កំពុង​តក់ស្លុត​នឹង​ជំងឺ​កូវីដ១៩​ស្រាប់ កសិករ​ចិញ្ចឹម​បក្សី​នៅ​អាស៊ី​ប្រយុទ្ធ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្ដាសាយ​បក្សី

  • ​Reuters

ក្រុមអ្នកធ្វើការងារស្ម័គ្រចិត្តកំពុងពិនិត្យមើលសត្វស្លាបមួយក្បាល ខណៈជំងឺផ្តាសាយបក្សីកំពុងឆ្លងរាលដាល នៅក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា កសិករ​ចិញ្ចឹម​មាន់​នៅ​អាស៊ី​កំពុង​ប្រឈម​មុខ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្ដាសាយ​បក្សី​ដ៏​អាក្រក់​បំផុត​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ប៉ះពាល់​ដល់​កសិដ្ឋាន​ជា​ច្រើន​ពី​ប្រទេស​ជប៉ុន​ដល់​ប្រទេស​ឥណ្ឌា និង​ធ្វើ​ឲ្យ​តម្លៃ​មាន់​ចុះថ្លៃ ដោយ​គ្មាន​តម្រុយ​នៃការ​ធូរស្រាល​ឡើយ។

មាន់​ជាង ​២០ ​លាន​ក្បាល​ ត្រូវ​បាន​គេ​កម្ទេច​ចោល​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង និង​ជប៉ុន ចាប់​ពី​ខែ​វិច្ឆិកា​មក។ កាល​ពី​សប្ដាហ៍​មុន ជំងឺ​ផ្ដាសាយ​បក្សី H5N8 ​នេះ​ បាន​ទៅ​ដល់​ប្រទេស​ឥណ្ឌា​ដែល​ជា​ប្រទេស​ផលិត​សាច់មាន់​លំដាប់​ទី​៦ ក្នុង​ពិភពលោក និង​បាន​លុកលុយ​ដល់​រដ្ឋ​ចំនួន ១០​ ក្នុង​ប្រទេស​នេះ​រួច​ទៅ​ហើយ។

អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ស្រប​ពេល​ដែលជំងឺ​ផ្ដាសាយ​បក្សី​នេះ​កើត​ឡើង​ជា​ធម្មតា​នៅ​ក្នុង​ទ្វីប​អាស៊ី​ក្នុង​អំឡុង​ពេល​នេះ ដោយសារ​លំនាំ​នៃ​ការ​ហោះ​ហើរ​របស់​បក្សី​វីរុស​ថ្មី​បាន​វវិត្ត​កាន់​តែ​សាហាវ​នៅ​លើបក្សី​ព្រៃ ធ្វើ​ឲ្យ​ប្រទេស​ដែល​បក្សី​ទំាង​នោះ​ហោះ​ឆ្លងកាត់ងាយ​រង​គ្រោះ​ជាទីបំផុត។

ការផ្ទុះរាតត្បាត​ឡើង​នៅ​ក្នុង​តំបន់​អាស៊ី​នេះ កើត​ឡើង​ស្រប​ពេល​ដែល​ទ្វីប​អឺរ៉ុបកំពុង​រងគ្រោះ​ខ្លាំងក្លា​បំផុត​ ដោយ​សារ​ការ​ផ្ទុះ​រាតត្បាត​ជំងឺ​ផ្ដាសាយ​បក្សី​អស់​រយ:​ពេល​ជា​ច្រើន​ឆ្នាំ តាម​ពី​ក្រោយ​ដោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

ការណ៍​នេះធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លក់​សាច់​បក្សី នៅ​កន្លែង​មួយ​ចំនួន​ដែល​យល់​ខុស​ពីជំងឺ​នេះ ប៉ុន្តែ​ឥឡូវ​នេះ​សាច់​បក្សី​មាន​តម្រូវ​ការ​ខ្ពស់​ដោយសារ​ការ​ចម្អិន​ម្ហូប​តាម​ផ្ទះ​កើន​ឡើង។

តម្លៃ​មាន់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ចុះ​ថ្លៃ​ប្រមាណ ១ភាគ៣ កាល​ពី​សប្ដាហ៍​មុន ដោយ​សារ​អ្នកទិញ​ប្រុងប្រយ័ត្ន​កាន់​តែ​ខ្លាំង​ឡើងចាប់​តាំង​ពី​មាន​ការ​រាលដាល​នៃ​ជំងឺ​នេះ​មក៕