ជនជាតិ​ដើម​នៅ​រតនគិរី​ឈ្នះ​បាន​ដី​ដូនតា​ពី​ក្រុមហ៊ុន​វៀតណាម

រូបឯកសារ៖ សហគមន៍ជនជាតិដើមភាគតិច កាចក់ នៅភូមិអ៊ិន ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ចូលរួម​ប្រជុំកំណត់អត្តសញ្ញណ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។ (រូបថតដោយនាយកដ្ឋានអភិវឌ្ឍជនជាតិភាគតិច)

លោក សេវ សឿន​ តំណាង​សហគមន៍​មក​ពី​ភូមិ​កក់ បាន​បញ្ជាក់​ថា​ លោក​សប្បាយ​រីករាយ​ដែល​ទទួល​បាន​ដី​សក្តិសិទ្ធិ​របស់​ដូនតា​មក​វិញ​ ក៏ប៉ុន្តែ​ប្តេជ្ញា​ថា​ នឹង​បន្ត​ការ​តស៊ូ​រហូត​ទាល់តែ​ក្រុមហ៊ុន​ជួសជុល​ការ​ខូចខាត​ព្រៃ​ និង​ប្រភព​ទឹក​ និង​ផ្តល់​សំណង​ដល់​សហគមន៍​រងគ្រោះ។

សហគមន៍​ជនជាតិ​ដើម​និង​សកម្មជន​ដីធ្លី​ទទួល​បាន​ជោគជ័យ​ថ្មី​មួយ​ នៅ​ពេល​ដែល​អាជ្ញាធរ​សម្រេច​បាន​ដកហូត​ភ្នំ​និង​តំបន់​សក្តិសិទ្ធ​ពី​ក្រុមហ៊ុន​ចំការ​កៅស៊ូ​វៀតណាម ហើយ​ប្រគល់​ជូន​សហគមន៍នៅ​ខេត្ត​រតនគិរី​វិញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​សមធម៌​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ។

សកម្មជន​សិទ្ធិ​ដីធ្លីបាន​សរសើរ​រដ្ឋាភិបាល​ចំពោះ​កា​រសម្រេច​នេះ ​ប៉ុន្តែ​ពួកគេ​នៅបន្ត​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ ហ៊ងអាញ់ យ៉ាឡាយ​ (Hoang Anh Gia Lai (HAGL))​ របស់​វៀតណាម ជួសជុល​ការ​ខូច​ខាត​និង​ផ្តល់​សំណង​ដល់​សហគមន៍​ជាមុន​សិន​ មុន​នឹង​ពួកគេបញ្ចប់​ការ​ទាមទារ​រយៈពេល​ជិត​មួយ​ទសវត្សរ៍​មកនេះ។

ផ្ទៃដី​សរុប​ដែល​ត្រូវកាត់ចេញ​ពី​ដីសម្បទាន​សេដ្ឋកិច្ច​ ហើយប្រគល់​មក​វិញ​នោះ ​មាន​ចំនួន ​៧៤២,២៦ ហិកតា​ ដែល​គ្រប​ដណ្តប់​លើ​ភ្នំអារក្ស ​ចំនួន​ ២០ និង​ទីសក្ការៈ​ជាច្រើន​ទៀតរបស់​ពលរដ្ឋ​ចំនួន​ ១២ ភូមិ ​ក្នុង​ស្រុក​អូជុំ​ និង​ស្រុក​អណ្តូង​មាស។ នេះ​បើ​តាម​ឯកសារ​របស់​ក្រសួង​មហាផ្ទៃ​ដែល VOA ​ទទួល​បាន។​ ការ​ប្រកាស​ពី​ការ​ប្រគល់​នេះ​បាន​ធ្វើ​ឡើង​ នៅ​សាលា​ខេត្ត​រតនគិរី​កាលពី​ថ្ងៃ​អង្គារ។

លោក អៀង វុទ្ធី​ នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា បាន​បញ្ជាក់​ប្រាប់ VOA ​ថា៖

«សហគមន៍​មាន​ការ​ត្រេកអរ​ នៅ​ពេល​ដែល​មាន​ដំណោះស្រាយ​ខាងលើ​នេះ​ ប៉ុន្តែ​ខាង​សហគមន៍គាត់​ចង់​ឱ្យ​បន្ត​នូវ​ការ​ជជែក​គ្នា​ ផ្តល់​ដំណោះស្រាយ​នូវអ្វី​ដែល​គាត់​បាត់​បង់។ ជាពិសេស​ផ្លូវ​និង​ស្ពាន​ ដែល​ខូច​ និង​ប្រភព​ទឹក​ ដោយសារ​នោះ​ជា​ចំណែក​មួយ​ដ៏សំខាន់​សម្រាប់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ‍»។​

លោក​ស្រី ដាំ ចន្ធី ​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​ខ្មែរ​លើ​ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ​ការ​សម្រេច​ចិត្ត​នេះ​តំណាង​ឱ្យ​ការ​ទទួល​ស្គាល់​ ដែល​មិន​ធ្លាប់មាន​ពីមុន​មក​នូវ​សិទ្ធិ​ជនជាតិ​ដើម​ ជាជាង​ការ​ផ្តល់​តម្លៃ​ដល់​ផលប្រយោជន៍​ឈ្មួញ។

