ពលរដ្ឋ​នៅ​បាត់​ដំបង​ខ្វះ​ព័ត៌មាន​ជា​ច្រើន​ដែល​ពួកគេ​ត្រូវការ

វិទ្យុ​ និងទូរទស្សន៍​​នៅតែ​ជាឧបករណ៍​ ប្រើសម្រាប់​​ទទួលព័ត៌មាន​ ដែល​មាន​តំលៃសមរម្យ​បំផុត​ និងអាចប្រើប្រាស់ជាបាន​ប្រចាំ​ដោយប្រជាពលរដ្ឋ។ (ខាន់ ​សុគុំមនោ/VOA)

«ស្តាប់​លែង​ឭ»៖ ភាគទី២

រាយការណ៍ដោយ ស៊ុន ណារិន និង ខាន់ សុគុំមនោ

កំណត់​និពន្ធ៖ ​សម្រាប់​ភាគទី២​នៃ​សេចក្តី​រាយការណ៍​លម្អិត «ស្តាប់​លែង​ឭ» ដែល​មាន​៣ភាគ អ្នក​រាយការណ៍​ព័ត៌មាន​វីអូអេ ពិនិត្យ​មើល​ថា​តើ​ការ​ផ្តាច់​ការ​ផ្សាយ​តាម​វិទ្យុ​របស់​សារព័ត៌មាន​ឯករាជ្យ បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដល់​កម្រិត​ណា ទាំង​តម្លៃ​និង​មធ្យោបាយ​នៃ​ការ​ទទួល​បាន​ព័ត៌មាន​របស់​ពួកគេ។
នៅ​ប្រទេស​កម្ពុជា ជាពិសេស​នៅ​តាម​តំបន់​ជនបទ វិទ្យុ​នៅ​តែ​ជា​មធ្យោបាយ​ដ៏​ប្រសើរ​មួយ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន ស្របពេល​ដែល​សេវា​អ៊ីនធឺណិត​កំពុង​តែ​រីក​សាយភាយក្នុង​ប្រទេស។ ស្រប​ពេល​ជាមួយ​គ្នា​នោះ ពលរដ្ឋ​ជា​ច្រើន​នៅ​តែ​មិន​ទាន់​មាន​ចំណេះ​ដឹង​គ្រប់គ្រាន់ និង​លទ្ធភាព ​ក្នុង​ការ​ទិញ​និង​ប្រើប្រាស់​ទូរស័ព្ទ​បែបទំនើប ដែល​មាន​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ឡើយ​ទេ ដោយ​សារ​ការ​មិន​ចេះ​អក្សរ និង​កត្តា​ជីវភាព។



ខេត្ត​ព្រៃវែង និង​ខេត្ត​បាត់ដំបង — អ្នកស្រី ង៉ា រួត ពេញ​ចិត្ត​ជា​ខ្លាំង​នឹង​វិទ្យុ​តូច​មួយ ​ដែល​កូន​ស្រី​បាន​ទិញ​ឲ្យ ដោយសារ​នេះ​ជា​លើក​ដំបូង​ក្នុង​ជីវិត ដែល​អ្នកស្រី​មាន​វិទ្យុ​ប្រើប្រាស់​ខ្លួន​ឯង។

នៅ​ពេល​ដែល​វិទ្យុក្លាយ​ទៅ​ជា​ប្រភពផ្តល់​ព័ត៌មាន​យ៉ាង​សំខាន់​នៅ​តំបន់​ជន​បទ កូន​ស្រី​របស់​អ្នក​ស្រី ង៉ា រួត បាន​ចំណាយ​ប្រាក់​ចំនួន​៦​ដុល្លារ ដើម្បី​ទិញ​វិទ្យុ​មួយ​នេះ។ ប្រាក់​ចំនួន​៦​ដុល្លារ ដែល​ស្មើ​នឹង​ប្រាក់​ខែមួយ​ថ្ងៃ​របស់​នាង ដែល​ជា​កម្មការិនី​រោង​ចក្រ​កាត់ដេរ​ នៅ​ខេត្ត​កណ្តាល ជាប់​នឹង​រាជធានី​ភ្នំពេញ ។

​អ្នកស្រី ង៉ា រួត ដែល​ជា​កសិករ​អាយុ​៥៨​ឆ្នាំ ​បាន​ប្រើ​ប្រាស់​វិទ្យុ​ដែល​ជា​អំណោយ​របស់​កូន​ស្រី​ខ្លួនសម្រាប់​ស្តាប់​ធម៌ កំដរ​ការ​មើល​ថែទាំ​ចៅៗ​របស់​អ្នក​ស្រី។

«ខ្ញុំ​ស្តាប់​តែ​ធម៌ ស្តាប់​តែ​ចម្រៀង​អី​ទៅ មើល​ចៅ​ទៅ។ តែ​រឿង​ព័ត៌មាន ​ខ្ញុំ​អត់​សូវ​បាន​ស្តាប់។ បើក​ចំ ស្តាប់​ទៅ។ បើក​មិន​ចំ​ ក៏​អត់​ទៅ​អញ្ចឹង​ណា។​ ជាពិសេស​ បើក​ទៅ​ចំ​តែ​លោក​ទេសនា»។

ង៉ា រួត អាយុ៥៨ឆ្នាំ គឺជាកសិករ​ម្នាក់នៅ​ខេត្ត​បាត់ដំបង ដែល​ទើប​តែ​មាន​វិទ្យុ​ស្តាប់​ជា​លើក​ដំបូង នៅ​ពេល​កូន​ស្រី​របស់​អ្នកស្រីបាន​ទិញវិទ្យុ​មួយ​ឲ្យ​អ្នក​ស្រី។ (ខាន់ សុគុំមនោ/VOA)

ប៉ុន្តែ​កូន​ស្រីរបស់​អ្នក​ស្រី គឺ​អ្នកស្រី ផា បូណា អាយុ​២៦​ឆ្នាំ ចង់​ឲ្យ​ម្តាយ​របស់​ខ្លួន​ស្តាប់​ព័ត៌មាន ដើម្បី​ដឹង​អំពី​ស្ថានភាព​សង្គម និង​ដឹង​អំពី​ព្រឹត្តិការណ៍​នានា​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស បន្ថែម​ពី​លើ​ការ​ស្តាប់​ធម៌។

«ឲ្យ​គាត់​ស្តាប់​ធម៌​ ស្តាប់​អាថ៍​ ស្តាប់​ព័ត៌មាន​អី​ខ្លះ ឲ្យ​យើង​ដឹង​ថា​សង្គម​យើង ​វា​យ៉ាង​ម៉េច​ វា​ដល់​ណា​ហើយ​ឥឡូវ»។

ប៉ុន្តែ​ប្តី​របស់​អ្នកស្រី​ ង៉ា រួត គឺ​លោក ស៊ុម​ ផា​ ដែល​ជា​មេគ្រួសារ​ដ៏​មមាញឹក​ជាមួយ​ការងារ​ស្រែ​ចម្ការ​និង​ការ​ថែទាំ​គោ​ចំនួន​៤​ក្បាល​ ហាក់​ដូចជា​យល់​ពី​សារសំខាន់​នៃ​ការ​ស្តាប់​ព័ត៌មាន​តាម​វិទ្យុ​ នៅ​ពេល​ដែល​លោក​បាន​ស្តាប់​ឭ​ព័ត៌មាន​ម្តងម្កាល​ចេញ​ពី​វិទ្យុ​របស់​អ្នក​ជិត​ខាង។

«សារព័ត៌មាន បើ​យើង​បាន​ស្តាប់។ យើង​មាន​ចំណេះ​ដឹង។ យើង​ចេះ​គិត​ទៅ។ អា​នេះ​បើ យើង​អត់​បាន​ស្តាប់​ យើង​អត់​ដឹង​ទេ»។

ស្ថានភាព​សារព័ត៌មាន​ផ្លាស់ប្តូរ

វិទ្យុ​នៅ​តែ​ជា​ប្រភព​ព័ត៌មាន​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ជន​បទ ដែល​ពួកគេ​ភាគ​ច្រើន​ប្រកប​របរ​កសិកម្ម នេសាទ​ត្រី ធ្វើ​ស្រែ​ចម្ការ។ ប៉ុន្តែ​រយៈពេល​២ឆ្នាំ​នេះ វិទ្យុ​របស់​ពួកគេ​មិន​អាច​ចាប់​បានព័ត៌មាន​ជាច្រើន​ដែល​ពួក​គេ​ត្រូវ​ការ ដោយ​សារ​ការ​បង្រ្កាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

សារព័ត៌មាន បើ​យើង​បាន​ស្តាប់។ យើង​មាន​ចំណេះ​ដឹង។ យើង​ចេះ​គិត​ទៅ។ អា​នេះ​បើ យើង​អត់​បាន​ស្តាប់​ យើង​អត់​ដឹង​ទេ»

