លោក Putin ពិភាក្សា​ជាមួយ​លោក Xi នៅ​ថ្ងៃ​ទី​ពីរ បន្ទាប់ពី​ស្វាគមន៍​ផែនការ​សន្តិភាព​របស់​ចិន​រឿង​អ៊ុយក្រែន

ប្រធានាធិបតី​រុស្ស៊ី​លោក Putin ​ជួប​ពិភាក្សាជាមួយ​ប្រធានាធិបតី​ចិន​លោក Xi ក្នុង​ទីក្រុង​មូស្គូ។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ទទួល​ស្វាគមន៍​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ថ្ងៃ​អង្គារ​នេះ​ដែល​ជា​ថ្ងៃ​ទី​ពីរ​នៃ​ការ​ពិភាក្សា​រវាង​លោក​ទាំង​ពីរ បន្ទាប់ពី​លោក Putin បាន​ទទួល​ស្វាគមន៍​ផែនការ​សន្តិភាព​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន និង​បន្ទាប់ពី​លោក Putin បាន​បង្ហាញ​សញ្ញា​ទៅ​កាន់​បណ្ដា​មេដឹកនាំ​នៃ​ក្រុម​បស្ចិម​ប្រទេស​អំពី​ទំហំ​នៃ​អ្វី​ដែល​លោក Putin និង​លោក Xi ហៅ​ថា​ជា​មិត្តភាព «គ្មាន​ដែន​កំណត់»។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​និយាយ​ថា ជំនួប​នៅ​ថ្ងៃ​អង្គារ​នេះ​រវាង​លោក Putin និង​លោក Xi នឹង​មាន​ការ​ពិភាក្សា​លើ​ប្រធានបទ​ជា​ច្រើន​ដែល​មាន​វត្តមាន​ចូលរួម​ពី​មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ។

នៅ​ក្នុង​សុន្ទរកថា​បើក​មុន​ពេល​ការ​ពិភាក្សា​បិទ​ទ្វារ​របស់​លោក​ទាំង​ពីរ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ចន្ទ លោក Putin បាន​និយាយ​ថា ប្រទេស​រុស្ស៊ី «ច្រណែន​បន្តិចបន្តួច» ជាមួយ​នឹង​ការ​អភិវឌ្ឍ​ដ៏​លឿន​របស់​ប្រទេស​ចិន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ដែល​ជំរុញ​ឱ្យ​ប្រទេស​ចិន​ក្លាយជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បង្អស់​ទី​ពីរ​នៅ​លើ​ពិភពលោក​បន្ទាប់ពី​សហរដ្ឋ​អាមេរិក។

ទីភ្នាក់ងារ​សារព័ត៌មាន​នានា​របស់​រុស្ស៊ី​នៅ​ពេល​ក្រោយ​មក​បាន​រាយការណ៍​ថា មេដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​អស់​រយៈពេល​ជិត ៤ ម៉ោង​កន្លះ មុន​ពេល​សម្រាក​ដើម្បី​ពិសារ​អាហារ​ពេល​ល្ងាច ដោយ​លោក Peskov បាន​និយាយ​ថា លោក Putin ទំនងជា​បាន «ពន្យល់​លម្អិត» ដល់​លោក Xi អំពី​សកម្មភាព​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក Putin បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​បាន​ពិនិត្យ​មើល​ផែនការ​សន្តិភាព​របស់​រដ្ឋាភិបាល​ចិន​ដោយ​ក្ដី​គោរព។

ប៉ុន្តែ ផែនការ​សន្តិភាព​របស់​ចិន​នេះ​មាន​ឱកាស​តិចតួច​ប៉ុណ្ណោះ​នៅ​ក្នុង​ការ​ទទួល​បាន​ការ​យល់ព្រម​ដូច​ដែល​បាន​ស្នើ​ឡើង ដោយសារតែ​ផែនការ​នេះ​មិន​បាន​បញ្ចូល​ការ​ទាមទារ​សំខាន់ៗ​ពី​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy នោះ​ទេ ដែល​នោះ​គឺ​ការ​ទាមទារ​ឱ្យ​រុស្ស៊ី​ដក​កងទ័ព​ចេញ​ពី​ប្រទេស​អ៊ុយក្រែន​ដើម្បី​គោរពព្រំដែន​របស់​អ៊ុយក្រែន​ដែល​ទទួល​ស្គាល់​ដោយ​អន្តរជាតិ ​ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ឧបទ្វីប Crimea ដែល​រុស្ស៊ី​បាន​ភ្ជាប់​យក​ដោយ​ខុស​ច្បាប់​កាលពី​ឆ្នាំ ២០១៤ និង​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន​ដែល​កងទ័ព​រុស្ស៊ី​បាន​ឈ្លានពាន​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន​ផងដែរ៕



អ្នកស្រី Patsy Widakuswara ដែល​ជា​ប្រធាន​ការិយាល័យ VOA ប្រចាំ​សេតវិមាន និង​លោក Paris Huang នៃ VOA ភាសា​ចិន​កុកងឺ​រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ Reuters។