ព្រះរាជអាជ្ញាមួយរូប នៃសាលាដំបូងខេត្តរតនគិរី បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា អ្នកយកព័ត៌មានពីរនាក់របស់កាសែត The Cambodia Daily នឹងត្រូវកោះហៅមកសួរនាំ ទាក់ទិននឹងការចោទប្រកាន់អំពីការ«ញុះញង់ និងគំរាមកំហែង» អ្នកបោះឆ្នោត។
កាលពីចុងខែឧសភា អ្នកយកព័ត៌មានពីររូបរបស់កាសែត The Cambodia Daily រួមមានលោក Zsombor Peterជនជាតិកាណាដា និងលោក អូន ភាព បានដើរសួរប្រជាពលរដ្ឋនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អំពីការបោះឆ្នោតឃុំ-សង្កាត់ថាតើប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ បានបោះឆ្នោតឲ្យគណបក្សមួយណាកាលពីឆ្នាំ២០១២។
បន្ទាប់ពីការសួរនាំនោះ បណ្ដឹងមួយពីមេឃុំនិងពលរដ្ឋនៅឃុំប៉ាតេ ត្រូវបានដាក់ទៅកាន់អធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវកាលពីថ្ងៃទី២២ ខែឧសភា។ ពាក្យបណ្ដឹងបានចោទថា សកម្មភាពរបស់អ្នកសារព័ត៌មានទាំង២រូប គឺផ្ទុយពីច្បាប់បោះឆ្នោត ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
លោកព្រះរាជអាជ្ញា ជា ពេជ្រ នៃសាលាដំបូងខេត្តរតនគិរី ថ្លែងប្រាប់ VOA នៅថ្ងៃសៅរ៍នេះថា លោកនឹងកោះហៅភាគីពាក់ព័ន្ធទាំងអស់ រួមមាន លោក Zsombor Peter និងលោក អូន ភាព នៅក្រោយការបោះឆ្នោតឃុំ-សង្កាត់។
«អូ៎ ការងារហ្នឹងទាល់តែបោះឆ្នោតរួច បានកោះហៅអញ្ជើញគាត់បំភ្លឺ»។
លោក ជា ពេជ្រ សុំមិនផ្ដល់សេចក្ដីអធិប្បាយបន្ថែមនោះទេអំពីព័ត៌មានលម្អិតនៃការសាកសួរនោះ។
កាលពីថ្ងៃពុធកន្លងទៅ លោក ជា ពេជ្រ បានប្រាប់ VOA ថា ការស៊ើបអង្កេតកំពុងបន្តលើបណ្ដឹង ប្រឆាំងអ្នកកាសែតពីរនាក់នេះ ក្រោយគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត ហៅកាត់ថា (PEC) បានឲ្យដឹងថា ខ្លួនពុំមានអំណាចស៊ើបអង្កេតលើបណ្ដឹងនេះ។
យ៉ាងណាក៏ដោយ លោកព្រះរាជអាជ្ញារង ហាក់ ហួន នៃតុលាការខេត្តរតនគិរី ធ្លាប់បានបញ្ជាក់ថា តុលាការគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីបន្តរឿងក្តីនេះឡើយ។
លោក ប៉ែន ឈុនឌី ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត ក៏បានឲ្យដឹងកាលពីពេលកន្លងមកថា គណៈកម្មាធិការ មិនបានទទួលពាក្យណាមួយ ដែលប្ដឹងប្រឆាំងនឹងអ្នកកាសែតទាំងពីរនាក់នោះទេ។
លោក អូន ភាព អ្នកយកព័ត៌មានរបស់កាសែត The Cambodia Daily ដែលកំពុងរងការចោទប្រកាន់ បានឲ្យ VOA ដឹងនៅថ្ងៃសៅរ៍នេះថា ស្ថាប័នកាសែតរបស់លោក រកបានមេធាវីការពាររឿងក្តីនេះហើយ។ ក៏ប៉ុន្តែ លោកសុំមិនធ្វើការអធិប្បាយពាក់ព័ន្ធនឹងការចូលខ្លួនទៅតុលាការ ឬយ៉ាងណានោះទេ។
របាយការណ៍របស់កាសែត The Cambodia Daily ដែលបានចេញផ្សាយកាលពីថ្ងៃពុធបានឲ្យដឹងថា ក្នុងបណ្ដឹងចុះថ្ងៃទី ២២ ខែឧសភា មេឃុំប៉ាតេ លោក រម៉ាម យួត មកពីគណបក្ស សម រង្ស៊ី និងអ្នក ភូមិឈ្មោះ សេវ បន និងបុរសម្នាក់ទៀតឈ្មោះ រចំ យ៉ិ រស់នៅក្នុងឃុំនេះ បានចោទអ្នកយកព័ត៌មានទាំងពីរនាក់នេះពីបទ «ញុះញង់ឲ្យគាំទ្រគណបក្សប្រឆាំង» និងរំលោភសិទ្ធិស្វ័យសម្រេច តាមរយៈការសួរសំណួរថា តើប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សណានៅក្នុងឆ្នាំ ២០១២។
ឃុំប៉ាតេ គឺជាឃុំតែមួយគត់នៅក្នុងខេត្តរតនគិរី ដែលគណបក្សប្រឆាំងបានឈ្នះធ្វើជាមេឃុំ កាលពីប្រាំឆ្នាំមុន។
កាសែត The Cambodia Dailyគឺជាស្ថាប័នព័ត៌មានបោះពុម្ពផ្សាយជាភាសាខ្មែរ និងអង់គ្លេសជាង២៤ឆ្នាំមកហើយ។ ជារឿយៗកាសែតនេះ បានរិះគន់ធ្ងន់ៗទៅលើភាពអវិជ្ជមានរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចអស់រយៈពេលជាង៣០ឆ្នាំ។ នេះមិនមែនជាលើកទី១ទេ ដែលអ្នកសារព័ត៌មានរបស់កាសែត The Cambodia Daily រងការចោទប្រកាន់ពីតុលាការដែលគេដឹងថាមានភាពជិតដិតជាមួយគណបក្សកាន់អំណាចនោះ៕