កាល​ពី​ពីរ​ឆ្នាំ​មុន រដ្ឋាភិបាល​កម្ពុជា​បាន​បង្រ្កាប​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​សារព័ត៌មាន​ឯករាជ្យ។ កាសែត The Cambodia Daily ល្បី​ឈ្មោះ​មួយ បាន​បិទទ្វារ​ពី​ប្រទេស​កម្ពុជា​និង​វិទ្យុ​អាស៊ី​សេរី បាន​បិទ​ការិយាល័យ​របស់​ខ្លួន​ ដោយសារ​ការ​តម្រូវ​ឲ្យ​បង់​ពន្ធ​ធ្ងន់ធ្ងរ។ វិទ្យុ​ដែល​ជា​ដៃគូ​ការ​ផ្សាយ​បន្ត​របស់​វិទ្យុ​ VOA ​និង​វិទ្យុ​អាស៊ី​សេរី ត្រូវ​ហាម​ឃាត់​លែង​ឲ្យ​បន្ត​ការ​ផ្សាយ។ ការណ៍​នេះ​ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ដែល​និយម​ចូលចិត្ត បើក​ស្តាប់​ព័ត៌មាន​រសើប ស៊ីជម្រៅ ​និង​មិន​ចំណុះ​ឲ្យ​រដ្ឋាភិបាល ​ឬ​បក្ស​នយោបាយ​ណាមួយ មាន​ការ​លំបាក​ក្នុង​ការ​បន្ត​តាម​ដានព័ត៌មាន​ដែល​ពួក​គេ​ចង់​ស្តាប់។​

អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ​ ស៊ីផាន​ បានលើក​ឡើង​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ​មិន​គោរព​ច្បាប់​នៅ​កម្ពុជា មិន​មែន​ជា​ចេតនា​របស់​រដ្ឋាភិបាល​ក្នុង​ការ​គាប​សង្កត់​នោះ​ទេ។​ លោក​ក៏​បាន​បដិសេធ​ថា​ រដ្ឋាភិបាល​មិនបាន​រារាំង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ​និង​មាន​ចេតនា​បង្រ្កាបសារព័ត៌មាន​សេរី​នោះ​ដែរ។

«ហើយ​ខ្ញុំ​ខ្លួន​ឯង​ផ្ទាល់​ក៏​បាន​សហការ​ជាមួយ​សំឡេង​សហរដ្ឋអាមេរិក ​ក៏​ដូច​ជា​វិទ្យុ​អាស៊ី​សេរីហ្នឹង​ នៅ​តែ​បន្ត​ការ​ឆ្លងឆ្លើយ​ព័ត៌មាន​ជាមួយ​គ្នា​ មិន​រើស​អើង​នោះ​ទេ​ ហើយ​ប្រជា​ពលរដ្ឋ​សព្វថ្ងៃ​តាម​បណ្តាញ​អនឡាញ​បាន​ស្តាប់​ដោយ​សេរី​នៅក្នុង​សាច់​រឿង​ហ្នឹង»។

លោក ស៊ុម ផា ស្វាមីអ្នកស្រី ង៉ា រួត កំពុងស្តាប់ព័ត៌មានតាមទូរស័ព្ទនៅគេហដ្ឋានរបស់លោក នៅ​ខេត្តបាត់ដំបង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០១៩។ (ខាន់ សុគុំមនោ/VOA)

យ៉ាងណា​ក៏ដោយ អ្នកស្រី ង៉ា រួត ​ចូលចិត្ត​ស្តាប់​ព័ត៌មាន​ដែល​និយាយ​ពិតៗ បញ្ហាអំពើ​ពុករលួយ ​និង​ទំនាស់​ដី​ធ្លី​ជា​ដើម។ ប៉ុន្តែ​អ្នក​ស្រី​មិន​អាច​ទទួល​ព័ត៌មាន​ទាំង​នោះ​ទេ ក្នុង​ពេល​នេះ​ ក្រោយ​ពី​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

