Sartaj Aziz និយាយ​ថា​ ការ​វាយ​ប្រហារ​នា​ពេល​ថ្មីៗ​នេះ​ទៅ​លើ​សាលារៀន​មួយ​គ្រប់គ្រង​ដោយ​យោធា​នៅ​ទីក្រុង​ ប៉ាសាវ៉ា (Peshawar) គឺជា​ឧប្បតិ្តហេតុ​ដំបូង​ក្នុង​ការ​ធ្វើ​តេស្ត​ការ​បេ្តជ្ញា​របស់​ប្រទេស​ទាំង​ពីរ​ក្នុង​ការទប់ទល់​រួម​គ្នា​ទៅ​លើ​ការ​គំរាម​កំហែង​ពី​សំណាក់​ក្រុម​សកម្មប្រយុទ្ធ​មកលើ​ប្រទេស​ទាំង​ពីរ​។

ការ​វាយ​ប្រហារ​ទៅ​សាលារៀន​ដ៏​ឃោរ​ឃៅ​មួយ​ ដែល​ត្រូវ​បាន​បង្ក​ឡើង​ដោយអ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ចំនួន​៧នាក់​បាន​សម្លាប់​មនុស្ស​ចំនួន​១៥០នាក់​ ដែល​ភាគ​ច្រើន​ជា​កុមារ​។ ក្រុម​តាលីបាន​នៅ​ប្រទេស​បាគីស្ថាន​បាន​ប្រកាស​ទំនួល​ខុស​ត្រូវ​លើ​ការ​វាយប្រហារ​នោះ។​

លោក​ Aziz បាន​ប្រាប់​វីអូអេ​ថា​រដ្ឋាភិបាល​ក្រុងអ៊ីស្លាម៉ាបាដ (Islamabad) បាន​ផ្តល់​ភស្តុតាង​ភ្លាមៗ​ ដើម្បី​សម្គាល់​ក្រុម​ជននៅ​អាហ្វហ្គានីស្ថាន​ដែល​ស្ថិត​ពី​ក្រោយ​ការ​វាយ​ប្រហារ​ដ៏​ឃោរ​ឃៅ​ទៅ​លើ​សាលារៀន​មួយ​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​កាប៊ុល (Kabul) ក្នុង​បែប​ផែន​ជាន់​ខ្ពស់​មួយ ហើយ​អាជ្ញាធរ​អាហ្វហ្គានីស្ថាន​បាន​ឆ្លើយ​តប​យ៉ាង​សមស្រប​។

លោក Aziz បាន​ថ្លែង​ថា «នេះ​គឺជា​ព្រឹត្តិការណ៍​ដំបូង​ដែល​ទាមទារ​ឲ្យ​យក​យន្តការ​ទាំង​នោះ​មក​អនុវត្ត។ ដូច្នេះ ​មាន​ការ​ពិភាក្សា​ដោះ​ដូរ​គំនិត​ជាន់ខ្ពស់​មួយ​រវាង​ប្រទេស​ទាំង​ពីរ​ ហើយ​វិធានការ​សម្របសម្រួល​មួយ​ត្រូវ​បាន​ចាត់​ឡើង។ ហើយ​ខ្ញុំ​គិត​ថា​នៅ​ក្នុង​ប៉ុន្មាន​សបា្តហ៍​ខាង​មុខ​យន្តការ​នេះ​នឹង​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត​ ហើយ​ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​នា​ពេល​អនាគត​យើង​នឹង​អាច​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ប្រកប​ដោយ​លក្ខណៈ​ជា​ប្រព័ន្ធ​និង​លឿន​ជាង​មុន​។ ប៉ុន្តែ​វា​ជា​ការ​ចង្អុល​បង្ហាញ​ដ៏​ល្អ​មួយ​ដែល​បង្ហាញ​ថា​កិច្ចសហប្រតិបត្តិការ​មួយ​បាន​ចាប់​ផ្តើម​ឡើង​បន្ទាប់​ការ​កាន់​តំណែង​របស់​ប្រធានាធិបតី​ Ghani កំពុង​មាន​ដំណើរ​ការ​ទៅ​មុខ»។

លោក Mullah Fazlulllah​ មេដឹកនាំ​ក្រុម​តាបីបង់​នៅ​ប្រទេស​បាគីស្ថាន​ ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុងជ្រកកោន​នៅ​ក្នុង​តំបន់​ជុំវិញ​ខេត្ត​ Kunar នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ បន្ទាប់​ពី​គេច​ខ្លួន​ពី​ប្រតិបត្តិការ​យោធា​នៅ​តាម​ព្រំដែន​។ កង​ការពារ​សន្តិសុខ​របស់អាហ្វហ្គានីស្ថាន​បាន​ចាប់​ផ្តើម​ការ​វាយ​ប្រហារ​នៅ​ក្នុង​តំបន់​នោះ​ភ្លាមៗ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​នៅ​ក្រុង​ Peshawar ដោយ​បាន​សម្លាប់​ក្រុម​បះបោរ​ដែល​កំពុង​តែ​រត់​គេច​ខ្លួន​ជាច្រើន​នាក់។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយអាហ្វហ្គានីស្ថាន​បាន​ជំរុញ​ឲ្យបាគីស្ថាន​បដិសេធ​ការ​ផ្តល់​កន្លែង​លាក់​ខ្លួន​ទៅ​ឲ្យ​ក្រុម​តាលីបាន​ និង​សម្ព័ន្ធមិត្ត​ក្រុម​នោះ​គឺ​បណ្តាញ Haqqani Network ដែល​ពាក់ព័ន្ធក្នុង​ការ​វាយ​ប្រហារ​ជាច្រើន​ទៅ​លើ​កងកម្លាំង​យោធា​ក្នុង​ស្រុក និង​កងកម្លាំង​យោធា​អន្តរជាតិ​ដែល​គាំទ្រ​ដោយ​ស.រ.អា.។ ​មាន​ការ​ចោទប្រកាន់​សម្រាប់​មួយ​រយៈពេល​ថា ខណៈដែល​យោធា​បាគីស្ថាន​កំពុង​វាយ​ប្រហារ​ទៅ​លើ​ក្រុម​តាលីបានប្រឆាំង​បាគីស្ថាន​ ប្រទេស​បាគីស្ថាន​មិន​បាន​បដិសេធ​ក្នុង​ការ​ផ្តល់​កន្លែង​ជ្រកកោន​ទៅ​ឲ្យ​ក្រុម​តាលី​បង់​ដែល​ប្រឆាំង​អាហ្វហ្គានីស្ថាន​នោះ​ទេ ពីព្រោះក្រុម​តាលីបាន​នោះ​មិន​បង្ក​ការ​គំរាមកំហែង​ណាមួយ​មក​លើខ្លួន​ឡើយ ហើយ​ផ្ទុយ​ទៅវិញ​ក្រុម​នោះ​អាច​ត្រូវ​បាន​ប្រើ​ដើម្បីទប់ទល់​ឥទ្ធិពល​របស់​ឥណ្ឌា​ដែល​ជា​គូ​ប្រជែង​របស់​ខ្លួន​ទៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​ពោរ​ពេញ​ទៅ​ដោយ​សង្រ្គាម​មួយ​នេះ។ អាជ្ញាធរ​អាហ្វហ្គានីស្ថាន​ថែម​ទាំង​បាន​ភ្ជាប់​ការ​កើន​ឡើង​នៃ​ការ​វាយ​ប្រហារដោយវាយឆ្មក់​ដែល​បណ្តាល​ឲ្យ​ស្លាប់ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​និង​នៅ​ក្បែរ​ក្រុង​កាប៊ុល ទៅ​នឹង​ក្រុម​សកម្មប្រយុទ្ធ​ដែល​កំពុង​លាក់​ខ្លួន​នៅ​តាម​ព្រំដែនបាគីស្ថាន។

