បណ្តាញ​សហគមន៍​ព្រៃឡង់ទទួល​បាន​ពានរង្វាន់​ថាមពល​ពិភពលោក​ឆ្នាំ​២០១៩

បណ្តាញ​សហគមន៍​ព្រៃឡង់ទទួល​បាន​ពានរង្វាន់​ថាមពល​ពិភពលោក​ឆ្នាំ​២០១៩។ (រូបថត​ពី​ទំព័រហ្វេសប៊ុក Prey Lang - It's Our Forest Too)

ពានរង្វាន់​ថ្នាក់ជាតិ​ថាមពល​ពិភពលោក​ជា​ ​ពានរង្វាន់​ទី​បួន​​​ដែល​បណ្តាញ​សហគមន៍​ព្រៃឡង់​ទទួល​បាន​ ​ហើយ​​ពានរង្វាន់​នេះ​ត្រូវ​បាន​ចាត់​ទុក​ស្មើ​នឹង​ «ពានរង្វាន់​ណូ​បែល​ផ្នែក​បរិស្ថាន»។​

ក្រោយ​ទទួល​បាន​ពានរង្វាន់​ពិភព​លោក​ ​បណ្តាញ​សហគមន៍​ព្រៃឡង់​ដែល​ជា​បណ្តាញ​ពល​រដ្ឋ​រស់​នៅ​ក្បែ​តំបន់​ព្រៃ​ទឹក​ភ្លៀង នឹង​បន្ត​សកម្មភាព​ល្បាត​និង​ការពារ​ព្រៃ​ឈើ ​ដែល​នៅ​សេសសល់​ពី​ការ​កាប់​បំផ្លាញ។​

កាល​ពី​សប្តាហ៍​កន្លង​ទៅ​ ​បណ្តាញ​សហគមន៍​ព្រៃឡង់​ទទួល​បាន​ពានរង្វាន់​ថ្នាក់​ជាតិ​ថាមពល​ពិភព​លោកឆ្នាំ​២០១៩​ (Energy Globe Award)​ សម្រាប់​កិច្ច​ប្រឹងប្រែង​អភិរក្ស​តំបន់​ព្រៃឡង់​ ​ដែល​កំពុង​រង​ការ​គំរាមកំហែង​ពី​ការ​កាប់​បំផ្លាញ​នៅ​ក្នុង​ប្រទេសកម្ពុជា។​ ​ពានរង្វាន់​ថ្នាក់ជាតិ​ថាមពល​ពិភពលោក​ជា​ ​ពានរង្វាន់​ទី​បួន​ដែល​បណ្តាញ​សហគមន៍​ព្រៃឡង់​ទទួល​បាន​ ​ហើយពានរង្វាន់​នេះ​ត្រូវ​បាន​ចាត់​ទុក​ស្មើ​នឹង​ «ពានរង្វាន់​ណូ​បែល​ផ្នែក​បរិស្ថាន»។​

លោក​ ​ឯក សុវណ្ណា​ ​តំណាង​សហគមន៍​ព្រៃឡង់​នៅ​ខេត្ត​ក្រចេះ ​បាន​ប្រាប់ ​VOA​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ លោក​មាន​ក្តី​សោមន្ស​រីករាយ​ដែល​បណ្តាញ​សហគមន៍​ព្រៃឡង់​ទទួល​បាន​ពានរង្វាន់​ថ្នាក់​ជាតិ​ថាមពល​ពិភព​លោក​ឆ្នាំ​ ២០១៩។​

«យើង​ខ្ញុំ​ទាំង​អស់​គ្នា​មាន​ចំណាប់​អារម្មណ៍​សប្បាយ​រីករាយ​ ​ដោយ​សារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​បណ្តាញ​សង្គម​ព្រៃឡង់​គឺ​ទទួល​បាន​ជោគជ័យជា​បណ្តើរៗ»។​

