យានអវកាសមួយគ្រឿងរបស់ក្រុមហ៊ុនឯកជនអាមេរិកាំងបានចុះចតលើឋានព្រះចន្ទ ប៉ុន្តែមន្ត្រីក្រុមហ៊ុនបាននិយាយថា យានអវកាសនេះបានបញ្ជូនសញ្ញាខ្សោយមួយមកភពផែនដី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
យានអវកាសនេះបានហោះអណ្តែតដល់ផ្នែកខាងលើនៃឋានព្រះចន្ទកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីស្វែងរកកន្លងទំនាបចុះចតនៅប៉ូលភាគខាងត្បូងនៃឋានព្រះចន្ទ ដែលសម្បូរដោយជ្រលងថ្មនិងរណ្តៅជាច្រើនកន្លែង។
ក្រុមហ៊ុន Intuitive Machines បានព្យាយាមដើម្បីក្លាយជាក្រុមហ៊ុនឯកជនលើកដំបូងគេ ដែលបានចុះចតលើឋានព្រះចន្ទ ដែលរហូតមកដល់ពេលនេះមានតែប្រទេស ៥ ប៉ុណ្ណោះ ដែលអាចបញ្ជូនយានអវកាសរបស់ខ្លួនឡើងដល់ឋានព្រះចន្ទ។
យានអវកាសនេះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់អង្គការ NASA អាមេរិក ក្នុងការធ្វើដំណើរជាលក្ខណៈពាណិជ្ជកម្មទៅកាន់ឋានព្រះចន្ទ មុនពេលគម្រោងការវិលត្រឡប់ទៅវិញនៃក្រុមអវកាសយានិកទៅកាន់ទីនោះ។
សហរដ្ឋអាមេរិកបានបញ្ចប់កម្មវិធីទៅឋានព្រះចន្ទក្នុងឆ្នាំ ១៩៧២ បន្ទាប់ពីយានអវកាសអាប៉ូឡូរបស់ទីភ្នាក់ងារ NASA បានបញ្ជូនអវកាសយានិក ១២ នាក់ ទៅកាន់ទីនោះ៕