ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិបានប្រកាសជាផ្លូវការនៅថ្ងៃច័ន្ទនេះថា ព្រះអង្គនឹងយាងមកធ្វើជាប្រធានគណបក្សហ៊្វុនស៊ីនប៉ិចជាថ្មីម្តងទៀត បន្ទាប់ពីព្រះអង្គត្រូវបានធ្វើរដ្ឋប្រហារបណ្តេញចេញពីគណបក្សនេះកាលពី៩ឆ្នាំមុន។ ក៏ប៉ុន្តែ គណបក្សសង្គមរាស្ត្ររាជាធិបតេយ្យរបស់ព្រះអង្គនឹងមិនរំសាយចោលទេគឺព្រះអង្គគ្រោងនឹងស្នើសុំឲ្យក្រសួងមហាផ្ទៃផ្អាកជាបណ្តោះអាសន្នសិន។
មានបន្ទូលប្រាប់ក្នុងអង្គសន្និសីទកាសែតដែលធ្វើឡើងនៅគេហដ្ឋានរបស់ព្រះអង្គនៅសង្កាត់ទន្លេបាសាក់ ក្រុងភ្នំពេញ ព្រះអង្គបានបញ្ជាក់ថា មូលហេតុចម្បងបំផុតដែលព្រះអង្គសម្រេចធ្វើជាប្រធានគណបក្សហ៊្វុនស៊ីនប៉ិចគឺដើម្បីបង្រួបបង្រួមកម្លាំងអ្នកស្នេហាជាតិ អ្នកស្រឡាញ់រាជានិយមឲ្យមករួបរួមគ្នាដើម្បីប្រទេសជាតិ។
ព្រះអង្គបញ្ជាក់ថា៖ «ធំបំផុតមុនគេប្រមែ ប្រមូលអ្នកជាតិនិយម អ្នកសីហនុនិយមទាំងអស់ជាកម្លាំងជាតិឡើងវិញ រួបរួមគ្នាដើម្បីដោះស្រាយបញ្ហាជាតិ»។
អ្នកស្រីមួរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិមិនអាចស្តារប្រជាប្រិយភាពគណបក្សហ៊្វុនស៊ីនប៉ិចឡើងវិញបានទេ ដោយសារតែប្រជាពលរដ្ឋធ្លាប់បានបោះឆ្នោតថ្វាយព្រះអង្គ តែនៅតែមិនអាចដោះស្រាយបញ្ហាជាតិបានដដែល។
លោកស្រីបានអះអាងថា ការយាងមកធ្វើប្រធានគណបក្សហ៊្វុនស៊ីនប៉ិចនេះទំនងជាមានការយល់ព្រមពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកស្រីនិយាយថា៖ «គឺថាមានការទូរស័ព្ទអបអរសារទរពីសម្តេចនាយកហើយលោកញ៉ឹក ប៊ុនឆៃក៏មានប្រសាសន៍អញ្ចឹងដែរ។ ដូច្នេះយើងមិនបាច់ឆ្ងល់ច្រើនទេ»។
ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិបានបញ្ជាក់ថា ព្រះអង្គវិលមកកាន់គណបក្សហ៊្វុនស៊ីនប៉ិចសារជាថ្មីនេះមិនមានការចង្អុលបង្ហាញពីអ្នកណាម្នាក់ទេគឺជាការសម្រេចព្រះទ័យដោយខ្លួនឯងតែប៉ុណ្ណោះ។
ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិត្រូវបានគណបក្សហ៊្វុនស៊ីនប៉ិចធ្វើបក្សប្រហារបណ្តេញព្រះអង្គចេញពីប្រធានគណបក្សកាលពីឆ្នាំ២០០៦។ ព្រះអង្គក្រោយមកបានសម្រេចបង្កើតគណបក្សជាបន្តបន្ទាប់ ហើយចុងក្រោយនេះបង្កើតគណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ។
ក្នុងព្រះជន្ម៧១ព្រះវស្សា សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិមានបន្ទូលថាគណបក្សហ៊្វុនស៊ីនប៉ិចថ្មីនេះនឹងមានរចនាសម្ព័ន្ធ ប្រធានគណបក្សមួយ។ សម្តេចព្រះរាជបុត្រីព្រះអនុជអរុណ រស្មីគ្រោងនឹងត្រូវតែងតាំងជាអនុប្រធានទី១ ហើយលោកញឹក ប៊ុនឆៃជាអនុប្រធានទី២។
គណបក្សថ្មីនេះមិនមានអគ្គលេខាធិការទេគឺមានតែអគ្គលេខាធិការប្រតិបត្តិ ដែលជាបុគ្គលរបស់ប្រធានគណបក្ស។
ព្រះអង្គមានបន្ទូលថា គណបក្សថ្មីនឹងផ្លាស់ប្តូររូបសញ្ញារបស់គណបក្សបាវចនារបស់គណបក្ស តែនៅប្រើឈ្មោះគណបក្សហ៊្វុនស៊ីនប៉ិចដដែល ហើយនៅថ្ងៃទី១៩ខាងមុខនេះនឹងធ្វើសមាជដើម្បីប្រកាសជាផ្លូវការ។
ព្រះអង្គបានបញ្ជាក់ថា ចន្ទុលសម្រាប់ដោះស្រាយស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាដើម្បីឲ្យមានសុខសន្តិភាពនៅក្នុងសង្គមមានតែគណបក្សពីរតែប៉ុណ្ណោះគឺគណបក្សហ៊្វុនស៊ីនប៉ិចនិងគណបក្សប្រជាជនកម្ពុជា។
គណបក្សហ៊្វុនស៊ីនប៉ិចបានធ្លាក់ចុះសំឡេងពី៥៣អាសនៈក្នុងឆ្នាំ១៩៩៣មកគ្មានអាសនៈនៅឆ្នាំ២០១៣ ដោយសារតែគណបក្សនេះបានបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ។
ព្រះអង្គបានបញ្ជាក់ថា គណបក្សហ៊ុនស៊ីនប៉ិចថ្មីនេះនឹងទទួលបាន២៦អាសនៈក្នុងការបោះឆ្នោតជាសកលនៅឆ្នាំ២០១៨ខាងមុខនេះ៕