ក្នុងសវនាការជំនុំជម្រះសំណុំរឿងក្បត់ជាតិរបស់មេដឹកនាំគណបក្សប្រឆាំងនៅថ្ងៃពុធនេះ ក្រុមព្រះរាជអាជ្ញានិងមេធាវីរាជរដ្ឋាភិបាលបានចោទសួរជាច្រើនពាក់ព័ន្ធនឹងទំនាក់ទំនងរបស់លោក កឹម សុខា ជាមួយនឹងលោក សម រង្ស៊ី និងតួនាទីជនបរទេសក្នុងការបង្កើតគណបក្សសង្គ្រោះជាតិ។
ស្ថិតក្នុងរង្វង់ក្រចកសេះដូចសព្វដង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ បានឈរឆ្លើយសំណួររបស់តំណាងអយ្យការ និងមេធាវីតំណាងរដ្ឋាភិបាលជុំវិញជំនួបដែលឈានដល់ការរួមបញ្ចូលរវាងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា និងគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី ដើម្បីបង្កើតគណបក្សសង្គ្រោះជាតិនៅឯទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១២។
តំណាងអយ្យការមួយរូបគឺ លោក វង្ស ប៊ុនវិសុទ្ធ បានសាកសួរលោក កឹម សុខា ម្តងហើយម្តងទៀតថា៖«តើមានការជួយសម្របសម្រួល [បង្កើតគណបក្សសង្គ្រោះជាតិ] ពីភ្នាក់ងារបរទេសណាទេ»?
ការសាកសួរបន្តរហូតដល់ចំណុចលម្អិតដែលមានដូចជាជម្រើសរូបសញ្ញា ឈ្មោះគណបក្ស ការបង្កើតលក្ខន្តិកៈ ទីតាំងសម្រាប់ការប្រជុំ និងអ្នកចំណាយថវិកាជាដើម។
ប៉ុន្តែលោក កឹម សុខា បានបដិសេធថា មិនមានបរទេសណាចូលរួមក្រៅពីមន្ត្រីនិងអ្នកគាំទ្រគណបក្សបានចំណាយសម្រាប់ការប្រជុំដោយខ្លួនពួកគេហើយរាល់ការសម្រេចចិត្តដែលបានកើតឡើងជុំវិញការបង្កើតគណបក្សថ្មីគឺជាការខិតខំប្រឹងប្រែងជាក្រុម និងស្របតាមច្បាប់ស្តីពីគណបក្សនយោបាយទេ។
លោក កឹម សុខា បានបន្ថែមថា៖ «ធ្វើដោយខ្លួនឯង មិនមានបរទេសណាទេ បើមានលោកហៅគាត់មកសួរមក»។
ក្រោយតំណាងអយ្យការបញ្ចប់សំណួរ មេធាវីរបស់រដ្ឋាភិបាលបានសាកសួរលោក កឹម សុខា អំពីសេចក្តីថ្លែងការណ៍រួមមួយកាលពីខែកក្កដា ឆ្នាំ២០១២ ដែលចេញដោយលោក សម រង្ស៊ី និងលោក កឹម សុខា ថាបានប្រកាសអំពីការបង្កើតគណបក្សសង្គ្រោះជាតិ និងលក្ខន្តិកៈរបស់គណបក្ស ដោយសួរថា ហេតុអ្វីបានជាពួកគេទាំងពីរនិយាយអំពី «ការផ្តួលរំលំរបបផ្តាច់ការ»។
មេធាវីការពារក្តីឲ្យលោក កឹម សុខា គឺលោក ចាន់ ចេន បានជំទាស់ទៅនឹងការលើកឡើងរបស់លោក លី ចាន់តុលា មេធាវីម្នាក់តំណាងឲ្យរដ្ឋាភិបាល។ លោក ចាន់ ចេន បានលើកឡើងថា ក្នុងសេចក្តីថ្លែងការណ៍នោះនិយាយអំពីការផ្លាស់ប្តូររដ្ឋាភិបាលផ្តាច់ការ មិនមែនជាការផ្តួលរំលំនោះទេ។ ក្រុមមេធាវីរបស់រដ្ឋាភិបាល ក៏បានស្នើឲ្យចាក់វីដេអូឃ្លីបដែលលោក សម រង្ស៊ី តែងតែថ្លែងអំពីការផ្តួលរំលំរដ្ឋាភិបាល ព្រមទាំងវីដេអូដែលលោក សម រង្ស៊ី អំពាវនាវឲ្យកងទ័ពបែរចុងកាណុងដាក់រដ្ឋាភិបាលជាដើម។
លោក ចេង ប៉េងហាប់ មេធាវីតំណាងរដ្ឋាភិបាលមួយរូបបានចោទសួរលោក កឹម សុខា ក្រោយចាក់វីដេអូទាំងនោះថា ហេតុអ្វីបានជាលោក កឹម សុខា សហការ និងធ្វើការជាមួយលោក សម រង្ស៊ី ដែលតែងអំពាវនាវឲ្យមានការផ្តួលរំលំរដ្ឋាភិបាល?
