ក្រោយ​ការ​បង្ក្រាប ពលរដ្ឋ​ខេត្តព្រៃវែង​នៅ​តែ​ចង់​ស្តាប់​ព័ត៌មាន តែ​មិន​ហ៊ាន​ស្តាប់​ដោយ​ចំហ

លោក​ យ៉ត​ គៀន​ អាយុ​៥៣ឆ្នាំ ​ជា​កសិករម្នាក់​​ នៅ​ក្នុង​ឃុំ​រំលេច​ ស្រុកស៊ីធរកណ្តាល​ ​ខេត្ត​ព្រៃវែង​។ (ស៊ុន ណារិន​/VOA)

«ស្តាប់​លែង​ឭ»៖ ភាគទី១

រាយការណ៍ដោយ ស៊ុន ណារិន និងខាន់ សុគុំមនោ

កំណត់​និពន្ធ៖ ពីរ​ឆ្នាំ​ក្រោយ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​លើ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា វីអូអេ​បាន​ធ្វើ​សេចក្តី​រាយការណ៍​លម្អិត​លើ​ការ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា។ ការ​បង្ក្រាប​ជា​បន្តបន្ទាប់​របស់​រដ្ឋាភិបាល​បាន​ផ្លាស់ប្តូរ​ស្ថានភាព​ព័ត៌មាន​នៅកម្ពុជា ដោយ​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ។
ការ​បង្ក្រាប​លើ​ការ​ផ្សាយ​តាម​វិទ្យុ​ប៉ះពាល់​ខ្លាំង​ដល់​ការ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ជាពិសេស​អ្នក​ដែល​រស់នៅ​តាម​តំបន់​ជនបទ​ ដែល​មិនមាន​លទ្ធភាព​ទិញ​ទូរស័ព្ទ​ទំនើប ឬ​ទិញ​សេវា​ទូរស័ព្ទ​ដែល​អាច​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណែត​បាន។
សម្រាប់​ភាគទី១​នៃ​សេចក្តីរាយការណ៍​លម្អិត​ដែល​មាន​ចំណង​ជើង​ថា «ស្តាប់​លែង​ឮ» អ្នក​រាយការណ៍​របស់​វីអូអេ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​ព្រៃវែង ដែល​នៅ​ទី​នោះ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន និង​ស្តាប់​ព័ត៌មាន​ឯករាជ្យ។




ឃុំ​រំលេច​ ខេត្ត​ព្រៃវែង — លោក ​យ៉ត ​គៀន អង្គុយ​មួ​ល​វិទ្យុ​ទៅ​វិញ​ទៅ​មក ដើម្បី​រាវ​រក​ប៉ុស្តិ៍​ព័ត៌មាន​ដែល​លោក​ចូលចិត្ត​ស្តាប់​បំផុត ដើម្បី​តាម​ដាន​ព័ត៌មានអំពី​នយោបាយ​និង​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ក្នុង​សង្គម​ខ្មែរ តាម​រយៈ​វិទ្យុ​អាមេរិកាំង​ចំនួន​ពីរ។ ជួន​កាល​លោក​ចាប់​ការ​ផ្សាយ​បាន ជួន​ចាប់​ការ​ផ្សាយ​មិន​បាន ប៉ុន្តែ​ជា​អកុសល​ អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​ហើយ ដែល​លោក​ យ៉ត​ គៀន​ ស្តាប់​លែង​ឮ​ទាំង​ស្រុង​នូវ​ព័ត៌មាន​ ដែល​ផ្សាយ​ដោយវិទ្យុ​ VOA និង​វិទ្យុ​អាស៊ី​សេរី។

