អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​មិន​អនុញ្ញាត​ឲ្យ​សមាគម​ក្នុង​ស្រុក​ធ្វើ​បាតុកម្ម ដោយសារ​កូវីដ​១៩

រូបឯកសារ៖ ពលករ​ខ្មែរ​ដឹក​ឥវ៉ាន់​របស់​ពួកគេ​ចេញ​ពី​ប្រទេស​ថៃ នៅ​ឯ​ច្រក​​ព្រំដែន​អន្តរជាតិ​កម្ពុជា​-ថៃ នៅ​ក្រុង​ប៉ោយប៉ែត ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៤។ (AP Photo/Heng Sinith)

អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​បដិសេធ​ មិន​ឲ្យ​សមាគមពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ​ធ្វើ​បាតុកម្ម ​តវ៉ា​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែតដែល​គ្រោង​ធ្វើ​នៅ​សប្តាហ៍​ក្រោយ​ ដោយ​លើក​ឡើង​ថា ​អាជ្ញាធរអនុវត្ត​វិធាន​ការ​បង្ការ​រលក​ទី​២​នៃ​ការ​ចម្លង​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា។​

ការ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម​នេះ​កើត​ឡើង​ក្នុង​ថ្ងៃតែ​មួយ​ ក្រោយ​ពី​សមាគម​នេះ​បាន​ជូន​ដំណឹង​អំពី​ផែន​ការ​ធ្វើ​បាតុកម្មរបស់​ខ្លួន​ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ​១៥០០​នាក់ដើម្បី​ទាមទារ​ឲ្យអាជ្ញាធរ​ខេត្ត​ជាប់​ព្រំប្រទល់​ថៃ​មួយ​នេះ​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​អាច​ឆ្លង​ព្រំដែន​ចូល​ទៅ​លក់​ដូរ​នៅផ្សារ​រុង​ក្លឿ ខេត្ត​ស្រះកែវ ប្រទេស​ថៃ​ឡើង​វិញ ​ចាប់​ពី​ដើម​ខែ​ក្រោយ​ទៅ។​

នៅ​ក្នុង​លិខិត​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​២៥​ខែ​ឧសភា​ឆ្នាំ​២០២០​ សមាគមពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​បាន​សរសេរថា អាជីវករ​លក់​ដូរ​ទំនិញ​នៅ​ផ្សារ​ក្នុង​ស្រុក​អារញ្ញ​របស់​ថៃ​នោះ​បារម្ភ​ចំពោះ​ឥវ៉ាន់​និង​របស់​របរ​នៅ​ក្នុង​តូប​របស់​ពួកគេ​ក្នុង​ផ្សារ​នោះ។​

ប៉ុន្តែ​នៅ​ក្នុង​លិខិត​មួយចុះហត្ថលេខា​ដោយ​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​លោក អ៊ុំ រាត្រី​ នៅ​ថ្ងៃ​២៥​ខែ​ឧសភា ​អាជ្ញាធរ​បាន​លើក​ឡើង​ថា ដើម្បីអនុវត្ត​វិធានការ​ការពារ​រលក​ទី​២​នៃ​ការ​ចម្លង​ជំងឺ​កូវីដ១៩​ អាជ្ញាធរ​ហាម​ប្រាម​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​ ឬ​រៀបចំ​ពិធី​ណាមួយ​ដែល​មាន​អ្នក​ចូលរួម​ច្រើន​កុះករ​ពេក​ទេ​ រហូត​ដល់​ខែ​កញ្ញា​ឆ្នាំ​២០២០។​

អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​បន្ត​ទៀត​ថា ​កន្លង​មក​អាជ្ញាធរ​ខ្មែរ​បាន​ស្នើ​ទៅ​ភាគី​ថៃ​ឲ្យ​អនុញ្ញាត​ឲ្យ​អាជីវករ​ខ្មែរ​អាច​ចូល​ទៅ​មើល​តូប​របស់​ខ្លួន​នៅ​ផ្សារ​រុងក្លឿ​នោះ១​លើក​២០​នាក់​ដែរ ប៉ុន្តែ​អាជ្ញាធរ​ថៃ​មិន​យល់​ព្រម។​

ប្រទេស​ថៃនៅ​បន្ត​បិទ​ច្រក​ព្រំដែន​ជាមួយ​កម្ពុជា​នៅ​ឡើយ ដោយ​សារ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩៕