មន្រ្តីរដ្ឋាភិបាល៖​ ពន្ធ​ចំណេញ​មូលធន​«មិនមែន​សង្កត់​ក​រាស្រ្ត» ​តែជា​ការ​ជួយ​រដ្ឋ​ពីអ្នក​មាន​អចលន​ទ្រព្យ​ច្រើន

ទិដ្ឋភាពអគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ និង​អគ្គ​នាយកដ្ឋាន​ពន្ធដារ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​អះអាង​ថា ​ការ​ចាប់​ផ្តើម​យក​ពន្ធ​លើ​ចំណេញ​មូលធន ​២០ ​ភាគរយ ​គឺ​ជា​ការ​ចូលរួម​ចំណែក​ជួយ​ដល់​រដ្ឋ​ពី​សំណាក់​អ្នក​មាន​អចលន​ទ្រព្យ​ ផ្ទះ​សម្បែង ​ដី​ធ្លី​លើស​ពី​មួយ​ មិន​មែន​ជា​ «ការ​សង្កត់​ក​រាស្រ្ត»​ នោះ​ទេ។​

ពួក​គេ​បាន​លើក​ឡើង​បែប​នេះ ​នៅ​ក្នុង​កម្ម​វិធី​មួយ​ឆ្លើយ​តប​នឹង​ការ​សម្រេច​យក​ពន្ធ​លើ​ចំណេញ​មូលធន​ ដែល​នឹង​ចាប់​ផ្តើម​អនុវត្ត​ពី​ដើម​ឆ្នាំ​ក្រោយ។​ ការ​សម្រេច​យក​ពន្ធ​នេះ​នាំ​ឲ្យ​មាន​ការ​រិះគន់​ផង​ដែរ​ ខណៈ​ប្រជា​ពលរដ្ឋ​កម្ពុជា​កំពុង​រង​គ្រោះ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩។​

លោក​ គង់ វិបុល ​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ មាន​ប្រសាសន៍​ថា ​ការ​បង់​ពន្ធ​ចំណេញ​មូលធន​នេះ​ គឺ​ដើម្បី​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​ ហើយ​រដ្ឋាភិបាល​អាច​ប្រើ​ប្រាស់​ថវិកា​ទាំង​នេះ​ទៅ​ជួយ​ពួក​គេ ​និង​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ប្រទេស។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​អត់​សង្កត់​ក​(រាស្រ្ត)​ទេ ​ហើយ​បើ​សិន​ជា​យើង​មិន​យក​ពី​អ្នក​ដែល​មាន​ចំណេញ ​វា​ហាក់​បី​ដូច​ជា​បាន​ពន្ធ​ពី​ណា​(យក​ទៅ​ជួយ​អភិវឌ្ឍ​ប្រទេស)។​ រដ្ឋ​អត់​យក​ពន្ធ​ទេ​ពី​អ្នក​ខាត​(ពី​ការ​លក់)​ ហើយ​ប្រជា​ពលរដ្ឋ​ទូទៅ​ បើ​សិន​អត់​មាន​ការ​លក់​ ក៏​អត់​ជាប់​ពន្ធ​ហ្នឹង​ដែរ»។​

លោក ​គង់ វិបុល ​បញ្ជាក់​ថា ​ការ​ប្រមូល​ពន្ធ​លើ​ចំណេញ​មូលធន​នេះ​មិន​បាន​អនុវត្ត​តាំង​ពី​ឆ្នាំ​ ២០០៧​ ហើយ​រដ្ឋាភិបាល​យល់​ថា ​វា​ដល់​ពេល​ក្នុង​ការ​ប្រមូល​ពន្ធ​នេះ ​ដែល​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​របស់​រដ្ឋាភិបាល ​ក្នុង​ការ​ពង្រីក​«ការ​ប្រមូល​ពន្ធ​ឲ្យ​អស់​ពី​លទ្ធភាព»។​

លោក ​វ៉ាន់ ពុទ្ធិពល ​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ មាន​ប្រសាសន៍​ដែរ​ថា​ មិន​មែន​ប្រជា​ពលរដ្ឋ​ទូទៅ​ឲ្យ​តែ​លក់​ផ្ទះ​ឬ​ដី ត្រូវ​ជាប់​ពន្ធ​ចំណេញ​មូលធន​នោះ​ទេ​ គឺ​ភាគ​ច្រើន​អ្នក​ដែល​មាន​អចលន​ទ្រព្យ​ច្រើន​លើស​ពី​ផ្ទះ​ ឬ​ដី​គោល​របស់​ពួក​គេ ​ដែល​តម្រូវ​ឲ្យ​ចូលរួម​ចំណែក​ផ្តល់​ប្រាក់​ចំណេញ​ដល់​រដ្ឋ​ នៅ​ពេល​ពួកគេ​លក់​អចលន​ទ្រព្យ​ផ្សេងៗ។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​គិត​ថា ​អ្នក​ដែល​បង់​ពន្ធ​នេះ​ច្រើន​ជាង​គេ​ជិត​ ៩០ ​ភាគ​រយ ​គឺ​អ្នក​ដែល​មាន​របរ​អាជីវ​កម្ម​ខាង​ផ្នែក​អចលន​ទ្រព្យ​នោះ​ឯង។​ ប៉ុន្តែ​ចំពោះ​ប្រជាជន​ទូទៅ​ច្បាស់​ជា​មិន​ជាប់​ទេ​...​ឪពុក​ចែក​កូន​ អត់​ជាប់​លក់​ផ្ទះ​នៅ​ខ្លួន​ឯង ​អត់​ជាប់​(ទេ)។ ​ហើយ​លក់​ខាត​ ក៏​មិន​ជាប់​ទៀត»។​

ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​ត្រូវ​បាន​ថត​នាពេល​ល្ងាចថ្ងៃសៅរ៍​ ទី​០៤ ខែកក្កដា​ ឆ្នាំ២០២០ ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/វីអូអេ)

ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​បាន​ចេញ​ប្រកាស​មួយ​ ចុះ​ខែ​មេសា ​ឆ្នាំ ​២០២០ ​ស្តីពី​ពន្ធ​លើ​ចំណេញ​មូលធន។​ បើ​តាម​ប្រកាស​នោះ​ អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវ​បាន​កំណត់​តាម​អត្រា​ថេរ ​២០ ​ភាគរយ។​ ប្រាក់​ចំណេញ​មូលធន​ គឺ​ជា​ប្រាក់​បន្ទាប់​ពី​ការ​កាត់​ថ្លៃ​ដើម​និង​ការ​ចំណាយ​ផ្សេងៗ​ ដូច​ជា​ការ​បង់​ខាត​ការ​ប្រាក់​នៅ​ធនាគារ​ ការ​ជួសជុល​កែ​លម្អ​ផ្ទះ​ និង​ការ​ចំណាយ​ផ្សេងៗ​ទៀត។​ បើ​តាម​ប្រកាស​នេះ ម្ចាស់​ទ្រព្យ​អាច​រក្សា​ទុក​នូវ​ឯកសារ​នានា ​ពាក់ព័ន្ធ​នឹង​ការ​ចំណាយ​ផ្សេងៗ។​

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​លោក ​ប៉ិច ពិសី​ មាន​ប្រសាសន៍​ថា ​គួរ​តែ​មាន​ការ​ពន្យារ​ពេល​អនុវត្ត​នូវ​ការ​យក​ពន្ធ​ចំណេញ​មូលធន​នេះ​ នៅ​គ្រា​ដែល​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយសារ​ជំងឺ​កូវីដ១៩។លោក​បន្ត​ថា ​គួរ​តែ​មាន​ការ​ជំរុញ​និង​ជួយ​ដល់​សហគ្រាស​ធុនតូច​ និង​មធ្យម ​ដែល​កំពុង​ជួប​ការ​លំបាក។​

លោក​មាន​ប្រសាសន៍​ថា៖​ «បើ​សិន​ជា​យើង​អាច​ពន្យារ​ការ​អនុវត្ត​ច្បាប់​ហ្នឹង​ គឺ​ជា​រឿង​ដែល​ល្អ​ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ដំណើរ​ការ​ប្រតិបត្តិ​ការ​អាជីវកម្ម​ ហើយ​និង​ពលរដ្ឋ​យើង​ហ្នឹង​អាច​ដោះ​ស្រាយ​វិបត្តិ​ដែល​គាត់​កំពុង​តែ​មាន​ហ្នឹង​សិន​ ហើយ​អាច​ពន្យារ​ដល់​ពីរ​ឬ​បី​ឆ្នាំ​ហ្នឹង​ទៀត ​ខ្ញុំ​គិត​ថា​ជា​រឿង​ល្អ»។​

លោក​ឲ្យ​ដឹង​ទៀត​ថា​ លោក​ព្រួយ​បារម្ភ​អំពី​អំពើ​ពុក​រលួយ​នៅ​ក្នុង​ដំណើរ​នេះ​ ដោយសារ​ប្រព័ន្ធ​គណនេយ្យ​ភាព​និង​ប្រព័ន្ធ​គ្រប់​គ្រង​នៅ​ប្រទេស​កម្ពុជា ​មាន​ភាព​ទន់​ខ្សោយ​នៅ​ឡើយ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ប្រាកដ​ជា​មាន​លទ្ធភាព​នៃ​ការ​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​ចរចា​ប្រាក់​អី​ហ្នឹង​ជា​ដើម​ច្រើន​ និង​អាច​បង្ក​ឲ្យ​មាន​បញ្ហា​អំពើ​ពុក​រលួយ​...»។​

