នៅក្នុងតួនាទីជារដ្ឋមន្ត្រីការបរទេសផង និងជាទីប្រឹក្សារដ្ឋផង លោកស្រីបានបំពេញការសន្យា ដែលបានលើកឡើងកាលពីប៉ុន្មានថ្ងៃ មុនថ្ងៃបោះឆ្នោតនៅក្នុងខែវិច្ឆិកា ឆ្នាំមុន។ លោកស្រីបានសន្យាថា ប្រសិនបើគណបក្សលោកស្រីឈ្នះឆ្នោត លោកស្រីនឹងមានតំណែង «ខ្ពស់ជាងប្រធានាធិបតី»ទៅទៀត។ លោកស្រីត្រូវបានហាមឃាត់ពីតំណែងប្រធានាធិបតីនេះ ដោយសារតែកូនៗរបស់លោកស្រីមានសញ្ជាតិជាពលរដ្ឋអង់គ្លេស។ នៅពេលនោះ លោកស្រីទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។
ប៉ុន្តែ វិបត្តិមនុស្សធម៌ដែលចេះតែបន្តនៅក្នុងរដ្ឋ Rakhine របស់មីយ៉ាន់ម៉ា ទំនងបង្ហាញថា លោកស្រីមិនមានអំណាចលើយោធានោះទេ ដោយមានការធ្វើតេស្តដែលមិនធ្លាប់មានពីមុនមក ទៅលើភាពជាអ្នកដឹកនាំរបស់លោកស្រី ហើយអ្នកខ្លះយល់ថា លោកស្រីបរាជ័យលើរឿងនេះ។
ការវាយប្រហារ
វិបត្តិនេះបានកើតឡើងកាលពីថ្ងៃទី៩ ខែតុលា នៅពេលដែលយោធារបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាមូស្លីម បានវាយប្រហារប៉ុស្តិ៍យាមព្រំប្រទល់ចំនួនបីកន្លែង នៅក្នុងភាគខាងជើងនៃរដ្ឋនេះ ដោយបានសម្លាប់ប៉ូលិសប្រាំបួននាក់។ កម្លាំងប្រដាប់អាវុធបានសម្រុកចូលទឹកដីខេត្តនេះ និងបានចាប់ខ្លួនមនុស្សជាង៥០០នាក់ ព្រមទាំងសម្លាប់មនុស្សយ៉ាងហោចណាស់១០០នាក់។ ទាហានយ៉ាងហោចណាស់ប្រាំមួយនាក់បានស្លាប់។
ចាប់តាំងពីប្រតិបត្តិការនោះមក មានការចោទប្រកាន់ជាច្រើនអំពីការរំលោភបំពានផ្លូវភេទ និងការរំលោភបំពានផ្សេងៗទៀត។ អង្គការសហប្រជាជាតិបានឲ្យដឹងថា មនុស្សជាង១០០.០០០នាក់ មិនបានទទួលជំនួយជាមូលដ្ឋាននោះទេ ហើយជនជាតិរ៉ូហ៊ីងយ៉ា ប្រមាណ ២២.០០០នាក់ បានភៀសខ្លួនទៅប្រទេសបង់ក្លាដែស ដែលជាប្រទេសជិតខាង។ ក្រៅពីនេះ កងកម្លាំងសន្តិសុខក៏ត្រូវបានគេចោទប្រកាន់ថា បានកម្ទេចអាគារប្រមាណ ១.៥០០ អគារ។ នេះបើយោងតាមកិច្ចសម្ភាសន៍ និងរូបភាពផ្កាយរណបដែលចេញផ្សាយដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch។
រដ្ឋាភិបាលបានបដិសេធយ៉ាងខ្លាំងក្លាលើការចោទប្រកាន់អំពីការរំលោភបំពានផ្លូវភេទ និងបានអះអាងថា ពលរដ្ឋបានដុតផ្ទះខ្លួនឯង ជាទង្វើនៃការឃោសនាជម្លោះមួយ។ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយត្រូវបានហាមឃាត់មិនអនុញ្ញាតឲ្យចូលទៅក្នុងតំបន់នោះទេ ដែលជាហេតុធ្វើឲ្យពិបាកក្នុងការវាយតម្លៃលើការអះអាងរបស់ភាគីទាំងពីរ។
ស្ថិតក្នុងពេលចលាចលនេះ សហគមន៍អន្តរជាតិមិនយល់ពីការមិនអន្តរាគមន៍របស់លោកស្រី អង់សាន ស៊ូជី។ លោកស្រីមិនបានទៅកន្លែងមានជម្លោះ និងបាននិយាយតិចតួចពីបញ្ហានេះជាសាធារណៈ។ អ្នករិះគន់បាននិយាយថា អ្វីដែលលោកស្រីបាននិយាយ គឺមិនដល់ចំណុចធ្ងន់ធ្ងរនៃបញ្ហានេះនោះទេ ហើយមន្ត្រីរបស់អ.ស.ប.ម្នាក់បានអំពាវនាវឲ្យលោកស្រីស្វែងរក «សំឡេងខាងក្នុងរបស់លោកស្រី»។
ការស្ដីបន្ទោស
នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍ Channel News Asia កាលពីថ្ងៃទី៨ ខែធ្នូ លោកស្រីបានស្ដីបន្ទោសអ្នកផ្សេង។
លោកស្រីបាននិយាយថា «ខ្ញុំអរគុណណាស់ ប្រសិនបើសហគមន៍អន្តរជាតិអាចជួយយើងក្នុងការរក្សាសន្តិភាព និងស្ថិរភាព ព្រមទាំងវឌ្ឍនភាពក្នុងការកសាងទំនាក់ទំនងប្រសើរជាងមុន រវាងសហគមន៍ទាំងពីរ ជាជាងការដុតកំហឹងឲ្យកាន់តែខ្លាំង»។
វិធីសាស្ត្រប្រុងប្រយ័ត្នរបស់លោកស្រី អង់សាន ស៊ូជី ចំពោះស្ថានភាពនៅក្នុងរដ្ឋ Rakhine ដែលលោកស្រីបានហៅថា «ងាយបាក់បែក» និង «បញ្ហារសើប» នៅក្នុងបទសម្ភាសន៍នោះ គឺអាចយល់បាន។
រដ្ឋនេះ មានអ្នកកាន់សាសនាព្រះពុទ្ធជាច្រើន ហើយភាពតានតឹងជាមួយនឹងសហគមន៍មូស្លីមរបស់រដ្ឋនេះ បានផ្ទុះឡើងអស់ជាច្រើនទសវត្សរ៍មកហើយ។ មនុស្សជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា ឬភូមា ជឿថា ជនជាតិរ៉ូហ៊ីងយ៉ា ជាជនអន្តោប្រវេសន៍មកពីបង់ក្លាដែស ហើយពាក្យ «រ៉ូហ៊ីងយ៉ា» ជាពាក្យកើតចេញពីនយោបាយ។ នៅក្នុងឆ្នាំ២០១២ ការប៉ះទង្គិចគ្នាដោយសារសាសនានៅក្នុងរដ្ឋ Rakhine បានសម្លាប់មនុស្សរាប់រយនាក់ និងមនុស្សជាង១២០.០០០នាក់ បានទៅជំរំភៀសខ្លួន ជាកន្លែងដែលមនុស្សភាគច្រើនរស់នៅរហូតដល់សព្វថ្ងៃ។
ចាប់តាំងពីពេលលោកស្រីកាន់តំណែង លោកស្រី អង់សាន ស៊ូជី បានបង្កើតគណៈកម្មាធិការមួយលើការអភិវឌ្ឍនៅក្នុងរដ្ឋ Rakhine និងគណៈកម្មការប្រឹក្សាសម្រាប់រដ្ឋ Rakhine ដែលលោក Kofi Annan អតីតអគ្គលេខាធិការអសបធ្វើជាប្រធាន។ ការវាយប្រហារនេះមិនបានជួយអ្វីនោះទេ។ អ្នកតាមដានស្ថានការដែលគាំទ្រលោកស្រីយល់ថា យោធាជាអ្នកទទួលខុសត្រូវលើកម្លាំងសន្តិសុខ ហើយលោកស្រីមានអំណាចតិចតួចក្នុងការបញ្ជាពួកគេ។ ពួកគេក៏និយាយថា លោកស្រីមិនមានប្រជាប្រិយភាពទេនៅក្នុងរដ្ឋ Rakhine ដូចនៅក្នុងរដ្ឋផ្សេងៗនោះទេ ដែលនេះធ្វើឲ្យមានការពិបាកក្នុងការបង្កើតសម្ព័ន្ធនៅមូលដ្ឋាន។
ប៉ុន្តែ យោងតាមលោក David Mathieson ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់សម្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នៅក្នុងប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ក្នុងនាមជាបុគ្គលនយោបាយដ៏ល្បីមួយរូបនៅក្នុងប្រទេសដែលត្រូវបានផ្ដល់អំណាចយ៉ាងច្រើនតាមការបោះឆ្នោត លោកស្រីមានវិធីជាច្រើនអាចប្រើប្រាស់បាន និងមានកាតព្វកិច្ចផ្នែកសីលធម៌ក្នុងការធ្វើបែបនេះ។ ។
លោកបាននិយាយថា៖ «ហើយនៅក្នុងករណីនេះ លោកស្រីកំពុងជ្រើសរើសវិធីមិននិយាយស្ដីអំពីមូលហេតុមិនល្អមួយចំនួន នៅពេលដែលលោកស្រីគួរធ្វើនោះគឺ និយាយថា៖ ទេ ទាំងនេះជាគោលការណ៍ដែលអនុវត្តសម្រាប់មនុស្សគ្រប់គ្នារស់នៅក្នុងប្រទេសនេះ ហើយវាជាការរំលោភបំពានដែលយើងតស៊ូទប់ទល់អស់ជាច្រើនទសវត្សរ៍មកហើយ។ ខ្ញុំនឹងមិនបណ្ដោយឲ្យវាបន្តកើតឡើងដូច្នេះនោះទេ។ ខ្ញុំមិនខ្វល់ពីអ្វីដែលអ្នកគិតនោះទេ។ នេះជារឿងត្រឹមត្រូវដែលត្រូវធ្វើ ត្រូវនិយាយអំពីជនជាតិភាគតិចដែលគ្មានរដ្ឋនេះ ហើយត្រូវនិយាយថា របាយការណ៍នៃការរំលោភបំពាននោះគួរត្រូវបានស៊ើបអង្កេតឲ្យបានត្រឹមត្រូវ ហើយអ្នកប្រព្រឹត្តបទល្មើសនឹងត្រូវទទួលការកាត់ទោស»។
លោក Mathieson និយាយថា លោកស្រីគួរតែថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិ ឬទៅកាន់សារព័ត៌មាន ប្រចាំសប្ដាហ៍ ស្រដៀងទៅនឹងអ្វីដែលមេដឹកនាំមុន គឺលោកប្រធានាធិបតី Thein Sein បានធ្វើ។ លោកបានបន្ថែមថា លោកស្រីគួរតែគ្រប់គ្រងព័ត៌មានសាធារណៈឲ្យបានល្អជាងមុន អំពីជម្លោះដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមរបស់រដ្ឋាភិបាល ដែលលោកនិយាយថា ព័ត៌មានខ្លះភ្ជាប់នឹងការអុជអាល។
កង្វះព័ត៌មាន
លោកMyat Thu ដែលជាប្រធានសាលាវិទ្យាសាស្រ្តនយោបាយរ៉ង់ហ្គូននិយាយថា ខណៈដែលអ្នករិះគន់លោកស្រីអង់សាន ស៊ូជី ជាច្រើនមិនយល់ពីភាពស្មុគស្មាញពីជម្លោះនេះ ឬការពិតដែលថាលោកស្រីត្រូវធ្វើ ដើម្បីរក្សាការគាំទ្រ ប្រជាប្រិយភាព ដែលលោកស្រីត្រូវការ ដើម្បីដឹកនាំអន្តរកាលប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា។ សកម្មភាពរបស់លោកស្រីមួយចំនួននៅតែធ្វើឲ្យលោកបានការភ័ន្តច្រឡំ។
លោកនិយាយថា «មានពេលមួយលោកស្រីនិយាយថា សហគមន៍អន្តរជាតិធ្វើការរិះគន់ដោយមិនយុត្តិធម៌ ដោយផ្អែកលើទិន្នន័យ ឬព័ត៌មានខុស។ ប៉ុន្តែនៅពេលតែមួយ លោកស្រីមិនបាននិយាយអំពីការអនុញ្ញាតឲ្យសារព័ត៌មានអាចចូលទៅក្នុងតំបន់នោះ ដើម្បីបង្ហាញថា តើការរិះគន់នោះមិនមានមូលដ្ឋាន ឬក៏ជាអ្វីផ្សេង»។
អតីតអ្នកទោសនយោបាយ លោក Myat Thu បានចោទជាសំណួរថា ហេតុអ្វីបានជាមេដឹកនាំជាក់ស្ដែងរបស់ប្រទេសនេះ ដែលចំណាយពេលសរុប១៥ឆ្នាំនៅក្រោមការឃុំខ្លួនក្នុងផ្ទះ ជឿអ្វីៗគ្រប់យ៉ាងដែលយោធារៀបរាប់ប្រាប់លោកស្រី បើតាមប្រវត្តិរបស់ពួកគេ ពួកគេតែងតែព្យាយាមលាក់បាំងការពិតពីជម្លោះពីមុនៗនោះ។
លោកនិយាយថា «កន្លងមក សារព័ត៌មានរបស់រដ្ឋាភិបាល និងទីភ្នាក់ងារស៊ើបអង្កេតយោធាព្យាយាមយកចំណេញពីការមិនអនុញ្ញាតឲ្យសារព័ត៌មានចូលទៅតំបន់មានជម្លោះ និងព្យាយាមបន្លំព័ត៌មាន ដើម្បីទទួលបានប្រជាប្រិយភាពនយោបាយ។ ដូច្នេះ លោកស្រីគួរតែអនុញ្ញាតឲ្យសារព័ត៌មានចូលទៅតំបន់នោះ ឬលោកស្រីត្រូវចៀសវាងនិយាយថា ការរិះគន់ទាំងនោះគ្មានមូលដ្ឋាននោះទេ»។
នៅតែមានប្រជាប្រិយភាព
ការរិះគន់លើវិធានការរបស់លោកស្រី អង់សាន ស៊ូជី ឬការមិនចាត់វិធានការគ្រប់គ្រាន់របស់លោកស្រី ភាគច្រើនធ្វើឡើងដោយសហគមន៍អន្តរជាតិ។ នៅមីយ៉ាន់ម៉ា លោកស្រីនៅតែមានការគាំទ្រយ៉ាងច្រើន ហើយរដ្ឋាភិបាលមិនយល់ស្របទៅនឹងការរិះគន់លើលោកស្រីនោះទេ។
លោកស្រី Aye Aye Soe ដែលជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសមីយ៉ាន់ម៉ានិយាយថា «ទីមួយ ការរិះគន់ពីអន្តរជាតិទាំងអស់មានលក្ខណៈលម្អៀង ហើយវាមិនឆ្លុះបញ្ចាំងពីអ្វីដែលកំពុងកើតឡើងជាក់ស្ដែងនៅក្នុងរដ្ឋ Rakhine។ យើងកំពុងព្យាយាមឲ្យអស់ពីលទ្ធភាពរបស់ពួកយើង ហើយយើងនឹងប្រឹងប្រែងក្នុងការដោះស្រាយបញ្ហានេះ។ យើងត្រូវការគំលាត[សេរីភាព]នយោបាយ និងពេលវេលាដើម្បីដោះស្រាយបញ្ហានេះ»។
លោកស្រីក៏បានប្រឆាំងនឹងការដែលយល់ឃើញថា លោកស្រី អង់សាន ស៊ូជី មិនបានថ្លែងសុន្ទរកថាគ្រប់គ្រាន់។
លោកស្រីនិយាយថា «ខ្ញុំគិតថា លោកស្រីបាននិយាយឥតសំចៃពីបញ្ហានេះគ្រប់ពេលទាំងអស់ មិនមែនត្រឹមតែក្នុងស្រុកទេ ប៉ុន្តែនៅគ្រប់ពេលដែលលោកស្រីទៅក្រៅប្រទេស ក្នុងបទសម្ភាសន៍នានា គំនិតរបស់លោកស្រីជាអ្វីដែលកំពុងតែធ្វើ និងត្រូវធ្វើ។ ខ្ញុំគិតថា មនុស្សដែលពាក់ព័ន្ធ មិនថាពួកគេជាអ្នកណាទេ មិនព្រមស្ដាប់ការនិយាយរបស់លោកស្រីឡើយ»។
លោកស្រី Aye Aye Soe អះអាងថា លោកស្រី អង់សាន ស៊ូជី ដែលបានកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ជួបជាមួយនឹងសមភាគីអាស៊ានរបស់លោកស្រីនៅថ្ងៃទី១៩ ខែធ្នូ នៅមីយ៉ាន់ម៉ា ដើម្បីពិភាក្សាបញ្ហានៅក្នុងរដ្ឋ Rakhine ប៉ុន្តែនិយាយថា លោកស្រីមិនរំពឹងថា មានការសម្រេចចិត្តផ្លូវការណាមួយនោះទេ បន្ទាប់ពីកិច្ចប្រជុំនោះ។
លោកស្រីនិយាយថា «វាមិនមែនជាកិច្ចប្រជុំឲ្យមានកិច្ចព្រមព្រៀងនោះទេ។ ពួកគេគ្រាន់តែបញ្ចេញយោបល់របស់ពួកគេ មានឱកាសនាំយកបញ្ហានានាឲ្យមានការចាប់អារម្មណ៍ដល់រដ្ឋផ្សេងៗ និងពីអ្វីៗគ្រប់យ៉ាងដែលកំពុងកើតនៅទីនេះ ទីនោះ។ ដូច្នេះ វាជាឱកាសរបស់ពួកគេក្នុងការនិយាយដោយចំហលើប្រធានបទផ្សេងៗដែលជាក្ដីកង្វល់របស់ពួកគេ»។
អាស៊ាន
ការបង្ក្រាបលើជនជាតិរ៉ូហ៊ីងយ៉ា ធ្វើឲ្យមានការរង្គោះរង្គើក្នុងប្រទេសជាសមាជិកអាស៊ានដែលមានស្ថិរភាពជាទូទៅ ដោយមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បានបង្ហាញជំហរគួរកត់សម្គាល់មួយក្នុងខែនេះ ដោយបានចូលរួមក្នុងការប្រមូលផ្ដុំមួយគាំទ្រជនជាតិភាគតិចម៉ូស្លីម និងបានហៅអ្វីដែលកំពុងកើតឡើងនៅក្នុងរដ្ឋ Rakhine ថា ជា «អំពើប្រល័យពូជសាសន៍»។ សុន្ទរកថារបស់លោក ត្រូវបានរដ្ឋាភិបាលបដិសេធ ដោយថាការរិះគន់នោះគឺជាការប៉ុនប៉ងបង្វែរការរិះគន់ទៅលើរដ្ឋបាលរបស់លោក ដែលកំពុងតែដោះស្រាយរឿងអាស្រូវអំពើពុករលួយ និងការសន្យាផ្សេងៗទៀត។
លោក Sithu Aung Myint ដែលជាអ្នកសរសេរវិចារណកថាលើបញ្ហានយោបាយក្នុងស្រុកម្នាក់ បាននិយាយគាំទ្រពីការលើកឡើងរបស់អ្នកនាំពាក្យរបស់ក្រសួងការបរទេស។ លោកថា លោកស្រីអង់សាន ស៊ូជី ត្រូវបានថ្កោលទោសនៅក្រៅប្រទេស ហើយវាមិនឆ្លុះបញ្ចាំងពីរូបភាពទាំងមូលរបស់បញ្ហានេះនោះទេ។
លោកនិយាយថា «នេះគ្រាន់តែជាគំនិតរបស់មនុស្សមួយចំនួនក្នុងសហគមន៍អន្តរជាតិ។ ពួកគេគ្រាន់តែនិយាយដោយមិនបានមើលលើបញ្ហានេះដោយយកចិត្តទុកដាក់នោះទេ។ តាមពិតទៅ លោកស្រីបានដោះស្រាយបញ្ហានេះយ៉ាងប្រុងប្រយ័ត្ន និងវាទទួលបានផលមែន។ លោកស្រីជួបប្រទះបញ្ហាជាច្រើន។ ប្រសិនបើលោកស្រីធ្វើអ្វីមួយ លោកស្រីត្រូវប្រឈមនឹងក្រុមភេរវជន សម្ពាធពីអន្តរជាតិ និងពីយោធាផងដែរ។ មនុស្សនៅក្នុងសហគមន៍អន្តរជាតិ គឺមិនបានមើលឃើញត្រង់ចំណុចនេះនោះទេ។ តាមពិតទៅ លោកស្រីបំពេញតួនាទីបានយ៉ាងល្អ»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