ជាលើកទី១ចាប់តាំងពីការស្បថចូលកាន់តំណែងរបស់លោកមក ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយសន្ទនាកាលពីថ្ងៃអង្គារជាមួយមេដឹកនាំរុស្ស៊ីលោក Vladimir Putin។ លោក Biden បានសម្តែងនូវក្តីបារម្ភអំពីការចាប់ខ្លួនមេដឹកនាំប្រឆាំងគឺលោក Alexei Navalny យុទ្ធនាការចារកម្មសន្តិសុខប្រព័ន្ធកុំព្យូទ័ររបស់រដ្ឋាភិបាលក្រុងមូស្គូ និងការផ្តល់រង្វាន់សម្លាប់ទាហានអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់២រូបរបស់រដ្ឋបាលលោក Biden ។
ជំហររបស់លោកប្រធានាធិបតី Biden ហាក់បង្ហាញនូវការផ្ទុយគ្នាស្រឡះពីអតីតប្រធានាធិបតី Donald Trump ដែលជារឿយៗបានសម្តែងនូវភាពរីករាយចំពោះទំនាក់ទំនងដ៏កក់ក្តៅរបស់លោកជាមួយមេដឹកនាំវិមានក្រឹមឡាំង។
នៅពេលជាមួយគ្នានោះដែរ តាមការសន្ទនាតាមទូរស័ព្ទនោះ លោកប្រធានាធិបតី Biden បានប្រាប់លោក Putin ថា រុស្ស៊ីនិងសហរដ្ឋអាមេរិក គួរតែបន្តសន្ធិសញ្ញាត្រួតត្រាអាវុធនុយក្លែអ៊ែររបស់ពួកគេចំនួន៥ឆ្នាំទៀត មុននឹងផុតកំណត់នៅដើមខែកុម្ភៈខាងមុខនេះ។
រដ្ឋាភិបាលក្រុងមូស្គូមិនទាន់បានបញ្ជាក់ភ្លាមៗពីខ្លឹមសារនៃការនិយាយទូរស័ព្ទនោះទេ ប៉ុន្តែរុស្ស៊ីបានទាក់ទងលោក Biden តាំងពីថ្ងៃដំបូងៗនៃអាណត្តិរយៈពេល៤ឆ្នាំរបស់លោកនៅសេតវិមាន។ មេដឹកនាំសហរដ្ឋអាមេរិក បានយល់ព្រមសន្ទនា ប៉ុន្តែតែក្នុងករណីក្រោយពីលោកប្រធានាធិបតី Biden បានត្រៀមខ្លួនជាមុនជាមួយបុគ្គលិករបស់លោក និងបាននិយាយទូរស័ព្ទជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធលោកខាងលិច៣ទៀតរបស់សហរដ្ឋអាមេរិកសិន គឺនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់អ្នកស្រី Angela Merkel។
គេមិនទាន់ដឹងភ្លាមៗថា តើប្រធានាធិបតីរុស្ស៊ីលោក Putin បានឆ្លើយតបយ៉ាងណាទៅលោកប្រធានាធិបតី Biden ចំពោះការលើកឡើងបញ្ហាដ៏ឈ្លោះប្រកែកគ្នារវាងប្រទេសទាំង២នោះទេ៕