ប្រតិកម្មធ្ងន់ៗ​បន្តកើត​មាន​ក្រោយការ​ចាប់​ខ្លួន​​លោក​ ​កឹម សុខា ​មេដឹក​នាំគណបក្ស​ប្រឆាំងនៅ​កម្ពុជា

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក​​ ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)

​រដ្ឋ​អំណាច​ប្រើប្រាស់​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ ​កឹម សុខា​ ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​មួយ​ក្រុម​ នៅ​ប្រទេស​អូស្ត្រាលី​ ​ក្នុង​ខែ​វិច្ឆិកា​ ​២០១៣​ ​ដើម្បី​ចោទ​ប្រកាន់​លោក​ពីបទ​ក្បត់​ជាតិ​ ​និង​ឃុបឃិត​ជា​មួយបរ​ទេសនោះ​ ​គឺ​ជា​លេស​ ​ដើម្បី​កម្ចាត់​ក្បាល​ម៉ាស៊ីន​ ​គណបក្ស​ប្រឆាំង មិន​ដល់​មួយ​ឆ្នាំ​ផង​ ​មុនការ​បោះ​ឆ្នោត​ជាតិ​ ​ដែល​គ្រោង​រៀប​ចំ​ឡើង​ នៅ​ខែ​កក្កដា ​២០១៨។​

​ប្រតិកម្ម​ពី​គ្រួសារ​ ​និង​អ្នក​គាំ​ទ្រ​លោក​ ​កឹម សុខា​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ត​កើត​មាន​ឡើង​ ​មក​ដល់​ថ្ងៃ​ចន្ទ​នេះ​ បន្ទាប់ពី​កង​កម្លាំង​មានសមត្ថកិច្ច​បាន​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ ទាំង​កណ្តាល​យប់​និង​ ​ក្នុង​ពេល​ដែល​លោក​នៅ​មាន​អភ័យឯក​សិទ្ធិ​ជា​តំណាងរាស្ត្រ។​

​អាជ្ញាធរ​កម្ពុជា​បាន​សម្រុក​ចូល​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​នៅ​គេហដ្ឋាន​លោក​ ​ក្នុង​ខណ្ឌទួល​គោក​ ទាំង​គ្មាន​ដីកា​ចាប់​ខ្លួន​កាល​ពី​រំលង​អាធ្រាត្រ​ឈាង​ចូល​ថ្ងៃ​អាទិត្យ។ ​ភ្លាមៗ​បន្ទាប់​ពី​ការ​ចាប់​ខ្លួននោះ​ លោក​ត្រូវបាន​បញ្ជូន​ទៅឃុំ​ខ្លួន​នៅ​ឯពន្ធនាគារ​ត្រពាំង​ផ្លុង ស្ថិត​នៅក្នុង​ខេត្ត​ត្បួង​ឃ្មុំ។​ ​សមត្ថកិច្ច​របស់​រដ្ឋបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ បាន​បញ្ជាក់​ថា ​លោក​ ​កឹម សុខា ​បាន​រៀបចំ​ផែនការ​សម្ងាត់ ​ឃុបឃិត​គ្នា​ជាមួយ​បក្ខពួក​បរទេស​ដែល​នេះ​គឺជា​អំពើ​ចារកម្ម ​ក្បត់​ជាតិ​ តាម​បញ្ញត្តិ​ច្បាប់ ៤៤៣​ នៃ​ក្រម​ព្រហ្មទណ្ឌ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​ចេញ​ផ្សាយ​ភ្លាមៗ​ក្រោយ​ការ​ចាប់ខ្លួន ​លោក ​កឹម សុខា។​

​កញ្ញា ​កឹម មនោវិទ្យា​ ​អនុ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ថ្លែង​នៅ​ក្នុង​គណនី​របស់​កញ្ញា​លើ​បណ្តាញ​សង្គម​ Twitter ​ថា​ លោក​ ​កឹម សុខា​ មិនមែន​ជា​អ្នក​ក្បត់ជាតិ​នោះ​ទេ​ តែជា​អ្នក​ប្រឹង​បណ្តុះ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

​កញ្ញា​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ Twitter ​ក្នុង​ន័យ​ដើម​ថា៖​

«​គាត់​បាន​បណ្តុះ​គ្រាប់​ពូជ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។​ គាត់​ទទួលខុសត្រូវ​ចំពោះ​ការបង្ក​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នានា។ អ្នកចាត់​សកម្ម​ភាព​នេះថា​ ជា​អំពើ​ក្បត់​ជាតិ​ យើង​ហៅ​សកម្មភាព​នេះ​ថា​ ជា​មោទន​ភាព»។​

​កញ្ញា កឹម​ ​មនោវិទ្យា​ ​ដែល​ជាកូន​ស្រី​ច្បង​របស់​លោក​ ​កឹម សុខា​ ​បាន​ ​លើក​ឡើង​បន្ថែម​ថា​ការ​ចាប់​ខ្លួនឪពុក​បង្កើត​របស់​កញ្ញា​ ​គឺ​ជា​ទង្វើ​ខុស​ច្បាប់។​

​កញ្ញា​បាន​បន្ថែម​ក្នុង​ន័យដើម​ថា៖​

​«​ការ​ចាប់​ខ្លួន​គាត់​ គឺ​ខុស​ច្បាប់។​ មេដឹក​នាំ​ប្រទេស​កម្ពុជា​ កំពុង​ឃុំឃាំង​អ្នក​ប្រកួត​ប្រជែង​នៅ​មុនការ​បោះឆ្នោត​»។

កញ្ញា​ ​កឹម​ ​មនោវិទ្យា​ ​មិន​ទាន់​ឆ្លើយ​តប​សំណួរ​របស់​សំឡេង​សហរដ្ឋ​អាមេរិក​ (VOA)​ ទាក់​ទិន​ស្ថាន​ភាព​សុខភាព​លោក​ កឹម សុខា​ និង​ក្តី​បារម្ភ​នៃការ​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​បណ្តោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ខេត្ត​ត្បួងឃ្មុំ​ ដែល​គេ​រាយការណ៍​ថា​ចង្អៀត​ទៅ​ដោយ​អ្នក​ជាប់​ទោស។​ ​ទោះ​យ៉ាង​ណាក្តី​ ​ ​កញ្ញា​ ​បាន​ឲ្យ​ដឹង​តាម​បណ្តាញសង្គម​ Twitter ​ថា​ ម្តាយរបស់​កញ្ញា​ បាន​ព្យាយាម​ចូល​សួរ​សុខទុក្ខ​ ​លោក​ ​កឹម សុខា​ ​ហើយ​ថា​លោក​ កឹម សុខា​ ត្រូវ​បាន​ព្រះរាជអាជ្ញា​សាកសួរ។​

VOA​ ​ក៏មិន​ទាន់​អាច​ទទួល​បាន​ការ​អធិប្បាយ​ពី​ ​មេធាវី​ការពារ​ក្តីលោក​ ​កឹម សុខា​ និង​មន្ត្រី​នៃ​ក្រសួង​មហា​ផ្ទៃ​បាន​ដែរ​ នៅ​ថ្ងៃ​ចន្ទ​នេះ។​

​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ត្រូវ​បាន​ធ្វើឡើង​ ក្រោយ​ការ​ថ្លែង​របស់​លោក​ ​នៅ​ក្នុង​វីដេអូ​ខ្លី​មួយ​ ដែល​ត្រូវ​បាន​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ចេញ​ផ្សាយ​ជា​សាធារណៈ​ តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ចាប់​ខ្លួន​មេ​ដឹក​គណបក្ស​ជំទាស់​រូប​នេះ។​

​តាម​រយៈខ្សែ​អាត់​វីដេអូ​មួយ​ដែល​គ្មាន​កាល​បរិច្ឆេទ​ មាន​ការ​ថ្លែង​របស់​លោក​ ​កឹម សុខា​ ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ប្រទេស​អូស្ត្រាលី​ ​ដែល​លើក​ឡើង​អំពី​យុទ្ធ​សាស្ត្រ​នយោបាយ​របស់​បក្ស​ជំទាស់​ តទល់​នឹង​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន។​

​អ្នកស្រី​ ​មូ សុខ​ហួរ​ ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បានប្រាប់​ VOA ​នៅថ្ងៃចន្ទនេះ​ថា​ ​ប្រទេស​ដែល​ជា​ហត្ថលេ​ខី​នៃ​ទីក្រុង​ប៉ារីស​ត្រូវ​រួម​ចំណែក​ដល់​ការ​ដោះ​ស្រាយ​ជម្លោះ​ខាង​នយោបាយ​នៅ​កម្ពុជា​ ក្រោយ​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា។​ ​អ្នកស្រី​បញ្ជាក់​ឲ្យ​ដឹ​ងថា​ ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​បន្ត​មាន​សុពលភាព​នៅ​ឡើយ។​

​អ្នកស្រី​ ​មូ សុខ​ហួរ​ ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ៖​

«ដើម្បី​ឲ្យ​យើង​ដោះស្រាយ​បញ្ហា​ ប្រទេស​ជាតិ​យើងបាន​ គឺយើងត្រូវ​តែ​យក​អ្វីដែល​ជា​លក្ខខណ្ឌ​ដែល​ដាក់​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​។ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ នៅតែ​មាន​សុពលភាព​ទេ​ ដែលមាន​រហូតដល់ពេល​ណា​ ដែល​យើង​ជា​ ប្រជាពលរដ្ឋ​ ជាប្រទេស​ជាតិ​យើង​ នៅតែ​មិន​ទាន់​បាន​ទទួល​នូវ​អ្វីដែលមាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ គឺ​សិទ្ធិ​ សេរីភាព​ លទ្ធិ​ប្រជាធិប​តេយ្យ​ និង​ការ​បោះឆ្នោត​ដ៏ត្រឹមត្រូវ​ និង​យុត្តិធម៌»។

អនុ​ប្រធាន​គណ​បក្ស​ជំទាស់​រូប​នេះ​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែមថា​ ​គណបក្ស​សង្គ្រោះជាតិ​គ្មាន​ផែនការ​អំពាវនាវ​ឲ្យ​អ្នក​គាំ​ទ្រ​គណបក្ស​ជំទាស់ធ្វើ​បាតុកម្ម​ទាម​ទារ​ឲ្យ​មាន​ការ​ដោះលែង​លោក​ ​កឹម សុខា​នោះ​ទេ​ តែ​បាន​ទទូច​សុំ​ឲ្យ​ប្រទេស​ជា​ម្ចាស់​ជំនួយ និង​សហគមន៍​អន្តរជាតិ​ជួយ​កម្ពុជា​ ឲ្យមាន​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ​មួយ។

លោក​ សម រង្ស៊ី​ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ ​ដែល​កំពុង​រស់​នៅ​ ​និរទេស​ខ្លួន​ ​នៅ​ប្រទេស​បារាំង​ ​ដើម្បី​គេច​ពី​ការ​ចាប់​ដាក់​ពន្ធនាគារ​ តាម​បណ្តឹង​ជា​ច្រើន​របស់​មេដឹកនាំ​ប្រទេស​កម្ពុជា​ និង​សមាជិក​រដ្ឋាភិបាលក៏បានថ្លែង​ប្រតិកម្ម​ទៅ​នឹង​ការ​ចាប់ខ្លួន​លោក​ ​កឹម សុខា​ ​ផង​ដែរ។​ ​ថ្លែង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក​កាលពី​ថ្ងៃអាទិត្យ​ ​លោក​ ​សម រង្ស៊ី​ ​បញ្ជាក់​ថា​ ​ការណ៍​ដែល​រដ្ឋ​អំណាច​ប្រើប្រាស់​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ ​កឹម សុខា​ ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​មួយ​ក្រុម​ នៅ​ប្រទេស​អូស្ត្រាលី​ ​ក្នុង​ខែ​វិច្ឆិកា​ ​២០១៣​ ​ដើម្បី​ចោទ​ប្រកាន់​លោក​ពីបទ​ក្បត់​ជាតិ​ ​និង​ឃុបឃិត​ជា​មួយបរ​ទេសនោះ​ ​គឺ​ជា​លេស​ ​ដើម្បី​កម្ចាត់​ក្បាល​ម៉ាស៊ីន​ ​គណបក្ស​ប្រឆាំង មិន​ដល់​មួយ​ឆ្នាំ​ផង​ ​មុនការ​បោះ​ឆ្នោត​ជាតិ​ ​ដែល​គ្រោង​រៀប​ចំ​ឡើង​ នៅ​ខែ​កក្កដា ​២០១៨។​

លោក​ សម រង្ស៊ី​ បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖​

«ខ្ញុំអាច​និយាយបាន​ថា​ ការ​ចោទ​ប្រកាន់​ពី​បទ ក្បត់​ជាតិ និង​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​ប្រទូស​រ៉ាយ​ និង​ផ្តួល​រំលំ​រដ្ឋាភិបាល ការចោទ​ប្រកាន់​បែប​នេះ គ្មាន​មូលដ្ឋាន​ទាល់​តែ​សោះ ពី​ព្រោះ​ខ្ញុំបាន​ធ្វើ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តាំង​ពី​ថ្ងៃ​បង្កើត​គណបក្ស​នេះ ក្នុង​ខែ​មេសា ២០១៣​ រហូត​ដល់​ថ្ងៃ​លាលែង​របស់​ខ្ញុំ ក្នុង​ខែ​កុម្ភៈ ២០១៧។ ខ្ញុំ​អាច​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​ការដឹកនាំ​របស់ខ្ញុំ មិន​ដែល​នឹក​ឃើញ ហើយ​មិន​ដែល​ធ្វើ​សកម្មភាព​អ្វី​មួយ ដែល​អាច​យក​ជា​មូលដ្ឋាន​ដើម្បី​ធ្វើ​ការចោទ​ប្រកាន់​ខាង​លើ​នេះ»។

អតីត​មេបក្ស​ជំទាស់​រូប​នេះ​ ​ក៏បានបាន​ថ្លែង​ចោទសួរ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«តើជា “អំពើក្បត់ជាតិ” ​ឬ​ ការ​ដែល​យើង​គ្រាន់​តែ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ តាម​បែបបទ​ប្រជាធិបតេយ្យ​ ហើយ​ព្យាយាម​សម្រេច​គោលដៅ​នេះ​ ដោយ​អហិង្សា​និង​សន្តិវិធី​តាម​រូបភាព ការ​ដួល​រលំ​ជញ្ជាំង​ទីក្រុង​ប៊ែរឡាំង នៅ​ឆ្នាំ ១៩៨៩ និង​ការដួល​រលំ​អំណាច​ផ្តាច់​ការ​ជា​ច្រើន​ ក្នុង​ពិភពលោក ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ និង​ឆ្នាំ ២០០០?​ តើជា “ការឃុប​ឃិត​ជាមួយ​បរទេស​” ឬ ការ​ដែល​យើង​ស្វែង​រក​សាមគ្គីភាព ពី​អ្នក​ប្រជាធិបតេយ្យ​ទាំង​អស់​ក្នុង​ពិភព​លោក ដែល​មាន​ជំនឿ​លើ​គុណ​តម្លៃ​ជា​សកល​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស?»។

​ដោយ​ឡែក​ លោក​ W. Patrick Murphy ​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​ប៉ាស៊ីហ្វិក​ និង​អាស៊ីខាង​កើត​ បាន​ចោទសួរ​ពី​ភាពស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត​នៅឆ្នាំ​ ២០១៨។

​លោក​បាន​សរសេរ​ក្នុង​គណនីរបស់​លោក​លើ​បណ្តាញសង្គម​ ​Twitter ​ ​ក្នុង​ន័យដើមថា៖

«ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​ជាទីគោរព​លោក​ កឹម សុខា​ ធ្វើ​ឲ្យ​អន់​ថយវឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា ហើយ​និង​មានការ​ចោទសួរ​អំពី​ភាព​ស្របច្បាប់​នៃ​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨»។

​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​ ក៏​បាន​បាន​ប្រតិកម្មជា​បន្ត​បន្ទាប់​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ក្រោយ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ផងដែរ​ ​។​

​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ដែល VOA ​ទទួល​បានពី​ក្រសួង​ការ​បរទេស​អាមេរិក​ បាន​បញ្ជាក់​ថា​៖

«យើង​កត់​សម្គាល់​ពី​ក្តីបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់ខ្លួន​លោក ​កឹម សុខា​ ដែល​ជា​មេដឹកនាំ​គណបក្ស​នយោបាយ​ជំទាស់​ដ៏​គួរ​ឲ្យ​គោរព​ ពី​បទចោទ​មួយ​ចំនួន​ដែល​មើល​ទៅ​ហាក់​ដូចជា​មាន​និន្នា​ការ​នយោបាយ»។​

​ដោ​យ​ឡែក​នៅក្នុងសេចក្តី​ថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប​វិញបានបញ្ជាក់​ថា៖

«ដំណើរការ​ប្រជាធិបតេយ្យ​ដែល​គួរឲ្យ​ជឿជាក់​បាន​ចំពោះ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នា​ពេល​ខាងមុខ​ក្នុងខែ​កក្កដា​ ឆ្នាំ២០១៨​នោះ​ ចាំបាច់​ត្រូវមាន​បរិយាកាស​ដែល​គណបក្ស​នយោបាយ​នានា​ អង្គការ​សង្គម​ស៊ីវិល ​និង​បណ្តាញ​ព័ត៌មាន ​អាច​អនុវត្ត​តួនាទី​របស់​គេ​រៀងខ្លួន​តាម​ច្បាប់​ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច គ្មាន​ការ​គំរាម​កំហែង​ ឬ​រឹតត្បិត​តាម​អំពើ​ចិត្ត​ឡើយ។​ សហភាព​អឺរ៉ុប​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​បន្ត​ជួយ​ដល់​កម្ពុជា​ក្នុង​កិច្ច​ប្រឹងប្រែង​នេះ។ ​យើងក៏​រំពឹង​ថា​ អាជ្ញាធរ​កម្ពុជា​គោរព​សិទ្ធិ​ទទួល​បាន​ដំណើរការ​ផ្លូវច្បាប់​របស់​ពលរដ្ឋ​កម្ពុជា​ទាំងអស់ ​ហើយ​នឹង​ប្រតិបត្តិការ​របស់​អង្គការ​នានា​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​ ដោយសារ​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោក​ កឹម សុខា​ យើង​សង្ឃឹម​ថា​ អាជ្ញាធរ​នឹង​ដោះ​លែង​លោក​ កឹម​ ​សុខា​ ជា​បន្ទាន់»។

ក៏​ប៉ុន្តែ​ស្ថាប័ន​មួយចំនួន​របស់​រដ្ឋាភិបាល​និងកងទ័ព​បាន​ចេញ​ញត្តិ​គាំទ្រ​ សេចក្តីគាំទ្រ​សេចក្តី​ថ្លែង​ការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​របស់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ចំពោះ​ លោក​ កឹម សុខា។​ តាម​ញត្តិ​គាំទ្រ​ របស់​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ ​និង​អធិការកិច្ច​ដឹកនាំ​ដោយ​អ្នកស្រី​ ម៉ែន សំអន​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​ផែនការ​ឃុបឃិត​គ្នា​ជាសម្ងាត់​ជា​មួយ​បក្ខ​ពួក​បរទេស​របស់​បុគ្គល​ កឹម​ សុខា​ គឺ​ជា​អំពើ​ក្បត់​ជាតិ​ ក្បត់​ប្រជាជន​កម្ពុជា​ទាំង​មូល​ ដែល​ត្រូវផ្តន្ទា​ទោស​យ៉ាង​ធ្ងន់​ធ្ងរ​ស្របតាម​ច្បាប់​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​ ​រីឯ​លោក​ ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​នៅថ្ងៃ​ចន្ទ​នេះ​ ​បាន​ព្រមាន​ចាប់​ខ្លួន​ជន​បរទេស​ ដែល​មាន​ការ​ជាប់​ពាក់​ព័ន្ធ នឹង​សកម្មភាព​លោក​ កឹម សុខា។​

​យោង​តាមកាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ដែល​បាន​ចេញផ្សាយ​នៅ​ ​ថ្ងៃ​ចន្ទនេះ​ ​បាន​ឲ្យដឹង​ថា​ ​កូនស្រី​ លោក កឹម សុខា​ ​និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត​របស់​គណបក្ស​សង្គ្រោះជាតិ​ ​អាចនឹង​ត្រូវបាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ថែម​ទៀត។​ ​កាសែតនេះ​ បានលើក​ឡើង​ពី​កូនស្រីពីរនាក់​របស់​លោក​ កឹម សុខា​ ដែល​រួម​មាន​ ​កញ្ញា​កឹម មនោវិទ្យា​ និង​កញ្ញា​ កឹម សាម៉ា​ធីតា។​ ​កញ្ញា​ កឹម សាម៉ាធីតា​ មិន​មានតូនាទី​អ្វីនៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ តែ​ជាអ្នក​គាំទ្រ​មួយ​រូបរបស់​គណបក្ស​នេះ៕