សព​ចៅក្រម​តុលាការ​កំពូល​អ្នកស្រី Ginsburg នឹង​តម្កល់​នៅ​អគារ​តុលាការ​កំពូល​និង​អគារ​សភា

រូបថតរបស់អ្នកស្រី Ruth Bader Ginsburg ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិក ត្រូវបានដាក់តាំងនិងគោរព នៅខាងក្រៅបណ្ណាល័យសកលវិទ្យាល័យច្បាប់ Harvard នៅទីក្រុង Cambridge រដ្ឋ Massachusetts កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២០។

នៅ​ថ្ងៃ​ពុធ​នេះ សហការី មិត្តភក្តិ និង​សាធារណជន​នានា ​នឹង​ចាប់ផ្ដើម​គោរព​វិញ្ញាណក្ខន្ធ​ជា​លើក​ចុង​ក្រោយ​ចំពោះ​សព​ចៅក្រម​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​អ្នកស្រី Ruth Bader Ginsburg។ អ្នកស្រី​បាន​ស្លាប់​ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ ដោយសារ​ជំងឺ​មហារីក​លំពែង ក្នុង​អាយុ ៨៧ ឆ្នាំ។

មឈូស​របស់​អ្នកស្រី Ginsburg នឹង​ត្រូវគេ​យក​ទៅ​តម្កល់​នៅ​ក្នុង​អគារ​តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ជា​លក្ខណៈ​ឯកជន ដែល​មាន​ការ​ចូលរួម​ពី​សមាជិក​គ្រួសារ និង​សហការី​របស់​អ្នកស្រី។

មឈូស​របស់​អ្នកស្រី​នឹង​ត្រូវ​បាន​គេ​លើក​ទៅ​ដាក់​នៅ​បរិវេណ​ជណ្ដើរខាង​មុខ​ក្នុង​អគារ​តុលាការ​កំពូល សម្រាប់​ឲ្យ​សាធារណជន​ទូទៅ​ចូល​គោរព​វិញ្ញាណក្ខន្ធ​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍។ មឈូស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទម្រង់​ឈើ​ដូច​ទៅ​នឹង​មឈូស​របស់​លោក​ប្រធានាធិបតី Abraham Lincoln ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​ក្នុង​ឆ្នាំ ១៨៦៥ ដែរ។

ការ​គោរព​វិញ្ញាណក្ខន្ធ​នឹង​បន្ត​ដល់​ថ្ងៃ​សុក្រ នៅ​ពេល​ដែល​មឈូស​របស់​អ្នកស្រី Ginsburg ត្រូវ​គេ​បញ្ជូន​ទៅ​តម្កល់​នៅ​វិមាន​សភា ដោយ​ធ្វើ​ឲ្យ​អ្នកស្រី​ក្លាយ​ជា​ស្ត្រី​ទីមួយ ដែល​ទទួល​បាន​កិត្តិយស​ដូច្នេះ។ សាធារណជន​នឹង​អាច​មើល​មឈូស​របស់​អ្នកស្រី​បាន ក្រោយ​ពី​ពិធី​បុណ្យ​ផ្លូវការ​សម្រាប់​ភ្ញៀវ​កិត្តិយស​ចប់​សព្វ​គ្រប់។

តុលាការ​កំពូល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ថា សព​អ្នកស្រី Ginsburg នឹង​ត្រូវ​បញ្ចុះ​នៅ​សប្ដាហ៍​ក្រោយ​នៅ​ទី​បញ្ចុះ​សព​ជាតិ Arlington។ ទីបញ្ចុះសព​ជាតិ Arlington នេះ​ជា​កន្លែង​បញ្ចុះ​សព​បុគ្គល​ល្បីៗ​ដូច​នេះ ដូចជា​សព​របស់​លោក​ប្រធានាធិបតី John F. Kennedy ជា​ដើម៕