ករណី​អ្នក​ស្រី ង៉ា រួត ក៏ដូចជា​ករណី​ភាគ​ច្រើន​នៃ​ប្រជាពលរដ្ឋ​ដែល​ VOA​ សាកសួរ​ដែរ។ ពួកគេបាន​លើក​ឡើង​ថា​ ពួកគេ​ខ្វះ​ការ​ទទួល​បាន​ព័ត៌មាន​នយោបាយ ព័ត៌មាន​រសើប ​និង​ស៊ីជម្រៅ​ ដូច​ពី​មុន ​ដោយ​សារ​ពិបាក​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​ទាំង​នោះ​តាម​វិទ្យុ។ ពួក​គេ​ពុំ​មាន​លទ្ធភាព​ប្រើ​ប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន​ដោយ​សារ​តម្លៃ​ថ្លៃ សេវា​អ៊ីន​ធើ​ណែតមាន​កម្រិត និង​ពួកគេ​មិន​ចេះ​អក្សរ ​និង​មិន​ចេះ​របៀប​ប្រើប្រាស់​ទូរស័ព្ទ​បែប​ទំនើប។

ពលរដ្ឋ​ត្រូវ​ចំណាយ​ប្រាក់​ទៅ​ដល់​ជាង៤០ម៉ឺន​រៀល ដើម្បី​ទិញ​ទូរស័ព្ទ​ទំនើប និង​ចំណាយ​ទៅ​លើ​ថ្លៃ​អ៊ីន​ធើ​ណែត​ផង​ដែរ ខណៈវិទ្យុ​មាន​តម្លៃ​ក្រោម​៤ម៉ឺន​រៀល ដែល​ពួកគេ​អាច​ស្តាប់​ព័ត៌មាន​ឯករាជ្យ​បាន។ ប៉ុន្តែ​ប្រភព​ផ្តល់​ព័ត៌មាន​គួរ​ទុក​ចិត្ត​ទាំង​នោះ មិន​ស្ថិត​នៅ​ជិត​ដៃ​ពួក​គាត់​ទៀត​នោះ​ទេ។

មួយ​វិញ​ទៀត​ ការ​មិនចេះ​អាន​ និង​សរសេរ​អក្សរ​ ក្នុងចំណោម​ប្រជាជន​ក្រីក្រ នៅ​តាម​ទី​ជនបទ​ និង​អ្នក​មានវ័យ​ចំណាស់​ ជាឧបសគ្គ​មួយ​របស់​ពួក​គេ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ដោយ​ទូលំ​ទូលាយ និង​មាន​គុណភាព។ ហើយ​ការ​បង្ក្រាប​លើ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ​និង​សារព័ត៌មាន​ឯករាជ្យ​កន្លង​មក​ ប៉ះ​ពាល់​ខ្លាំង​ដល់​ក្រុម​ទាំង​នោះ។

អ្នកស្រី ង៉ា រួត និង​លោក ស៊ុម ផា ដែល​ជា​ស្វាមី ដាំ​បន្លែ និង​ធ្វើ​ស្រែនៅ​លើ​ដី​ដែល​ពួកគេ​ជួល។ ប៉ុន្តែ​ពួកគេ​អះអាង​ថា​ ឆ្នាំ​នេះ​ទិន្នផល​មិន​បាន​ល្អ​នោះ​ទេ ដោយសារ​កង្វះ​ទឹក។ ប៉ុន្តែ​ពួកគាត់​លើក​ឡើង​ថា មិន​ដែល​បាន​ទទួល​ព័ត៌មាន​អំពី​កង្វះ​ទឹក​នោះ​ទេ។

ពួក​គាត់​ក៏​មិន​ដឹង​អំពី​ចំណាត់​ការ​របស់សហគមន៍​អឺរ៉ុប​ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​នៃនីតិវិធី​ការ​ព្យួរប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​(EBA) មក​លើ​កម្ពុជា​ដែរ។ ខណៈ​ដែល​ក្រុម​អ្នក​ជំនាញលើក​ឡើង​ថា EBA នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ច្រើន​ដល់​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​ដែល​កូន​ស្រី​ចំនួន​បី​នាក់របស់​កសិករ​ទាំង​ពីរនាក់​កំពុង​បម្រើការ។ ការ​ព្យួរ EBA​ គឺ​ដោយសារ​តែ​ការ​ធ្លាក់​ចុះ​ស្ថានភាព​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។

លោក ស៊ុម ផា កំពុងឲ្យ​ចំណីគោ នៅរោងគោក្រោយគេហដ្ឋាន​របស់​លោក នៅ​ខេត្តបាត់ដំបង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

ការ​ខ្វះ​ព័ត៌មាន​ចម្រុះ

បច្ចុប្បន្ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​គេ​មើល​ឃើញ​ថា ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល ឬ​អ្នក​មាន​អំណាច​ដែល​មាន​បណ្តាញ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច។ ទូរទស្សន៍​ទាំង​អស់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អ្នក​មាន​បណ្តាញ​ជាមួយ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។ ហើយ​ការ​ផ្សព្វផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​ទាំង​នេះ ​ផ្តោត​សំខាន់​ទៅ​លើ​សកម្មភាព​របស់​រដ្ឋាភិបាល និង​សមិទ្ធិផល​គណបក្ស​ប្រជាជន​កម្ពុជា។

