ព្រះ​អង្គម្ចាស់​នរោត្តម​រណ​ឫទ្ធិ​រិះគន់​​គណបក្ស​ជំទាស់​និង​​វប្បធម៌​សន្ទនា

  • នៅ វណ្ណារិន

ព្រះអង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​មាន​បន្ទូល​ក្នុង​អង្គសន្និសីទ​កាសែត​ដែល​ធ្វើ​ឡើង​នៅ​គេហដ្ឋាន​របស់​ព្រះ​អង្គ​នៅ​សង្កាត់​ទន្លេ​បាសាក់ ក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ០៥ ខែមករា​ឆ្នាំ២០១៥។

អ្នក​វិភាគ​ និង​គណបក្ស​ជំទាស់​បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ​ការ​រិះគន់​របស់​អ្នក​នយោបាយ​ជើង​ចាស់​ គឺ​ព្រះ​អង្គ​ម្ចាស់​នរោត្តម​ រណ​ឫទ្ធិ ​ចំពោះ​«វប្បធម៌​សន្ទនា»​នេះ​គ្រាន់​តែ​ជា​យុទ្ធ​សាស្រ្តនយោបាយ​ ក្នុង​ការ​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​របស់​ខ្លួន​មក​វិញ​តែ​ប៉ុណ្ណោះ។​

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ព្រះ​អង្គ​ម្ចាស់​រណ​ឫទិ្ធ ​ដែល​ទើប​តែ​វិល​ត្រឡប់​ចូល​នយោបាយ​វិញ​នោះ​ បាន​ថ្លែង​រិះគន់​ចំៗ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ ការ​បង្កើត​«វប្បធម៌​សន្ទនា»​នោះ​គ្រាន់តែ​ជា​ការ​បោក​ប្រាស់​ប្រជា​រាស្រ្ត​ ហើយព្រះអង្គ​មិន​មាន​ជំនឿ​ចិត្ត​ចំពោះ​លោក​ សម រង្ស៊ី​ ដែល​ជា​អតីត​អ្នក​នយោ​បាយ​ក្រោម​បង្គាប់​របស់​ព្រះអង្គ​នោះ​ទេ។​

«អា​សន្ទនា​គាត់​គឺ​ឱប​គ្នា​តែ​ជាមួយ​ តែ​សម្តេច​ ហ៊ុនសែន​ទេ។​ ​ឯ​អា​គណបក្ស​ដៃ​គូ​គឺ​ប្រលះ​គ្នា​រាល់ថ្ងៃ​អត់​ឈប់​ ដូច្នោះ​អាសន្ទនា​របស់​គាត់​នោះ​គឺ​ជា​សន្ទនា​បោកប្រាស់​ទេ។​ កុំ​ទៅ​ជឿ​ សម រង្ស៊ី​ នោះ​ ព្រោះ​កូន​ចៅ​ខ្ញុំ​ពី​ដើម​ទេ​ ម្ង៉ៃ​ស ម្ង៉ៃ​លឿង​ ម្ង៉ៃ​ខ្មៅ​ ម្ង៉ៃ​បៃតង ​ម្ង៉ៃ​ស្រេច ​គាត់​ដូរ​សេ្រច​ចិត្ត​ គង់​មាន​ថ្ងៃ​ណា​មួយ​រឿង​ហើយ»។​

ព្រះអង្គបាន​បន្ត​ថា​ លោក​ សម រង្ស៊ី​ កំពុងតែ​លេង​ល្បែង​នយោបាយ​ ក្រឡិច​ក្រឡុច​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដើម្បី​ទទួល​ផល​ចំណេញ​នយោបាយ​ពី​ប្រជារាស្ត្រ​ ដោយ​រូប​លោក​ សម រង្ស៊ី​ ផ្ទាល់​ប្រើ​រូបភាព​ស្លូតបូត ​និង​លោក​អនុ​ប្រធាន​គណបក្ស​ជំទាស់​នេះ​គឺ​លោក​ កឹម សុខា​ ប្រើ​រូប​ភាព​ជា​រិះគន់​លើ​ដៃ​គូ​របស់​ខ្លួន។​

ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​នោះ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ យ៉ែម បុញ្ញឫទ្ធិ ​បាន​ហៅ​ការ​រិះគន់​នោះ​ថា​ គ្រាន់តែ​ជា​យុទ្ធសាស្ត្រនយោបាយ​របស់ព្រះអង្គ​ក្នុង​ការ​ទាក់ទាញ​យក​ផល​ចំណេញ​នយោបាយ​សម្រាប់គណបក្ស​របស់​ព្រះអង្គគឺ​គណបក្ស​ ហ៊្វុនស៊ិនប៉ិច ​នេះ​តែប៉ុណ្ណោះ។​

«គណកប្ស​សង្គ្រោះ​ជាតិ​មិន​មានអ្វី​ត្រូវ​ឆ្លើយ​តប​ទៅ​ព្រះ​អង្គទេ ក៏​ប៉ុន្តែ​ប្រជា​ពល​រដ្ឋ​ខ្មែរ​លោក​បាន​យល់ដឹង​ច្បាស់​ណាស់​ថា ​តើ​ព្រះអង្គ​ដឹកនាំ​កន្លង​ទៅ​ហ្នឹងវា​យ៉ាង​ម្ត៉េច?​ ចាប់​តាំង​ពី​មាន​អាសនៈ​រហូត​ដល់​អស់​អាសនៈ​រលឹង។​ នេះ​ជា​ចំណុច​ទី១។​ ចំណុចទី២ វប្បធម៌​សន្ទនាគឺជា​គោល​ការណ៍​ទូទៅ​របស់​អ្នក​នយោបាយ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ ជា​ទូទៅ​ គេ​តែងតែ​អនុវត្ត។​ ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​គោលការណ៍​នេះ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​សង្គម ​និង​បញ្ហា​ជាតិ»។​

ជាមួយ​គ្នា​នោះ​ដែរ​ លោក ​អ៊ូ វីរៈ​ ប្រធាន​ និង​ជា​ស្ថាបនិក​នៃ​វេទិកា​អនាគត​ក៏​បាន​យល់​ស្រប​ផង​ដែរ​ថា​ ការ​រិះគន់​របស់​ព្រះអង្គ​ម្ចាស់​រណឫទ្ធិ​ កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​គឺ​ជា​ការ​ធម្មតា​ ដែល​លោក​ចង់​ទាមទារ​តំណែង​ជា​«តួអង្គ​សំខាន់​ក្នុង​ឆាក​នយោបាយ»​ ក៏​ប៉ុន្តែ​ព្រះ​អង្គ​ម្ចាស់​គួរ​តែ​ធ្វើ​ការ​រិះគន់​លោក​នាយ​រដ្ឋមន្ត្រី ​ហ៊ុន សែន​ វិញ​ ប្រសិន​បើ​ចង់​បាន​សំឡេង​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ដល់​គណបក្ស​របស់​ព្រះអង្គ​នោះ។​

«សម្តេច​ក្រុមព្រះ​មិន​គួរ​រិះគន់​គេ​កើត​ទេ ​ព្រោះ​អី​សម្តេច​ក្រុម​ព្រះ​ធ្វើ​នយោបាយ​ចាញ់​គេ​អស់​២២​ឆ្នាំ​ហើយ។​ តាំង​ពី​ឈ្នះ​ឆ្នោត​មក​ដល់​សូន្យ​នោះ។​ ​ តាម​ពិត​ ​សមេ្តច​ក្រុមព្រះ​គួរ​តែ​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។​ ក្នុង​រឿង​នេះ​គឺ​សម្តេច​ក្រុម​ព្រះ​ទេ ​ដែល​ជា​អ្នក​ចាញ់​លោក​ ហ៊ុន សែន​ក្នុង​វប្បធម៌​សន្ទនា​នា​ឆ្នាំ​៩០​ជាង​នោះ»។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ព្រះ​អង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ​ ដែល​ជា​អតីត​សហ​នាយក​រដ្ឋមន្ត្រី​ទី​១​នៃ​ប្រទេស​កម្ពុជា​ និង​ជា​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ ធ្លាប់​បាន​លាលែង​ពី​ជីវិត​នយោបាយ​មួយ​រយៈ​នា​ឆ្នាំ​ ២០០៦​ ក្រោយ​ពេល​មាន​រឿង​អាស្រូវ​អំពើ​ពុក​រលួយ។​ ​ព្រះអង្គ​បាន​ប្រកាស​ចូល​នយោបាយ​ និង​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​វិញ​នា​ចុង​ខែ​មករា​កន្លង​ទៅ​ ដោយ​ថ្លែង​ថា​ ព្រះ​អង្គ​ចង់​ជួយ​ស្តារ​ប្រជាប្រីយ៍​ភាព​គណបក្ស​ដ៏​ចំណាស់​មួយ​នេះ​ឡើង​វិញ៕​