លោកស្រី​បាន​បន្ថែម​ថា៖

«យើង​សូម​សរសើរ​រដ្ឋាភិបាល​ចំពោះ​ការ​ធ្វើ​កិច្ចការ​ត្រឹមត្រូវ​ និង​ដម្កល់​ផលប្រយោជន៍​ពលរដ្ឋ​ជា​ធំ‍»។​

បើទោះបីជា​សហគមន៍​សរសើរ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ ប៉ុន្តែ​ពួកគេ​ក៏នៅ​បន្ត​ប្តឹង​ទៅស្ថាប័ន​ហិរញ្ញវត្ថុ​របស់​ធនាគារ​ពិភព​លោក ដែល​ជា​អ្នក​ផ្តល់​ថវិកា​វិនិយោគ​ដល់​ក្រុមហ៊ុន​ HAGL ​ដោយ​សារតែ​ក្រុមហ៊ុន​ចំការ​កៅស៊ូ​មួយ​នេះ​បាន​ដក​ខ្លួន​ជា​ឯកតោ​ភាគីពី​ការ​សម្របសម្រួល​នានា​ ដោយ​មិន​ព្រម​ជួសជុល​ការ​ខូតខាត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​សមធម៌​កម្ពុជា។

លោក ​អៀង វុទ្ធី បាន​បញ្ជាក់​បន្ថែម​ថា៖

«នៅចុងក្រោយ​នេះ​ គឺ​គាត់​នៅ​មិន​ទាន់​អនុវត្ត​កិច្ច​សន្យា ​ដូច​មាន​ចែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ ដោយ​គាត់​សន្យា​ថា​ គាត់​នឹង​ធ្វើការ​ស្តារ​ឡើងវិញ​ទៅលើ​ប្រភព​ទឹក ឬក៏​ផ្លូវ​ដែល​ខូចខាត​ ជាពិសេស​ទ្រព្យ​សម្បត្តិ​ដែល​គាត់​ធ្វើ​ឱ្យ​ខូចខាត​កន្លងមក​ហើយ ប្រជាពលរដ្ឋ​សុំ​ឱ្យ​គាត់​ធ្វើការ​ស្តារ និង​ផ្តល់​ជា​ដំណោះស្រាយ​ទៅលើ​បញ្ហា​ទាំង​អស់​នោះ‍»។

មាន​អង្គការ​ចំនួន​បី​ ដែល​កំពុង​តែ​ជួយ​តំណាង​ពលរដ្ឋ​ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង​នេះ ក្នុងនោះ​មាន​អង្គការ​សមធម៌​កម្ពុជា អង្គការ​ខ្មែរលើ និង​អង្គការ​អភិវឌ្ឍន៍ ​ដែល​មានការ​ចូលរួម​អន្តរជាតិ។ VOA ​នៅមិន​ទាន់​អាច​ទាក់​ទង​នឹង​តំណាង ក្រុមហ៊ុន ហ៊ងអាញ់ យ៉ាឡាយ ​បាននៅឡើយ​ទេ​នៅថ្ងៃ​ពុធនេះ។

លោក សេវ សឿន​ តំណាង​សហគមន៍​មក​ពី​ភូមិ​កក់ បាន​បញ្ជាក់​ថា​ លោក​សប្បាយ​រីករាយ​ដែល​ទទួល​បាន​ដី​សក្តិសិទ្ធិ​របស់​ដូនតា​មក​វិញ​ ក៏ប៉ុន្តែ​ប្តេជ្ញា​ថា​ នឹង​បន្ត​ការ​តស៊ូ​រហូត​ទាល់តែ​ក្រុមហ៊ុន​ជួសជុល​ការ​ខូចខាត​ព្រៃ​ និង​ប្រភព​ទឹក​ និង​ផ្តល់​សំណង​ដល់​សហគមន៍​រងគ្រោះ។

ក្រុមហ៊ុន​វៀតណាម​ ហ៊ងអាញ់ យ៉ាឡាយ​ (Hoang Anh ​Gia Lai) បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​ឈូស​ឆាយ​លើ​ដី​សម្បទាន ​៤​ម៉ឺន​ ៧​ពាន់​ ហិកតា​ ក្នុង​ខេត្ត​រតនគិរី ក្រោយពី​ទទួល​បាន​អាជ្ញា​បណ្ណ​ពី​រដ្ឋាភិបាល​នៅ​ឆ្នាំ​ ២០១០​ ​ដែល​ក្រុម​អង្គការ​ឃ្លាំ​មើល​ផ្នែក​បរិស្ថាន​និង​សិទ្ធិ​លំនៅដ្ឋាន បាន​អះអាង​ថា​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ដោយ​មិន​ផ្ទាល់​ដល់​ពលរដ្ឋ​យ៉ាងតិច​ ២​ពាន់ ​គ្រួសារ៕