មេដឹកនាំសហគមន៍ខ្មែរកម្ពុជាក្រោមនៅថ្ងៃពុធបានប្រតិកម្មទៅនឹងការបាត់ខ្លួនអតីតព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គបន្ទាប់ពីព្រះសង្ឃអង្គនោះ ត្រូវអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសង្ឃក្នុងខេត្តកំពង់ចាមបានចុះមកចាប់ខ្លួន ហើយមានការបង្ខំឲ្យសឹក។
កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ នគរបាលស្រុកខេត្ត និងព្រះអនុគុណស្រុក ព្រះមេគុណខេត្តកំពង់ចាមបានមកឡោមព័ទ្ធ និងនាំខ្លួនព្រះសុខុមញ្ញាណ ប៉ាង សុដាដែលជាព្រះចៅអធិការវត្តវង្សគតបុរីសេរីភ្នំពេញ(ហៅវត្តភ្នំពេញថ្មី) ស្ថិតនៅភូមិដូនបុស្ស ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម យ៉ាងតក់ក្រហល់ ដោយគ្មានមូលហេតុច្បាស់លាស់និងមិនមានដីកាតាមនីតិវិធីច្បាប់។ នេះបើតាមសេចក្តីប្រកាសរបស់មិត្តសមាគមខ្មែរកម្ពុជាក្រោម ដែលស្ថិតនៅដាច់ដោយឡែកពីសហគមន៍ខ្មែរកម្ពុជាក្រោម។
ប៉ុន្មានថ្ងៃក្រោយការចាប់ខ្លួននោះអតីតព្រះសង្ឃខ្មែរកម្ពុជាក្រោមលោកប៉ាង សុដាបានលេចមុខក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាល និងបានសារភាពថាលោកបានប្រព្រឹត្តអំពើអសីលធម៌ដែលធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា។ អង្គភាពFresh Newsបានរាយការណ៍ថាអតីតសង្ឃលោកប៉ាងសុដា«បានទទួលស្គាល់កំហុសថាខ្លួនពិតជាមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់»។
ប៉ុន្តែនាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោមលោក ថាច់ សេដ្ឋា មិនជឿលើការផ្សព្វផ្សាយរបស់អង្គភាពព័ត៌មាននេះ និងទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធ ឬមន្ត្រីសង្ឃជាន់ខ្ពស់ផ្សេងទៀត ចេញមកផ្តល់ការពន្យល់ទាក់ទិនការចាប់ខ្លួនអតីតចៅអធិការវត្តលោក ប៉ាង សុដា ដែលរហូតមកដល់ពេលនេះ មិនទាន់ដឹងថាលោកនៅទីណាឲ្យប្រាកដនោះទេ។
លោក ថាច់ សេដ្ឋា ដែលជាអតីតសមាជិកព្រឹទ្ធសភាមួយរូបរបស់គណបក្សសម រង្ស៊ី ប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «តាំងពីហ្នុងមកមិនដឹងថា បទល្មើសខុសពីរឿងអីចាប់ពីរឿងអី មានរឿងអីក៏អត់មានប្រភពណាបញ្ជាក់ច្បាស់លាស់ដែរបាត់រហូតស្រាប់តែឃើញមុខចេញមកស្លៀកពាក់ខោអាវជាគ្រហស្ថហើយសារភាពទោសកំហុសវាជារឿងមួយចម្លែក។ ហើយចុះបើដឹងថាខុសធម៌វិន័យតាំងកាលហ្នុងចាប់ផ្សឹកម៉េចគាត់មិននិយាយតាំងកាលហ្នុងទៅ។ ម៉េចចាំពីថ្ងៃ[ទី]២មកដល់ថ្ងៃនេះទើបចេញមុខមកបកស្រាយបែបនោះទៅវិញនៅធ្វើឲ្យយើងមានការសង្ស័យអីចឹង»។
មេដឹកនាំសហគមន៍ខ្មែរកម្ពុជាក្រោមរូបនេះបន្ថែមថា៖ «ខ្ញុំសុំអំពាវនាវដល់អាជ្ញាធរលោកគួរតែមានភាពក្លាហានចេញមកបកស្រាយជាពិសេសស្ថាប័នដែលពាក់ព័ន្ធមានខាងគណៈមន្ត្រីសង្ឃអីជាដើមហើយខាងអាជ្ញាធរដែលចុះទៅនាំខ្លួនព្រះអង្គហ្នឹងគឺត្រូវតែបង្ហាញពីហេតុផលឬក៏អំពីគេហៅប្រឈមផ្លូវច្បាប់បែបណាឬទីកន្លែងដែលឃុំឃាំងលោកឬក៏យ៉ាងម៉េចអាហ្នឹងគឺត្រូវតែប្រកាសជាសាធារណៈដើម្បីឲ្យគ្រួសារក៏ដូចជាអង្គការសមាគមខ្មែរកម្ពុជាក្រោមយើងបានដឹងផង»។
