អ្នកតវ៉ាជាច្រើនរយនាក់បានតស៊ូពុះពារឈរហាលភ្លៀងដែលកំពុងធ្លាក់យ៉ាងខ្លាំងនៅក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃអាទិត្យនេះ ដើម្បីតវ៉ាបដិសេធនឹងគម្រោងរបស់លោកប្រធានាធិបតី Rodrigo Duterte ក្នុងការផ្ដល់កិត្តិយសដល់អតីតមេដឹកនាំផ្ដាច់ការលោក Ferdinand Marcos ដោយការបញ្ចុះសពរបស់លោកនៅក្នុងទីបញ្ចុះសពរបស់វីរជនស្នេហាជាតិ។
ការតវ៉ាក៏ធ្វើឡើងនៅតាមតំបន់ផ្សេងៗនៅក្នុងប្រទេសហ្វីលីពីនផងដែរ ប៉ុន្តែលោក Duterte នៅតែប្រកាន់ជំហររបស់លោកយ៉ាងម៉ឺងម៉ាត់ក្នុងការដង្ហែសពរបស់លោក Marcos ពីស្រុកកំណើតរបស់លោកមកកាន់ទីបញ្ចុះសពសម្រាប់វីរជនស្នេហាជាតិនៅក្នុងទីក្រុងម៉ានីលនាខែក្រោយនេះ។
សមាជិកព្រឹទ្ធសភាលោកស្រី Risa Hontiveros ដែលបានចូលរួមនៅក្នុងការតវ៉ានោះដែរ បាននិយាយថា លោក Marcos ត្រូវបានកត់ត្រានៅក្នុងប្រវត្តិសាស្ត្រថាជាសត្រូវមិនចេះទទួលកំហុសរបស់វីរជនស្នេហាជាតិរបស់យើង ហើយលោក Duterte មិនគួរប្រព្រឹត្តិនូវអ្វីដែលលោកស្រីហៅថាជាកំហុសដ៏ឃោរឃៅនោះទេ។
ក្នុងចំណោមអ្នកតវ៉ាទាំងនោះ គេឃើញមានជនរងគ្រោះដោយសារអំពើទារុណកម្ម និងការចាប់ដាក់ឃុំឃាំង ក្នុងអំឡុងពេលលោក Marcos កាន់អំណាច បានចូលរួមផងដែរ។
លោក Marcos ដែលត្រូវបានបោះឆ្នោតជ្រើសរើសឲ្យក្លាយជាប្រធានាធិបតីនៅក្នុងឆ្នាំ ១៩៦៥ បានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងឆ្នាំ ១៩៧២ និងក្រោយមក ត្រូវបានចោទប្រកាន់ថាបានរំលោភសិទ្ធិមនុស្សទ្រង់ទ្រាយធំ និងបានប្លន់ទ្រព្យសម្បត្តិរបស់ប្រទេសជាតិដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ លោកត្រូវបានទម្លាក់ពីតំណែងនៅក្នុងបដិវត្តន៍ «ចលនាប្រជាពលរដ្ឋ» នៅក្នុងឆ្នាំ ១៩៨៦ ហើយបន្ទាប់មកបាននិរទេសខ្លួនទៅរស់នៅក្នុងរដ្ឋ Hawaii សហរដ្ឋអាមេរិក ជាមួយក្រុមគ្រួសាររបស់លោក រហូតដល់លោកទទួលមរណភាពនៅក្នុងឆ្នាំ ១៩៨៩។ ក្រោយមក សពរបស់លោកត្រូវបានដឹកមកកាន់ស្រុកកំណើតរបស់លោកនៅក្នុងប្រទេសហ្វីលីពីន និងបានដាក់តាំងនៅក្នុងមឈូសកញ្ចក់។
លោក Duterte ដែលបាននិយាយថាលោកធ្លាប់បោះឆ្នោតឲ្យលោក Marcos ហើយឪពុករបស់លោកធ្លាប់ធ្វើការនៅក្នុងគណៈរដ្ឋមន្ត្រីរបស់មេដឹកនាំផ្ដាច់ការលោក Marcos នេះ បានអះអាងថា សពលោក Marcos សក្ដិសមនឹងបញ្ចុះនៅទីបញ្ចុះសពរបស់វីរជនស្នេហាជាតិក្នុងតួនាទីជាអតីតនាយទាហាន និងអតីតប្រធានាធិបតីហ្វីលីពីន៕