រស់​នៅ​ភូមិ​ចា ឃុំ​រំលេច ស្រុក​ស៊ីធរ​កណ្តាល ខេត្ត​ព្រៃវែង លោក គៀន គឺជា​អ្នក​តាមដាន​ស្តាប់​ព័ត៌មាន​ពី​វិទ្យុ​ដែល​ផ្សាយ​ចេញ​ពី​សហរដ្ឋ​អាមេរិក​ទាំង​ពីរ​យ៉ាង​ទៀង​ទាត់ តាមរយៈ​វិទ្យុ​តូច​មួយផលិត​នៅ​ប្រទេស​ចិន។​

ឥឡូវ​នេះ ដើម្បីទទួល​បាន​ព័ត៌មាន​ពី​វិទ្យុ​ដែល​ផ្សាយ​ចេញ​ពី​សហរដ្ឋ​អាមេរិក​ទាំង​ពីរ ដែល​បាន​ផ្តល់​នូវព័ត៌មាន​ស៊ីជម្រៅ និង​ពី​ស្ថាន​ការណ៍​នយោបាយ កសិករ​អាយុ៥៣​ឆ្នាំ​រូប​នេះ ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់តូប​កាហ្វេ​មួយ​នៅ​ក្នុង​ភូមិ។ ​ទីនេះ​គឺជា​កន្លែង​តែមួយ​គត់​ដែល​អ្នក​ភូមិ​នៅ​តាម​ដង​ទន្លេ​មេគង្គ​រូប​នេះ ទទួល​បាន​ព័ត៌មាន​តាម​រយៈ​ការ​ជជែក​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ។

ប៉ុន្តែការ​ចែក​រំលែក​ព័ត៌មាននៅ​ហាង​កាហ្វេក្នុង​ភូមិ​នេះ មិន​អាច​ធ្វើ​ឡើង​ដោយ​សេរី និង​ជា​ចំហ​នោះ​ទេ។

«ជួន​កាល​ទៅ​កន្លែង​រោង​កាហ្វេ​ទៅ​មាន​គេ​នៅ​លប​និយាយ​រឿង​ព័ត៌មាន​ហ្នឹង​ទៅ ខ្លះ​មិន​ហ៊ាន​និយាយ​ទៅ​។ ហើយ​ចេះ​តែ​ស្តាប់​គេ​ទៅ ចំ​គ្នាៗ​ឯង​ទៅ វា​ធ្លាប់​ស្តាប់[ព័ត៌មាន]ពី​មុន​មក​ទៅ​ វា​និយាយ​រៀង​គ្រាន់​បើ​ទៅ។ [នៅ​ពេល]ពេល​ឃើញ​ផ្សឹង​ លែង​ហ៊ាន​និយាយ​ហើយ និយាយ​អីណា​ផ្សឹង​នោះ​ទៅ។ ក្នុង​រោង​កាហ្វេ​ហ្នឹង​សុទ្ធ​តែ​មើល​ មើល​ថា​ទំនង​គ្នា​ឯង​ច្រើន បាន​នាំ​គ្នា​និយាយ​រឿង​ព័ត៌មាន​ហ្នឹង»។

លោក​ យ៉ត​ គៀន​ អាយុ​៥៣ឆ្នាំ ​នៅគេហដ្ឋានរបស់លោកនៅខេត្ត​ព្រៃវែង​ នៅ​ថ្ងៃ​ទី​០៧​ ​ខែកញ្ញា ​ឆ្នាំ ២០១៩។ (ស៊ុន ណារិន​/VOA)

ប៉ុន្តែ​នៅ​ពេល​ដែល​វិទ្យុតម្លៃ​ ២៥០០០រៀល​របស់​លោក ចាប់​ការ​ផ្សាយ​វិទ្យុVOA និង​វិទ្យុ​អាស៊ី​សេរី លែង​បាន​ ​លោក គៀន ក៏​លែង​បាន​ទទួល​ព័ត៌មានដែល​លោក​គិត​ថា​ជា​ព័ត៌មាន​ដែល​លោក​ទុក​ចិត្ត​បាន​នោះ​ត​ទៅ​ទៀត។ លោក​ យ៉ត​ គៀន ប្រៀប​ធៀប​ខ្លួន​ឯង​កំពុង​ស្ថិត​ក្នុង​ពិភព​ងងឹត​មួយ។

«​ដូច​លែង​ឮ​អីហ្មង ​ដូច​សូន្យ​អញ្ចឹង»។

សូម្បី​តែ​ស្តាប់​ព័ត៌មាន​ក៏​ស្តាប់​លួច​លាក់​ដែរ បើក​តិចៗ​។ មិន​ហ៊ាន​បើក​ឭៗ​ណា​ បើក​តិចៗ ស្តាប់​តែ​ឯង​ហ្នឹង»

កាល​ពី​ពីរ​ឆ្នាំ​មុន រដ្ឋាភិបាល​កម្ពុជា​បាន​បង្រ្កាប​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ​និង​សារព័ត៌មាន​ឯក​រាជ្យ​។​ កាសែត​ The Cambodia Daily ល្បី​ឈ្មោះ​មួយ បាន​បិទទ្វារ​ពី​ប្រទេស​កម្ពុជា​ ហើយ​វិទ្យុ​អាស៊ី​សេរី​បាន​បិទ​ការិយាល័យ​របស់​ខ្លួន​ដោយ​សារ​ការ​តម្រូវ​ឲ្យ​បង់​ពន្ធ​ធ្ងន់ធ្ងរ។ វិទ្យុ​ដែល​ជា​ដៃគូ​ការ​ផ្សាយ​បន្ត​របស់​វិទ្យុ​VOA ​និង​វិទ្យុ​អាស៊ី​សេរី ត្រូវ​ហាម​ឃាត់​លែង​ឲ្យ​បន្តការ​ផ្សាយ។

ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​និយម​ចូលចិត្ត​បើក​ស្តាប់​ព័ត៌មាន​រសើប ​ ស៊ីជម្រៅ ​និង​មិន​ចំណុះ​ឲ្យ​រដ្ឋាភិបាល​ឬ​គណបក្ស​នយោបាយ​ណាមួយ មាន​ការ​លំបាក​ក្នុង​ការ​បន្ត​តាម​ដានព័ត៌មាន​ដែល​ពួក​គេ​ចង់​ស្តាប់។​

​លោក ​យ៉ត ​គៀន រំឭក​ពី​ការ​បាត់​បង់​ប្រភព​ព័ត៌មាន​របស់​លោក។

«ដំបូងៗ​ ប្រាំមួយ​ប្រាំពីរ​ថ្ងៃ​ដំបូង​ដេក​មិន​លក់ ដល់​ម៉ោង​បើក​មិន​ចំ​មិន​ចេញ​ទៅ​ចំ​ប៉ុស្តិ៍​ហ្នឹង​ហើយ​មិន​ចេញ បិទ​ចោល​ទៅ។​ រសាប់រសល់​អា​ដំបូងៗ​ហ្នឹង។ តែ​ឥឡូវ​ធម្មតា​វិញ​ហើយ។ ធម្មតា​លែង​បាន​ស្តាប់​លែង​អីទៅ​ដូច​មនុស្ស​ងាប់​ផុត​យូរ​អញ្ចឹង​ណា។​ ដូច​ថា​ស្តាប់​ដំបូងៗ​នៅ​នឹក​ ដល់​ពេល​យូរ​ៗទៅ​ធម្មតា​វិញ»។

មិន​ហ៊ាន​ស្តាប់​ដោយ​ចំហ

ប៉ុន្តែ​ពីរ​ឆ្នាំ​កន្លង​មក​នេះ​លោក ​យ៉ត ​គៀន កត់​សម្គាល់​ថា សិទ្ធិ​សេរីភាព​នៃ​ការ​តាម​ដាន​ព័ត៌មាន​សេរី​ហាក់​ដូចជា​នៅ​ស្ថិត​ក្រោម​សម្ពាធ​នៅ​ឡើយ។

«សូម្បី​តែ​ស្តាប់​ព័ត៌មាន​ក៏​ស្តាប់​លួច​លាក់​ដែរ បើក​តិចៗ​។ មិន​ហ៊ាន​បើក​ឭៗ​ណា​ បើក​តិចៗ ស្តាប់​តែ​ឯង​ហ្នឹង»។

លោក ងួន ហ៊ុល ជា​កសិករ​ជា​អ្នករត់​ម៉ូតូឌុប និង​ជា​សកម្មជន​ម្នាក់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​នៅ​អាច​ទទួល​ព័ត៌មាន​ពី​វិទ្យុ​អាស៊ី​សេរី និង VOA បាន​ ដោយសារ​លោក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ស្មាតហ្វូន។ (ស៊ុន ណារិន/VOA)

នៅ​ប្រមាណ​២០០ម៉ែត្រ​ពី​ផ្ទះ​លោក​ យ៉ត​ គៀន អ្នក​ភូមិ​ម្នាក់​ទៀត គឺ​លោក ​ងួន ហ៊ុល នៅ​អាច​ទទួល​ព័ត៌មាន​ពី​វិទ្យុ​អាស៊ី​សេរីនិងVOA ​បាន​ ដោយសារលោក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ទំនើប​ឬ​ស្មាត​ហ្វូន​ដែល​មាន​អេក្រង់​ធំ​ ។

លោក ​ងួន ហ៊ុល​ គឺជា​កសិករ ​ជា​អ្នក​រត់​ម៉ូតូឌុប​ និង​ជា​សកម្មជន​ម្នាក់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​នឹង​លោក យ៉ត គៀន ដែរ។​ពោល​គឺ​លោក​តាម​ដាន​ស្តាប់​ព័ត៌មាន​ពី​វិទ្យុ​អាមេរិកាំង ដោយការ​ប្រុង​ប្រយ័ត្ន។

«យប់ឡើងខ្ញុំឡើងផ្ទះ បិទភ្លើង ខ្ញុំស្តាប់ទៅ។ បើនៅប្រជុំជនខ្ញុំអត់ហ៊ានទេ»។ លោកបន្តថា៖ «បើនិយាយរឿងច្បាប់ រឿងស្តាប់អញ្ចឹងខ្ញុំអត់ខុសទេ បើខ្ញុំចំណូលខាងហ្នឹងហើយ។ បើមិនឲ្យខ្ញុំស្តាប់ខ្ញុំនៅតែស្តាប់»។​

លោក ងួន ហ៊ុល មិនហ៊ានប្រាប់អ្នកយកព័ត៌មាន VOA ត្រង់ៗថា លោកនៅបន្តស្តាប់ព័ត៌មាន VOA និងអាស៊ីសេរីនោះទេ ដោយលោកបារម្ភថា«ជាអ្នកស៊ើបការណ៍»។

ខ្ញុំមិន​សូវ​ស្តាប់​ទេ​ ព្រោះ​វា​ច្រើន​តែ​និយាយ​វាយ​ប្រហារ​យើង​ធ្វើ​ការ​ហ្នឹង​ណា។​ យើង​អ្នក​ធ្វើ​ការ​ហ្នឹង​ គេ​ច្រើន​តែ​វាយ​ប្រហារ​ដែរ។ វា​ពិត​តិច​ ហើយ​មិន​ពិត វា​ច្រើន​»។


នៅ​ក្នុង​ភូមិ​របស់​លោក ការ​ស្តាប់​ព័ត៌មាន​ពី​វិទ្យុ ​VOA និងអាស៊ី​សេរី ត្រូវ​បានអាជ្ញាធរ​មើល​ឃើញ​ថា​ជា«​ក្រុម​ប្រឆាំង»​និង​«ភ្ជាប់​ទៅ​នឹង​សកម្មភាព​នយោបាយ»។​ នេះ​ជា​ការ​លើក​ឡើង​របស់លោក ងួន ហ៊ុល។

រិះគន់​ឬវាយ​ប្រហារ?