លោក ​ង៉ែត ជូ​ អ្នក​វិភាគ​សេដ្ឋកិច្ច​មួយ​រូប ​មាន​ប្រសាសន៍​ថា ​ជា​រៀង​រាល់​ឆ្នាំកម្ពុជា​តែង​តែ​ខ្ចី​ប្រាក់​ពី​បរទេស​ ដើម្បី​ចូល​រួម​ចំណែក​ដល់​ថវិកា​ជាតិ​ ប៉ុន្តែ​លោក​យល់​ថា​ មិន​គួរ​សម្រេច​យក​ពន្ធ​លើ​ប្រាក់​ចំណេញ​នៅ​ពេល​នេះ​ទេ​ ដោយ​សារ​ពលរដ្ឋ​រង​គ្រោះ​ពី​ជំងឺ​កូវីដ១៩។​

លោក​មាន​ប្រសាសន៍​ថា៖ ​«អ៊ីចឹង​ក្នុង​ស្ថានភាព​បែប​នេះ​ រដ្ឋាភិបាល​គួរ​តែ​កៀងគរ​ទុន​ ដើម្បី​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​បន្ថែម។​ ប្រសិន​បើ​ដាក់​បន្ទុក​លើ​ពន្ធ​បន្ថែម​ក្នុង​ស្ថានភាព​នេះ ​វា​អាច​ជា​កត្តា​រាំង​ស្ទះ​ឬ​ក៏​សម្ពាធ​បន្ថែម»។​

លោក​ព្រួយ​បារម្ភ​ថា​ មន្រ្តី​មួយ​ចំនួន​ឆ្លៀត​ឱកាស​ជម្រិត​ទារ​ប្រាក់​ថែម​ពី​អ្នក​បង់​ពន្ធ​នេះ។​ លោក​បន្ត​ថា​អ្នក​ដែល​មាន​អចលនា​ទ្រព្យ​លើស​ពី​សេចក្តី​ត្រូវ​ការ​ នឹង​រង​គ្រោះ​នៅ​ក្នុង​ការ​សម្រេច​យក​ពន្ធ​លើ​ប្រាក់​ចំណេញ​នេះ។​

បើ​តាម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ អ្នក​ជាប់​ពន្ធ​ត្រូវ​ដាក់​លិខិត​ប្រកាស​ពន្ធ​តាម​ទម្រង់ ​ដែល​កំណត់​ដោយ​រដ្ឋបាល​សារពើ​ពន្ធ​ និង​បង់​ពន្ធ​លើ​ចំណេញ​មូលធន ​ក្នុង​អំឡុង​ពេល​មិន​លើស​ពី​ ៣ ​ខែ​ បន្ទាប់​ពី​សម្រេច​បាន​ចំណេញ​មូលធន។​ ចំពោះ​ទ្រព្យ​ដែល​ស្ថិត​នៅ​រាជធានី​ភ្នំពេញ​ អ្នក​ជាប់​ពន្ធ​ត្រូវ​ដាក់​លិខិត​ប្រកាស​និង​បង់​ពន្ធ​នៅ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ។​ ចំពោះ​ទ្រព្យ​ដែល​ស្ថិត​នៅ​តាម​បណ្តា​ខេត្ត​ អ្នក​ជាប់​ពន្ធ​ត្រូវ​ដាក់​លិខិត​ប្រកាស​ និង​បង់​ពន្ធ​នៅ​សាខា​ពន្ធដារ​ដែល​ទ្រព្យ​ស្ថិត​នៅ។​

អ្នក​ជាប់​ពន្ធ​ត្រូវ​ទទួល​រង​នូវ​ទោស​ទណ្ឌ​តាម​ច្បាប់​ស្តីពី​សារ​ពើ​ពន្ធ​ជាធរមាន ​ក្នុង​ករណី​មិន​បាន​ដាក់​លិខិត​ប្រកាស ​និង​បង់​ពន្ធ​លើ​ចំណេញ​មូលធន ​តាម​ពេល​កំណត់។​ បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​គេច​វេស​ពន្ធ​ត្រូវ​រង​ការ​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី​ ១០​ លាន​រៀល ​ដល់​ ២០ ​លាន​រៀល​ ឬ​ជាប់​ពន្ធនាគារ​ពី​ ១​ ឆ្នាំ​ទៅ ​៥ ​ឆ្នាំ​ឬ​ទោស​ទាំង​ពីរ​នេះ៕​