សម្រាប់​ខ្ញុំ​ព័ត៌មាន​ដូច​ជា​ខ្យល់​ដក​ដង្ហើម​របស់​ប្រជាពលរដ្ឋ​អញ្ចឹង។ ប្រសិន​បើ​យើង​បាត់​បង់​ព័ត៌មាន មាន​ន័យ​ថា ​យើង​បាត់​បង់​អុកស៊ីសែន​សម្រាប់​ដក​ដង្ហើម​អញ្ចឹង​ដែរ»

បណ្តាញ​ទូរទស្សន៍​ និង​វិទ្យុដ៏​ធំ​មួយ​នៅ​កម្ពុជា គឺ​ទូរទស្សន៍​បាយ័ន ត្រូវ​បាន​គ្រប់គ្រង​ដោយ​កូនស្រី​របស់​លោក ហ៊ុន សែន គឺ​លោកស្រី ហ៊ុន ម៉ាណា ដែល​ជា​អ្នក​ជំនួញ​មួយ​មាន​ការ​រកស៊ី​យ៉ាង​ច្រើន​មុខ។

នៅ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ឆ្នាំ​២០១៨ បណ្តាញ​ព័ត៌មាន​អនឡាញ​ចំនួន​១៧ ត្រូវ​បាន​រដ្ឋាភិបាល​បិទ​មិន​ឲ្យ​ចូល​មើល​ ដោយសារ​រដ្ឋាភិបាល​ខ្លាច​ថា ​សារព័ត៌មាន​ទាំង​នោះ​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​បង្ក​អន្តរាយ។ ដូច្នេះ ប្រជាជន​អាច​មើល​តែ​ព័ត៌មាន​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត។

កាល​ពី​ខែ​សីហា អង្គការ​ចំនួន​ពីរ​គឺ​អង្គការ​លីកាដូ និង​សមាគម​ធាង​ត្នោត បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ស្តី​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ។ ប៉ុន្តែ​ព័ត៌មាន​ក្នុង​របាយការណ៍​នេះ មិន​មែន​ជា​ចំណាប់​អារម្មណ៍​របស់​សារព័ត៌មាន​ដែល​គាំទ្រ​រដ្ឋាភិបាល​នោះ​ទេ។ ពួកគេ​ផ្សព្វផ្សាយប្រតិកម្ម​របស់​រដ្ឋាភិបាល​ទៅ​លើ​របាយការណ៍​នេះ។

លោក ណុប វី ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​គ្រប់គ្រង​ព័ត៌មាន ​VOD បាន​ថ្លែង​ថា កង្វះ​ភាព​ចម្រុះនៃ​ព័ត៌មាន​ធ្វើឲ្យប្រជាជន​ពិបាក​ក្នុង​ការ​សម្រេច​ចិត្តដែល​មាន​សារៈសំខាន់ ដូច​ជា​ការ​ដាំដំណាំ ធ្វើ​ស្រែ និង​ព្រឹត្តិការណ៍​នយោបាយ​ផង​ដែរ។ លោក​បន្ត​ថា​ ប្រជាជន​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន។

លោក​មាន​ប្រសាសន៍​ថា៖ «សម្រាប់​ខ្ញុំ​ព័ត៌មាន​ដូច​ជា​ខ្យល់​ដក​ដង្ហើម​របស់​ប្រជាពលរដ្ឋ​អញ្ចឹង។ ប្រសិន​បើ​យើង​បាត់​បង់​ព័ត៌មាន មាន​ន័យ​ថា ​យើង​បាត់​បង់​អុកស៊ីសែន​សម្រាប់​ដក​ដង្ហើម​អញ្ចឹង​ដែរ»។

​វិទ្យុ​ និងទូរទស្សន៍នៅតែ​ជាឧបករណ៍​ ប្រើសម្រាប់ទទួលព័ត៌មាន​ដែល​មាន​តម្លៃសមរម្យ​បំផុត​ និងអាចប្រើប្រាស់ជាបាន​ប្រចាំ​ដោយប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមតំបន់ជនបទ។ (ខាន់ ​សុគុំមនោ/VOA)

លោក​ Sebastian Strangio អ្នក​និពន្ធ​សៀវភៅ “Hun Sen's Cambodia” ឬ​ជា​ភាសា​ខ្មែរ «ប្រទេស​កម្ពុជា​របស់​លោក​ហ៊ុន សែន» និង​ជា​អ្នក​តានដាន​ស្ថានភាព​នយោបាយ​កម្ពុជា​និង​តំបន់​អាស៊ី​អាគ្នេយ៍ បាន​លើក​ឡើង​ថា វា​ច្បាស់​ណាស់​ហើយ​ថា​ប្រជាជន​កម្ពុជា​បាន​ទទួល​ផល​ប្រយោជន៍​ពី​ភាព​ចម្រុះ​នៃ​ព័ត៌មាន​កាល​ពី​មុន ក្នុង​នោះ​មាន​សំឡេង​គាំទ្រ​រដ្ឋាភិបាល គាំទ្រ​ប្រឆាំង និង​សារព័ត៌មាន​ឯករាជ្យ។

លោក​បន្ត​ថា​ សារព័ត៌មាន​ដែល​មិន​គាំទ្រ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​សារព័ត៌មានដែល​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​ទំនោរ​ទៅ​គណបក្ស​ប្រឆាំង។

លោក​មាន​ប្រសាសន៍ប្រាប់​ VOA តាម​សារអេឡិកត្រូនិក ឬ​អ៊ីម៉ែល​ថា៖ «ភាព​វិជ្ជមាន​មួយ គឺ​ថា​ប្រជាជន​អាច​ចូល​ទៅ​មើល​ព័ត៌មាន​តាម​អនឡាញ​បាន​យ៉ាង​ច្រើន​ផង​ដែរ តាម​តែ​ពួកគេ​ចង់​មើល រួម​មាន​ព័ត៌មាន​ដែល​លម្អៀង​តិច ឬ​ព័ត៌មាន​លម្អៀង​ផ្សេងៗ​គ្នា»។ លោក​បន្ថែម​ថា​ លោក ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ផ្លាស់​ប្តូរ​ទៅ​កាន់​ផ្លូវ​នៃ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​អនឡាញ​នេះ​ដែរ។

នៅ​ពេល​ដែល​វិទ្យុ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​មិនបាន​ងាយ​ស្រួលធ្លាក់​ដល់​ដៃ​ប្រជាពលរដ្ឋ ពលរដ្ឋ​នៅ​ខេត្ត​បាត់​ដំបង​មួយ​ចំនួន​បាន​ព្យាយាម​តាមដាន​ស្តាប់​វិទ្យុ​ទាំងនោះ​តាម​ប្រព័ន្ធ​អ៊ីនធើណែត។

នៅ​ក្នុង​ឃុំ​រំលេច ខេត្ត​ព្រៃវែង លោក អាន អាត ចង់​ឃើញ​វិទ្យុ​ឯករាជ្យ​វិល​ត្រឡប់​មក​វិញ។

«បើ​សុំ​ណាស់ សុំ​តែ​បន្តិច​ថាបើក​វិញ វិទ្យុ​ក៏​ដាច់ ចាស់ៗ​ក៏​ស្រួល​ស្តាប់។ សុំ​តែ​ប៉ុណ្ណឹង​ទេ។ ហ្វេសប៊ុក​នេះ ទាល់​តែ​គាត់​បើក​ឲ្យ​ស្តាប់​ដែរ»៕

កំណត់​និពន្ធ៖ ភាគទី៣​ដែល​ជា​សេចក្តី​រាយការណ៍​ចុង​ក្រោយ​នៃ​សេចក្តី​រាយការណ៍​លម្អិត «ស្តាប់​លែង​ឭ» លោក​អ្នក​នាង​នឹង​ស្វែង​យល់​ពី​ផល​ប៉ះពាល់​ដែល​កើត​មាន​ដោយ​សារ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​លើ​អ្នក​យក​ព័ត៌មាន​នៅ​កម្ពុជា ដែល​អ្នក​ខ្លះ​បាន​បាត់បង់​ការងារ ឬ​បង្ខំ​ចិត្ត​លា​លែង​ពី​ការងារ​ជា​អ្នក​សារព័ត៌មាន រីឯ​អ្នកខ្លះ​ទៀត​ប្រឈម​នឹង​បទ​ចោទ​របស់​តុលាការ​និង​ការ​ឃុំ​ខ្លួន​ជា​ដើម។

អាន​ «ស្តាប់លែងឭ‍» | ភាគទី១

អាន «ស្តាប់លែងឭ‍» | ភាគទី៣