ជាព្រះអង្គម្ចាស់ជាអ្នកនយោបាយនិងជាអតីតមេដឹកនាំចលនាតស៊ូប្រឆាំងការឈ្លានពានបរទេសនៅប្រទេសកម្ពុជាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាព្រះរាជបុត្រាមួយអង្គរបស់ព្រះបាទនរោត្តម សីហនុ ដែលទទួលបានជោគជ័យជាងគេបំផុត។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានស្នងតំណែងប្រធានគណបក្សហ៊្វុនស៊ិនប៉ិចពីព្រះបិតាហើយបានកាន់តំណែងជានាយករដ្ឋមន្ត្រីជាព្រះប្រធានរដ្ឋសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រមុនពេលដែលព្រះអង្គបានយាងសោយទិវង្គតក្នុងព្រះជន្មាយុ៧៧ព្រះវស្សាកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះនៅប្រទេសបារាំងដោយរោគាពាធ។
គណបក្សហ៊្វុនស៊ិនប៉ិចបានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការបោះឆ្នោតឆ្នាំ១៩៩៣ដោយបានផ្តួលគណបក្សប្រជាជនកម្ពុជាដែលបានគ្រប់គ្រងប្រទេសតាំងពីខែមករាឆ្នាំ១៩៧៩។ នោះគឺជាការបោះឆ្នោតជាតិលើកទីមួយដែលគាំទ្រដោយអង្គការសហប្រជាជាតិនិងចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ដែលបញ្ចប់ជម្លោះរវាងភាគីកម្ពុជានានាដែលក្នុងនោះគណបក្សរាជានិយមនេះក៏ជារណសិរ្សតស៊ូមួយដែរប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសវៀតណាម។
ក្រោយពីឈ្នះឆ្នោតសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិបានប្រឈមនឹងជម្រើសដ៏លំបាកមួយគឺត្រូវចែកអំណាចគ្នាជាមួយនឹងគណបក្សប្រជាជនកម្ពុជាដោយព្រះអង្គកាន់តំណែងជានាយករដ្ឋមន្ត្រីទី១និងលោកហ៊ុន សែនដែលពេលនោះជាអនុប្រធានគណបក្សប្រជាជនកម្ពុជាកាន់តំណែងជានាយករដ្ឋមន្ត្រីទី២។
លោក ចាប ញ៉ាលីវុធ អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនិងជាប្អូនប្រុសម្តាយជាមួយរបស់សម្តេចក្រុមព្រះបានរៀបរាប់ក្នុងបទសម្ភាសន៍ពិសេសជាមួយវីអូអេខេមភាសាថា៖ «នៅពេលឈ្នះឆ្នោតហើយយើងជួបបញ្ហាមួយចំនួនដូចជាអបគមន៍ក៏ប៉ុន្តែសម្តេចក្រុមព្រះលោកមានព្រះបន្ទូលប្រាប់យើងខ្ញុំថាសម្តេចឪព្រះបិតារបស់លោកបានប្រទាននូវឱវាទថាតើកូនតស៊ូនេះដើម្បីអ្វី? គឺដើម្បីរកសន្តិភាពហើយនឹងការបង្រួបបង្រួមផ្សះផ្សារជាតិជូនប្រជារាស្ត្រខ្មែរ ជូនជាតិបើកូនមិនចែករំលែកអំណាចទេកូនអាចធ្វើនាយករដ្ឋមន្ត្រីនៅតែតំបន់រំដោះទេ»។
រដ្ឋាភិបាលថ្មីបានស្តារឡើងវិញនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញបន្ទាប់ពីត្រូវបានរំលាយក្រោយរដ្ឋប្រហារដោយលោកសេនាប្រមុខលន់ នល់ក្នុងខែមីនាឆ្នាំ១៩៧០និងប្រែក្លាយកម្ពុជាជារបបសាធារណរដ្ឋ។
លោក ចាប ញ៉ាលីវុធ បានសរសើរថានេះគឺជាការចូលរួមចំណែកមួយដ៏ធំរបស់សម្តេចក្រុមព្រះ៖ «នៅក្នុងពិភពលោកពីដើមមកខ្ញុំមិនដែលឃើញថាប្រទេសណាមួយដែលពីដើមមានស្តេចហើយដល់ពេលធ្លាក់ម្តងហើយរួចហើយបានឡើងមកវិញដូចព្រះរាជាណាចក្រកម្ពុជាយើងទេ»។
លោក ចាប ញ៉ាលីវុធ ក៏បានរៀបរាប់បន្ថែមថាសម្តេចក្រុមព្រះក៏ផ្តោតព្រះទ័យខ្លាំងលើវិស័យអប់រំវិស័យសុខាភិបាល និងអភិវឌ្ឍន៍ជនបទ។ បន្ថែមមួយទៀតគឺការលើកកម្ពស់ស្ត្រី។ ក្នុងរដ្ឋាភិបាលអាណត្តិទីមួយនោះបានបង្កើតក្រសួងកិច្ចការនារីនិងក្រសួងអភិវឌ្ឍន៍ជនបទ។
ចុចស្តាប់បទសម្ភាសន៍ទាំងស្រុងជាមួយលោក ចាប ញ៉ាលីវុធ៖
ទោះជាពេលនេះស្ថិតនៅក្នុងគណបក្សនយោបាយផ្សេងតែអ្នកស្រី មូរ សុខហួរ អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារីដែលជាកូតាគណបក្សហ៊្វុនស៊ិនប៉ិចនៅពេលនោះបានរំឭកអំពីការដឹកនាំរបស់សម្តេចក្រុមព្រះថា៖ «រឿងអ្វីដែលពាក់ព័ន្ធជាមួយនឹងសិទ្ធិស្ត្រីតម្លៃស្ត្រីនិងកិត្តិយសស្ត្រីគឺយើងនៅក្នុងក្រសួងតែងតែមានការលើកសរសើរនិងមានតែការជំរុញឲ្យយើងធ្វើកិច្ចការហ្នឹង។ ព្រះទ័យរបស់ព្រះអង្គគឺជាអ្នកប្រជាធិបតេយ្យ។ ជារួមលោកជាអ្នកប្រជាធិបតេយ្យដូច្នេះរឿងពាក់ព័ន្ធនឹងសិទ្ធិស្ត្រីនិងសិទ្ធិកុមារលោកមានទឹកព្រះទ័យទូលំទូលាយណាស់»។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដៃគូក្នុងរដ្ឋាភិបាលចម្រុះគឺគណបក្សប្រជាជនកម្ពុជាធ្វើរដ្ឋប្រហារនៅខែកក្កដាឆ្នាំ១៩៩៧។ ការវាយប្រយុទ្ធគ្នាដ៏ខ្លីប៉ុន្តែយ៉ាងប្រល័យមួយរវាងកងទ័ពដែលឈរជាមួយគណបក្សហ៊្វុនស៊ិនប៉ិចនិងកងកម្លាំងដែលស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែន នាយករដ្ឋមន្ត្រីទី២បានកើតមានឡើងនិងបានបង្ខំឱ្យព្រះអង្គនិរទេសព្រះកាយទៅក្រៅប្រទេស។ នៅខែបន្ទាប់ ព្រះអង្គត្រូវបានទម្លាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រីទី១។
សម្តេចក្រុមព្រះបានយាងត្រឡប់មកកម្ពុជាវិញក្នុងខែមីនាឆ្នាំ១៩៩៨ហើយបានដឹកនាំគណបក្សចូលរួមក្នុងការបោះឆ្នោតសកលឆ្នាំ១៩៩៨។ នៅពេលដែលគណបក្សហ៊្វុនស៊ិនប៉ិចចាញ់គណបក្សប្រជាជនកម្ពុជាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានក្លាយជាប្រធានរដ្ឋសភានៅខែវិច្ឆិកា ឆ្នាំ ១៩៩៨។
លោក ចាប ញ៉ាលីវុធ បានថ្លែងថា៖ «ខ្ញុំបានកត់សម្គាល់ឃើញថាសម្តេចក្រុមព្រះនៅពេលដែលលោកបានជ្រើសតាំងជាប្រធានរដ្ឋសភាជាតិលោកតែងតែមានព្រះបន្ទូលប្រាប់យើងខ្ញុំថាតំណាងរាស្ត្រទាំងអស់ជាតំណាងរបស់រាស្ត្រនៅក្នុងរដ្ឋសភាដូច្នេះអស់លោកឯកឧត្តមទាំងអស់ជាអ្នកតំណាងរាស្ត្រគឺត្រូវបម្រើរាស្ត្រត្រូវយល់អំពីរាស្ត្រដូច្នេះនៅពេលមានកិច្ចការអ្វីត្រូវយកមកបកស្រាយនៅក្នុងអង្គប្រជុំនៃរដ្ឋសភាជាតិ។ លោកបានប្រទានសិទ្ធិទាំងអស់គណបក្សណាក៏មានសិទ្ធិឡើងអត្ថាធិប្បាយផ្តល់នូវយោបល់ ផ្តល់នូវព័ត៌មាន។ លោកអត់មានបានហាមឃាត់អ្នកណាម្នាក់»។
នៅខែមីនា ឆ្នាំ២០០៦ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានលាលែងពីតំណែងជាប្រធានរដ្ឋសភាហើយនៅខែតុលា ឆ្នាំ២០០៦ត្រូវបានទម្លាក់ចេញពីតំណែងជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចដោយសារបក្សប្រហារមួយ។ នៅខែបន្ទាប់ព្រះអង្គបានបង្កើតគណបក្សនរោត្តម រណឫទ្ធិ (NRP)។ ការចោទប្រកាន់និងការផ្ដន្ទាទោសពីបទកេងបន្លំប្រាក់ដែលមានលក្ខណៈនយោបាយបានធ្វើឲ្យព្រះអង្គត្រូវនិរទេសព្រះកាយម្ដងទៀត។ ប៉ុន្តែព្រះអង្គបានត្រឡប់មកប្រទេសកម្ពុជាវិញបន្ទាប់ពីត្រូវបានលើកលែងទោសនៅខែកញ្ញាឆ្នាំ២០០៨ ហើយបានចូលនិវត្តន៍ពីនយោបាយ។ ចន្លោះឆ្នាំ ២០១០ ដល់ឆ្នាំ ២០១២ ព្រះអង្គបានព្យាយាមបញ្ចូលគណបក្ស នរោត្តម រណឫទ្ធិ ជាមួយគណបក្សហ៊្វុនស៊ិនប៉ិចនិងបានយាងត្រឡប់ទៅដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចជាថ្មីក្នុងខែមករាឆ្នាំ២០១៥។
លោក ចាប ញ៉ាលីវុធ បានថ្លែងពីទឹកព្រះទ័យរបស់សម្តេចក្រុមព្រះក្នុងការយោគយល់និងអនុគ្រោះដល់អ្នកដែលតាមដង្ហែព្រះអង្គថា៖ «យើងកាន់លទ្ធិសេរីមិនកាន់លទ្ធិផ្តាច់ការ។ ដូច្នេះតែងតែមានយោបល់ខុសគ្នាហើយព្រះអង្គលោកមិនដែលបន្ទោសអ្នកណាថាចេញពីបក្សនេះទៅបក្សនោះ នោះទេ ស្រេចតែអស់លោកជាសិទ្ធិរបស់អស់លោកទៅបក្សណាអញ្ជើញទៅចុះលោកអត់ជំទាស់អ្វីទេលោកប្រទាន។ អ្នកខ្លះចេញទៅហើយសុំចូលមកវិញក៏លោកប្រទានឲ្យទៀត។ លោកជាស្តេចមានមេត្តាករុណាធម៌គឺកូនចៅនៅតែកូនចៅ»។
បើទោះបីជាឆាកជីវិតនយោបាយរបស់សម្តេចក្រុមព្រះមានការឡើងចុះយ៉ាងណាក៏ដោយក៏នៅក្នុងសៀវភៅដែលនិពន្ធដោយលោក Harish C. Mehta ដែលមានចំណងជើងថា«Warrior Prince: Norodom Ranariddh, Son of King Sihanouk of Cambodia» (ព្រះអង្គម្ចាស់អ្នកប្រយុទ្ធ៖នរោត្តម រណឫទ្ធិព្រះរាជបុត្រាព្រះបាទសីហនុនៃកម្ពុជា)ចេញផ្សាយក្នុងឆ្នាំ២០០១អ្នកនិពន្ធបានចាត់ទុកថាព្រះអង្គគឺជាបុត្រដែលមានជោគជ័យបំផុតរបស់ព្រះបាទនរោត្តមសីហនុ។
ការយាងសោយទិវង្គតនៃព្រះអង្គម្ចាស់អ្នកប្រយុទ្ធ៖
ការយាងសោយទិវង្គតរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិដោយព្រះរោគាបាននាំឲ្យមានការនឹកស្រណោះពីមជ្ឈដ្ឋានជាច្រើន។
លោក កែវ រ៉េមី អតីតអ្នកតំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិចប្រចាំមណ្ឌលភ្នំពេញបានសម្តែងការសោកស្តាយចំពោះការបាត់បង់មេដឹកនាំនៃគណបក្សដែលបានផ្តល់កំណើតនយោបាយដល់លោក។
លោកកែវ រ៉េមីបានរំឭកពីសម្តេចក្រុមព្រះប្រាប់វីអូអេថា៖ «សណ្តានចិត្តលោក លោកមានលក្ខណៈទន់ភ្លន់ល្អក៏ប៉ុន្តែគ្រាន់តែថាយើងមានទស្សនៈខុសគ្នានៅក្នុងការធ្វើនយោបាយអីចឹងខ្ញុំអត់ចង់ឈ្លោះជាមួយនឹងលោកច្រើនក៏សម្រេចចិត្តចាកចេញពីគណបក្សហ៊្វុនស៊ិនប៉ិចដែលជាគណបក្សដើម។ គណបក្សដែលមានឫសគល់មានអនុស្សាវរីយ៍ផងមានភាពជូរចត់ជាមួយលោកផង»។
លោក កែវ រ៉េមី បានសម្តែងក្តីគោរពដឹងគុណព្រះអង្គដោយលោកបានជួយជ្រោមជ្រែងឲ្យសម្តេចក្រុមព្រះបានវិលត្រឡប់ពីការនិរទេសព្រះកាយចូលមកបោះឆ្នោតឆ្នាំ១៩៩៨ដោយខិតខំធ្វើការងារការទូតនៅក្រៅប្រទេសជាពិសេសនៅអង្គការសហប្រជាជាតិនិងក្នុងចំណោមសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក។ក្រោយមកបើទោះបីជាលោកបានចាកចេញពីបក្សហើយក៏ដោយក៏លោកនៅបន្តជួយពីក្រោយឆាកនៅពេលដែលសម្តេចក្រុមព្រះបាននិរទេសព្រះកាយជាលើកទី២ដោយសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យព្រះអង្គបានយាងត្រឡប់ចូលប្រទេសវិញ។
លោក កែវ រ៉េមី បានបន្ថែមដោយអួលដើមកថា៖ «អ្វីក៏ដោយគ្រាន់តែជាការគោរពជូនពរសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុតថ្វាយដល់ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ។សូមឲ្យព្រះអង្គទៅកាន់ព្រះបរមសុខហើយអ្វីក៏ដោយគឺទូលព្រះបង្គំបានសងគុណព្រះអង្គដោយទឹកចិត្តស្មោះសមិនដែលមានទឹកចិត្តស្អប់ខ្ពើមទោះបីជាយើងមានទស្សនៈផ្ទុយគ្នាយ៉ាងណាក៏ដោយ»។
បច្ចុប្បន្នលោក កែវ រ៉េមី ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាលនិងជាមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា។
បើទោះបីជាមានការខ្វែងទស្សនៈគ្នានិងគោលនយោបាយនិងបានប្រកួតប្រជែងគ្នាបង្ហូរឈាមក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារប្រកបដោយការគោរពចំពោះព្រះសពរបស់សម្តេចក្រុមព្រះដែរ។
នៅក្នុងសារចូលរួមរំលែកទុកលោក ហ៊ុន សែន បានសរសេរថា៖«ការបាត់បង់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិគឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ល្អឆ្នើមមួយព្រះអង្គដែលទ្រង់ពេញព្រះហឫទ័យស្នេហាជាតិ សាសនាព្រះមហាក្សត្រប្រកបដោយព្រះឆន្ទៈមនសិការមោះមុតនិងវាងវៃជាអតិបរមា»។
ស្ថានទូតបរទេសប្រចាំនៅកម្ពុជាដែលមានដូចជាស្ថានទូតសហរដ្ឋអាមេរិកនិងស្ថានទូតជប៉ុនបានរំឭកដល់ស្នាព្រះហស្ថរបស់ព្រះអង្គក្នុងការអភិវឌ្ឍប្រទេសជាតិក្រោយភាគីខ្មែរបានបញ្ចប់សង្គ្រាមហែកហួរគ្នា។
អនាគតគណបក្សហ៊្វុនស៊ិនប៉ិច៖
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិបានបន្សល់ទុកគណបក្សហ៊្វុនស៊ិនប៉ិចមួយដែលធ្លាប់តែខ្លាំងមកដល់គ្មានអាសនៈនៅក្នុងរដ្ឋសភានិងបច្ចុប្បន្នក៏កំពុងតែមានទំនាស់ផ្ទៃក្នុងលើការសម្រេចចិត្តអំពីថ្នាក់ដឹកនាំនិងបន្ទាត់នយោបាយក្នុងពេលខាងមុខ។
អតីតមន្ត្រីបក្សគឺអ្នកស្រីមូរ សុខហួរយល់ថាសម្តេចក្រុមព្រះមិនបានប្រើប្រាស់អំណាចនិងឥទ្ធិពលរបស់គណបក្សឲ្យបានល្អដើម្បីយកប្រៀបលើគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទេ។ ដូច្នេះហើយបានជាអ្នកស្រីលាឈប់ពីគណបក្សក្នុងឆ្នាំ២០០៤។
អ្នកស្រីមូរ សុខហួរបានបន្ថែមទៀតថា៖ «អ៊ីចឹងហើយបានជាខ្ញុំដើរចេញពីគណបក្សហ៊្វុនស៊ិនប៉ិចដោយសារខ្ញុំមើលឃើញថាចុងក្រោយនេះនៅពេលដែលមានការប្រឈមមុខនឹងគណបក្សប្រជាជនកម្ពុជានិងអំណាចគណបក្សហ៊្វុនស៊ិនប៉ិចគឺការឈ្វេងយល់របស់ព្រះអង្គនៅតែមិនសូវច្បាស់លាស់មិនសូវការពារគោលការណ៍ប្រជាធិបតេយ្យ»។
បច្ចុប្បន្នអ្នកស្រីមូរ សុខហួរបានចូលរួមនយោបាយជាមួយនឹងគណបក្សសង្គ្រោះជាតិ។
លោក ចាប ញ៉ាលីវុធ អនុប្រធានគណបក្សបានសម្តែងសុទ្ទិដ្ឋិនិយមថាគណបក្សរាជានិយមមួយនេះនឹងមិនបាត់បង់ចេញពីឆាកនយោបាយឡើយ។ លោកមានជំនឿលើស្មារតីស្រឡាញ់របបរាជានិយមរបស់ពលរដ្ឋកម្ពុជា។
លោក ចាប ញ៉ាលីវុធ បានថ្លែងរំឭកព្រះរាជបណ្តាំរបស់សម្តេចក្រុមព្រះថា៖ «លោកមានព្រះបន្ទូលថាបើសិនជាអត់លោកគឺបងប្អូនត្រូវធ្វើម៉េចរក្សាការពារគណបក្សរាជានិយមមួយដែលជាគណបក្សរាជានិយមដឹកនាំជាឧទាហរណ៍រណសិរ្សបង្កើតឡើងដោយសម្តេចឪយើងហើយបន្តមកទៀតព្រះអង្គលោកស្នង។ ដូច្នេះខ្ញុំជឿថាគណបក្សយើងមិនរលត់រលំមិនសូន្យមិនអត់ឈ្មោះនៅក្នុងចំណោមគណបក្សនយោបាយនៅប្រទេសកម្ពុជាទេ»៕