លោក ​ហ៊ូ​ ញឹប ​ជា​មេឃុំ​រំលេច​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បដិសេធ​ថា ​ពុំ​មាន​ការ​រឹតត្បិត​ក្នុង​ការ​ស្តាប់​ព័ត៌មានទេ នៅ​ក្នុង​ឃុំ​របស់​លោក​ ។ លោក​បន្ត​ថា​លោក​បាន​ដឹង​អំពី​ការ​ស្តាប់​លែង​ឮ​កម្មវិធី​វិទ្យុ​VOAនិង​អាស៊ី​សេរី។ ប៉ុន្តែ​លោក​ថា​លោកពុំ​ដែល​បាន​តាម​ដាន​ព័ត៌មាន​ពី​វិទ្យុ​ទាំង​ពីរ​ឡើយ។

«អាហ្នឹង​បែប​និយាយ​វាយ​ប្រហារ​ពេក​បាន​គេ​បិទ​ទៅ ​ប្រហែល​អញ្ចឹង​ដឹង។ បើ​យើង​និយាយ​ ថា​យើង​ម្ខាង​ៗ។ ខ្ញុំ​ធ្វើ​ការ​ គេ​ថា​ខ្ញុំ​កាន់​ខាង​នេះ ខាង​នោះ។ ខ្ញុំ​មិន​សូវ​ស្តាប់​ទេ​ ព្រោះ​វា​ច្រើន​តែ​និយាយ​វាយ​ប្រហារ​យើង​ធ្វើ​ការ​ហ្នឹង​ណា។​ យើង​អ្នក​ធ្វើ​ការ​ហ្នឹង​ គេ​ច្រើន​តែ​វាយ​ប្រហារ​ដែរ។ វា​ពិត​តិច​ ហើយ​មិន​ពិត វា​ច្រើន​»។

លោក​មេឃុំ​បន្ថែម​ថា​ក្នុង​ករណី ដែល​ពលរដ្ឋ​មិន​មាន​វិទ្យុ VOA ​សម្រាប់​ស្តាប់​ ពួកគាត់​អាច​ស្តាប់​លោក​ទេសន៍​បាន។

​វិទ្យុ​ និងទូរទស្សន៍នៅតែ​ជាឧបករណ៍​ ប្រើសម្រាប់ទទួលព័ត៌មាន​ ដែល​មាន​តំលៃសមរម្យ​បំផុត​ និងអាចប្រើប្រាស់ជាបាន​ប្រចាំ​សម្រាប់​ពួកគេ, នៅខេត្តបាត់ដំបង នៅថ្ងៃទី១១ ​ខែកញ្ញា ​ឆ្នាំ ២០១៩។ (ខាន់ ​សុគុំមនោ/VOA)

ភាគ​ច្រើន​នៃ​ប្រជាពលរដ្ឋ​ដែល​ VOA បាន​សាកសួរ ​បាន​លើក​ឡើង​ថា​ពួកគេ​ខ្វះ​ការ​ទទួល​បាន​ព័ត៌មាននយោបាយ ព័ត៌មាន​រសើប ​និង​ស៊ីជម្រៅ​ ដូច​ពី​មុន ​ដោយ​សារ​ពិបាក​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​ទាំង​នោះ​តាម​វិទ្យុ​។ ពួក​គេ​ពុំ​មាន​លទ្ធភាព​ប្រើ​ប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន​ដោយ​សារ​តម្លៃ​ថ្លៃ សេវា​អ៊ីនធឺណិត​មាន​កម្រិត និង​ពួកគាត់​មិន​ចេះ​អក្សរ ​និង​មិន​ចេះ​របៀប​ប្រើប្រាស់​ទូរស័ព្ទ​បែប​ទំនើប​។​

អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន​ បដិសេធ​ថា ​រដ្ឋាភិបាល​មិន​បាន​រារាំង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ​និង​មាន​ចេតនា​បង្រ្កាបសារព័ត៌មាន​សេរី​នោះ​ទេ។

«មិន​ស្រប​នឹង​ការ​ពិត​ទេ។ ដោយ​សារ​ការ​លើក​ទឹក​ចិត្ត​ដល់​ Voice of America ឬ​សំឡេង​សហរដ្ឋ​អាមេរិក​ ឬក៏​វិទ្យុ​អាស៊ី​សេរី​ដែល​គាត់​រត់​ចោល​ស្រុក​នោះ ​គឺ​គាត់​គ្រាន់​តែ​ជា​ទិដ្ឋភាព​មួយ ​នយោបាយ​តែ​ប៉ុណ្ណោះ។ ហើយ​ខ្ញុំ​ខ្លួន​ឯង​ផ្ទាល់​ក៏​បាន​សហការ​ជាមួយ​សំឡេង​សហរដ្ឋអាមេរិក ​ក៏​ដូច​ជា​វិទ្យុ​អាស៊ី​សេរី​ហ្នឹង​ នៅ​តែ​បន្ត​ការ​ឆ្លងឆ្លើយ​ព័ត៌មាន​ជាមួយ​គ្នា​មិន​រើស​អើង​នោះ​ទេ ហើយ​ប្រជា​ពលរដ្ឋ​សព្វថ្ងៃ​តាម​បណ្តាញ​អនឡាញ​បាន​ស្តាប់​ដោយ​សេរី​នៅ​ក្នុង​សាច់​រឿង​ហ្នឹង»។

ប៉ុន្តែ​លោក​ Sebastian Strangio អ្នក​និពន្ធ​សៀវភៅ “Hun Sen's Cambodia” ឬ​ជា​ភាសា​ខ្មែរ «​ប្រទេស​កម្ពុជា​របស់​លោក​ហ៊ុន សែន» និង​ជា​អ្នក​តាមដាន​ស្ថានភាព​នយោបាយ​កម្ពុជា​និង​តំបន់​អាស៊ី​អាគ្នេយ៍ បាន​លើក​ឡើង​ថា​ សារព័ត៌មាន​ដែល​មិន​គាំទ្រ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​សារព័ត៌មានដែល​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​ទំនោរ​ទៅ​គណបក្ស​ប្រឆាំង។

លោក​មាន​ប្រសាសន៍ប្រាប់​VOA តាម​សារ​អេឡិចត្រូនិក​ឬអ៊ីមែល​ថា៖ «គណបក្ស​ប្រជាជន​កម្ពុជា​មិន​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​អាច​ទទួល​បាន​ព័ត៌មាន​ពី​ស្ថាប័ន​ព័ត៌មាន​ដែល​ពួកគេ​បាន​ចាត់​ទុក​ថា​ជា​ការ​ឃោសនា​សម្រាប់​បក្ស​ប្រឆាំង។ ប៉ុន្តែ​តាម​រយ:​ការ​សន្ទនា​របស់​ខ្ញុំ​ផ្ទាល់​ជាមួយ​ប្រជាជន វា​ច្បាស់​ណាស់​ថា​ប្រជាជន​កម្ពុជា​ជា​ច្រើនចង់​បាន​ភាព​ចម្រុះ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ទោះ​ជា​គាំទ្រ​បក្ស​ប្រឆាំង​ឬ​ក៏​ឯករាជ្យ​»៕


កំណត់​និពន្ធ៖ ភាគទី២​នៃ​សេចក្តី​រាយការណ៍​លម្អិត «ស្តាប់​លែង​ឭ» លោកអ្នកនាង​នឹង​ស្វែង​យល់​ពី​ការ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ ក្នុង​បរិបទ​ដែល​មាន​ការ​រឹត​ត្បិត​សារព័ត៌មាន។

អាន «ស្តាប់លែងឭ»​ | ភាគទី២

អាន «ស្តាប់លែងឭ‍» | ភាគទី៣