ព្រះអង្គ​ម្ចាស់​ចក្រាវុធ ​ជាប់​ឆ្នោត​ជា​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​ហើយ​ប្តេជ្ញា​កសាង​កម្លាំង​រាជា​និយម​

ព្រះ​អង្គម្ចាស់ នរោត្តម ចក្រាវុធ​ ត្រូវជាប់​ឆ្នោត​ជា​ឯកច្ឆន្ទ​ធ្វើ​ជា​ព្រះប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ក្នុង​សមាជ​វិសាមញ្ញ​របស់​បក្ស​ រៀបចំ​ឡើង​នៅ​ថ្ងៃទី​០៩ ខែកុម្ភៈ​ ឆ្នាំ​២០២២​ក្នុង​ខណ្ឌ​ច្បារអំពៅ​ ទីក្រុង​ភ្នំពេញ។ (ហ៊ុល រស្មី/វីអូអេ)

​ព្រះ​អង្គ​ម្ចាស់ ​នរោត្តម ​ចក្រាវុធ​ ជា​បុត្រា​ច្បង​របស់​ព្រះ​អង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ​ ត្រូវ​បាន​សមាជិក​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ព្រះ​ប្រធាន​គណបក្ស​រាជានិយម​មួយ​នេះ​ ក្នុង​ពេល​ធ្វើ​សមាជ​បក្ស​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ក្នុង​សង្កាត់​វាលស្បូវ ​ខណ្ឌច្បារ​អំពៅ​ រាជធានី​ភ្នំពេញ។​ នេះ​គឺ​ជា​ការ​ចាប់​ផ្តើម​ជា​ផ្លូវការ​នូវ​ដំណើរ​នយោបាយ​នៃ​អ្នក​បន្តវេន​របស់​គណបក្ស​រាជា​និយម​នេះ​ បន្ទាប់​ពី​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឫទ្ធិ​ ដែល​ជា​អតីត​នាយក​រដ្ឋមន្រ្តី​មួយ​រូប​របស់​កម្ពុជា​ផង​នោះ។

អង្គ​សមាជ​វិសាមញ្ញ​បក្ស​ដែល​មាន​គ្នា​ជាង​៤០០​នាក់​ បាន​សម្រេច​ជ្រើស​រើស​ជា​ឯកច្ឆន្ទ​ឱ្យ​ព្រះ​អង្គម្ចាស់ ​ចក្រាវុធ​ធ្វើ​ជា​ព្រះ​ប្រធាន​បក្ស​ និង​បាន​ជ្រើស​តាំង​អនុ​ប្រធាន​បក្ស​ចំនួន​បីរូប​គឺ​លោក​ ឆឹង ចំរើន​ លោក​ ប៉ោ ប៊ុនស៊្រឺ​និង​លោក​ពៅ អៀងគ្រី។ ​គណបក្ស​បាន​រៀបចំ​ឲ្យ​មាន សមាជិក​គណៈកម្មការ​នាយក​គណបក្ស​ចំនួន​៥៤​រូប​ផង​ដែរ។​

ព្រះ​អង្គ​ម្ចាស់​នរោត្តម ចក្រាវុធ​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ថ្នាក់​ដឹកនាំ​ និង​សមាជិក​សមាជិកា​គណបក្ស​ថា​ ព្រះអង្គ​ប្តេជ្ញា​ការពារ​ការ​រស់​រាន​មាន​ជីវិត​របស់​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​នៅ​ក្នុង​ប្រទេស។​

«ខ្ញុំ​ក្នុង​ឋានៈ​ជា​ព្រះ​ប្រធាន​គណបក្ស​ ខ្ញុំ​សូម​ប្រកាស​ជា​ឱឡារិក​នៅ​ចំពោះ​មុខ​អង្គ​សមាជ​វិសាមញ្ញ​ដ៏​ឧត្តុង្គ​ឧត្តម​ថា​ ខ្ញុំ​នៅ​ការពារ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឲ្យ​គង់វង្ស​ជា​អមតៈ»។​

សមាជិក​សមាជិកា​គណបក្សមក​ពី​២៥​រាជធានី​ខេត្ត​ ​ចូលរួម​បោះឆ្នោត​ ក្នុង​សមាជវិសាមញ្ញ​របស់​បក្ស​ រៀបចំ​ឡើង​នៅ​ថ្ងៃទី​០៩ ខែកុម្ភៈ​ ឆ្នាំ​២០២២​ក្នុង​ខណ្ឌច្បារអំពៅ​ ទីក្រុង​ភ្នំពេញ។ (ហ៊ុល រស្មី/វីអូអេ)

ក្នុងការ​ថ្លែង​សារ​នយោបាយ​ទៅ​កាន់​ថ្នាក់​ដឹកនាំ​ និង​សមាជិក​សមាជិកា​បក្ស​ ព្រះអង្គ​ម្ចាស់​នរោត្តម ​ចក្រាវុធ​មាន​ព្រះ​បន្ទូល​បន្ថែម​ថា​ ព្រះអង្គ​នឹង​ដង្ហែ​តាម​ព្រះរាជ​មាគ៌ា​នយោបាយ​ក្នុង​ការ​បង្រួប​បង្រួម​ជាតិ​របស់​ព្រះ​អយ្យកោ​ និង​ព្រះ​បិតា​របស់​ព្រះអង្គ​ គឺ​ព្រះ​អង្គម្ចាស់​នរោត្តម​ រណឫទ្ធិ​ អតីត​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ​ ព្រះ​អង្គ​ក៏​ប្តេជ្ញា​ប្រមូល​កម្លាំង​អ្នក​គាំទ្រ​គណបក្ស​ ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​រាជានិយម​មួយ​នេះ​ ទទួល​ជោគ​ជ័យ​ជាថ្មី​ម្តង​ទៀត​ លើ​ឆាក​នយោបាយ​កម្ពុជា។​

ព្រះ​អង្គ​ម្ចាស់​មាន​ព្រះ​បន្ទូល​ថា៖ ​«ដើម្បី​គោរព​ថ្វាយ​ ព្រះ​គុណូបការៈ​របស់​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឫទ្ធិ​ អតីត​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ខ្ញុំ​នឹង​ខិត​ខំ​ប្រមែ​ប្រមូល​អតីត​អ្នក​រាជានិយម​ សីហនុ​និយម​ រណឫទ្ធិ​និយម​ ដើម្បី​គណបក្ស​ទទួល​បាន​ជោគជ័យ​សាជា​ថ្មី»។​

ការ​ឡើង​ធ្វើ​ជា​ព្រះ​ប្រធាន​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​របស់​ព្រះអង្គ​ម្ចាស់​ចក្រាវុធ​កើត​មាន​ឡើង​ក្រោយ​ការ​សោយ​ទិវង្គត​របស់​បិតា​ព្រះអង្គ​គឺ​ព្រះអង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ​កាល​ពី​ចុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​នៅ​ប្រទេស​បារាំង​ ក្នុង​ជន្មាយុ​៧៧​ព្រះ​វស្សា។​

ដំណើរ​នយោបាយ​របស់​ព្រះអង្គ​ម្ចាស់​ចក្រាវុធ​ បាន​ចាប់​ផ្តើម​ជា​មួយ​នឹង​ការ​វិវឌ្ឍ​ចុងក្រោយ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​នៃ​ស្ថាន​ការណ៍​នយោបាយ​ក្នុង​ប្រទេស​ ខណៈ​គណបក្ស​ប្រឆាំង​សំខាន់​មួយ​គឺ​គណបក្ស​ភ្លើង​ទៀន​ ដែល​កាល​ពី​មុន​មាន​ឈ្មោះ​ជា​គណបក្ស​សម រង្ស៊ី ​បាន​កម្រើក​ឡើង​វិញ​ និង​ការ​បង្កើត​គណបក្ស​ថ្មីៗ​មួយ​ចំនួន​ទៀត​ ដែល​ជា​ការ​ផ្ចុង​ផ្តើម​ចេញពី​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។​

អ្នក​នាំពាក្យ​គណបក្ស​រាជានិយម​ហ៊្វុន​ស៊ិន​ប៉ិច ​លោក​ ញឿន រ៉ាដែន​ ថ្លែង​ជាមួយ​អ្នកសារព័ត៌មាន​នៅក្នុង​ព្រះរាជដំណាក់​វាលស្បូវ ខណ្ឌច្បារអំពៅ​ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៩ ខែកុម្ភៈ​ ឆ្នាំ​២០២២​។​(ហ៊ុល រស្មី/វីអូអេ)

អ្នក​នាំពាក្យ​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច ​លោក ​ញឿន រ៉ាដែន​ ជឿ​ថា​ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​មក​វិញ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥ ​ខែ​មិថុនា​ ឆ្នាំ​២០២២​ ហើយ​លោក​មាន​សុទិដ្ឋិ​និយម​ថា​ គណបក្ស​នឹង​ទទួល​បាន​អាសនៈ​សភា​នៅ​ឆ្នាំ​២០២៣​ផង​ដែរ​ ក្រោម​ការ​ដឹកនាំ​របស់​ព្រះអង្គ​ម្ចាស់​នរោត្តម​ ចក្រាវុធ​ដែល​ជា​ឈាម​ថ្មី​នៃ​កម្លាំង​រាជា​និយម​ និង​ជា​បណ្ឌិត​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​បារាំង។​

«យើង​មិន​ត្រឹម​តែ​សង្ឃឹម​ទទួល​បាន​នូវ​អាសនៈ​ក្នុង​ការ​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទេ​ យើង​អាច​ទទួល​នូវ​សំឡេង​នៅ​ក្នុង​រដ្ឋ​សភា​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​ដែរ»។​

ព្រះអង្គ​ម្ចាស់​នរោត្តម ចក្រាវុធ​ បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ដល់​អ្នក​សារ​ព័ត៌មាន​ទេ​ ក្រោយ​ព្រះអង្គ​ត្រូវ​បាន​បោះ​ឆ្នោត​ជាប់​ធ្វើ​ជា​ព្រះ​ប្រធាន​គណបក្ស។​

ក្នុង​ពេល​ធ្វើ​សមាជ​វិសាមញ្ញ​ កាល​ពី​ថ្ងៃ​ព្រឹក​ថ្ងៃពុធ​ដដែល​នោះ​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ បាន​ឲ្យ​ដឹង​ពី​គោល​នយោបាយ​ស្នូល​៩​ចំណុច​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​វិស័យ​នយោបាយ​នៅ​កម្ពុជា​ ក្នុង​នោះ​គឺ​មាន​គោល​នយោបាយ​បង្រួប​បង្រួម​ជាតិ​ ការ​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​គណបក្ស​ដៃគូ​ផ្សេង​ទៀត​ ការ​ការពារ​បូរណភាព​ទឹកដី​ និង​ការ​ជំរុញ​ឲ្យ​កម្ពុជា​មាន​នីតិរដ្ឋ​ពិត​ប្រាកដ។​

អ្នក​វិភាគ​នយោបាយ​លោក ​សេង សារី​ យល់​ថា​វត្តមាន​របស់​ព្រះ​អង្គម្ចាស់​នរោត្តម​ ចក្រាវុធ​ នឹង​មិន​អាច​ធ្វើ​ឲ្យ​កម្លាំង​រាជា​និយម​ងើប​ឡើង​ខ្លាំង​មក​វិញ​ទេ​ ប្រសិន​បើ​គណបក្ស​នេះ​មិន​មាន​ភាព​សកម្ម​ក្នុង​ការ​ចុះ​ជួប​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ប្រជា​ពលរដ្ឋ ​និង​ដោះ​ស្រាយ​ទុក្ខ​លំបាក​របស់​ប្រជា​ពលរដ្ឋ​នោះ។​

លោក​ប្រាប់​វីអូអេ​ថា៖​ «ក៏​ប៉ុន្តែ​ការ​ប្រឹង​ប្រែង​របស់​ព្រះ​អង្គ​នឹង​អាច​ធ្វើ​ឲ្យ​របប​រាជា​និយម​រស់​ឡើង​វិញ។​ បើសិន​ជា​ករណី​វត្តមាន​របស់​ព្រះអង្គ​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ មិន​មាន​សកម្មភាព​អីទេ​ អសកម្ម​ដូច​ដែល​មេ​ដឹកនាំ​មុនៗ​ទេ​ ខ្ញុំ​គិត​ថា​ គ្មាន​ប្រយោជន៍​ហ្នឹង​ អាច​ធ្វើ​ឲ្យ​របប​[គណបក្ស] ​រាជា​និយម​អាច​ងើប​ឡើង​វិញ​បាន​ឡើយ»។​

ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ មានព្រះរាជបន្ទូល​ទៅ​កាន់​ថ្នាក់​ដឹកនាំ និង​សមាជិក​សមាជិកា​ គណបក្ស​នៅក្នុង​ព្រះរាជដំណាក់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ​ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៩ ខែកុម្ភៈ​ ឆ្នាំ​២០២២។ ​(ហ៊ុល រស្មី/វីអូអេ)