ពានរង្វាន់​ថ្នាក់​ជាតិ​ថាមពល​ពិភពលោក​គឺ​ជា ​ពានរង្វាន់​លំដាប់​ពិភពលោកផ្នែក​បរិស្ថាន​ដោយ​អ្នក​ទទួល​បាន​ជ័យលាភី​ ត្រូវ​បាន​ជ្រើស​ដោយគណៈវិនិច្ឆ័យ​មក​ពី​អង្គការ​អភិវឌ្ឍន៍​ឧស្សា​ហកម្មរបស់​អង្គការ​សហ​ប្រជាជាតិ​ ​ធនាគារ​ពិភពលោក​ ​និង​ក្រុមប្រឹក្សា​ថាមពល​កើត​ឡើង​វិញ​អឺរ៉ុប។​

យ៉ាង​ណាក្តី​ ​តំណាង​សហគមន៍​ព្រៃឡង់​លោក​ ​ឯក សុវណ្ណា​ ​ក៏​បាន​លើក​ឡើង​ពី​សកម្ម​ភាព​នៃការ​កាប់​បំផ្លាញ​ព្រៃឈើ​ ដែល​នៅ​តែ​បន្ត​មាន​ឡើងនៅ​តំបន់​ព្រៃឡង់​ ​ហើយ​លោក​បាន​សង្កត់ធ្ងន់​ពី​សកម្មភាព​កាប់​ព្រៃឈើ​ដើម្បី​ឲ្យ​ឈ្មួញ​នៅ​ក្រៅ​ប្រទេស។ លោក​បន្តថា​ ភាគច្រើន​នៃ​សកម្មភាព​កាប់ព្រៃ​ឈើ​ខុសច្បាប់​គឺ​ ឈ្មួញ​ជួល​ឲ្យ​ប្រជាពលរដ្ឋ​ ​ដែល​មាន​ជីវភាព​ក្រីក្រ​ ​ចូល​ទៅ​កាប់​ឲ្យ។​

«ឈ្មួញ​ដោយសារ​តែ​គាត់​មាន​លុយ​អញ្ចឹង​ទៅ​ គាត់​ទៅ​ជួល​ប្រជាពលរដ្ឋ​ ឬ​ក៏​កសិករ​នៅ​ជុំវិញ​ ​ដែល​គាត់​ពុំ​សូវ​មាន​ជីវភាព​ ឬ​ក៏​ការងារ​អញ្ចឹង​ទៅ​ ហ្នឹង​ហើយមាន​លុយ​អញ្ចឹង​ទៅ​ ពួកគាត់​ទៅ​ជួល។​ ​នៅ​ពេល​ដែល​បណ្តាញ​សហគមន៍​ ឬ​ក៏​ឧទ្យានុរក្ស​ចាប់​គាត់​បាន​ ​យើង​មិនដែល​ចាប់​បាន​ឈ្មួញ​ ​ឬ​ថៅ​កែ​ទេ។​ ​យើង​ចាប់​បាន​ប្រជាពលរដ្ឋ​ដែល​គាត់​មក​ធ្វើ​ផ្ទាល់​ហ្នឹង»។​

ទោះ​បី​ជា​សាទរ​នូវ​ច្បាប់​ សារាចរណ៍​ ​និង​សេចក្តី​ប្រកាស​ផ្សេងៗ​ចំពោះ​ការ​អភិរក្ស​ព្រៃឈើ​ក៏​ដោយ​ លោក​ ​ឯក សុវណ្ណា​ ​តំណាង​សហគមន៍​ព្រៃឡង់​នៅ​តែ​មាន​មន្ទិល​ចំពោះ​ការ​អនុវត្ត​ច្បាប់​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដដែល។​

បណ្តាញ​សហគមន៍​ព្រៃឡង់​គឺ​ជា​បណ្តាញ​ដែល​មាន​សមាជិក​សហគមន៍​មូលដ្ឋាន​ធ្វើការ​ដើម្បី​ស្តារ​ព្រៃឡង់​ពី​ការ​កាប់ឈើខុសច្បាប់​ និង​កសិកម្ម​ឧស្សាហកម្ម។​ សមាជិក​នៃបណ្តាញ​សហគមន៍​ព្រៃឡង់​មាន​មក​ពី​ខេត្ត​ចំនួន​បួន​ រួម​មាន​ ក្រចេះ​ ស្ទឹងត្រែង​ ព្រះវិហារ​ និង​កំពង់ធំ។​

​កាល​ពី​ថ្ងៃទី១៧​ ខែ​មិថុនា​កន្លង​ទៅ​នេះ​ ​បណ្តាញ​សហគមន៍​ព្រៃឡង់​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ ដោយ​បង្ហាញ​ពី​ ​«កង្វល់​យ៉ាង​ខ្លាំង​ក្លា ចំពោះការ​កាប់​បំផ្លាញ​និង​ដឹកជញ្ជូន​ឈើ​អាណា​ធិបតេយ្យ​និង​សកម្មភាព​ល្មើសច្បាប់​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​ព្រៃឡង់»។​

លោក​ ​នេត ភក្រ្តា​ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​ ដែល​ថា​ មាន​ការ​កាប់​បំផ្លាញ​ ​និង​ដឹកជញ្ជូន​ព្រៃឈើ​បែប​អាណាធិបតេយ្យនៅ​តំបន់​ព្រៃឡង់​ដោយ​លោក​បាន​បញ្ជាក់​ថា​ សហគមន៍​ព្រៃឡង់មិនមែន​ជា​សហគមន៍​ផ្លូវការ។​

លោក​ នេត ភក្រ្តា​ ​បាន​និយាយ​ថា៖​

​«បាទ​ អ្វី​ដែល​សហគមន៍​ព្រៃ​ឡើង​ដែល​គាត់​បាន​ចេញ​ជា​របាយការណ៍​នេះ​គឺ​ជា​របាយការណ៍​មួយ​ដែល​យើង​មិន​ទទួល​ស្គាល់​ទេ​ ដោយ​សារ​តែ​ជា​របាយការណ៍​ដែលមាន​លក្ខណៈ​មួយ​មិន​ឆ្លុះ​បញ្ចាំង​អំពី​បច្ចេក​ទេស​ពិតប្រាកដ»។​

លោក​បាន​បន្ត​ថា៖​

«អញ្ចឹង​ការ​លើកឡើង​របស់​បណ្តាញសហគមន៍​ព្រៃឡង់​នៅ​ក្នុង​ការ​ចុះ​ល្បាត​ក្នុង​ចំនួន​តិចតួច​គឺ​វា​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៅ​ក្នុង​ដំណើរការ​នៃ​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​ព្រៃឡង់ទេ»។​

លោក​ ​នេត ភក្ត្រា​ ​ទទួល​ស្គាល់​ការ​ប្រើប្រាស់​ប្រជាពលរដ្ឋ​ក្នុង​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើក្នុង​ទម្រង់​តូច​ដើម្បី​រត់ពន្ធ​ដោយ​ឈ្មួញ​ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ​ករណី​នេះ​គ្រាន​តែ​ជា​បទ​ល្មើស​ «ថ្នាក់ទាប»​ ​ប៉ុណ្ណោះ។ ​

គិត​ពី​ឆ្នាំ​ ២០១៨​ មាន​ការ​បង្រ្កាប​ករណី​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ជាង​ ​៣០០​ករណី​នៅ​តំបន់​ព្រៃឡង់ ដែល​ជា​ការ​ថយចុះ​ ២០​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៧។​ ​នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​រូប​នេះ។​ ​យ៉ាង​ណា​ក៏​ដោយ ​លោក​ ​នេត ភក្រ្តាបាន​បន្ថែម​ថា​ក្រសួង​បរិស្ថាន​នឹង​នៅ​តែ​បន្ត​សហការ​ជាមួយ​បណ្តាញ​សហគមន៍​ព្រៃឡង់​ ​និង​សហគមន៍​ព្រៃ​ឈើ​ផ្សេងទៀត​ដើម្បី​ចុះល្បាត​ ​និង​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ​នានា​ផងដែរ៕