អ្នកជំនាញ​ថា វា​គួរ​ឲ្យ​អាម៉ាស់​បើ​កម្ពុជា​ផ្តល់​អាទិភាព​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដោយ​រំលង​ការបង្ការ​ការប្រែប្រួល​អាកាសធាតុ

រូបឯកសារ៖ ទិដ្ឋភាពនៅទីក្រុងព្រះសីហនុ ដែលគេឃើញមានសំណង់អគារខ្ពស់មិនទាន់សង់រួច និងសង់រួចពុំទាន់មានអ្នកស្នាក់នៅ ដែលគេចាប់ផ្តើមសាងសង់ច្រើនឡើងៗតាំងពីអំឡុងឆ្នាំ២០១៦ នៅក្រុងព្រះសីហនុ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/វីអូអេ)

ក្រុម​អ្នក​ជំនាញ​បរិស្ថាន​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ លើក​ឡើង​ថា​បណ្តា​ប្រទេស​នានា​រួម​ទាំង​កម្ពុជា​ផង គួរ​រួម​បញ្ចូល​សហគមន៍​មូលដ្ឋាន​ទៅ​ក្នុង​ផែន​ការ​បន្ស៊ាំ និង​បង្កើន​ភាព​ធន​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ជាជាង​ផ្តោត​សំខាន់​តែ​ទៅ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន។​

អ្នកស្រី​ Sally Yozell អ្នកសិក្សាស្រាវជ្រាវ​ជាន់​ខ្ពស់​និង​ជា​នាយិកា​កម្មវិធី​សន្តិសុខ​បរិស្ថាន​នៃ​មជ្ឈមណ្ឌល​ Stimson​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​កាល​ពីថ្មីៗ​នេះ​ថា ​ប្រទេស​កម្ពុជា​ ចាំបាច់​ត្រូវ​គិតគូរបន្ថែម​ទៀត​ពី​ផល​ប៉ះពាល់​ជា​រួម​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ ជាពិសេសទៅ​លើសហគមន៍​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ។

«អ្នក​វិទ្យាសាស្ត្រ​ក្នុង​ស្រុក អ្នក​ដឹកនាំ​មូលដ្ឋាន អ្នក​ជំនួញ​ក្នុង​ស្រុក​ព្រម​ទាំង​កសិករ​និង​អ្នក​នេសាទ ពួកគេ​ដឹង​ច្រើន​ជាង។ ​ពួកគេ​ដឹង​ថា​ មាន​អ្វី​កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​ផ្ទាល់​និង​នៅ​សមុទ្រ។ ពួកគេ​ចាំបាច់​ត្រូវ​តែ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​ការ​សម្រេច​ចិត្ត ដើម្បី​ជួយ​ឲ្យ​យល់​ពី​បញ្ហា​សង្គម សេដ្ឋកិច្ច​ និង​បរិស្ថាន»។

ការ​លើកឡើង​នេះ ធ្វើ​ឡើង​ ខណៈ​ដែល​បណ្តា​មេដឹកនាំ​ប្រទេស​ និង​ក្រុម​មន្ត្រី​មក​ពី​ជិត​២០០​ប្រទេស គ្រោង​នឹង​ជួបជុំ​គ្នា​ក្នុង​សន្និសីទ​កំពូល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី​២៦ ​ក្នុង​ទីក្រុង​ Glasgow ប្រទេស​ស្កុតលែនដែល​ជា​រដ្ឋ​ស្វយ័ត​នៅ​ក្នុង​ចក្រភព​អង់គ្លេស​ចាប់​ពី​ថ្ងៃ​ទី​៣១ ​ខែ​តុលា​ ដល់​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១។

អ្នកស្រី​ Sally Yozell បន្ត​ថា​ កម្ពុជា គួរ​តែ​តែ​ស្តាប់​កង្វល់​របស់​ប្រជាសហគមន៍​ដែល​មាន​ជីវភាព​ពឹង​អាស្រ័យ​ទៅលើ​ធនធាន​ធម្មជាតិ ហើយ​ដែល​ងាយ​រង​គ្រោះ​ពី​ការ​ប្រែប្រួល​អាកាសធាតុឲ្យ​បាន​ច្រើន ដោយ​មិន​គ្រាន់​តែ​ផ្តោត​តែ​ទៅ​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវន្ត​នោះ​ទេ។ អ្នកស្រី​ ថ្លែង​យ៉ាង​ដូច្នេះថា៖​