ប៉ុន្តែលោក Sartaj Aziz បញេ្ចញ​យោបល់​ថា​រដ្ឋាភិបាល​របស់​លោក​បាន​ឈប់​អនុវត្ត​គោលនយោបាយ​តាលីបាន «​ល្អ​» និង​ តាលីបាន «​អាក្រក់​»​ ជា​យូរ​ណាស់​មក​ហើយ។

លោក​ Aziz បាន​មាន​ប្រសាសន៍​ថា​ «យើង​មិន​បាន​ធ្វើ​ការ​បែង​ចែក​រវាង​តាលីបាន «​ល្អ​» និង​ «អាក្រក់»​ទេ​ ហើយ​ខ្ញុំ​គិត​ថា​សំណួរ​នេះ​នឹង​មិន​មាន​នោះ​ទេ​ ដែល​ថា​យើង​កំពុង​ជួយ​អ្នក​ណា​មួយ​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​នៅ​អាហ្វហ្គានីស្ថាន​។​ ប៉ុន្តែ​សូម្បី​តែ​ឥលូវ​នេះ​ ពេល​ខ្លះនៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​អាហ្វហ្គានីស្ថាន​ ​មាន​ការ​ចោទ​ប្រកាន់​ដាក់បាគីស្ថាន​ចំពោះ​រាល់​សកម្មភាព​វាយ​ឆ្មក់​ណា​មួយ​ដែល​បាន​កើត​ឡើង​នៅ​អាហ្វហ្គានីស្ថាន ប៉ុន្តែ​យើង​បាន​ព្យាយាម​អស់​ពី​សមត្ថភាពក្នុង​ការ​លុប​បំបាត់​គំនិត​បែប​នោះ​ ពីព្រោះ​ពួកយើង​មិន​បាន​ទទួល​ប្រយោជន៍​អ្វី​ពី​ការ​បង្ក​ឲ្យ​មាន​អស្ថេរភាព​នៅ​អាហ្វហ្គានីស្ថាន​នោះ​ទេ។ តាម​ពិត​ទៅ​សេ្ថរភាព​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ពិតជា​មាន​សារៈសំខាន់​សម្រាប់​សេ្ថរភាព​ក្នុង​ប្រទេស​បាគីស្ថាន។ ដូច្នេះ​ ខ្ញុំ​គិត​ថា​នេះ​គ្រាន់​តែ​ជា​គំនិត​អតីតកាល​តែ​ប៉ុណ្ណោះ ហើយ​គំនិត​មួយ​ចំនួន​ត្រូវ​ការ​រយៈ​ពេល​យូរ​ក្នុង​ការ​លុប​បំបាត់»។

ក្រុម​មន្រ្តី​របស់​អាហ្វហ្គានីស្ថាន​ និង​ស.រ.អា. ជឿជាក់​ថា​ថ្នាក់​ដឹកនាំ​កំពូល​របស់​បណ្តាញ​ Haqqani នៅ​តែ​ស្ថិត​នៅបាគីស្ថាន​បន្ទាប់​ពី​ការ​ចាក​ចេញ​ពី​កន្លែង​ដែល​មាន​សុវត្ថិភាព​របស់​ពួកគេ​នៅ​ក្នុង​តំបន់​ វ៉ាស៊ីរីស្ថាន​ (Waziristan) ភាគ​ខាងជើង​ ទី​ដែល​ប្រតិបតិ្តការ​បោស​សំអាត​ក្រុម​បះបោរ​ដ៏​ធំ​ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ពី​ខែ​មិថុនា​ឆ្នាំមុន​មក​ម្ល៉េះ។ លោក Aziz មិន​បាន​ដក​ចេញ​លទ្ធភាព​ដែល​ថា​យោធា​អាហ្វហ្គានីស្ថាន​មួយ​ចំនួន​ប្រហែល​ជា​ត្រូវ​ឈរ​ជើង​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​បាគីស្ថាន​មុន​ពេល​ដែល​ការ​វាយ​ប្រហារ​នៅ​តំបន់​ Waziristan ​បាន​ចាប់​ផ្តើម ហើយ​លោក​បាន​សំដៅ​ទៅ​តំបន់​ជួរ​ភ្នំ។

