ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងជ័រ នៅពេលបាតុកម្មដ៏ខឹងសម្បាបានផ្ទុះឡើងនៅជាយក្រុង Minneapolis សហរដ្ឋអាមេរិក បន្ទាប់ពីបុរសស្បែកខ្មៅអាយុ២០ឆ្នាំម្នាក់ត្រូវបានបាញ់ស្លាប់អំឡុងពេលឈប់នៅស្ដុបចរាចរណ៍។
ភាពចលាចលនៅក្នុងក្រុង Brooklyn Center បានកើតឡើងប៉ុន្មានម៉ោងមុនការកាត់ក្តីលោក Derek Chauvin អតីតមន្រ្តីប៉ូលិស Minneapolis ដែលត្រូវបានចោទប្រកាន់ពីបទឃាតកម្មលើលោក George Floyd ដែលត្រូវបន្តសវនាការ ក្នុងចម្ងាយមិនដល់១៦គីឡូម៉ែត្រផងពីកន្លែងកើតហេតុ។
នៅខាងក្រៅស្នងការដ្ឋានប៉ូលិសនៅក្រុង Brooklyn Center កាលពីយប់ថ្ងៃអាទិត្យ មានការដុតបង្ហុយផ្សែង ខណៈមន្រ្តីប៉ូលិសបានបាញ់កាំភ្លើងជ័រនិងជាតិគីមីលើអ្នកតវ៉ាដែលអ្នកខ្លះបានគប់ដុំថ្ម ថង់សំរាម និងដបទឹកលើប៉ូលិស។
អភិបាលក្រុង Brooklyn Center បានដាក់បម្រាមគោចររហូតដល់ម៉ោង៦ព្រឹក ហើយអគ្គនាយកមន្ទីរអប់រំក្នុងស្រុកបាននិយាយថា សង្កាត់នេះនឹងផ្លាស់ប្តូរឲ្យរៀនតាមផ្ទះវិញនៅថ្ងៃច័ន្ទដើម្បីជាការប្រុងប្រយ័ត្នខ្ពស់។
បុរសដែលត្រូវប៉ូលិសសម្លាប់ត្រូវបានសាច់ញាតិ និងលោក Tim Walz អភិបាលរដ្ឋ Minnesota បញ្ជាក់អត្តសញ្ញាណថាឈ្មោះ Daunte Wright អាយុ២០ឆ្នាំ។ លោក Walz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកកំពុងឃ្លាំមើលភាពវឹកវរនេះ ខណៈរដ្ឋនេះកំពុងកាន់ទុក្ខបុរសស្បែកខ្មៅម្នាក់ដែលត្រូវបានសម្លាប់ដោយមន្ត្រីអនុវត្តច្បាប់។
លោក John Harrington ស្នងការនាយកដ្ឋានសុវត្ថិភាពសាធារណៈនៃរដ្ឋ Minnesota បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានផ្សាយផ្ទាល់មួយថា នៅយប់ថ្ងៃអាទិត្យក្រុមអ្នកតវ៉ាប្រហែលពី ១០០ទៅ២០០ នាក់បានប្រមូលផ្តុំគ្នានៅជុំវិញស្នងការកណ្តាលប៉ូលិសក្រុង Brooklyn Center ហើយបានគប់នាយកដ្ឋានប៉ូលិស។ ក្រុមបាតុករនេះ ក្រោយមកត្រូវបានប៉ូលិសបំបែកហ្វូង៕