«បើ​មិន​អ៊ីចឹង​ទេ អ្នក​នឹង​មាន​តែ​សណ្ឋាគារ​ធំៗ និង​ផ្លូវ ឬ​កំពង់​ផែ​ខ្លះ ត្រូវ​បាន​សាង​សង់​នៅ​កន្លែង​ណាមួយ​ដោយ​គ្មាន​ការ​យល់​ដឹង​ក្នុង​មូល​ដ្ឋាន​ថា តើ​ប្រព័ន្ធ​អេកូឡូស៊ី​ដំណើរ​ការ​យ៉ាង​ដូចម្តេច។ ដូច្នេះ ខ្ញុំ​គិត​ថា ​នេះ​ គឺ​ជា​ការ​និយាយ​យោង​ដ៏​សំខាន់​បំផុត​ដែល​អាច​បញ្ជូន​ទៅ​ដល់​ប្រជាជន​កម្ពុជា»។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខេត្ត​ជាប់​មាត់​សមុទ្រ​របស់​កម្ពុជា​ បាន​ប្រែប្រួល​គួរ​ឲ្យ​កត់​សម្គាល់​ ជាពិសេស​ គឺ​ការ​រីក​ដុះដាល​ឡើង​នូវ​សំណង់​អាគារ​ខ្ពស់ៗ​និង​ផ្លូវ​ខ្វាត់ខ្វែង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ និង​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ទៀត​នៅ​ខេត្ត​កោះកុង កែប​ និង​កំពត។

អ្នកស្រី​ Sally Yozell បន្ថែម​ថា៖ «វា​នឹង​ជា​រឿង​អាម៉ាស់​ដ៏​ពិត​ប្រាកដ​មែន បើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ត្រូវ​បាន​ផ្តល់​អាទិភាព​ហួស​ពី​ការ​ការពារ​ពី​ការ​ប្រែប្រួល​អាកាសធាតុ»។

រូបឯកសារ៖ លំនៅដ្ឋាន​រងការ​លិចលង់​ដោយ​សារ​ទំនប់​អាង​ទឹក​ឈ្មោះ​ទំនប់ប្រទាក់​ក្រឡា​ ក្នុង​ឃុំ​កូនសត្វ​ ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ បាន​បាក់​ ក្រោយ​ភ្លៀងធ្លាក់​ជាប់ៗ​គ្នា​ប្រហែល​ពីរ​សប្តាហ៍​មក​នេះ។ (ហ៊ុល រស្មី/វីអូអេ)

សហគមន៍​នេសាទ​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រឈម​នឹង​អាកាសធាតុ​ប្រែប្រួល​មិន​ទៀងទាត់​ដូច​ជា​ខ្យល់​កន្ត្រាក់ ​និង​ខ្យល់​ព្យុះ​កាន់តែ​ញឹកញាប់​និង​កាន់​តែ​ខ្លាំង​ជាង​មុន។ ប្រជា​កសិករ​ក្នុង​សហគមន៍​ ក៏​រង​ផល​ប៉ះពាល់​ពី​ការ​ជ្រាប​ចូល​ទឹក​ប្រៃ​ពី​សមុទ្រ​ទៅ​ក្នុង​ស្រែ​ចម្ការ​របស់​ពួកគេ ដោយសារ​តែ​ការ​កើនឡើង​នូវ​កម្រិត​ទឹក​សមុទ្រ​ដែល​អ្នក​វិទ្យាសាស្ត្រ​បរិស្ថាន​និយាយ​ថា ​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ។

អ្នក​ស្រី Carolyn Kousky នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​វិភាគ​និង​គ្រប់គ្រង​ហានិភ័យ ​Wharton នៃ​សកលវិទ្យាល័យ ​Pennsylvania ក្នុង​សហរដ្ឋ​អាមេរិក និង​ជា​ការី​និពន្ធម្នាក់​នៃ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «ផែន​ទី​បង្ហាញ​ផ្លូវ​សម្រាប់​ការ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​តាម​តំបន់​ឆ្នេរ» ឬ "A Blueprint for Coastal Adaptation: Uniting Design, Economic, and Policy" បាន​ថ្លែង​ក្នុង​វេទិកា​តាម​អនឡាញ​មួយ​កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ថា ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ បាន​កើត​មាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​រួច​ទៅ​ហើយ​ ហើយ​វា​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ​ឡើងៗ។

អ្នក​ស្រី​បន្ថែម​ថា ​អ្នក​ធ្វើ​គោល​នយោបាយ​និង​អ្នក​សម្រេច​ចិត្ត ចាំ​បាច់​ត្រូវ​តែ​ផ្តោត​ការ​យក​ចិត្ត​ដាក់​បន្ថែម​ទៀត​ទៅ​លើ​ប្រជា​សហគមន៍​មូល​ដ្ឋាន​ជា​ពិសេស​ពលរដ្ឋ​ដែល​រស់​នៅ​តាម​តំបន់​ឆ្នេរ ​និង​ពឹង​អាស្រ័យ​ទៅ​លើ​ធនធាន​សមុទ្រ​ សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។

អ្នកស្រី ​Carolyn Kousky ​បាន​បន្ថែម​ថា៖ «ការ​បន្ស៊ាំ​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​តាម​តំបន់​ឆ្នេរ​ មិន​មែន​ផ្តោត​តែ​ទៅ​លើ​ការ​ប្រើប្រាស់​ដី​ធ្លី​ក្បែរ​ផ្លូវ​ទឹក​ប៉ុណ្ណោះ​ទេ តែ​វា​ក៏ផ្តោត​ទៅ​លើ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ និង​របៀប​ដែល​យើង​អាច​ជួយ​ពួកគេ​ឲ្យ​បន្ត​រីកចម្រើន​ទៅ​មុខ​បាន»។

លោក វណ្ណ សុផាត អ្នក​សម្របសម្រួល​គម្រោង​ធានា​សុវត្ថិភាព​សិទិ្ធ​កាន់កាប់​និង​គ្រប់គ្រង​ដីធ្លី និង​ធនធាន​ធម្មជាតិ​សម្រាប់​សហគមន៍​នេសាទ​ងាយរងគ្រោះ​នៅ​តំបន់ឆ្នេរ​នៃ​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ថា​ មធ្យោបាយ​ដ៏​ល្អ​មួយ​សម្រាប់​កាត់​បន្ថយ​ហានិភ័យ​នៃ​ផលប៉ះពាល់​ការ​ប្រែប្រួល​អាកាស​ធាតុ​ទៅលើ​សហគមន៍​នៅ​តាម​មាត់​សមុទ្រ​ គឺ​ការ​បញ្ចូល​ប្រជាសហគមន៍​ទៅ​ក្នុង​ការសម្រេច​ចិត្ត។

លោក វណ្ណ សុផាត​បាន​បន្ថែម​ថា៖ «ដើម្បី​កុំ​ឲ្យ​ការ​ប្រែប្រួល​អាកាស​ធាតុ​កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ​ទៅ យើង​ត្រូវមាន​ការ​សម្រេច​ចិត្ត។ សហគមន៍​ក៏​ដោយ ឬ​ក៏​ស្ថាប័ន​ដែល​គ្រប់គ្រង​ការ​បម្រែបម្រួល​អាកាសធាតុ​ ឬ​ក៏​ការ​គ្រប់គ្រង​បរិស្ថាន​ជាដើម​ហ្នឹង​ ត្រូវ​កំណត់​ខ្លួន​ឯង ហើយ​ត្រូវ​ដឹង​អំពី​បញ្ហា​ឫសគល់​នៃ​ការ​បម្រែបម្រួល​អាកាសធាតុ​ និង​ដែល​ធ្វើ​ឲ្យ​មាន​រង​ផល​ប៉ះពាល់​ដល់​មនុស្ស​ជា​ទូទៅនៅ​ស្រុក​យើង​ក៏​ដូចជា​នៅ​ទូទាំង​ពិភពលោក​ដែរ»។​

ក្រោម​កិច្ចព្រមព្រៀង​ប៉ារីស​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ឆ្នាំ​២០១៥​ បណ្តា​ប្រទេស​ជា​ហត្ថលេខី បាន​ប្តេជ្ញា​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​របស់​ខ្លួន​រៀងៗ​ខ្លួន ដើម្បី​ទប់​កុំ​ឲ្យ​កម្តៅ​ផែន​ដី​កើន​ឡើង​លើស​១,៥ អង្សាសេ ធៀប​នឹង​កម្រិត​មុន​សម័យ​ឧស្សាហកម្ម ពី​ព្រោះ​ការ​កើនឡើង​កម្តៅ​សកល​លើស​កម្រិត​នេះ នឹង​បង្ក​ឲ្យ​មាន​វិនាសកម្ម​បរិស្ថាន​ដ៏​ហិនហោច​បំផុត។ នេះ​ បើ​ផ្អែក​តាម​អ្នក​វិទ្យាស្ថាន​បរិស្ថាន។

រូបឯកសារ៖ ស្រែរបស់កសិករក្នុងក្រុងកំពត ខេត្តកំពត ដែលត្រូវបានទឹកប្រៃហូរចូល កាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/វីអូអេ)

