ក្រុមអ្នកតវ៉ាបានចេញនៅតាមដងផ្លូវក្នុងទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិកនៅយប់ទី ៦ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ដើម្បីបង្ហាញកំហឹងរបស់ពួកគេទាក់ទិននឹងការស្លាប់របស់លោក George Floyd និងដើម្បីអំពាវនាវឲ្យមានការផ្លាស់ប្ដូរ។ ការតវ៉ាទាំងនេះបានធ្វើឡើងស្របពេលដែលប៉ូលិសនៅតាមតំបន់ជាច្រើនអនុវត្តបម្រាមគោចរនៅពេលយប់។
ទីក្រុង Los Angeles ទីក្រុង Chicago ទីក្រុង Miami ទីក្រុង Detroit និងទីក្រុង Philadelphia ស្ថិតក្នុងចំណោមទីក្រុងជិត ៤០ ដែលបានដាក់បទបញ្ជាហាមឃាត់អ្នកដើរក្បួនតវ៉ាមិនឲ្យតវ៉ាបន្ទាប់ពីមេឃងងឹត។ អភិបាលរដ្ឋ Texas និងអភិបាលរដ្ឋ Virginia បានដាក់រដ្ឋទៅក្នុងភាពអាសន្ន។
អភិបាលក្រុងធំៗមួយចំនួនដូចជា អ្នកស្រី London Breed នៃទីក្រុង San Fancisco ជាដើម បាននិយាយថា បម្រាមគោចររបស់ពួកគេនៅពេលឥឡូវនេះគឺគ្មានកាលបរិច្ឆេទផុតកំណត់ទេ។
អាជ្ញាធរនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សែង ដើម្បីបំបែកហ្វូងអ្នកតវ៉ាជាង ១ ពាន់នាក់ចេញពីទីលាន Lafayette Park នៅទល់មុខនឹងសេតវិមានប្រធានាធិបតី។ ក្រុមអ្នកតវ៉ាបានដើរក្បួនពីសាកលវិទ្យាល័យ Howard និងបានផ្ដោតកំហឹងរបស់ពួកគេលើប៉ូលិស ដោយបានស្រែកបន្ទោរថា «គ្មានយុត្តិធម៌ គ្មានសន្តិភាព គ្មានប៉ូលិសប្រកាន់ពូជសាសន៍»។
ការតវ៉ាដែលបានរីករាលដាលនៅទូទាំងសហរដ្ឋអាមេរិកនេះ ដំបូងបានចាប់ផ្ដើមកាលពីថ្ងៃអង្គារសប្ដាហ៍មុននៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota ដែលជាកន្លែងដែលលោក George Floyd ដែលជាបុរសស្បែកខ្មៅ អាយុ ៤៦ ឆ្នាំ បានស្លាប់ កាលពីថ្ងៃចន្ទសប្ដាហ៍មុន បន្ទាប់ពីត្រូវបានប៉ូលិសម្នាក់សង្កត់ជង្គង់ពីលើករបស់លោកផ្ទប់ទៅនឹងថ្នល់អស់ជាង ៨ នាទី។
មន្ត្រីប៉ូលិសដែលប្រើជង្គង់សង្កត់ពីលើករបស់លោក Floyd នោះ ឈ្មោះ Derek Chauvin។ ៤ ថ្ងៃក្រោយមក មន្ត្រីប៉ូលិសរូបនេះត្រូវបានចោទប្រកាន់ពីបទឃាតកម្មកម្រិតទី៣ និងបទមនុស្សឃាតដោយអចេតនាកម្រិតទី២៕