កាលពីថ្ងៃសៅរ៍ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅក្នុងក្រុង Baltimore នាប៉ែកខាងកើតស.រ.អា.ប្តេជ្ញាថាបិទក្រុងនេះដោយសារមានការស្លាប់នៃបុរសអាមេរិកាំងដើមកំណើតអាហ្វ្រិកវ័យក្មេងម្នាក់នៅពេលក្រុមប៉ូលិសចាប់ឃុំឃាំង។
ក្រុមអ្នករៀបចំបាតុកម្មនេះបាននិយាយថាគោលដៅគឺបង្អាក់ចរាចរណ៍ជាមួយការដើរក្បួនមួយតាមវិថីនានាទៅកាន់សាលាក្រុង។
ប្រជារាស្ត្របានធ្វើបាតុកម្មនៅក្នុងក្រុង Baltimore ចាប់តាំងពីការស្លាប់របស់លោក Freddie Gray កាលពីថ្ងៃអាទិត្យមុន ក៏ប៉ុន្តែគេរំពឹងថាការប្រជុំមហាជននៅថ្ងៃសៅរ៍តាមពេលវេលាផ្នែកខាងកើតស.រ.អា.ជាបាតុកម្មធំបំផុត។ ក្រុមបាតុករទាមទាររកយុត្តិធម៌ឱ្យបុរសអាយុ២៥ឆ្នាំរូបនេះដែលបានស្លាប់មួយសប្តាហ៍ក្រោយពីបានរងគ្រោះដោយសាររបួសសរសៃឆ្អឹងខ្នងនៅពេលលោកបានត្រូវចាប់ឃុំឃាំង។ ពិធីបុណ្យសពលោកត្រូវកំណត់ធ្វើនៅថ្ងៃច័ន្ទ៕