លោក ហាក់ ម៉ៅ ប្រធាន​នាយក​ដ្ឋាន​ប្រែ​ប្រួល​អាកាស​ធាតុ​នៃ​ក្រសួង​បរិស្ថាន​កម្ពុជា ប្រាប់​វីអូអេ​កាល​ពី​ពេល​ថ្មីៗនេះថា ​ប្រទេស​កម្ពុជា ​ពិត​ជា​ងាយ​រង​គ្រោះ​ពី​ផល​ប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ ដោយសារ​កត្តា​សេដ្ឋកិច្ច សមត្ថភាព​ឆ្លើយ​តប ហិរញ្ញវត្ថុ ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋក្នុង​ការ​ត្រៀមខ្លួន​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​អាកាសធាតុ នៅ​មាន​កម្រិត​នៅ​ឡើយ។

លោក​បន្ថែម​ថា​ តំបន់​ឆ្នេរ​ក៏​ទទួល​រង​ពី​ផល​ប៉ះពាល់​ពី​បម្រែបម្រួល​អាកាសធាតុ​ធ្ងន់​ធ្ងរ​ផង​ដែរ ក្នុង​នោះ​មាន​ការ​ជ្រាប​ចូល​ទឹក​ប្រៃ ការ​កើន​ឡើង​នីវ៉ូ​ទឹក​សមុទ្រ ខ្យល់​ព្យុះ ទឹក​ជំនន់​ញឹកញាប់ និង​ធ្ងន់ធ្ងរ​ជាង​មុន ការ​ហូរ​ច្រោះ និង​ការ​បាក់​ដី​ជាដើម។

លោក​ថ្លែង​ថា៖ «យើង​ឃើញ​ថា ​ខេត្ត​ព្រះសីហនុ​យើង​ គឺ​កំពុងតែ​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​ប្រែប្រួលអាកាសធាតុ​ហ្នឹង​ធ្ងន់​ធ្ងរ​ជាង​គេ ប៉ុន្តែ​រយៈពេល​វែង​ ប្រសិន​បើ​នីវ៉ូ​កម្ពស់​ទឹក​សមុទ្រ​ កើន​ឡើង តាម​ការព្យាករ យើង​ឃើញ​ថា​ ខេត្ត​កោះកុង ជា​ខេត្ត​ដែល​ងាយ​រង​លិច​ជាងគេ»។

លោក ហាក់ ម៉ៅ បន្ថែម​ថា ​នីវ៉ូទឹក​សមុទ្រ​នៅ​កម្ពុជា នឹង​អាច​កើន​ឡើង​ដល់​មួយ​ម៉ែត្រ ឬ​ពីរ​ម៉ែត្រ​នៅ​ឆ្នាំ​២១០០ តាម​ការ​ព្យាករ ហើយ​វា​នឹង​អាច​ជន​លិចទីរួម​ខេត្ត​កោះកុង។

ប៉ុន្តែ លោក​បាន​អះអាង​ថា ​រដ្ឋាភិបាល​កម្ពុជា​ បាន​ធ្វើ​ការងារ​ច្រើន​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដែល​កើត​ឡើង​ដោយបម្រែបម្រួល​អាកាសធាតុ​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក អ៊ុក សុវណ្ណរិទ្ធ ប្រធាន​សហគមន៍​ព្រែក​ត្នោត ជា​សហគមន៍​ជាប់​មាត់​សមុទ្រ​ក្នុង​ខេត្ត​កំពត បាន​ប្រាប់​វីអូអេ​ក្នុង​បទសម្ភាសន៍​ថា ​ប្រជា​សហគមន៍​របស់​លោក បាន​រង​គ្រោះ​ដោយ​ផ្ទាល់​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ​ដោយសារ​ខ្យល់​បោក​បក់​កាន់​តែ​មាន​សណ្ឋាន​ធ្ងន់ធ្ងរ​ និង​កម្រិត​ខ្លាំង​ឡើងៗ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

«យើង​មើលឃើញ​ខុស​ពី​មុន ខុស​ប្រក្រតី ដោយសារ​ការ​បម្រែបម្រួល​អាកាសធាតុ​ហ្នឹង ​ពេល​ឥឡូវ​ភ្លៀង​អត់​សូវ​ញឹកញាប់​ទេ ប៉ុន្តែ​បើ​មក​ម្តងៗ ​គឺ​មក​ទាំង​ទឹក​មក​ទាំង​ខ្យល់ មក​ម្តងៗ​ខ្លាំង​ណាស់»៕