រដ្ឋ​អាជ្ញា​ជំរុញ​ឱ្យ​កាត់ទោស​មួយ​ជីវិត​អ្នក​បាញ់​ទម្លាក់​​យន្តហោះ​ម៉ាឡេស៊ី ​MH17

រូបឯកសារ៖ ចៅក្រម​ចូលរួម​ការ​កាត់ទោស​បទឧក្រិដ្ឋ​ប្រឆាំង​​ជន​សង្ស័យ​បួន​នាក់​ក្នុង​ការ​​បាញ់​ទម្លាក់​​យន្តហោះ​ម៉ាឡេស៊ី MH17 កាល​ខែ​កក្កដា ឆ្នាំ២០១៤ នៅសង្កាត់ Badhoevedorp ប្រទេស​ហូឡង់ ថ្ងៃទី១០ ខែ​មីនា ឆ្នាំ២០២០។ (Reuters)

រដ្ឋ​អាជ្ញា​ហូឡង់​បាន​ទាមទារ​ឱ្យ​កាត់ទោស​ជាប់​គុក​មួយ​ជីវិត​សម្រាប់​ជន​សង្ស័យ​ចំនួន​៤​នាក់​ក្នុង​ការ​កាត់ទោស​ការ​បាញ់​ទម្លាក់​យន្តហោះ​ម៉ាឡេស៊ី​អ៊ែរឡាញ​កាល​ពី​ឆ្នាំ២០១៤​ នៅ​ភាគខាង​កើត​ប្រទេស​អ៊ុយក្រែន​ដែល​បាន​សម្លាប់​មនុស្ស​២៩៨​នាក់។​អយ្យការ​បាន​បញ្ចប់​សវនាការ​ដេញ​ដោល​ចុងក្រោយ​បីថ្ងៃ​កាលពី​ថ្ងៃ​ពុធ​ដោយ​និយាយ​ថា​ជនជាតិ​រុស្ស៊ី​បីនាក់​ឈ្មោះ​Igor Girkin, Sergey Dubinskiy ​និង​Igor Pulatov​ និង​ជនជាតិ​អ៊ុយក្រែន​ម្នាក់​ឈ្មោះ​ Leonid Kharchenko ​បាន​សហការ​គ្នា​ប្រើ​ប្រព័ន្ធ​មីស៊ីល​ Buk ​ពី​ប្រទេស​រុស្ស៊ី​គាំទ្រ​ក្រុម​បំបែក​ខ្លួន​នៅ​អ៊ុយក្រែន។​

ការ​ស៊ើប​អង្កេត​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៨​ បាន​សន្និដ្ឋាន​ថាមីស៊ីល​បាញ់​ទម្លាក់​យន្តហោះ​ម៉ាឡេស៊ី​ MH17 ជា​មីស៊ីល​មក​ពី​កង​ពលតូច​មីស៊ីល​រុស្ស៊ី​លេខ​៥៣​ប្រឆាំង​យន្តហោះ។​រដ្ឋអាជ្ញា​បាន​និយាយ​ថា​មីស៊ីលនោះត្រូវ​បាន​ដឹក​ទៅ​កាន់​កន្លែង​បាញ់​តាម​«បញ្ជា​និង​ក្រោម​ការ​ណែនាំ​របស់​ជន​សង្ស័យ»។​

ភាគ​ច្រើន​នៃ​អ្នក​ជិះ​យន្តហោះ​នោះ​ជា​ជនជាតិ​ហូឡង់​ហើយ​ប្រទេស​ហូឡង់​ទាមទារ​ឱ្យ​ប្រទេស​រុស្ស៊ី​ទទួល​ខុសត្រូវការ​ធ្លាក់​យន្តហោះ​នោះ។​រុស្ស៊ី​បាន​បដិសេធ​ថា​ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​ទេ។​ ជនសង្ស័យ​ទាំងអស់​កំពុង​ត្រូវ​បាន​កាត់ទោស​កំបាំង​មុខ។​មានតែ​លោក​ឈ្មោះ​ Pulatov​ ប៉ុណ្ណោះ​ដែល​មាន​តំណាង​ផ្លូវច្បាប់​នៅក្នុង​ដំណើរ​ការ​នីតិវិធី​ហើយ​មេធាវី​របស់​គាត់​ត្រូវ​គេ​រំពឹង​ថា​នឹង​ផ្តល់​សេចក្តី​សន្និដ្ឋាន​បិទនៅក្នុង​ខែ​មីនា។​សាលក្រម​សម្រាប់​សវនាការ​នេះ​អាច​នឹង​ចេញ​នៅ​ចុង​ឆ្នាំ​ក្រោយ៕