លោក Putin ប្តេជ្ញា​សម្រេច​ឱ្យ​បាន​នូវ «គោលបំណង» ទាំងអស់​នៅ​អ៊ុយក្រែន

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ចូលរួមប្រជុំ​នៅ​ទីក្រុងម៉ូស្គូ កាលពីថ្ងៃទី​៣០ កញ្ញា​ ឆ្នាំ ២០២៤។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ប្តេជ្ញា​កាលពី​ថ្ងៃ​ចន្ទ​ថា​នឹង​សម្រេច​ឱ្យ​បាន​នូវ «គោលបំណង» ទាំងអស់​របស់​លោក​នៅ​អ៊ុយក្រែន និង​បាន​ប្រារព្វ​ខួប ២ ឆ្នាំ​នៃ​ការ​ច្បាម​យក​តំបន់ ៤ របស់​អ៊ុយក្រែន ស្របពេល​ដែល​កងទ័ព​របស់​លោក​អះអាង​ថា​ពួកគេ​បាន​រុល​ទៅ​មុខ​ទៀត​នៅ​ក្នុង​សង្គ្រាម​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

កងទ័ព​រុស្ស៊ី​បាន​ក្តោបក្តាប់​ទីប្រជុំជន​និង​ភូមិ​អ៊ុយក្រែន​រាប់​សិប​នៅ​ឆ្នាំ​នេះ ទោះបីជា​កងទ័ព​អ៊ុយក្រែន​បាន​វាយបក​ឆ្លង​ព្រំដែន​ចូល​ទៅក្នុង​ទឹកដី​រុស្ស៊ី​ក៏ដោយ។

លោក Putin បាន​ថ្លែង​សារ​ជា​វីដេអូ​ថា៖ «ការពិត​គឺ​នៅ​ខាង​ពួកយើង។ គោលបំណង​ទាំងអស់​ដែល​បាន​កំណត់​នឹង​សម្រេច​បាន»។ លោក Putin បាន​ថ្លែង​ដូច្នេះ​នៅក្នុង​សុន្ទរកថា​ប្រារព្ធ​នូវ​អ្វី​ដែល​លោក​ហៅ​ថា «ទិវា​បង្រួបបង្រួម​ឡើងវិញ» ពេល​រុស្ស៊ី​ភ្ជាប់​តំបន់ ៤ នៅ​ប៉ែក​ខាង​ត្បូង​និង​ខាង​កើត​របស់​អ៊ុយក្រែន​ចូលក្នុង​ទឹកដី​រុស្ស៊ី​នៅ​ឆ្នាំ ២០២២។

លោក Putin ក៏​បាន​ពន្យល់​ហេតុផល​ឡើងវិញ​ផងដែរ​ចំពោះ​ការ​បញ្ចូន​កងទ័ព​រុស្ស៊ី​ចូល​ក្នុង​ប្រទេស​អ៊ុយក្រែន ដោយ​និយាយ​ថា​លោក​ការពារ​អ្នក​និយាយ​ភាសា​រុស្ស៊ី​ទប់ទល់​នឹង «របប​ផ្តាច់ការ​ណាហ្ស៊ី​បែប​ថ្មី» ដែល​មាន​បំណង «កាត់ផ្តាច់​អ្នក​និយាយ​ភាសា​រុស្ស៊ី​ទាំង​នោះ​ជា​រៀង​រហូត​ពី​រុស្ស៊ី ដែល​ជា​មាតុភូមិ​ប្រវត្តិសាស្ត្រ​របស់​ពួកគេ»។

រុស្ស៊ី​បាន​អះអាង​ថា​ខ្លួន​បាន​ភ្ជាប់​យក​តំបន់ Lugansk តំបន់ Donetsk តំបន់ Zaporizhzhia និង​តំបន់ Kherson របស់​អ៊ុយក្រែន​នៅ​ខែ​កញ្ញា​ឆ្នាំ ២០២២ តែ​រុស្ស៊ី​មិន​បាន​ត្រួតត្រា​ទាំងស្រុង​លើ​តំបន់​ណាមួយ​ក្នុង​ចំណោម​តំបន់​ទាំង ៤ នេះ​ទេ៕