បន្ទាប់ពីកិច្ចប្រជុំរយៈពេលជាង១ម៉ោងកាលពីថ្ងៃអង្គារ អាជ្ញាធរខេត្តរតនគីរីនៅមិនទាន់អនុញ្ញាតឲ្យមន្ត្រីអង្គការសហប្រជាជាតិចុះរុករកជនជាតិភាគតិចវៀតណាមដែលកំពុងសម្ងំលាក់ខ្លួននៅក្នុងព្រៃនៃទឹកដីកម្ពុជាទេ បន្ទាប់ពីបានភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញពីប្រទេសវៀតណាម។
កាលពីថ្ងៃអង្គារម្សិលមិញនេះ អាជ្ញាធរខេត្តរតនគីរី ក្រោមការដឹកនាំប្រជុំដោយលោកថង សាវ៉ុន អភិបាលខេត្ត ជាមួយនិងមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានជជែកពិភាក្សាគ្នាដើម្បីរុករកជនជាតិភាគតិចវៀតណាមដែលកំពុងលាក់ខ្លួនក្នុងប្រទេសកម្ពុជា។
លោកឆាយ ធី អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគីរី មានប្រសាសន៍ថា អាជ្ញាធរខេត្តមិនទាន់បានអនុញ្ញាតឲ្យមន្ត្រីតំណាងអង្គការសហប្រជាជាតិចុះរុករកជនជាតិភាគតិចវៀតណាមនៅឡើយទេ។
លោកមានប្រសាសន៍ថា អាជ្ញាធរបានទាមទារឲ្យមានលិខិតពីក្រសួងការបរទេស និងមានការចាត់តាំងពីប្រមុខរដ្ឋាភិបាល ទើបអនុញ្ញាតឲ្យមន្ត្រីអង្គការសហប្រជាជាតិចុះរុករកជនជាតិភ្នំម៉ុងតាញ៉ា ដែលកំពុងលាក់ខ្លួននៅក្នុងព្រៃនៃខេត្តរតនគីរី។
លោកនិយាយថា៖ «ការលើកហេតុផល ការមិនសហការ ការពន្យារពេលវេលានេះគឺគេទុកឱកាសដើម្បីឲ្យសមត្ថកិច្ចរបស់គេទៅធ្វើការប្រតិបត្តិការតាមតំបន់ព្រៃ ធ្វើយ៉ាងណាដើម្បីចាប់ជនភៀសខ្លួនបានដោយខ្លួនឯងហើយគេនឹងមានគម្រោងបញ្ជូនទៅប្រទេសវៀតណាម»។
លោកថង សាវ៉ុន អភិបាលខេត្តរតនគីរី មិនបានធ្វើអត្ថាធិប្បាយទេ ដោយលោកនិយាយថា កំពុងជាប់ប្រជុំតាំងពីព្រឹករហូតមកដល់យប់ថ្ងៃពុធនេះ។ ចំណែកឯលោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា លោកមិនទាន់បានទទួលសេចក្តីរាយការណ៍ពីអាជ្ញាធរខេត្តរតនគីរីនៅឡើយទេ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្ពុជាមិនបានឃាត់មន្ត្រីអង្គការសហប្រជាជាតិទេ។ ក៏ប៉ុន្តែយើងចង់ឲ្យមន្ត្រីអង្គការសហប្រជាជាតិសហការរួមគ្នាជាមួយកងកម្លាំងមានសមត្ថកិច្ចដើម្បីរុករកជនជាតិភ្នំវៀតណាមរួមគ្នា។
លោកនិយាយថា៖ «អ្វីដែលUN គាត់ចុះទៅតែឯង វាខុសនឹងនីតិវិធី ដែលបានណែនាំដោយក្រសួងមហាផ្ទៃ ពិសេសគឺឯកឧត្តមឧបនាយករដ្ឋមន្ត្រីតែម្តង។ និយាយរួម គាត់ត្រូវសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះ ទៅជាមួយគ្នា ទៅសហការជាមួយគ្នាទៅ មិនថ្វីទេ»។
មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន និងមន្ត្រីនៃឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា បានបរាជ័យចំនួនពីរលើកមកហើយក្នុងការស្វាត់ស្វែងការសហការជាមួយអាជ្ញាធរខេត្តរតនគីរីដើម្បីរុករកជនជាតិភាគតិចវៀតណាម ដែលកំពុងសម្ងំលាក់ខ្លួននៅក្នុងព្រៃនៃប្រទេសកម្ពុជា ដោយសារតែអាជ្ញាធរខេត្តលើកហេតុផលជាប់រវល់ម្តងហើយម្តងទៀត។
វីអូអេបានព្យាយាមទាក់ទងសុំការបំភ្លឺពីលោកនាយឧត្តមសេនីយ៍សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ តែមិនអាចទាក់ទងបាន។
ជនជាតិដើមភាគតិចទាំង១៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ ដែលបានរត់ចេញពីពន្ធនាគារក្នុងប្រទេសវៀតណាម បានរត់គេចខ្លួនពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរវៀតណាមខាងផ្នែកសេរីភាពសាសនា សេរីភាពក្នុងការប្រើប្រាស់អ៊ីនធើណែត និងសិទ្ធិដីធ្លី ហើយមកលាក់ខ្លួនក្នុងប្រទេសកម្ពុជា។
សេចក្តីរាយការណ៍ពីអ្នកភូមិក្នុងខេត្តរតនគីរីបានបញ្ជាក់ថា ពួកគេបានភៀសខ្លួនចូលក្នុងព្រៃនៃខេត្តរតនគីរីអស់រយៈពេលជាងបីសប្តាហ៍មកហើយដើម្បីស្វែងរកសិទ្ធិជ្រកកោននៅប្រទេសទី៣។
លោកស្រី Wan Hea Lee តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានៅថ្ងៃពុធនេះ បានធ្វើដំណើរចាកចេញពីទីក្រុងភ្នំពេញឆ្ពោះទៅខេត្តរតនគីរី ដែលជាផ្នែកមួយនៃការរុករកជនជាតិភាគតិចវៀតណាម។
មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សមិនបានឆ្លើយតាមសារអេឡិកត្រូនិកនៅរសៀលថ្ងៃពុធនេះ៕