លោក កឹម សុខា អះអាងថា ការបញ្ចូលគ្នារវាងគណបក្សរបស់លោក គឺគណបក្សសិទ្ធិមនុស្ស ជាមួយគណបក្ស សម រង្ស៊ី គឺធ្វើឡើងតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។ លោកបន្តថា ការសហការជាមួយលោក សម រង្ស៊ី គឺព្រមព្រៀងថាធ្វើតាមលក្ខន្តិកៈដោយអហិង្សា។
លោក កឹម សុខា បានដកថយពីសេចក្តីថ្លែងការណ៍នានារបស់លោក សម រង្ស៊ី «ពាក់ព័ន្ធនឹងការផ្តួលរំលំរដ្ឋាភិបាលដោយប្រើហិង្សា»ថាគឺជារឿងរបស់លោក សម រង្ស៊ី ប៉ុណ្ណោះ។
លោក កឹម សុខា បញ្ជាក់បន្ថែមថា៖ «ខ្ញុំ កឹម សុខា មិនគាំទ្រការប្រើហិង្សាផ្តួលរំលំ ឬធ្វើបដិវត្តន៍ពណ៌ជាដាច់ខាត»។
ក្រោយការសួរដេញដោលពីសំណាក់តំណាងអយ្យការ និងមេធាវីតំណាងរដ្ឋាភិបាល ដោយមានការស្រែកដំឡើងសំឡេងម្តងៗផង ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា ក៏បានស្នើឲ្យមានការចាក់វីដេអូចំនួន៣ ដែលបង្ហាញអំពីការថ្លែងរបស់លោក កឹម សុខា ដែលថា នឹងធ្វើនយោបាយដោយអហិង្សា ក្នុងគោលបំណងឆ្ពោះទៅរកការបោះឆ្នោត។
ក្រោយការចាក់វីដេអូឃ្លីបទាំង៣នោះ លោក ផែង ហេង មេធាវីរបស់លោក កឹម សុខា បានសួរទៅលោក កឹម សុខា ថា៖ «តើភាសាប្រើក្នុងវីដេអូជាភាសាចេញពីឆន្ទៈពិតប្រាកដទេ»?
លោក កឹម សុខា ស្នើទៅចៅក្រមជំនុំជម្រះថា សុំនិយាយពាក់ព័ន្ធនឹងនយោបាយក្នុងសវនាការ ដោយសារលោកមិនអាចនិយាយនៅទីសាធារណៈបាន ព្រោះតែត្រូវបានហាមឃាត់សិទ្ធិនយោបាយ។ ក្រោយការស្នើ លោកចៅក្រមជំនុំជម្រះ លោក កូយ សៅ បានសម្រេចអនុញ្ញាត។
លោក កឹម សុខា ឆ្លើយនឹងសំណួរមេធាវីរបស់ខ្លួនដោយនិយាយសង្កត់សំឡេងច្បាស់ៗក្នុងសវនាការនោះថា៖ «អ្នកណាក៏ដោយដែលមានបំណងហិង្សា ខ្ញុំមិនធ្វើការជាមួយជាដាច់ខាត គឺទៅឲ្យឆ្ងាយ [...] ខ្ញុំមិននិយាយឈ្មោះបុគ្គលណាទេ»។
ក្នុងសវនាការចំនួន៧សប្តាហ៍មកនេះ អង្គជំនុំជម្រះនៅមិនទាន់បានកោះហៅសាក្សីណាម្នាក់មកសួរនាំនៅឡើយទេ។ សវនាការនឹងបន្តទៅថ្ងៃព្រហស្បតិ៍ទៀត៕