ប្រទេស​បាគីស្ថាន​បាន​ទទួច​ជា​យូរ​មក​ហើយ​ថា​ក្រុម​តាលីបាន​អាហ្វហ្គានីស្ថាន​គឺជា​អ្នក​រួម​ចំនែក​ក្នុង​កិច្ច​ខំ​ប្រឹងប្រែង​ដើម្បី​សនិ្តភាព​ និង​ការ​ស្រុះស្រួល​គ្នា​វិញ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ ទោះបី​ជា​យ៉ាងណា​ក៏​ដោយ​ លោក​ Aziz ទំនង​ជា​ចាក​ឆ្ងាយ​ពី​គោល​ជំហរ​ដើម​របស់​ប្រទេស​លោក​ដែល​ធ្លាប់​ជា​អ្នក​ជជេស​ដ៏​ធំ​មួយនៅ​ក្នុង​ទំនាក់ទំនង​ទ្វេ​ភាគី។

លោក Aziz​ បាន​ថា «ខ្ញុំ​គិត​ថា​វា​គឺ​សិ្ថត​នៅ​លើ​ប្រទេស​អាហ្វហ្គានីស្ថាន​ក្នុង​ការ​សម្រេច​ចិត្ត​ ប៉ុន្តែ​សម្រាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​គឺ​ថា​ លោក​ប្រធានាធិបតី​ Ashraf Ghani បាន​អញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម​ក្នុង​កិច្ច​សន្ទនា​រួម​គ្នា។ អ្នក​ខ្លះ​បាន​ឆ្លើយតប​ ប៉ុន្តែ​អ្នក​ខ្លះ​មិន​បាន​ឆ្លើយតប​នោះ​ទេ ដូច្នេះ​ខ្ញុំ​គិត​ថា​ដំណើរ​ការ​នេះ​គួរ​តែ​បន្ត​ទៅ​មុខ​ទៀត​។ យើង​ពិតជា​អាច​គាំទ្រ​ដំណើរ​ការ​នេះ​ដល់​ចំនុច​មួយ​ដែល​យើង​អាច​ធ្វើ​បាន​តាម​រយៈ​ការ​ចែក​រំលែក​ព័ត៌មាន​ និង​ការ​ផ្តល់​ជា​យោបល់»។

ស.រ.អា. ក៏​បាន​ទទួល​ស្គាល់​និន្នាការ​វិជ្ជមាន​មួយ​នេះ​ និង​កំណើន​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​បាគីស្ថាន និងអាហ្វហ្គានីស្ថាន ហើយ​បាន​សន្យា​បន្ត​គាំទ្រ​ដើម្បី​ឲ្យ​ប្រទេស​ទាំង​ពីរ​កាន់​តែ​ចូល​ជិត​គ្នា​ដើម្បី​ធានា​សន្តិភាព​ក្នុង​តំបន់។

បន្ទាប់​ពី​ការ​ដក​កង​កម្លាំង​អន្តរជាតិ​ជាច្រើន​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ចុង​ខែ​នេះ​ ក្រុម​អ្នក​វិភាគជា​រឿយ​ៗ​មើល​ឃើញ​នូវ​ចំណង​ដែល​មិន​ស្ថេរភាព​រវាង​ក្រុង​អ៊ីស្លាម៉ាបាដ និង​ក្រុង​កាប៊ុល​ក្នុង​ផ្លាស់​ប្តូរ​ពី​ទំនាក់ទំនង​ដែល​មិន​ទុក​ចិត្ត​គ្នា​មួយ​ទៅ​ជា​កិច្ច​សហប្រតិបត្តិការ​រួមគ្នា​ប្រឆាំង​ភេវកម្ម​ និង​ការ​ស្តារ​ទំនុក​ចិត្ត​រវាងគ្នា​ទៅវិញ​ទៅមក៕

ប្រែ​សម្រួល​ដោយ​ ប៊ុន​ ប៉េងហ៊ុយ