ពលរដ្ឋកាតាកំពុងស្វះស្វែងយ៉ាងអន្ទះសារដើម្បីរកការបណ្តាក់ទុនផ្សេងទៀតនៅពេលដែលប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអេមីរ៉ាតអារ៉ាប់រួមបានកាត់ផ្តាច់ទំនាក់ទំនងកាលពីពេលថ្មីៗនេះជាមួយប្រទេសរបស់ខ្លួន ហើយបានចេញបញ្ជាដែលធ្វើឲ្យមានការលំបាកដល់ពួកគេដើម្បីកាន់កាប់អចលនទ្រព្យនៅក្នុងប្រទេសអារ៉ាប់ផ្សេងៗទៀត នេះតាមការបញ្ជាក់របស់អ្នកលក់អចលនទ្រព្យ។
លោក Sajid Bashirអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Copperstones International Properties ដែលមានទីតាំងនៅក្នុងទីក្រុងឡុងដ៍បាននិយាយថា «ខ្ញុំគិតថា បញ្ហាសំខាន់គឺភាពមិនប្រាកដប្រជា។ ដូច្នេះ តំបន់មជ្ឈឹមបូព៌ាទាំងមូលមានភាពចលាចល។ បន្ទាប់មកភាពចលាចលនេះបង្កើតឲ្យមានការភ័យស្លន់ស្លោ បន្ទាប់មកការភ័យស្លន់ស្លោធ្វើឲ្យមានបញ្ហាផ្សេងៗជាច្រើនពីព្រោះតែពលរដ្ឋគិតថា អូ តើមានអ្វីកើតឡើង បើកាតាត្រូវគេរាំងខ្ទប់ម្តងទៀតនោះ»។
លោកនិយាយទៀតថា កាតាបានលេចចេញឡើងជាប្រភពនៃការវិនិយោគទុនបរទេសដ៏ធំបង្អស់តែមួយគត់នៅក្នុងអចលនទ្រព្យក្នុងទីក្រុងឡុងដ៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទីភ្នាក់ងាររបស់រដ្ឋាភិបាលដែលបានបង្កើនអាគារសំខាន់ៗដូចជាហាងលក់ទំនិញ Harrods។ លោក Bashir បាននិយាយថា៖ «ខ្ញុំគិតថា ពីព្រោះតែ រដ្ឋាភិបាលបានវិនិយោគទុននៅបរទេស ពួកគេបានគិតពីបញ្ហានេះ។ ឥឡូវនេះ ពលរដ្ឋដឹងថា យើងមិនអាចរក្សាទុកប្រាក់ទាំងអស់នេះនៅក្នុងប្រទេសកាតាទេ ហើយយើងមិនអាចទុកចិត្ត រដ្ឋាភិបាលរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតទេ ហើយជាការពិតយើងមិនអាចងាកទៅប្រទេសអ៊ីរ៉ង់ទេ ពីព្រោះតែប្រទេសនេះកំពុងទទួលរងការដាក់ទណ្ឌកម្ម។ ដូច្នេះ ការណ៍នេះធ្វើឲ្យយើងមិនមានជម្រើសច្រើនទេ»។
ទោះបី ការហូរថវិកាបានត្រូវកាត់បន្ថយក៏ដោយ ពួកអ្នកទិញអចលនទ្រព្យចិននៅតែកំពុងស្វែងរកមធ្យោបាយវិនិយោគក្នុងទីផ្សារបរទេសនៅឡើយ ហើយអ្នកទិញជនជាតិចិនខ្លះ ធ្វើវិនិយោគខាងអចលនទ្រព្យសម្រាប់រយៈពេលយូរ។
នេះជាភស្តុតាងមួយនៅក្នុងការតាំងពិព័រណ៍អចលនទ្រព្យប្រណីតមួយក្នុងទីក្រុងប៉េកាំងនៅពេលដែលក្រុមហ៊ុនបរទេសរាប់សិបបានតាំងពិព័រណ៍ឱកាសវិនិយោគទុនដោយមានការផ្តល់ការចំណេញច្រើន រួមមានការផ្តល់សិទ្ធិរស់នៅនិងសញ្ជាតិផងដែរ។
ប្រទេសនៅអឺរ៉ុប និងប្រទេសជាច្រើនទៀតរួមមានប្រទេសក្រិក ម៉ាល់តានិងប្រទេសអេស្ប៉ាញ បានផ្តល់ទិដ្ឋាការមាស Golden Visa ដែលភ្ជាប់ទៅនឹងការវិនិយោគទុនអចលនទ្រព្យអប្បរមារវាងពី៣សែន៥ម៉ឺនដុល្លារទៅ៧សែនដុល្លារអាមេរិក។
លោកស្រី Anna N. Druhakova ជាអគ្គនាយកនៃក្រុមហ៊ុន D&A Invest មកពីប្រទេសក្រិកបានប្រាប់ VOA នៅការតាំងពិពរណ៍អចលនទ្រព្យក្នុងទីក្រុងប៉េកាំងថា «ប្រសិនបើ អស់លោក អ្នក ទិញប្រភេទអចលនទ្រព្យណាមួយក្នុងតម្លៃ២ សែន៥ម៉ឺនអឺរ៉ូ លោក អ្នក នឹងទទួលបានសិទ្ធិរស់នៅសម្រាប់លោក អ្នក ប្រពន្ធ កូន និងឪពុកម្តាយរបស់ប្រពន្ធលោកអ្នក»។ លោកស្រីបានពន្យល់ទៀតថា សិទ្ធិរស់នៅនឹងបន្តរហូតដរាបណាអ្នកនៅកាន់កាប់អចលនទ្រព្យនោះ»។
