លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានថ្លែងកាលពីថ្ងៃពុធថា អ៊ុយក្រែនបានចាប់ផ្តើមការបង្កហេតុទ្រង់ទ្រាយធំមួយ ចូលក្នុងតំបន់ Kursk របស់រុស្ស៊ី ប៉ុន្តែគេមិនបានដឹងច្បាស់ថាការប្រយុទ្ធគ្នាមានច្រើនដល់កម្រិតណាទេ។
លោកមេដឹកនាំរុស្ស៊ីបានថ្លែងប្រាប់គណៈរដ្ឋមន្ត្រីរបស់លោកថា កងកម្លាំងអ៊ុយក្រែន បានទម្លាក់គ្រាប់បែកដោយមិនរើសមុខលើគោលដៅស៊ីវិល នៅក្នុងថ្ងៃទី២ នៃការប្រយុទ្ធគ្នាក្នុងតំបន់តាមបណ្តោយទល់ដែនអ៊ុយក្រែននៅភាគអាគ្នេយ៍។
ប៉ុន្តែវិទ្យាស្ថានសិក្សាអំពីសង្គ្រាមរបស់សហរដ្ឋអាមេរិកមួយ បាននិយាយថា ខ្លួនមិនអាចបញ្ជាក់ថាតើទីតាំងនៃឃ្លីបវីដេអូ ដែលបង្ហាញរថពាសដែកដែលខូចខាតនិងបោះបង់ចោល ដែលស្ថិតនៅចម្ងាយ៧គីឡូម៉ែត្រ នៅភាគខាងជើងនៃទល់ដែន នៅតំបន់ Kursk នោះ ជារបស់អ៊ុយក្រែន ឬទេ។
វិទ្យាស្ថាននេះក៏មានការមន្ទិលសង្ស័យអំពីឃ្លីបវីដេអូដែលចែកចាយដោយក្រុមអ្នកធ្វើ blog របស់កងយោធារុស្ស៊ី ដែលអះអាងបង្ហាញអំពីការខូចខាតក្រោយការវាយប្រហាររបស់អ៊ុយក្រែនផងដែរ។ សេចក្តីរាយការណ៍របស់វិទ្យាស្ថាននេះបាននិយាយថា ការខូចខាតដែលបង្ហាញភាគច្រើន «ហាក់ដូចជាលទ្ធផលនៃការបាញ់ផ្លោងជាប្រចាំរបស់អ៊ុយក្រែន ហើយមិនបង្ហាញថាមានសកម្មភាពយោធាជើងគោក នៅក្នុងតំបន់នោះឡើយ»។
អភិបាលស្តីទីនៃតំបន់ Kursk របស់រុស្ស៊ី លោក Alexei Smirnov បានអំពាវនាវឱ្យអ្នកស្រុកបរិច្ចាគឈាម ពីព្រោះមានអ្នករបួសនៅក្នុងការប្រយុទ្ធគ្នានោះ។ លោកបាននិយាយថា កងកម្លាំងរុស្ស៊ី «បានតតាំងយ៉ាងក្លាហាននឹងការវាយប្រហាររបស់ទាហានអ៊ុយក្រែន»។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារ៍ថា កងទ័ពអ៊ុយក្រែនអាចដល់ទៅ៣០០នាក់ ដែលគាំទ្រដោយរថក្រោះ១១គ្រឿង និងរថពាសដែកជាង២០គ្រឿង បានឆ្លងចូលប្រទេសរុស្ស៊ី ប៉ុន្តែបានរងខូចខាតយ៉ាងធ្ងន់ធ្ងរ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរុស្ស៊ី ដែលគាំទ្រដោយយន្តហោះទម្លាក់គ្រាប់បែក «មិនបានអនុញ្ញាតឱ្យសត្រូវបន្តដំណើរចូលទឹកដីរបស់សហព័ន្ធរុស្ស៊ីបានជ្រៅទេ។ ក្រុមមន្ត្រីអ៊ុយក្រែន បានបដិសេធមិនធ្វើអត្ថាធិប្បាយ ហើយក្រុមអ្នកឃ្លាំមើលផ្សេងៗ មិនអាចបញ្ជាក់អំពីការអះអាងរបស់រុស៊្សីបានទេ៕
ព័ត៌មានខ្លះសម្រាប់របាយការណ៍នេះផ្តល់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters និង Associated Press