លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានថ្លែងថា បើសិនជាគណបក្សប្រជាជនកម្ពុជារបស់លោកមិនគ្រប់គ្រងអំណាចទេ គឺសង្គ្រាមនឹងផ្ទុះឡើង ដែលជាសារមួយត្រូវបានអ្នកនយោបាយមួយចំនួនអះអាងថា ជាការព្រមាននៅមុនការបោះឆ្នោតថ្នាក់ជាតិដែលធ្វើឡើងនៅឆ្នាំក្រោយ។
លោក ហ៊ុន សែន ថ្លែងបែបនេះ នៅពេលលោកប្រតិកម្មទៅនឹងអ្នករិះគន់រឿងបញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅរាជធានីភ្នំពេញ លោក ហ៊ុន សែន បានលើកឡើងអំពីការរិះគន់ទាក់ទងនឹងការបើកថ្នាក់រៀនភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលលោកថា មិនគួរមានការរិះគន់ឡើយ។ លោក ហ៊ុន សែន បន្ថែមថា បញ្ហាប្រឆាំងនឹងវៀតណាមអាចធ្វើឱ្យប្រទេសកម្ពុជាមានសង្រ្គាម។
លោកថ្លែងថា៖ «ពួកនេះឱ្យតែប៉ះជាមួយវៀតណាមគឺថា ដឹងតែរករឿងតែម្តង។ អ៊ីចឹងបានខ្ញុំថា សង្គ្រាមនៅកម្ពុជាចៀសមិនផុតទេ។ បើសិនគណបក្សប្រជាជនមិនគ្រប់គ្រងអំណាចគឺសង្គ្រាមនឹងផ្ទុះ។ ខ្ញុំហ៊ាននិយាយអ៊ីចឹង»។
បើតាមលោក ហ៊ុន សែន កត្តាមួយទៀត ក្រៅពីបញ្ហាជាមួយវៀតណាមគឺការប្រើពាក្យត្រៀមខ្លួនរឹបអូសពីអ្នកមានឱ្យអ្នកក្រ នៅពេលគណបក្សប្រឆាំងឈ្នះការបោះឆ្នោត ដែលលោកថា ការណ៍នេះនឹងនាំឱ្យកម្ពុជាមានសង្រ្គាមផ្ទៃក្នុងផងដែរ។
លោក ហ៊ុន សែន បន្ថែមថា៖ «អ៊ីចឹងសង្គ្រាមផ្ទៃក្នុងវាមិនផ្ទុះ? [ឡើង] ដែលម៉ែអាណាឱ្យហ្អែងរឹប! ទី២ ត្រៀមវាយយកទឹកដី ដែលបានបាត់បង់។ អ៊ីចឹងសង្រ្គាមនៅកម្ពុជាជាមួយវៀតណាម ឬជាមួយថៃចៀសមិនរួចទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចោទគណបក្សប្រឆាំងថា បានដាក់គោលនយោបាយដណ្តើមទឹកដីដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។
លោកបញ្ជាក់ថា៖ «ពេលខាងមុខអ្នកឯងប្រកួតប្រជែងកម្មវិធីនយោបាយ អ្នកឯងដាក់ចេញគោលនយោបាយ វាយវៀតណាមដើម្បីយកដី។ អ្នកឯងដាក់ចេញមក បើអ្នកឯងចិត្តសឿង! ដាក់ចេញមក»។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋាភិបាលបានចុះហត្ថលេខាលើការបោះបង្គោលព្រំប្រទល់ជាមួយប្រទេសវៀតណាមបាន៨៤% រីឯ១៦%ទៀតកំពុងចរចា។ លោកប្រតិកម្មតបទៅអ្នករិះគន់ដែលថា ទឹកដីកម្ពុជាគង់តែបាត់បង់នោះ។ លោកថា បើទឹកដីកម្ពុជាគង់តែបាត់បង់មែន កម្ពុជាមិនចាំបាច់ខំប្រឹងចរចាអស់រយៈពេលប្រមាណ៤០ឆ្នាំនេះទេ។
លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ចាត់ទុកសម្តីរបស់លោកនាយករដ្ឋមន្ត្រីជាការគំរាមកំហែង និងការបំភិតបំភ័យដល់ពលរដ្ឋ នៅមុនការបោះឆ្នោត។ លោកសង្កត់ធ្ងន់ថា ទាំងរដ្ឋាភិបាល និងគណបក្សកាន់អំណាចត្រូវតែពន្យល់ពីស្ថានភាពទូទៅនៃការបោះបង្គោលព្រំដែន និងទឹកដីកម្ពុជាឱ្យបានច្បាស់ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹង និងចៀសវាងការបំបាក់ស្មារតីពលរដ្ឋខ្លួនឯងទាក់ទងបញ្ហាទឹកដីនេះ។
លោកថ្លែងថា៖ «ជាការណ៍ពិត រាល់ពេល[ឬ]កៀកពេលបោះឆ្នោត តែងតែមានការលើកឡើងពីរឿងទឹកដីហ្នឹង រឿងទឹកដី រឿងវៀតណាម រឿងស្អីៗហ្នឹង ហើយខ្ញុំយល់ថា នៅមានប្រជាពលរដ្ឋខ្មែរមួយចំនួននៅមានការព្រួយបារម្ភពីរឿងសង្គ្រាមអីហ្នឹង។ វាជាការណ៍ពិតហើយ។ ហើយបើលើកឡើងពីរឿងអស់ហ្នឹង ច្បាស់ជាធ្វើឱ្យប្រជាពលរដ្ឋហ្នឹងមានការយល់ឃើញថា ត្រូវតែការពារគណបក្សប្រជាជនបច្ចុប្បន្នហើយដើម្បីការពារទឹកដីហ្នឹង កុំឱ្យកើតមានសង្គ្រាមហ្នឹង»។
លោកបន្ថែមថា មិនមានគណបក្សណាមួយដាក់ចេញគោលនយោបាយធ្វើសង្គ្រាមនោះទេ។ លោកបញ្ជាក់ថា ទាក់ទងបញ្ហាទឹកដីកម្ពុជានេះ គណបក្សកែទម្រង់កម្ពុជាក៏មានគោលនយោបាយផងដែរ ប៉ុន្តែប្រើប្រាស់យន្តការច្បាប់ក្នុងការទាមទារទឹកដីដែលបានបាត់បង់ និងបញ្ជាក់ឱ្យបានច្បាស់អំពីទឹកដីរបស់កម្ពុជាពីសំណាក់សហគមន៍អន្តរជាតិ និងអ្នកពាក់ព័ន្ធ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ គណបក្សប្រឆាំងមិនដែលចង់ទៅរឹបអូសទ្រព្យសម្បត្តិរបស់បុគ្គលណាម្នាក់នោះទេ តែប្រសិនបើទ្រព្យសម្បត្តិទាំងនោះបានមកដោយខុសច្បាប់ ទើបពិចារណាថារឹបអូស។
លោក ថាច់ សេដ្ឋា ប្រធានស្តីទីគណបក្សភ្លើងទៀន កត់សម្គាល់ដូចលោក អ៊ូ ច័ន្ទរ័ត្ន ដែរថា ឱ្យតែពេលជិតដល់បោះឆ្នោតគឺតែងតែឮវោហារសព្ទនយោបាយបែបនេះកើតមានឡើង ដែលលោកថា ជាការបំភិតបំភ័យដល់ពលរដ្ឋ និងធ្វើឱ្យមានការយល់ច្រឡំដល់គណបក្សដទៃ។
លោកថ្លែងថា៖ «ទី១ វាជាការបំភិតបំភ័យទៅដល់ប្រជាពលរដ្ឋដែលលោកមិនបានសូវយល់ដឹងដល់គណបក្សនយោបាយ គោលនយោបាយ។ ហើយទី២ ដូចថា ជាការគំរាមកំហែងទៅដល់គណបក្សនយោបាយ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំថា គណបក្សនយោបាយខ្លះហ្នឹងមានគោលនយោបាយទៅរឿងសង្គ្រាម ទៅរឿងរឹបអូសយកដីធ្លីនេះ»។
លោកបន្ថែមថា មិនមានគណបក្សនយោបាយណាមួយប្រើប្រាស់ការធ្វើសង្គ្រាមជាមួយប្រទេសជិតខាង ដូចការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនោះទេ តែទាមទារឱ្យមានការបង្កើតកិច្ចសហការគ្នាល្អ ដូចជាភាគីវៀតណាមស្នើបង្កើតសមាគម និងមហាវិទ្យាល័យវៀតណាមនៅកម្ពុជាបាន ដូច្នេះក៏ត្រូវអនុញ្ញាតឱ្យខ្មែរកម្ពុជាក្រោមធ្វើដូចគ្នានេះផងដែរ ដោយមិនត្រូវមានការរឹតត្បិតនោះឡើយ៕