តុលាការ​ខេត្ត​រតនគិរី កាត់ទោស​សកម្មជន​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​៥ឆ្នាំ ក្រោម​បទ​ចោទ​កាប់រាន​ព្រៃ

រូបឯកសារ៖ ដើមឈើ​ដែល​ត្រូវ​បាន​លួច​កាប់ នៅ​ក្នុង​ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី ហើយ​ត្រូវ​បាន​ឃាត់​ទុក​នៅ​ក្នុង​ព្រៃ​ដោយ​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​រស់​នៅ​ភូមិ​ក្បែរ​នោះ កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។ (វីអូអេ)

តុលាការ​ខេត្ត​រតន​គិរី កាល​ពី​ថ្ងៃ​ពុធ បាន​សម្រេច​ផ្តន្ទា​ទោស​សកម្មជន​ព្រៃ​ឈើ​មួយ​រូប គឺ​លោក ឆន ផល្លា ឲ្យ​ជាប់​ពន្ធនាគារ​៥ឆ្នាំ ក្រោយ​លោក​ត្រូវ​បាន​អាជ្ញាធរ​ចំនួន​៦រូប ប្តឹង​ និង​ចោទ​រូប​លោក​ថា ​កាប់​រុក​រាន​ព្រៃ។

លោក ឆន ផល្លា អាយុ​៤៣​ឆ្នាំ រស់​នៅ​ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ដែល​ការពារ​ព្រៃឈើ​ច្រើន​ឆ្នាំ​មក​ហើយ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួនកាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ ក្រោយ​លោក​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ​ថ្មី​នៅ​ប៉ុស្តិ៍​នគរបាល ហើយ​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ទីនោះ។

លោក​ កែវ ពិសុទ្ធ ប្រធាន​លេខាធិការ​ដ្ឋាន​រដ្ឋបាល​របស់​តុលាការ​ខេត្ត​រតនគិរី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ​លោក ឆន ផល្លា ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ៥​ឆ្នាំ​ ក្រោម​បទ​ចោទ«កាប់​រាន​ព្រៃ ឈូស​ឆាយ​ដី​ព្រៃ ហ៊ុម​ព័ទ្ធ​កាន់​កាប់​ដី​ព្រៃ»​នៃ​មាត្រា​៩៧​នៃ​ច្បាប់​ស្តី​ពី​ព្រៃឈើ។

មាត្រា​នេះ​មាន​ន័យ​ដើម​ថា​ ត្រូវ​ផ្តន្ទា​ទោស​ក្រោម​បទ​ល្មើស​ព្រៃឈើ​ថ្នាក់​ទី​១ ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ ទៅ១០​ឆ្នាំ​ និង​ត្រូវ​រឹប​អូស​វត្ថុ​តាង​ទាំង​អស់​មក​ជា​សម្បត្តិ​រដ្ឋ​ ដក​ហូត​កិច្ច​ព្រម​ព្រៀង​ អាជ្ញា​បណ្ណ លិខិត​អនុញ្ញាត​ និង​កម្ទេច​ចោល​វត្ថុ​តាង​ក្លែង​ជា​ដើម។

លោក កែវ ភក្តី អ្នក​នាំ​ពាក្យ​អយ្យការ​តុលា​ការ​ខេត្ត​រតនគិរី​មួយ​រូប​ទៀត ប្រាប់​វីអូអេ​ថា ​កាល​ពី​ដើម​ឡើយ​ លោក ឆន ផល្លា ត្រូវ​បាន​ចោទ​ពី​បទ«កាប់​គាស់​ រុករាន​ដី​ព្រៃ​ឆ្ការ​ដុត​ និង​ឈូស​ឆាយ​ដី​ព្រៃ​ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ»នៃ​មាត្រា​៦២​ចំណុច​ទី​១នៃ​ច្បាប់​ស្តី​ពី​តំបន់​ការពារ​ធម្មជាតិ។ ប៉ុន្តែ​ក្រោយ​មក តុលាការបាន​ប្តូរ​បទ​ចោទ​វិញ​ បន្ទាប់​ពី​មន្រ្តី​បរិស្ថាន​ បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ទី​តាំង​ផ្ទាល់​ក្នុង​នាម​ជា​មន្ត្រី​នគរ​បាល​យុត្តិធម៌ និង​មន្រ្តី​ជំនាញ​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតន​គិរី។

លោក​មាន​ប្រសាសន៍​ថា​៖ «អ៊ីចឹង​ពី​ម្សិល​មិញ​នេះ គឺ​បាន​ន័យ​ថា​ បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​គាត់ ធ្វើ​ការ​សវនាការ​ជំនុំ​ជម្រេះ​រួច​មក​ ឆន​ ផល្លា ​រួច​ហើយ។ អ៊ីចឹង​បាន​ន័យ​ថា​ គាត់​ប្រកាស​សាល​ក្រម​ពី​ម្សិលមិញ​នេះ ​ផ្តន្ទាទោស​រួច​ហើយ​ចង់​និយាយ​អ៊ីចឹង​នឹង​ហា៎។ ក្នុង​ករណី​ដែល​គាត់​មិន​សុខ​ចិត្ត​ជាមួយ​នឹង​សេចក្តី​សម្រេច​ហ្នឹង​ទេ​ គឺ​គាត់​អាច​ប្តឹង​ឧទ្ធរណ៍​បាន​» ។

លោក សំ ទិត្យ​សីហា មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ឆន ផល្លា ថ្លែង​ថា​ ការ​ប្រកាស​សាល​ក្រម​កូន​ក្តី​របស់​លោក មាន​ភាព​ឆាប់​រហ័ស​ពេក ព្រម​ទាំង​មិន​មាន​ភាព​យុត្តិធម៌​នោះ​ទេ ខណៈ​សាល​ក្រម​ដែល​កូន​ក្តី​របស់​លោក ​ធ្លាប់​បាន​ប្តឹង​ទៅ​តុលាការ​ពី​ករណី​បទ​ល្មើស​ព្រៃ​ឈើ តាំង​ពី​ឆ្នាំ​២០១៧ ​មិន​ទាន់​មាន​ការ​ប្រកាសទេ​ រហូត​មក​ទល់​ពេល​នេះ។

លោក​ប្រាប់​វីអូអេ​ថា​៖ «សម្រាប់​ខ្ញុំ​ជា​មេធាវី​ការ​ពារ​សិទ្ធិ​ឲ្យ​គាត់​ឃើញ​ថា ​ការ​សម្រេច​របស់​សាលា​ដំបូង​សាលា​រាជធានី​ មិន​បាន​ផ្តល់​យុត្តិធម៌​ទៅ​ដល់​លោក​ ឆន​ ផល្លា ទេ​។ ដោយ​ហេតុ​ថា​ ទី​១​ លោក ​ឆន​ ផល្លា​ មិន​បាន​ប្រព្រឹត្ត​ដូច​ជា​ការ​ចោទ​ប្រកាន់​ទេ។ ទី​២ គាត់​មិន​មាន​ដី​រហូត​ដល់​ដូច​ការ​ប្តឹង​ទេ​។ ហើយទី​៣ គាត់​ជា​បុគ្គល​ម្នាក់​ដែល​មាន​ភាព​ក្លាហាន​ជួយ​ទៅ​ដល់​អាជ្ញាធរ​ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ដូច​ជា​ការ​ទន្ទ្រានដី​ព្រៃ​យ​ក​ធ្វើ​កម្មសិទ្ធិ​ យក​ទៅ​លក់​ឲ្យ​ឈ្មួញ»។

លោក​មេធាវី​ស្នើ​សាលា​ឧទ្ធរណ៍​ដែល​លោក​បាន​ប្តឹង​ទាស់ ឲ្យ​ជួយ​ស្វែង​រក​ការណ៍ពិត និង​កាត់​ក្តីដោយ​យុត្តិ​ធម៌​ជូន​កូន​ក្តី​របស់​លោក។

បើ​តាម​មេធាវី ក្នុង​បទ​ចោទ​ប្រកាន់​នោះ លោក ឆន​ ផល្លា ត្រូវ​បាន​ប្តឹង​ថា ​រំលោភ​យក​ដី​ខុស​ច្បាប់​ប្រមាណ​ ៦២ ​ហិកតា ប៉ុន្តែ​មេធាវី​ការ​ពារក្តីអះ​អាង​ថា ​កូនក្តី​របស់​លោក​ មិន​មាន​ដី​នោះ​ទេ។

លោក​បន្ថែម​ថា៖ «គាត់​អត់​មាន​ដី​សូម្បី​តែកន្លះ​ហិកតា សូម្បី​តែ​១០ ឬ​ក៏​២០ម៉ែត្រ​ក៏​អត់​មាន។ មាន​តែ​កម្មសិទ្ធិ​ដី​ប្រពន្ធ​របស់​គាត់ ដែល​ប្រពន្ធ​គាត់​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ទំពួន​ ទៅ​រស់​នៅ​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ។ ប្រពន្ធ​គាត់​មាន​ដី​តាំង​ពី​មរតក​តាំង​ពី​ឪពុក​ម្តាយ​របស់​គាត់​ទេ។ ចំណែក​លោក ឆន ផល្លា​ គាត់​អត់​មាន​អីទេ សម្បី​តែ​មួយ​ចង្អាម​ក៏​អត់​មាន​ដែរ»។

ភរិយា​របស់​លោក ឆន ផល្លា អ្នកស្រី ​ខាំ សាលុង ធ្លាប់​ប្រាប់​វីអូអេ​ថា​ ស្វាមី​មិន​ដែល​បាន​ទៅ​ឈូស​ឆាយ​ដី​អ្វី​នោះ​ទេ ហើយ​ស្វាមី​ជា​អ្នក​ការពារ​ព្រៃឈើ និង​ស្រឡាញ់​ព្រៃឈើ។

លោក ឌិន ខន្នី អ្នក​សម្រប​សម្រួល​សមា​គម​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា​ លោក ឆន ផល្លា ធ្លាប់​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ប្រឆាំង​នឹង​បទ​ល្មើស​ព្រៃឈើ។ លោក​បន្ថែម​ថា ​ក្រោម​ការ​ស៊ើប​អង្កេត តាំង​ពី​ឆ្នាំ​២០១៧ ​លោក ឆន​ ផល្លា ជា​មនុស្ស​ស្អាត​ស្អំ និង​សកម្ម​ក្នុង​ការ​ការពារ​បរិស្ថាន។

លោក​ថ្លែង​ថា​៖ «បើ​យើង​និយាយ​ទៅ​មុន​ឆ្នាំ​២០១៧ទៀត​ យើង​បាន​ធ្វើ​ការ​ជាមួ​យ​គាត់​ហ្នឹង​ គឺ​នៅ​ក្នុង​ឆ្នាំ​២០១៧ ឃើញ​គាត់​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​រហូត​ដល់​ទៅ​៧​ ទៅ​៨​បណ្តឹង​ឯ​នោះ។ ហើយ​ទាក់​ទិន​ជា​មួយ​នឹង​ការ​ការពារ​បទ​ល្មើស​ព្រៃឈើ​ហ្នឹង កាល​ដែល​គាត់​ប្តឹង​មិន​មែន​ប្តឹង​ធម្មតា​ទេ​ គាត់​ប្តឹង​រហូត​ដល់​មេ​ភូមិ​ មេ​ឃុំ មេប៉ុស្តិ៍​ អី​ទាំង​អស់​មន្រ្តី​បរិស្ថាន​ ទាក់​ទង​ជា​មួយ​នឹង​ការ​អនុគ្រោះ​ឲ្យ​មាន​បទ​ល្មើស​ព្រៃ​ឈើ​ហ្នឹង​ផង អា​ហ្នឹង​យើង​ដឹង​ទាំង​អស់​គ្នា​» ។

លោក​បន្ថែម​ថា ​ការ​ចោទ​ប្រកាន់ និ​ង​កាត់​ទោស​សកម្ម​ជន​រូប​នេះ​ឲ្យ​ជាប់​ទោស​ដល់​ទៅ​៥ឆ្នាំនេះ ជា​«ទំហំ​ទោស​ធ្ងន់​ធ្ងរ» និង​ជា​«ការ​សោក​ស្តាយ​ជា​ខ្លាំង»។ លោក​បន្ថែម​ថា​ លោក​ ឆន ផល្លា កំពុង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រចាំ​កាយ និង​សុខភាព​ចុះ​ទ្រុឌ​ទ្រោម​ផង​ដែរ។

លោក​ថ្លែង​ថា​៖ «ខ្ញុំ​យល់​ថា​ ការ​ផ្តន្ទា​ទោស​នេះ​ នឹង​ធ្វើ​ឲ្យ​សកម្មជន​បរិស្ថាន​ដទៃ​ទៀត សកម្ម​ជន​ដី​ធ្លី​ដទៃ​ទៀត​ដែល​គាត់​ធ្វើ​ការ​ងារ​ដោយ​ស្មគ្រ័​ចិត្ត គ្មាន​ប្រាក់​ខែ​សោះ​ហ្នឹង ងាយ​នឹង​ទទួល​រង​ការ​គំរាម​គំហែង​ដល់​ពួក​គាត់ វា​អាច​ធ្វើ​ឲ្យ​ពួក​គាត់​អាក់​ដំណើរ​របស់​គាត់ វា​អាច​ធ្វើ​ឲ្យ​គាត់​មិន​ហ៊ាន​ចូល​រួម។ ហើយ​ប្រសិន​បើ​ពួក​គាត់​លែង​ហ៊ាន​សូវ​ចូល​រួម​ទេ ហើយ​ប្រសិនបើ​ពួក​គាត់​អាក់​ដំណើរ​ទេ​ មាន​ន័យ​ថា ​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ មាន​ដី​របស់​រដ្ឋ​ មាន​ព្រៃ​ឈើ​អី​ជា​ដើម​នោះ​ វា​កាន់​តែ​វិនាស​ទៅៗ»។

លោក​ស្នើ​ឲ្យ​ប្រព័​ន្ធតុលាការ​គ្រប់ជាន់​ថ្នាក់ ក៏​ដូចជា​រដ្ឋាភិបាល​ត្រួត​ពិនិត្យ​ករណី​នេះ​ឡើង​វិញ ហើយ​ផ្តល់​សេរីភាព​ឲ្យ​លោក​ ឆន ផល្លា​វិញ ដើម្បី​លើក​កម្ពស់​ប្រជា​សហគន៍​ដែល​ចូល​រួម​ការពារសម្បត្តិ​ធម្មជាតិ៕