សវនាការសាធារណៈប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែងដែលពិនិត្យមើលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងការខំប្រឹងប្រែងរបស់លោក ដើម្បីជំរុញឲ្យប្រទេសអ៊ុយក្រែនស៊ើបអង្កេតគូប្រជែងខាងគណបក្សប្រជាធិបតេយ្យដ៏សំខាន់ម្នាក់សម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។នេះតាមលោក Adam Schiff ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាតំណាងរាស្រ្តដែលបាននិយាយកាលពីថ្ងៃពុធ។
បន្ទាប់ពីសវនាការសម្ងាត់អស់រយៈពេលជាច្រើនសប្តាហ៍មក លោក Schiff បានមានប្រសាសន៍ថា ប្រជាពលរដ្ឋអាមេរិកាំង នឹងមានឱកាស«វិនិច្ឆ័យរឿងក្តីនេះ» ប្រឆាំងនឹងលោកប្រធានាធិបតីត្រាំ។
លោក Schiff មានប្រសាសន៍ទៀតថា «ការពិតភាគច្រើនមិនត្រូវបានជំទាស់តវ៉ាទេ។លោកមានការពេញចិត្តថា ការចោទប្រកាន់ដ៏សំខាន់ បានផ្តោតលើលោកប្រធានាធិបតីត្រាំ «ដែលព្យាយាមធ្វើឲ្យប្រទេសអ៊ុយក្រែនជីកកកាយគូប្រជែងខាងនយោបាយរបស់លោកគឺលោក Joe Biden អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជាអ្នកនាំមុខម្នាក់របស់គណបក្សប្រជាធិបតេយ្យ ដែលព្យាយាមទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សដើម្បីប្រកួតប្រជែងប្រធានាធិបតីត្រាំនៅក្នុងការបោះឆ្នោតឆ្នាំ២០២០»។
លោក Schiff បាននិយាយទៀតថា គណៈកម្មការស៊ើបការណ៍សម្ងាត់នឹងស្តាប់លោក Bill Taylor អ្នកការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកក្នុងប្រទេសអ៊ុយក្រែននិងលោក George Kent ឧបការីរងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក នៅពេលសវនាការសាធារណៈចាប់ផ្តើមនៅថ្ងៃពុធសប្តាហ៍ក្រោយ៕