ការ​រលាយ​យ៉ាង​ឆាប់​រហ័ស​នៃ​ទឹកកក​តំបន់​អាកទិក​​បង្ហាញ​ពី​កំណើន​ល្បឿន​នៃ​ការ​ឡើង​កម្តៅ​ផែនដី

  • Lisa Schlein

រូបឯកសារ៖ ទឹកកក​នៅ​តំបន់​អាកទិក​រួម​តូច​នៅ​ក្នុង​កម្រិត​ទាប​បំផុត​ទី​ពីរ ចាប់​តាំង​ពី​អ្នកវិទ្យាសាស្រ្ត​ចាប់​ផ្តើម​ធ្វើការ​ពិនិត្យ​ទៅ​លើ​ស្រទាប់​ទឹកកក​តាមរយៈ​ផ្កាយរណប។ រូបភាព​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៦ បង្ហាញ​ថា ទំហំ​ទឹកកក​មាន​ប្រមាណ​តែ ១,៦ លាន​ម៉ាយ​ការេ​ប៉ុណ្ណោះ ដែល​ជា​កម្រិត​ទាប​បំផុត​ទី​ពីរ​ចាប់តាំង​ពី​ទំហំ ១,៣១ លានម៉ាយការេ​ក្នុង​ឆ្នាំ​ ២០១២។

អង្គការ​ឧតុនិយម​ពិភពលោក (World Meteorological Organization) ព្រមាន​ថា ទឹកកក​នៅ​តំបន់​អាកទិក​កំពុង​តែ​រលាយ​នៅ​ក្នុង​ល្បឿន​លឿន​ជាង​ការ​រំពឹង​ទុក ដែល​នេះ​បង្ហាញ​ពី​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រព័ន្ធ​អាកាសធាតុ។ អង្គការ​ឧតុនិយម​ពិភពលោក​កំពុង​តែ​អំពាវនាវ​ឲ្យ​មាន​ការ​បង្កើត​នូវ​មជ្ឈមណ្ឌល​សង្កេត​តាមដាន​មួយ​នៅ​តំបន់​អាកទិក​ដើម្បី​ជួយ​ទប់​ទល់​នឹង​ការ​ប្រែប្រួល​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​មួយ​នេះ។

អង្គការ​ឧតុនិយម​ពិភពលោក ​WMO​ ចាត់​ទុក​ការ​ប្រែប្រួល​នៅ​តំបន់​អាកទិក​ថា​ជា​ «សញ្ញា​ប្រាប់​ដំណឹង» នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រាប់​ពី​គ្រោះ​មហន្តរាយ​ដែល​អាច​នឹង​កើត​មាន​ឡើង។ ទីភ្នាក់ងារ​នេះ​កត់​សម្គាល់​ឃើញ​ថា សីតុណ្ហភាព​ពិភពលោក​កំពុង​បន្ត​កើន​ឡើង​ ដែល​ជា​លទ្ធផល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ដោយ​បាន​ព្យាករណ៍​ថា ​ឆ្នាំ​២០១៦ ​នឹង​ជា​ឆ្នាំ​ក្តៅ​ជា​គេ​បំផុតចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​ធ្វើ​កំណត់​ត្រា​ នៃ​ការ​ឡើង​កម្តៅ​តាំង​ពី​១៥០​ឆ្នាំ​មុន។

នៅ​ខណៈ​ដែល​ពិភពលោក​បន្ត​ឡើង​កម្តៅ​ អង្គការ​ឧតុនិយម​ពិភពលោក ​WMO ​បាន​កត់​សម្គាល់​ថា តំបន់​អាកទិច​កំពុង​តែ​ឡើង​កម្តៅ​យ៉ាង​ហោច​ណាស់​ក្នុង​អត្រា​ពីរ​ដង​នៃ​កម្រិត​មធ្យម​នៃ​កម្តៅ​នៅ​លើ​ពិភពលោក។ អង្គការ​នេះ​និយាយ​ថា បរិមាណ​ទឹកកក​នៅ​តំបន់​អាកទិក​ឥឡូវ​នេះ​គ្រប​ដណ្តប់លើ​ផ្ទៃ​ដី​តិច​ជាង​៤០​ភាគ​រយ​ប៉ុណ្ណោះ​នៅ​ក្នុង​អំឡុងសីតុណ្ហភាព​ខ្ពស់​បំផុត​នៅ​រដូវ​ក្តៅ​ បើ​ប្រៀប​ជាមួយ​នឹង​ទំហំ​ទឹកកក​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៩៧០ និង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៨០។ អង្គការ​នេះ​បន្ត​ថា ទំហំ​អតិបរមា​នៃ​ទឹកកក​នៅ​តំបន់​អាកទិក​ក្នុង​ខែ​មីនា​ គឺ​ស្ថិត​នៅ​កម្រិត​ទាប​បំផុត​នៅ​លើ​កំណត់​ត្រា។ ​

