ការ​តវ៉ា​ប្រឆាំង​បាន​កើន​ឡើង​ប្រឆាំង​នឹង​លោក ដូណាល់​ ត្រាំ​មុន​ពេល​ស្បថ​ចូល​កាន់​តំណែង

លោក Chris Van Hollen ជាសមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ​ Maryland។

«យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​លោក ដូណាល់ ​ត្រាំ​ កប់​រូប​សំណាក​សេរី​ភាព​ទេ‍»​ នេះ​តាម​ប្រសាសន៍​លោក Chris Van Hollen សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ​ Maryland​ ដែល​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នៅ​ឯ​ព្រះ​វិហារ​គ្រិស្ត​អាហ្វ្រិក​អាមេរិក​នៅ​កណ្តាល​រដ្ឋធានី​វ៉ាស៊ីនតោន។

​លោក Van Hollen ​បាន​ថ្លែង​ទៅ​កាន់​ការ​ជួប​ជុំ​មហាជន​ និង​ការ​តវ៉ា​ប្រឆាំង​មួយនៃ​ការ​ជួប​ជុំ​មហាជន​ និង​ការ​តវ៉ា​ប្រឆាំង​រាប់​សិប​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​មុន​ពេល​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ដូណាល់ ​ត្រាំ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ ​ពាណិជ្ជករ​មហា​សេដ្ឋី​រូប​នេះ ​ជា​ឥស្សរជន​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​បែក​ខ្ញែក​បំផុត​នៅ​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ដោយ​ការ​អត្ថាធិប្បាយ​របស់​លោក​ស្តី​ពី​ការ​ប្រឆាំង​ជន​អន្តោប្រវេសន៍។

នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​អាចារ្យ​ប្រដៅ​សាសនា Al Sharpton ​បាន​ដឹក​ការ​តវ៉ា​ប្រឆាំង​មួយហៅ​ថា​ «យើង​មិន​ត្រូវ​បាន​គេ​បណ្តេញ​ចេញ‍។​ យើង​មក​ទី​នេះ​ដើម្បី​និយាយ​ទៅ​កាន់​ពួក​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ព្រឹទ្ធសភា​ និង​សភា​តំណាង​រាស្រ្ត​ហើយ​និង​ទៅ​កាន់​ពួក​គណបក្ស​សាធារណរដ្ឋ​និយម​ផ្លូវ​កណ្តាល​ឲ្យ​មាន​សេចក្តី​ក្លាហាន‍»។លោក Sharpton ​បាននិយាយ​នៅ​ក្នុង​ការ​អំពាវនាវ​មួយ​ទៅ​កាន់​ពួក​អ្នក​នយោបាយឲ្យ​ងើប​ក្រោក​ឡើង​ប្រឆាំង​នឹង​លោក​ត្រាំ​ហើយ​កុំ​អនុញ្ញាត​ឲ្យ​លោក​ត្រាំ​និង​ពួក​គណបក្ស​សាធារណរដ្ឋ​ផ្សេង​ទៀត​ផ្តួច​ផ្តើម​គោលនយោបាយ​ដែល​ពួក​ប្រឆាំង​របស់​លោក​ត្រាំ​និយាយ​ថា​នឹង​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​អ្នក​ក្រីក្រ ​និង​មនុស្ស​វណ្ណ:​កណ្តាល។

​ហ្វូង​មនុស្ស​បាន​ស្រែក​ហ៊ោ​នៅ​ក្នុង​ការ​តវ៉ាប្រឆាំង​នៅ​ក្នុង​ទីក្រុង​ឈីកាហ្គោ​នៅ​ពេល​ដែល​លោក Bassam Osman ​ប្រធាន​សហស្ថាបិក​ក្រុម​ប្រឹក្សា​អង្គការ​ឥស្លាម​របស់​ក្រុង​ឈីកាហ្គោ​បាន​និយាយ​នៅ​ក្នុង​ការ​បើក​ពិធី​សូត្រ​ធម៌ថា «ឱ​ព្រះ​ជាម្ចាស់ ទឹកដី​នេះ​ជា​ទឹកដី​ព្រះ​ជាម្ចាស់ ​មិន​មែន​ជា​របស់​លោក​ត្រាំ​ទេ‍»៕