សេចក្តីប្រកាសរបស់មិត្តសមាគមខ្មែរកម្ពុជាក្រោម ចុះថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០២១បានឲ្យដឹងថាសមត្ថកិច្ចថ្នាក់ឃុំ ស្រុក ខេត្តនិងមន្ត្រីសង្ឃខេត្តជាច្រើនអង្គនាក់ បាននិមន្ត និងចុះមកដល់ទីតាំងវត្តចាប់ខ្លួនទាំងអតីតព្រះសង្ឃប៉ាង សុដា មិនបានដឹងខ្លួនជាមុននិងមិនបានត្រៀមលក្ខណៈឲ្យបានត្រឹមត្រូវសូម្បីតែស្បែកជើងក៏គ្មានផង។
សេចក្តីប្រកាសបញ្ជាក់ថា៖ «ចំណែកព្រះសង្ឃក្នុងវត្ត គណៈកម្មការវត្តក៏ត្រូវបានសមត្ថកិច្ចដកហូតទូរស័ព្ទទាំងអស់ ដើម្បីលុបរូបថតឬវីដេអូដែលថតអំពីទិដ្ឋភាពនៃការចាប់ខ្លួននេះផងដែរ។ បន្ទាប់ពីការចាប់ខ្លួននេះកុដិរបស់ព្រះអង្គត្រូវបានសមត្ថកិច្ចចូលរុះរើឆែកឆេរនិងបម្រាមមិនឲ្យមានជនណាមួយចូលជិតឡើយ។ បន្ថែមពីនោះសមត្ថកិច្ចក៏ត្រូវបានពង្រាយកម្លាំងជុំវិញបរិវេណវត្តយ៉ាងតឹងរ៉ឹង»។
សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនិងជាព្រះមេគុណរាជធានីភ្នំពេញមានថេរដីកាប្រាប់វីអូអេនៅថ្ងៃពុធនេះថាអន្ទិតប៉ាង សុដា កំពុងស្ថិតក្នុងប្រទេសកម្ពុជា ក្រោយត្រូវបានដោះលែង ហើយអន្ទិត ប៉ាងសុដា ក៏អះអាងថាលោកនឹងមិនបួសជាសង្ឃវិញដែរ និងកំពុងមានសេរីភាពដើរហើរដូចពលរដ្ឋធម្មតា។
«គាត់អត់អីផងគាត់ជាគ្រហស្ថប៉ុន្តែគាត់អត់មាននៅជាគ្រហស្ថដើរធម្មតាពរហ្នឹងហើយ អត់មានបញ្ហាអី ពីណាចោទអីគាត់ ទោសទណ្ឌអីផង»។
ព្រះអង្គ ឃឹម សន មិនអាចបញ្ជាក់មូលហេតុច្បាស់លាស់នៅពីក្រោយការចាប់ខ្លួនអន្ទិតប៉ាង សុដាទេ តែថាមានគេបង្ហោះរូបភាពច្រើននៅលើបណ្តាញសង្គមកាលពីពេលកន្លងមក ដែលរូបភាពទាំងអស់នោះគឺគេឃើញអតីតសង្ឃរូបនោះបានថតជាមួយស្ត្រី។
«ពេលអាត្មាសួរនៅតែពីរនាក់អាត្មាអាត្មាសួរដែរពរគាត់អត់និយាយប្រាប់ហ្នឹងហើយ។ ក៏ប៉ុន្តែចំនួនប្រហែលជាកន្លងពីរបីថ្ងៃមកឃើញគេបង្ហោះរូបគាត់ជាច្រើននៅលើបណ្តាញសង្គមហ្នឹងពរ បង្ហោះរូបគាត់ជាមួយមានសំឡេងអីជាមួយស្ត្រី រូបស្ត្រីអីចឹង»។
វីអូអេមិនអាចទាក់ទងសុំការអធិប្បាយពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានទេនៅថ្ងៃពុធនេះ។
លោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្តកំពង់ចាមបដិសេធមិនផ្តល់ការអធិប្បាយដោយថាជាប់ប្រជុំនិងស្នើឲ្យទាក់ទងទៅមន្ត្រីសង្ឃវិញ។
នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោមលោក ថាច់ សេដ្ឋា បន្ថែមថាមុនពេលអតីតព្រះសង្ឃ ប៉ាង សុដា ត្រូវឃាត់ខ្លួន រួចបង្ហាញមុខថាសឹកនោះគឺមានការចោទប្រកាន់លើអតីតព្រះចៅអធិការអង្គនេះថាបានល្មើសវិធានការបង្ការការឆ្លងជំងឺកូវីដ១៩ និងល្មើសធម្មវិន័យ។
បើតាមលោកថាច់ សេដ្ឋា អន្ទិតប៉ាង សុដា មានស្រុកកំណើតនៅខេត្តឃ្លាំងក្នុងទឹកដីខ្មែរកម្ពុជាក្រោម និងបានមកធ្វើជាព្រះចៅអធិការវត្តមួយក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ជាច្រើនឆ្នាំមកហើយ។
លោកបញ្ជាក់ថាអន្ទិត ប៉ាង សុដា បានធ្វើការងារមនុស្សធម៌ជាច្រើនជាមួយប្រជាពលរដ្ឋខ្មែរមិនថាខ្មែរក្រោមឬខ្មែរកណ្តាល និងកសាងវត្តអារាម ហើយបានធ្វើការជាមួយសហគមន៍ខ្មែរកម្ពុជាក្រោម។
លោករំឭកផងដែរថាមានករណីចម្រូងចម្រាសពាក់ព័ន្ធនឹងការឃាត់និងឃុំខ្លួនព្រះកាយព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយចំនួនកាលពីពេលកន្លងមកតួយ៉ាងគឺព្រះតេជគុណ ទឹម សាខន ដែលជាព្រះចៅអធិការវត្តភ្នំដិនខាងជើង ក្នុងខេត្តតាកែវ ត្រូវគេចាប់ផ្សឹក និងបញ្ជូនទៅដាក់ពន្ធនាគារនៅប្រទេសវៀតណាម៕