ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស៖ ការ​កើន​ឡើង​នៃ​ការ​បំពាន​សិទ្ធិ​មនុស្ស​ជា​សាកល​កំពុង​ធ្វើ​ឱ្យ​សេរីភាព​ជា​មូលដ្ឋាន​ធ្លាក់​ចុះ

  • Lisa Schlein

រូបឯកសារ៖ ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ អ្នកស្រី Michelle Bachelet ថ្លែង​សុន្ទរកថា ក្នុង​អំឡុង​ពេល​នៃ​ការ​ជជែក​ដេញដោល​គ្នា​ជា​បន្ទាន់​មួយ​ស្ដី​ពី​ការ​បំពាន​សិទ្ធិមនុស្ស​ នៅ​ទីក្រុង​ហ្ស៊ឺណែវ ប្រទេសស្វ៊ីស ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​អ្នកស្រី Michele Bachelet បាន​ព្រមាន​ថា ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​ការ​បំពាន​សិទ្ធិ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​កំពុង​ធ្វើ​ឱ្យ​សេរីភាព​ជា​មូលដ្ឋាន​ធ្លាក់​ចុះ​ ហើយ​បណ្តាល​ឲ្យ​មាន​ការតវ៉ា​កាន់​តែ​ច្រើន​ ដែល​ជា​កត្តា​ឲ្យ​កើត​មាន​ចលាចល។ អ្នកស្រី Michele Bachelet ធ្វើ​របាយការណ៍​ពី​បច្ចុប្បន្នភាព​ក្នុង​សាកលលោក​កាលពី​ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ​ ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ។

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​អ្នកស្រី Michele Bachelet បាន​សង្ខេប​ករណី​បំពាន​សិទ្ធិ​មនុស្ស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​នៅ​ក្នុង​សុន្ទរកថា​របស់​អ្នកស្រី​កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ។ តំបន់​ណា​ក៏​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ដែរ។ មាន​ប្រទេស​តិចតួច​ប៉ុណ្ណោះ​ដែល​មិន​មាន​ការ​បំពាន​សិទ្ធិ​មនុស្ស។

អ្នកស្រី​បាន​រិះគន់​គោលនយោបាយ​គាបសង្កត់​នៅ​ក្នុង​ប្រទេស​មាន​អំណាច​ដូចជា​រុស្ស៊ី ​ដែល​អ្នកស្រី​បាន​និយាយ​ថា​ ជា​ប្រទេស​ដែល​បាន​អនុម័ត​ច្បាប់​ថ្មីៗ​កាលពី​ចុង​ឆ្នាំ​មុន។ ច្បាប់​ទាំង​នោះ​កាន់​តែ​រឹតត្បិត​សេរីភាព​ជា​មូលដ្ឋាន​ដែល​មាន​តិចតួច​រួច​ទៅ​ហើយ។

អ្នកស្រី Michele Bachelet បាន​ថ្លែង​ថា៖«ច្បាប់នា​ពេល​បច្ចុប្បន្ន​ដែល​មាន​ការ​រឹតត្បិត ​ត្រូវ​បានបន្ត​អនុវត្ត​យ៉ាង​តឹងរ៉ឹង​ រួម​ទាំង​នៅ​ក្នុង​បាតុកម្ម​នា​ពេល​ថ្មីៗ​នៅ​ទូទាំង​ប្រទេស។ តាម​រូបភាព​វីដេអូ​ដែល​គេ​ថត​បាន​ នៅ​ក្នុង​ករណី​ជាច្រើន​គេឃើញ​ប៉ូលិសប្រើប្រាស់​កម្លាំង​មិន​ចាំ​បាច់​ និង​ហួសហេតុ​ទៅ​លើ​បាតុករ​ដែល​ភាគច្រើន​តវ៉ា​ដោយ​សន្តិវិធី និង​បាន​ចាប់​ខ្លួន​មនុស្ស​រាប់ពាន់​នាក់»។

អ្នកស្រី​បាន​កត់​សម្គាល់​ពី​បញ្ហា​នៅ​ក្នុង​សហរដ្ឋអាមេរិក ដែល​មាន​ការ​រើសអើង​ជា​ប្រព័ន្ធ។ អ្នកស្រី​បាន​ចង្អុល​ពី​អំពើ​របស់​សហភាព​អឺរ៉ុប​ដែល​បាន​ដាក់​ចេញ​នូវ​ការ​រឹតត្បិត​ប្រឆាំង​នឹង​ជន​អន្តោប្រវេសន៍​ដែល​បណ្តាល​ឲ្យ​ពួកគេ​ស្ថិត​ក្នុង​ភាព​គ្រោះថា្នក់។ អ្នកស្រី​បាន​រិះគន់​ទៅ​លើ​ការ​ធ្លាក់​ចុះ​សេរីភាព​ជា​មូលដ្ឋាន​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ និង​បាន​ថ្កោលទោស​រដ្ឋប្រហារ​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​កងកម្លាំង​ប្រដាប់​ដោយ​អាវុធ​ដែល​បាន​សម្លាប់​ប្រជាពលរដ្ឋ​ដោយ​មិន​ឆ្លង​កាត់​ការ​ទោស​ពី​តុលាការ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។

អ្នកស្រី​បាន​ថ្កោលទោស​លើ​ការ​រំលោភ​បំពាន​ ការ​រើសអើង​ និង​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា ហុងឌូរ៉ាស និង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ទ្វីប​អាមេរិក ​ដែល​បាន​បង្ខំ​មនុស្ស​រាប់​លាន​នាក់​ឱ្យ​រត់ភៀស​ខ្លួន​ដើម្បី​អាយុជីវិត​របស់​ពួកគេ។ អ្នកស្រី​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​រងទុក្ខ​របស់​មនុស្ស​រាប់​លាន​នាក់​ដែល​ជា​ជនរងគ្រោះ​ដោយ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា។

អ្នកស្រី Bachelet បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​អ៊ូហ្គាន់ដា​ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ច្បាប់​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ដើម្បី​ចាប់​ខ្លួន និង​ឃុំខ្លួន​គូ​បដិបក្ខ​នយោបាយ​ និង​អ្នក​សារព័ត៌មាន។ អ្នកស្រី​ក៏​បាន​ព្រមាន​ពី​គ្រោះថ្នាក់​ដែល​កើត​ឡើង​ពី​ការ​ព្យាយាម​របស់​មន្ត្រី​នៅ​ក្នុងប្រទេស​តង់សានី​ដែល​មិនព្រម​ទទួល​យក​ការ​ពិត​នៃ​ជំងឺ​កូវីដ១៩។​

អ្នកស្រី Bachelet បាន​ថ្លែង​បន្ត​ថា៖«ទាំងនេះរួម​មាន​វិធានការនានា ​ដើម្បី​ដាក់​ទោស​ព្រហ្មទណ្ឌ​ចំពោះ​ការ​ទទួល​ស្គាល់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ និង​ព័ត៌មាន​ពាក់ព័ន្ធ​នានា។ ការណ៍​នេះ​អាច​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិ​ផ្នែក​សុខាភិបាល​របស់​ប្រជាពលរដ្ឋ​តង់សានី។ ខ្ញុំក៏​បាន​កត់សម្គាល់​លើ​របាយការណ៍​នៃ​ការ​បណ្តេញអ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​រាប់​រយ​នាក់​ចេញ​ពី​ប្រទេស​ម៉ូសំប៊ិក និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ​ព្រម​ទាំង​ការ​រាយការណ៍​ជា​បន្តបន្ទាប់​ពី​ការ​ធ្វើ​ទារុណកម្ម ការ​បាត់​ខ្លួន​ដោយ​បង្ខំ​ និង​ការ​បង្ខំ​ឱ្យ​ជន​ភៀស​ខ្លួន​ប៊ូរុនឌី​ត្រឡប់​ទៅ​វិញ​ជា​ដើម»។​

អ្នកស្រី Bachelet បាន​កត់សម្គាល់​ថា មនុស្សម្នា​នៅ​គ្រប់​តំបន់​ក្នុង​ពិភពលោក​កំពុង​ត្រូវ​បាន​គេ​ទុក​ចោល និង​ដក​ចេញ​ពី​ការ​អភិវឌ្ឍ និង​ឱកាស​ផ្សេងៗ​ទៀត ស្រប​ពេល​ដែល​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​នៅ​បន្ត​រាលដាល​យ៉ាង​លឿន។ អ្នកស្រី​បាន​និយាយ​ថា ការ​កសាង​ទំនុក​ចិត្ត និង​ការ​រក្សា និង​ពង្រីក​សេរីភាព​មាន​សារៈសំខាន់​បំផុត​ចំពោះ​កិច្ចប្រឹងប្រែង​ជាសាកល​ដើម្បី​ទប់ស្កាត់​ និង​ប្រយុទ្ធ​នឹង​វីរុស​កូរ៉ូណា៕