ចំណែក​អ្នក​វិភាគ​នយោបាយ​មួយ​រូប​ទៀត​គឺ​លោក​ឡៅ ម៉ុងហៃ​ ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធ​ថា​ ព្រះ​អង្គ​ម្ចាស់​នរោត្តម​ ចក្រាវុធ​ ទំនង​ជា​ត្រូវ​ការ​ពេល​ច្រើន​ ក្នុង​ការ​ឆ្វេង​យល់​ពី​របប​នយោបាយ​នៅ​កម្ពុជា​ ប្រសិន​បើ​ព្រះ​អង្គ​មិន​ទាន់​បាន​ជ្រាប​នូវ​របៀប​របប​នៃ​ការ​ដឹកនាំ​រដ្ឋ​បច្ចុប្បន្ន។​

លោក​ផ្តល់​ការ​អត្ថាធិប្បាយ​ក្នុង​ន័យ​ដើម​ថា៖​ «ជាពិសេស​លោក​ត្រូវ​អត់​ធន់​ព្យាយាម​ និង​ក្លាហាន​ននៀល​ពុះពារ​ឧបសគ្គ​គ្រប់បែប​យ៉ាង។ ​ហើយ​នេះ​ជា​វិញ្ញាសា​សម្គាល់​ថា ​លោក​ជា​មនុស្ស​បែប​ណា​ ជា​អ្នក​នយោបាយ​ដឹកនាំ​មួយ​រូប​ ស័ក្តិ​សម​ឲ្យ​ប្រជា​រាស្ត្រ​ខ្មែរ​គាំទ្រ​ឬ​ទេ»។​

លោក​បន្ថែម​ថា៖​ «សុំ​សង្កត់​ធ្ងន់​ថា​ ប្រជា​រាស្ត្រ​ខ្មែរ​ចេះ​ដឹង​ជាង​មុន​ យល់​ដឹង​អំពី​អ្នក​នយាបាយ​ កិច្ចការ​សង្គម ជាតិ​និង​អន្តរជាតិ​ច្រើន​ និង​មាន​ការ​រំពឹង​ទុក​ខ្ពស់​និង​ច្រើន​ជាង​មុន​ពី​អ្នក​នយោបាយ។ ​ ពួកគេ​ទាំង​នោះ​លែង​ជា​ទំនិញ​សម្រាប់​អ្នក​នយោបាយ​ទិញ​ឲ្យ​គាំទ្រ​និង​បោះឆ្នោត​ឲ្យ​ទៀត​ហើយ។​ ហើយ​នេះ​ឃើញ​ជាក់ស្តែង​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣»។

លោក​ឡៅ ម៉ុងហៃ ​ផ្តល់​ការ​កត់​សម្គាល់​ទៀត​ថា​ ព្រះ​អង្គម្ចាស់​ ចក្រាវុធ ​ក៏​អាច​ត្រូវ​ការ​ពេល​វេលា​និង​មធ្យោបាយ​ ដើម្បី​កសាង​គុណ​សម្បត្តិ​ឲ្យ​បាន​ច្រើន​ស័ក្តិ​សម​ជា​អ្នក​នយោបាយ​ដឹកនាំ​សង្គម​ខ្មែរ​ ចាប់​ពី​ការ​និយាយ​ទាក់​ទង​ជា​ភាសា​ខ្មែរ​ឲ្យ​ប្រជា​ពលរដ្ឋ​សាមញ្ញ​ងាយ​ស្តាប់​បាន។​ លោក​បន្ថែម​ថា​ ព្រះអង្គ​ម្ចាស់​ក៏​ត្រូវ​យល់​ដឹង​ឲ្យ​ច្បាស់​ថា​ បារមី​របស់​ក្សត្រ​(royal aura)​សាប​រលាប​សឹង​អស់​ទៅ​ហើយ​ ជាពិសេស​ក្រោយ​ពេល​ដែល​បិតា​ព្រះអង្គ​បរាជ័យ​ទាំង​ស្រុង​ក្នុង​ការ​គ្រប់​គ្រង​ដឹកនាំ​ប្រទេស ​និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។​

ប៉ុន្តែ​សមាជិក​គណបក្ស​មួយ​ចំនួន​យល់​ថា​ ព្រះ​វត្តមាន​របស់​ព្រះអង្គ​ម្ចាស់​នរោត្តម ចក្រាវុធ​ អាច​ធ្វើ​ឲ្យ​គណបក្ស​រាជា​និយម​មួយ​នេះ​ ទទួល​បាន​អាសនៈ​ឃុំ​សង្កាត់​ក្នុង​បោះ​ឆ្នោត​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​ និង​ថា​ មន្ត្រី​គណបក្ស​រាជា​និយម​នឹង​ផ្តល់​សេវា​រដ្ឋបាល​សាធារណៈ​ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​នៅ​មូលដ្ឋាន។​

លោក​ញ៉ែម សុខួយ​ អាយុ​៥២​ឆ្នាំ​ ប្រធាន​ប្រតិបត្តិបក្ស​ហ៊្វុនស៊ិនប៉ិច​ខេត្ត​ស្ទឹង​ត្រែង​ និយាយ​ជាមួយ​អ្នកកាសែត​ នៅក្នុង​ព្រះរាជដំណាក់​វាលស្បូវ ខណ្ឌច្បារអំពៅ​ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៩ ខែកុម្ភៈ​ ឆ្នាំ​២០២២​។​(ហ៊ុល រស្មី/វីអូអេ)

លោក​ញ៉ែម សុខួយ​ អាយុ​៥២​ឆ្នាំ​ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ខេត្ត​ស្ទឹងត្រែង​ និយាយ​ថា​ ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​អង្គម្ចាស់​ចក្រាវុធ​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​អាច​ប្រមូល​សំឡេង​គាំទ្រ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២​នេះ។ ​ លោក​អះអាង​ថា​ ប្រជា​ពលរដ្ឋ​នឹង​ទទួល​បាន​សេវា​រដ្ឋបាល​សាធារណៈ​ ដោយ​គ្មាន​ការ​រើស​អើង​និន្នាការ​នយោបាយ​ បើ​មាន​មន្ត្រី​ហ៊្វុនស៊ិនប៉ិច​បម្រើ​ការ​នៅ​ថ្នាក់​មូលដ្ឋាន។​

«យើង​ក្នុង​នាម​ក្រុម​ប្រឹក្សា​ឃុំ​ដែល​ឈរ​បេក្ខជន​នីមួយៗ​ចេញ​ពី​កូតា​គណបក្ស​ អ៊ីចឹង​ យើង​ទៅ​ចូល​ធ្វើការ​បម្រើ​ប្រជា​ពលរដ្ឋ​ក្រោយ​ពី​យើង​ជាប់ឆ្នោត​ គឺ​យើង​មិន​ត្រូវ​រើស​អើង​ប្រជា​ពលរដ្ឋ​ទេ​ ...​អត់​មាន​រើស​អើង​តាម​ទម្រង់​ណា​មួយ​...​ត្រូវ​តែ​បម្រើ​គាត់​ឲ្យ​តម្លា​ភាព​ ឲ្យ​យុត្តិធម៌​ ឲ្យ​មាន​គណនេយ្យ​ភាព​ឲ្យ​ឆ្លើយ​តប​នឹង​គោល​នយោបាយ​ជាតិ»។​

គួរ​រំឭក​ផង​ដែរ​ថា​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទទួល​បាន​ការ​គាំទ្រ​ដោយ​សំឡេង​ច្រើន​លើស​លប់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ ​កាល​ពី​ឆ្នាំ​១៩៩៣​ ដោយ​ទទួល​បាន​អាសនៈ​ចំនួន​៥៨​នៃ​អាសនៈ​សរុប​ចំនួន​១២០។​

អាសនៈ​របស់​គណបក្ស​នយោបាយ​រាជា​និយម​មួយ​នេះ​បាន​ថយ​ចុះ​ជា​បន្ត​បន្ទាប់​រហូត​ដល់​សូន្យ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៣​ និង​ការ​បោះឆ្នោត​ជាតិ​ចុង​ក្រោយ​ឆ្នាំ​២០១៨ ​ ខណៈ​គណបក្ស​នេះ​បាន​បែក​បាក់​ផ្ទៃ​ក្នុង​យ៉ាង​ធ្ងន់​ធ្ងរ ​និង​កម្សោយ​នៃ​ការ​ដឹកនាំ​របស់​គណបក្ស៕