ពួកភ្នាក់ងារក៏កំពុងទាក់ទងអ្នកវិនិយោគទុនចិនដោយមានការសន្យាជួយពួកគេដើម្បីបំពេញទៅតាមលក្ខខណ្ឌដើម្បីទទួលបានទិដ្ឋាការប្រភេទ EB5 ដែលផ្តល់សិទ្ធិរស់នៅរយៈពេលយូរនៅក្នុងសហរដ្ឋអាមេរិក។ ពួកអ្នកវិនិយោគទុនក្នុងវិស័យជំនួញ ឬអចលនទ្រព្យចាំបាច់បង្ហាញថា ការវិនិយោគទុនរបស់ពួកគេបានជួយបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលសម្រាប់មនុស្សយ៉ាងតិចណាស់ក៏១០នាក់ដែរ។
ក្រៅពីការវិនិយោគទុនខាងពាណិជ្ជកម្ម ពួកអ្នកទិញអចលនទ្រព្យជនជាតិចិនបានវិនិយោគប្រាក់ចំនួន៣៣ពាន់លានដុល្លារលើទ្រព្យសម្បត្តិខាងផ្ទះសម្បែងនិងកម្មសិទ្ធហាងទំនិញនៅឆ្នាំ២០១៦ ដែលជាការកើនឡើងចំនួន៥៣ភាគរយច្រើនជាងកាលពីមួយឆ្នាំមុន។ «ការបង្ក្រាបការហូរចេញមូលធន» ដោយរដ្ឋាភិបាលចិនមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការវិនិយោគទុនដោយក្រុមហ៊ុនចិនក្នុងការទិញអគារសំខាន់ៗនៅតាមទីក្រុងសំខាន់ៗរបស់ប្រទេសលោកខាងលិច រួមមានទីក្រុងឡុងដ៍។
ប្រភពនានាបានប្រាប់ឲ្យដឹងថា ជនជាតិចិនរាប់ម៉ឺននាក់នៅតែកំពុងទិញផ្ទះ និងកម្មសិទ្ធហាងទំនិញក្នុងទីផ្សារបរទេសដែលជាការសន្សំប្រាក់ និងសិទ្ធិសម្រាប់រស់នៅបរទេស។ ពួកគេកំពុងស្វែងរកវិធីផ្សេងដើម្បីយកប្រាក់ចេញពីប្រទេសដោយមានការជួយពីភ្នាក់ងារអចលនទ្រព្យ និងតាមរយៈការលាក់លៀមតាម បណ្តាញធនាគារ។
លោក Andrew Collier នាយកចាត់ចែងនៃក្រុមហ៊ុនស្រាវជ្រាវ Orient Capital Research ក្នុងទីក្រុងហុងកុងបាននិយាយថា ការផ្តោតសំខាន់របស់រដ្ឋាភិបាល គឺត្រូវទប់ស្កាត់ការហូរចេញរូបិយប័ណ្ណបរទេស។ រដ្ឋាភិបាលបានសម្រេចជោគជ័យគួរឲ្យកត់សម្គាល់នៅក្នុងការបញ្ឈប់ការវិនិយោគទុននៅបរទេសសំខាន់ៗក្នុងកម្មសិទ្ធហាងទំនិញនិងពាណិជ្ជកម្មដូចជាគ្រឿងកម្សាន្តដែលរដ្ឋាភិបាលមិនចង់លើកទឹកចិត្ត។
លោកបាននិយាយទៀតថា៖ «គេមិនទាន់ច្បាស់នៅឡើយថាតើរដ្ឋាភិបាលបានត្រួតពិនិត្យប្រកបដោយប្រសិទ្ធិភាពឬទេដល់អតិថិជនតូចៗដែលកំពុងធ្វើការវិនិយោគទុនតិចតួចនៅឯបរទេសនោះ។ ក៏ប៉ុន្តែ ទិន្នន័យមិនបានបង្ហាញច្បាស់លាស់ទេ»។
លោក Collierនិយាយថា ការត្រួតពិនិត្យរបស់រដ្ឋាភិបាលចិនលើលំហូរចេញមូលធនអាចដើរតួនាទីនៅក្នុងការធ្វើឲ្យតម្លៃអចលនទ្រព្យក្នុងទីផ្សារនៅប្រទេសចិនកាន់តែឡើងថ្លៃឡើង។ អ្វីដែលសំខាន់នោះគឺរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើឲ្យតម្លៃឡើងថ្លៃខ្ពស់។
លោកCollieនិយាយបន្តទៀតថា៖ «ប្រសិនបើ តម្លៃអចលនទ្រព្យធ្លាក់ចុះ មនុស្សនឹងកាន់តែអន្ទះសារហើយពួកគេនឹងសម្រុកបញ្ចេញប្រាក់របស់ខ្លួនទៅបរទេស។ ដូច្នេះ នេះជាហេតុផលមួយទៀតដែលរដ្ឋាភិបាលស្វះស្វែងរក្សាតម្លៃអចលនទ្រព្យក្នុងប្រទេសឲ្យឡើងថ្លៃនោះ»៕
ប្រែសម្រួលដោយជឹង ប៉ូជីន