​លោក​ Petteri Taalas ​ អគ្គលេខាធិការ​អង្គការ ​WMO​ បាន​ប្រាប់​ VOA ​ថា ការ​ប្រែប្រួល​អាកាសធាតុ​យ៉ាង​ខ្លាំង​នេះ​កំពុង​តែ​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រព័ន្ធ​អេកូឡូស៊ី។ ជា​ឧទាហរណ៍ លោក​និយាយ​ថា ស្រទាប់​ដើម​ឈើ​នៅ​តំបន់​ភ្នំ​នានា​កំពុង​តែ​ខើច​ឡើង​ទៅ​ផ្នែក​ខាង​លើ។

លោក​និយាយ​ថា៖ «មាន​ប្រភេទ​សត្វ​មួយ​ចំនួន ​ដែល​កំពុង​តែ​មាន​ការ​លំបាក​ក្នុង​ការ​ទប់​ទល់​ជាមួយ​នឹង​ការ​ប្រែ​ប្រួល​នេះ។ សត្វ​ខ្លា​ឃ្មុំ​ទឹកកក​បាន​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង។ ហើយ​យើង​ក៏​ឃើញ​សត្វ​ភេ​តំបន់​អាកទិច និង​សត្វ​ភេ​ប្រភេទ​ដទៃ​ទៀត ​ក៏​ដូចជា​សត្វ​ស្លាប​មួយ​ចំនួន​ដែល​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ទប់ទល់​ដូចគ្នា​ជាមួយ​នឹង​ការ​ប្រែប្រួល​នេះ។ ការ​ឡើង​កម្ដៅ​កំពុង​តែ​ជះ​ឥទ្ធិពល​ផង​ដែរទៅ​លើ​វិស័យ​នេសាទ​នៅ​លើ​ពិភពលោក»។

លោក​ Taalas​ ​មាន​ប្រសាសន៍​ថា ការ​រលាយ​នៃ​ដុំ​ទឹកកក​ក្នុង​ដី​នៅ​តំបន់​អាកទិច​អាច​បញ្ចេញ​នូវ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ក្នុង​បរិមាណ​ដ៏​ធំធេង​ ដែល​នឹង​ជំរុញ​ការ​ឡើង​កម្តៅ​នៅ​លើ​ពិភពលោក​កាន់​តែ​លឿន។

នៅ​ស្រប​ពេល​គ្នា​នេះ​ដែរ លោក​បាន​និយាយ​ថា ការ​រលាយ​ទឹកកក​នៅ​តំបន់​អាកទិក​កំពុង​តែ​នាំ​ឲ្យ​មាន​លទ្ធភាព​សម្រាប់​វិស័យ​ដឹកជញ្ជូន ​វិស័យ​ទេសចរណ៍ ​និង​ការ​រុករក​ផ្សេងៗ។ លោកបន្ថែម​ថា ការណ៍​នេះ​នឹង​កាត់​បន្ថយ​រយៈ​ពេល​នៃ​ការ​ធ្វើ​នាវាចរណ៍​រវាង​អឺរ៉ុប និង​អាស៊ី​បូព៌ា។

ទោះ​យ៉ាង​ណា លោក​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា ការ​បើក​ចំហ​នៃ​តំបន់​អាកទិក​តាម​រយៈ​ការ​រលាយ​ទឹកកក​ អាច​បង្កើន​ហានិភ័យ​នៃ​ការ​កំពប់​ទឹក​កខ្វក់​ និង​ប្រេង​ ដែល​នឹង​មាន​ការ​លំបាក​ក្នុង​ការ​សម្អាត​ជាង​នៅ​កន្លែង​ដទៃ​ទៀត។ លោក​បាន​និយាយ​ថា​ វា​មាន​សារៈ​សំខាន់​នៅ​ក្នុង​ការ​លើកកម្ពស់​ប្រតិបត្តិការ​គ្រប់គ្រង​ផ្នែក​អាកាសធាតុ​ ក៏ដូចជា​ប្រតិបត្តិការ​នៅ​លើ​ដែន​សមុទ្រ​នៅ​តំបន់អាកទិកដើម្បី​ទប់ទល់​នឹង​គ្រោះថ្នាក់​ទាំង​នោះ។​

លោក​ជំរុញ​ឲ្យ​មាន​មជ្ឈមណ្ឌល​សង្កេត​តាម​ដាន​នៅ​តំបន់​អាកទិច​ដើម្បី​តាមដាន ព្យារករណ៍ និង​ទប់​ទល់​ជាមួយ​នឹង​ការប្រែប្រួល​អាកាសធាតុ។ លោក​និយាយ​ថា ការ​ធ្វើ​ដូច្នេះ​នឹង​ធានា​បាន​នូវ​សុវត្ថិភាព​នៃ​ការ​ដឹក​ជញ្ជូន​តាមផ្លូវ​ទឹក​នៅ​តំបន់​អាកទិក៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា