វេទិកា​ជនភៀសខ្លួន​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ជន​ដែល​គ្មាន​ទីកន្លែង​រស់នៅ​ដោយ​ការ​បង្ខំ​ចំនួន​១១៤​លាន​នាក់

  • Lisa Schlein

រថយន្ត​ដឹកជនភៀស​ខ្លួន​អាហ្វហ្គាននីស្ថាន​ទៅព្រំដែន​ Torkham កាលពីថ្ងៃទី​៣ វិច្ឆិកា ឆ្នាំ២០២៣។

ក្នុង​រយៈពេល​៣ថ្ងៃ​បន្ទាប់​ទៀត​នេះ ប្រតិភូ​៤ពាន់​នាក់​ដែល​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​ដ៏​ធំ​បង្អស់​មួយ​របស់​ពិភពលោក​ស្តីពី​បញ្ហា​ជនភៀសខ្លួន​នឹង​ស្វះស្វែង​រក​ដំណោះស្រាយ​សុក្រឹត្យ​និង​ពិតប្រាកដ​ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​ដ៏​អាក្រក់​នៃ​មនុស្ស​១១៤​លាន​នាក់​ដែល​គ្មាន​ទីកន្លែង​រស់នៅ​ ដោយពួក​គេ​ត្រូវបង្ខំ​ឱ្យ​ចាក​ចេញ​ពី​ផ្ទះសម្បែងដោយ​ការ​ធ្វើ​ទុក្ខបុកម្នេញ ការរំលោភ​សិទ្ធិ​មនុស្ស អំពើ​ហិង្សា​និង​ជម្លោះ​ប្រដាប់​អាវុធ។

នៅ​ក្នុង​ការ​បើក​វេទិកា​ជនភៀសខ្លួន​សាកលលោក​កាលពី​ថ្ងៃ​ពុធ ស្នងការ​ជាន់​ខ្ពស់ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​លោក Filippo Grandi បាន​ហៅ​សន្និសីទ​នេះ​ថា​ជា​«ឱកាស​មួយ​សម្រាប់​យើង​ទាំង​អស់​គ្នា​ដើម្បី​តាំងចិត្ត​ឡើង​វិញដល់​ចំណាត់ការ​សំខាន់ៗ​ខ្លះ​ដែល​ត្រូវ​ចាំបាច់​ ដើម្បី​ឆ្លើយតប​ដល់​មនុស្ស​ដែល​គ្មាន​ទីកន្លែង​រស់នៅ​ដោយ​ការ​បង្ខំ ការពារ​មនុស្ស​ដែល​ត្រូវ​គេ​បង្ខំ​ឱ្យ​រត់គេច​ខ្លួន​ហើយ​នឹង​ចែក​រំលែក​ការ​ទទួល​ខុសត្រូវ​របស់​ប្រទេស​ទាំង​នោះ​ដែល​ទទួល​ពួកគេ។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បញ្ហា​ដែល​លេចចេញ​កាន់តែ​ច្បាស់​ខ្លាំង​បំផុតជា​ស្រមោល​ពី​ក្រោយ​វេទិកា​នោះ​គឺបញ្ហា​ជនភៀសខ្លួន​ប៉ាឡេស្ទីន បែរ​ជាមិន​ស្ថិត​នៅ​ក្នុង​សមត្ថកិច្ច​របស់​ការិយាល័យ​ឧត្តម​ស្នងការ​ជាន់​ខ្ពស់ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ឬ UNHCR ​ទៅ​វិញ។ ពួកគេ​ស្ថិត​នៅ​ក្រោម​ការថែទាំ​និង​ការពារ​របស់​ទីភ្នាក់ងារ​ជំនួយ​សង្គ្រោះ​និង​ការងារ​សម្រាប់​ជនភៀសខ្លួន​ប៉ាឡេស្ទីន​របស់​អង្គការ​សហប្រជាជាតិ​ឬ UNRWA។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក Grandi ដែល​ជា​អគ្គស្នងការ​របស់ UNRWA ពី​ឆ្នាំ ២០១០ដល់​ឆ្នាំ២០១៤ មិន​អាច​ព្រងើយ​កន្តើយ​អំពី​អ្វី​ដែល​លោក​ហៅ​ថា​«មហន្តរាយ​ដ៏​ធំ​មួយ​ដែល​កំពុង​លេចឡើង​នៅ​ក្នុង​តំបន់ Gaza»ដែល​បណ្តាល​មកពី​ការ​ឈ្លានពាន​ដ៏​ឃោរឃៅ​លើ​អ៊ីស្រាអែល​ដោយ​ពួក​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​នៅ​ថ្ងៃ​ទី៧ តុលា។

លោក​បាន​និយាយ​ថា៖ «យើង​ឃើញមុន​ពី​ការ​ស្លាប់​និង​ការឈឺចាប់​របស់​ជនស៊ីវិល​ហើយ​នឹង​មនុស្ស​បន្ត​គ្មាន​ទីកន្លែង​រស់នៅ​ដែល​គំរាម​កំហែង​ដល់​តំបន់​នោះ។ លោក​បាន​បន្ទរ​តាម​ការ​អំពាវនាវ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ«ឱ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់​និង​បទ​ឈប់​បាញ់​ខាង​មនុស្សធម៌​ដែល​ស្ថិតស្ថេរ ដោះលែង​ចំណាប់​ខ្មាំង»​និង​បន្ត​ការសន្ទនា​ដែល​«ធ្វើ​ឱ្យ​មាន​សន្តិភាព​និង​សន្តិសុខ​ពិតប្រាកដ​ដល់​ប្រជាពលរដ្ឋ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន»។

ខណៈ​ដែល​នៅ​មាន​ការ​ផ្តោត​ទុកដាក់​យ៉ាង​ខ្លាំង​លើ​តំបន់​ហ្កាហ្សា ឧត្តមស្នងការ​ជន​ភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ​លោក​ Grandi បាន​ជំរុញ​ឱ​រដ្ឋាភិបាល​ផ្សេងៗ​ទៀត​កុំ​បំភ្លេច​វិបត្តិ​មនុស្ស​និង​ជនភៀសខ្លួន​សំខាន់ៗ​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក។

លោក​បាន​និយាយ​បន្ត​ទៀត​ថា៖ «ស្ថានភាព​របស់​ជនស៊ីវិល​នៅ​ក្នុង​ប្រទេស​ស៊ូដង់​និង​នៅ​ក្នុង​អ៊ុយក្រែន រួមមាន​មនុស្ស​រាប់​លាន​នាក់​ដែល​ជា​ជនភៀសខ្លួន​និងជា​មនុស្ស​គ្មាន​ទីកន្លែង​រស់នៅ​ទាមទារ​ឱ្យ​មាន​ការ​យកចិត្ត​ទុកដាក់និង​ការ​គាំទ្រ​របស់​យើង គឺ​ដូច​នឹងវិបត្តិអូស​បន្លាយ​នានា​ដូចជា​ស្ថានភាព​ដ៏​អាក្រក់​របស់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ស្ថានភាព​ប្រទេស​ស៊ីរី ​និង​អាហ្វហ្កានីស្ថាន»។

ស្ថិតិ​របស់ UNHCR បាន​បញ្ជាក់​ថា​ បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ជនភៀសខ្លួននិង​ជនផ្សេង​ទៀត​ដែល​ត្រូវការ​ការពារ​ពី​អន្តរជាតិ ចំនួន​៧៥ភាគរយ​របស់​ពិភពលោក៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន