ប្រធានាធិបតីPutin លុបចោល​បម្រាម​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ធ្វើ​ការ​ហ្វឹកហ្វឺន​ជាមួយ​កងកម្លាំង​រារាំង​នុយក្លេអ៊ែតាម​ដី សមុទ្រ និង​អាកាស​នៃរ​ក្នុង​ទីក្រុង​មូស្គូ ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៣។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ចុះហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ដើម្បី​បោះបង់​ចោល​ការហាមឃាត់​របស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​អំពី​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ។

លោក Putinបាន​និយាយ​ថា​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ដើម្បី​មិន​គោរព​ពាក្យ​សន្យា​លើ​សន្ធិសញ្ញា​នៃ​ការសាកល្បង​នុយក្លេអ៊ែរ​ដ៏​ធំទូលាយ​ដែល​ត្រូវ​បាន​គេ​ហៅ​ថាCTBTនឹង«ឆ្លុះ​បញ្ចាំង» ដូច​ជំហរ​របស់​សេតវិមាន​លើ​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​ដែរ។

សហរដ្ឋ​អាមេរិក​ជា​ហត្ថលេខី​មួយ​នៃ​សន្ធិសញ្ញា CTBT ​ក៏ប៉ុន្តែ ​មិន​ដែល​ផ្តល់​សច្ចាប័នលើ​សន្ធិ​សញ្ញា​នោះ​ទេ។ ប្រទេស​៧​ផ្សេង​ទៀត​រួមមាន​ចិន អ៊ីស្រាអែល អេហ្ស៊ីប កូរ៉េ​ខាង​ជើង ឥណ្ឌា​និង​ប៉ាគីស្ថាន​ក៏​មិន​ដែល​ផ្តល់សច្ចាប័ន​លើ​សន្ធិសញ្ញា​នោះ​ដែរ។

កាលពី​ខែ​តុលា សភា​ទាំង២​របស់​រុស្ស៊ី​បាន​អនុម័ត​សេចក្តីព្រាងច្បាប់ដែល​ដកចេញ​សន្ធិសញ្ញា CTBT នេះ។

លោក Putinបាន​បញ្ជូន​សារ​ដ៏​ច្បាស់​មួយ​ទៅកាន់​ប្រទេស​លោក​ខាង​លិច ហើយ​អ្នក​វិភាគ​ខ្លះគិត​ថា​ការចាប់ផ្តើម​ឡើង​វិញ​នូវ​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​បន្ទាប់ពី​ការ ហាមឃាត់​ជាង​២​ទសវត្សរ៍​ អាច​ជា​កលល្បិច​នយោបាយ​ដើម្បី​បន្លាច​ប្រទេស​ដែល​ជា​សមាជិក​អង្គការ​អូតង់​កុំ​ឱ្យ​ជួយ​ការវាយបក​របស់​អ៊ុយក្រែន។

អនុ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Ryabkov បាន​និយាយ​កាលពី​ខែ​មុន​ថា​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​នឹង​គោរព​ការហាមឃាត់​នោះ ប្រសិនបើ​សហរដ្ឋ​អាមេរិក​មិន​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ថ្មី​ណា​មួយទេ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP។