ក្រុម​បាតុករ​ ខក​ចិត្ត​នឹង​ការ​ឈ្នះ​ឆ្នោត​របស់​លោក ត្រាំ

បាតុករ​ប្រមូល​ផ្តុំ​នៅ​ក្បែរ​មណ្ឌល Staples ក្នុង​ពេល​បាតុកម្ម​មួយ​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ពលរដ្ឋ​រាប់​សែន​នាក់​រាប់​ចាប់​តាំង​ពីរដ្ឋ​ញូវយ៉ក​ប៉ែក​ខាង​កើត​រហូត​ដល់​រដ្ឋ​កាលីហ្វ័រញ៉ា​ប៉ែក​ខាង​លិច សហរដ្ឋ​អាមេរិក បាន​នាំ​គ្នា​ចុះ​តាម​ដង​ផ្លូវ​នានា​ក្នុង​ទីក្រុង​ធំៗ​របស់​អាមេរិក រយៈ​ពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ដើម្បី​សម្តែង​ការ​ខកចិត្ត​របស់​ពួកគេ ទៅ​នឹង​ការ​បោះឆ្នោត​ឲ្យ​លោក​ ដូណាល់​ ត្រាំ (Donald Trump) ក្លាយ​ជា​ប្រធានាធិបតី​ទី​៤៥​របស់​អាមេរិក។

បាតុកម្ម​ជាច្រើន បាន​កើតឡើង​តាំង​ពី​ទីក្រុង​ Portland នៃ​រដ្ឋ​ Oregon រហូត​ដល់​រដ្ឋ​ Chicago និងNew York និង​នៅ​តំបន់​ជាច្រើន​ទៀត​នៅ​ចន្លោះ​រដ្ឋ​ទាំង​នេះ ដោយ​បាតុកម្ម​នីមួយៗ ទាក់ទាញ​អ្នក​ចូលរួម​ពីរ​បី​រយ​នាក់ គឺ​តិច​ជាង​បាតុករ​រាប់​ពាន់​នាក់ ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​ការ​តវ៉ា​នានា​ ក្រោយ​ពី​លទ្ធផល​បង្ហាញ​ច្បាស់​ថា លោក​ ត្រាំ ជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​នេះ។

កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ លោក​ ត្រាំ បាន​សរសេរ​នៅ​ក្នុង​បណ្តាញTwitter ទៅ​កាន់​ក្រុម​បាតុករ​ថា «ទើប​តែ​មាន​ការ​បោះឆ្នោត​ប្រធានាធិបតី​ដ៏​បើក​ចំហ​ និង​ដ៏​ជោគជ័យ​បំផុត​មួយ។ ឥឡូវ បាតុករ​អាជីព ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ញុះញង់​នោះ កំពុង​នាំ​គ្នា​តវ៉ា។ វា​ពិត​ជា​មិន​យុត្តិធម៌​សោះ!»។

​នៅ​ក្នុង​ទីក្រុង​ Portland កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ មនុស្ស​ម្នា​រាប់​ពាន់​នាក់ បាន​ដើរ​តាម​ផ្លូវ​នានា​នៃ​ទីក្រុង នៅ​ពេល​ដែល​ការ​តវ៉ា​នោះ ចាប់ផ្ដើម​មាន​អំពើ​ហិង្សា ដោយ​មាន​មនុស្ស​វាយ​កម្ទេច​បង្អួច​ហាង និង​ដុត​ផាវ​ជាដើម។​ នេះ​បើ​យោង​តាម​អាជ្ញាធរ​ប៉ូលិស។

ប៉ូលិស បាន​ប្រកាស​ថា​ ការ​តវ៉ា​នេះ គឺ​ជា​ការ​បង្ក​ចលាចល ហើយ​និយាយ​ថា មាន​មនុស្ស​ដែល​មាន​ដំបង​វាយ​កូន​បាល់​នៅ​ក្នុង​ហ្វូង​បាតុករ ហើយ​ក៏​បាន​ប្រាប់​មនុស្ស​ម្នា ឲ្យ​បន្ត​ដើរ​ទៅ​មុខ​រហូត។

មន្ត្រី​នៃ​មន្ទីរ​ដឹកជញ្ជូន​ក្នុង​រដ្ឋ Oregon បាន​បិទ​ផ្នែក​ខ្លះ​នៃ​ផ្លូវ​ឆ្លង​រដ្ឋ​លេខ​៥ និង​ផ្លូវ​លេខ​៨៤​នៅ​ក្នុង​តំបន់​នោះ ជា​ការ​បង្ការ​ទុក​ជា​មុន។

ចំណែក​នៅ​ឯ​ទីក្រុង​ Denver នៃ​រដ្ឋ​ Coloradoវិញ ក្រុម​បាតុករ​ បាន​បិទ​ផ្លូវ​ឆ្លង​រដ្ឋ​លេខ​២៥ នៅ​ក្បែរ​ទីប្រជុំជនDenver​ មួយ​រយៈពេល​ខ្លី កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។

ប៉ូលិស​នៅ​ក្នុង​រដ្ឋDenver បាន​សរសេរ​តាម​បណ្តាញ​ Twitter កាល​ពី​ម៉ោង​ប្រមាណ​១០​យប់​ម្សិលមិញ​ថា ក្រុម​បាតករ​ បាន​ឡើង​ទៅ​លើ​ផ្លូវ​ល្បឿន​លឿន ហើយ​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍​នៅ​លើ​ផ្លូវ​នោះ។

ប៉ូលិស​ និយាយ​ថា ផ្លូវ​ឆ្លង​រដ្ឋ​នោះ បាន​បើក​ឲ្យ​មាន​ចរាចរណ៍​ធម្មតា​ឡើង​វិញ ប្រហែល​ជា​កន្លះ​ម៉ោង​ក្រោយ​មក នៅ​ពេល​ដែល​ហ្វូង​មនុស្ស​ម្នា បាន​វិល​ត្រឡប់​មក​ក្នុង​តំបន់​ទីប្រជុំជន​វិញ៕